ដោយ ស៊ឺន ចែងចើន
លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រចាំនៅប្រទេសកម្ពុជា នៅព្រឹកថ្ងៃអាទិត្យស្អែកនេះ នឹងប្រារព្វពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា នៅសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយគ្រោងមានអ្នកចូលរួមពីប្រជាពលរដ្ឋខ្មែរក្រោម ប្រមាណជាង ១៥០ នាក់ ។

ពិធីរៀបចំខួបលើកទី ១០៩ នៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មិនា ក្រោមប្រធានបទ “ស្រ្តីខ្មែរកម្ពុជាក្រោម និងការអប់រំ” ។ បើតាមក្រុមអង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម កម្មវិធីនេះ ក៏អំពាវនាវឲ្យគ្រប់ស្ថាប័ននៃក្រុមអ្នកតស៊ូមតិខ្មែរក្រោម នៅជុំវិញពិភពលោក បង្កើនការគាំទ្រដល់ស្ត្រីខ្មែរក្រោម ដោយរួមសហការរួមគ្នាជាធ្លុងមួយ ធ្វើការតស៊ូតាមគ្រប់មធ្យោបាយ ក្នុងការជួយស្វែងរកកិច្ចអន្តរាគមន៍ដល់ស្រ្តីខ្មែរក្រោម ដែលរស់នៅលើទឹកដីកំណើត ហើយបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសវៀតណាម កំពុងតែទទួលរងនូវការរំលោភបំពានយ៉ាងធ្ងនធ្ងូរ ដើម្បីឲ្យពួកគេរួចផុតពីការគាបសង្កត់ ការរើសអើង និងការំលោភសិទ្ធិសេរីភាព ពីសំណាក់រដ្ឋាភិបាលកុម្មុយនិស្តយួនសព្វថ្ងៃ ។
នៅក្នុងពិធីប្រមូលផ្តុំគ្នានេះដែរ ក៏ផ្តោតសំខាន់ទៅលើការផ្តល់ឱកាស សម្រាប់អ្នកចូលរួម ដើម្បីស្វែងយល់ពីស្ថានភាពស្ត្រីខ្មែរក្រោម នៅកម្ពុជាកំពុងជួបប្រទះ ដូចជា គ្មានឱកាសសិក្សារៀនសូត្រភាសាខ្មែរ ការអើសអើងក្នុងការផ្តល់ការងារក្នុងវិស័យរដ្ឋ និងឯកជន កង្វះសេវាសុខភាព និងទាមទារឲ្យមានសិទ្ធិសេរីភាពស្ត្រីឲ្យស្មើ នឹងបុរសជាដើម ។ ជាពិសេសជំរុញឲ្យស្ត្រីខ្មែរក្រោម យល់ដឹងកាន់តែច្បាស់ អំពីសិទ្ធិរបស់ខ្លួន ។
គួរជម្រាបជូនថា បើតាមរបាយការណ៍ស្រាវជ្រាវមួយ របស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ចេញផ្សាយកាលពីថ្ងៃទី ៣១ មករា ២០២០ ដោយសិក្សាផ្តោតសំខាន់ទៅលើស្ថានភាពរស់នៅ និងអនក្ខរកម្មនៃស្រ្តីខ្មែរក្រោម នៅកម្ពុជា បានបង្ហាញថា ស្ត្រីខ្មែរក្រោមនៅកម្ពុជា ប្រមាណ ៩៥ ភាគរយមិនចេះអក្សរ ។ ប្រការនេះ ធ្វើឲ្យស្រ្តីខ្មែរក្រោម ដែលមិនចេះអាន និងសរសេរអក្សរខ្មែរ ប្រឈម និងផលលំបាកជាច្រើន ។ បញ្ហាមួយចំនួន ដែលស្រាវជ្រាវរកឃើញតាមរយៈការស្ទង់មតិទាក់ទង នឹងអនក្ខរកម្មនៃស្រ្តីខ្មែរក្រោម នោះ រួមមាន ពិបាករកការងារធ្វើ គ្មានជំនាញវិជ្ជាជីវៈ ភាពក្រីក្រ មុខរបរមិនពិតប្រាកដ ជាកសិករ កម្មករ តាមរដូវកាល លក់ដូរតាមចិញ្ចើមថ្នល ។
តាមរបាយការណ៍ដដែលនេះ ក្រុមអង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ក៏ជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាខ្មែរក្រោម ឲ្យមានប្រសិទ្ធភាព ដោយសារតែកន្លងមក រដ្ឋាភិបាលកម្ពុជាមិនសូវយកចិត្តទុកដាក់លើពលរដ្ឋខ្មែរក្រោម ។
របាយការណ៍ របស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បញ្ជាក់ថា បច្ចុប្បន្ន ខ្មែរក្រោមរស់នៅកម្ពុជា មានចំនួនជាង ១ លាននាក់ ហើយប្រមាណ ពី ២០ ភាគរយ ទៅ ៣០ ភាគរយមិនទាន់មានលិខិតស្នាមស្នាក់ នៅកម្ពុជាត្រឹមត្រូវ នៅឡើយទេ ។ របាយការណ៍ដដែលនេះ ក៏បានបញ្ជាក់ពីមូលហេតុ ដែលពលរដ្ឋខ្មែរក្រោម បានភៀសខ្លួនមករស់នៅលើទឹកដីកម្ពុជា គឺដោយសារតែពួកគេមិនអាចទ្រាំបាន នឹងការគាបសង្កត់របស់អាជ្ញាធរវៀតណាម លើសិទ្ធិសេរីភាព និងសាសនា ។ ចំណែកពលរដ្ឋខ្មែរក្រោមខ្លះទៀត ក៏បានភៀសខ្លួនទៅប្រទេសថៃ ដើម្បីស្វែងរកសិទ្ធិជ្រកកោន នៅប្រទេសទី ៣ ផងដែរ ដោយសារតែមិនអាចរស់ នៅស្រុកខ្មែរបាន ។
សូមបញ្ជាក់ថា ទិវានារីអន្តរជាតិ ឬទិវាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធិស្ត្រី និងសន្តិភាពអន្តរជាតិ ត្រូវបានអង្គការសហប្រជាជាតិ ចាត់ទុកជាថ្ងៃផ្លូវការចាប់ពីឆ្នាំ ១៩៧៧ មក ។ ជាងមួយសតវត្សរ៍កន្លងមកនេះ ស្ត្រីបានទទួលនូវសមភាព នៅចំពោះមុខច្បាប់គ្រប់វិស័យនៅក្នុងពិភពលោក តែទោះជាយ៉ាងណាក៏ដោយ ក៏មានស្ត្រីជាច្រើននៅក្នុងប្រទេសនានា ជុំវិញពិភពលោក កំពុងតែប្រឈម នឹងការរំលោភសិទ្ធិមនុស្ស មានការរើសអើង និងរងនូវអំពើហិង្សា ហើយពួកគេកំពុងតែធ្វើការតស៊ូមិនឈប់ឈរ ដើម្បីសិទ្ធិសមភាពរបស់នារីឲ្យស្មើ នឹងបុរស ៕