មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម អះអាងថា អាជ្ញាធរវៀតណាមបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដែលធ្វើដំណើរទៅលេងស្រុកកំណើត តាមរយៈការបង្ខំឱ្យធ្វើកិច្ចសន្យាមិនប្រឆាំងទាមទារវៀតណាម ដើម្បីរំដោះទឹកដីកម្ពុជាក្រោម វិញ ។
មន្ត្រីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឱ្យដឹងថា វៀតណាមបានចាប់ផ្តើមធ្វើយុទ្ធនាការ គំរាមកំហែងពលរដ្ឋខ្មែរក្រោម ដែលធ្វើដំណើរទៅសួរសុខទុក្ខបងប្អូន និងឪពុកម្ដាយ ដែលកំពុងរស់នៅលើទឹកដីកំណើតលើទឹកដីកម្ពុជាក្រោម ។ កាលពីថ្ងៃទី ២០ ខែកុម្ភៈ អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង ដែលក្រោយមកវៀតណាមប្តូរឈ្មោះទៅជាខេត្តសុកត្រាំង បានកោះហៅពលរដ្ឋខ្មែរក្រោមម្នាក់ ជាខ្មែរអាមេរិកាំង ទៅសួរចម្លើយពេលលោកទៅលេងស្រុកកំណើត ។ មន្ត្រីវៀតណាម បានសាកសួរ លោកអស់រយៈពេលប្រមាណ ៣ ម៉ោង និងបង្ខំឱ្យលោកធ្វើកិច្ចសន្យាមិនប្រឆាំង នឹងរដ្ឋាភិបាលវៀតណាម ទើបអាចវិលត្រឡប់ទៅផ្ទះវិញបាន ។
ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា មន្ត្រីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) មានថេរដីកាថា អាជ្ញាធរវៀតណាម បានបង្ខំ និងលួងលោមខ្មែរក្រោម មកពីកម្ពុជា និងសហរដ្ឋអាមេរិកកុំឱ្យធ្វើសកម្មភាពប្រឆាំង នឹងវៀតណាម ដោយសន្យាឱ្យផលប្រយោជន៍ ។ ព្រះអង្គបន្តថា ទង្វើរបស់វៀតណាម ជាការរំលោភបំពានសិទ្ធិមនុស្ស ពីព្រោះពលរដ្ឋខ្មែរក្រោម មិនបានបង្កអំពើហិង្សា ឬប្រើប្រាស់មធ្យោបាយហិង្សា ដើម្បីទាមទារសិទ្ធិស្វ័យសម្រេច នោះទេ៖ «ការធ្វើទៅលើពលរដ្ឋខ្មែរក្រោមយើង ដែលធ្វើដំណើរពីអាមេរិក ក្រៅប្រទេស ក៏ដូចពីកម្ពុជា ចុះទៅស្រុកកំណើតសួរសុខទុក្ខឪពុកម្ដាយ ឬវត្តអារាម នៅលើទឹកដីកម្ពុជាក្រោម ហើយរដ្ឋអំណាចវៀតណាម តែងតែកោះហៅ និងគំរាមកំហែង ហៅទៅសួរចម្លើយជាការរំលោភសិទ្ធិមនុស្ស ចំពោះពលរដ្ឋខ្មែរក្រោម»។ ព្រះអង្គបន្តទៀតថា វៀតណាមចាប់ផ្ដើមលាបពណ៌សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលជាអង្គការនយោបាយស្របច្បាប់ ដែលមានមូលដ្ឋាននៅអាមេរិក ដើម្បីតស៊ូមតិ ទាមទារសិទ្ធិស្វ័យសម្រេចឱ្យពលរដ្ឋខ្មែរក្រោម ទៅថ្ងៃអនាគត៖ «និយាយរួមគេរៀបរាប់ អំពីសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេសហ្នឹង គេទាញយកហេតុផលផ្សេងៗ របស់សហព័ន្ធ ហើយគេពន្យល់ថា សហព័ន្ធធ្វើហ្នឹង ដើម្បីប្រឆាំងប្រទេសវៀតណាម ដើម្បីរំដោះទឹកដី» ។
សហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីខែមិថុនាកន្លងទៅ បានរៀបចំបុណ្យរំលឹកការបាត់បង់ទឹកដីខ្មែរក្រោម លើកទី ៧០ឆ្នាំ ហើយប្រកាស នឹងធ្វើយុទ្ធនាការទាមទារសិទ្ធិស្វ័យសម្រេចឱ្យខ្មែរក្រោម ទៅថ្ងៃអនាគត ។
ការបង្ខំរបស់វៀតណាម ឱ្យពលរដ្ឋខ្មែរក្រោម ដែលមានលិខិតឆ្លងដែនអាមេរិកធ្វើកិច្ចសន្យាមិនប្រឆាំង នឹងវៀតណាមនេះ កើតឡើងប៉ុន្មានថ្ងៃក្រោយពេលវៀតណាម បានរឹបអូសលិខិតឆ្លងខ្មែរ ពីព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលនិមន្តពីកម្ពុជាទៅចូលរួមមង្គលការបងប្អូន ។
កាលពីពាក់កណ្តាលខែកុម្ភៈនេះ ព្រះសង្ឃខ្មែរក្រោម ព្រះនាម សឺន ទី ត្រូវបានអាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង ចោទប្រកាន់ថា ប្រព្រឹត្តបទល្មើសប្រឆាំងច្បាប់អ៊ីនធឺណិត (Cyber law) ដោយសារតែព្រះអង្គ បានចែកចាយព័ត៌មានស្ដីពីការប្រារព្ធខួប ៧០ ឆ្នាំ នៃថ្ងៃបាត់បង់ទឹកដីខ្មែរក្រោម ទៅឱ្យវៀតណាម និងខ្លឹមសារកិច្ចសម្ភាសន៍មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម របស់វិទ្យុអាស៊ីសេរី នៅតាមបណ្ដាញសង្គម (Facebook) ពេលព្រះអង្គគង់នៅកម្ពុជា ។ ប៉ុន្តែ ដោយសារតែព្រះអង្គ សឺន ទី និងសហព័ន្ធខ្មែរកម្ពុជាក្រោម តស៊ូមតិលើឆាកអន្តរជាតិ ទើបអាជ្ញាធរវៀតណាម ប្រគល់លិខិតឆ្លងដែនព្រះអង្គវិញ និងសូមទោសព្រះអង្គ ដោយអាជ្ញាធរវៀតណាម អះអាងថា ការរឹបអូសលិខិតឆ្លងដែននេះ ធ្វើឡើងដោយសារតែការយល់ច្រឡំ ។ ព្រះអង្គ សឺន ទី មានថេរដីកាថា វៀតណាមចង់បំបាក់ស្មារតីខ្មែរក្រោម ទើបធ្វើយុទ្ធនាការបង្ខំឱ្យខ្មែរសារភាព និងធ្វើកិច្ចសន្យា មិនប្រឆាំង នឹងរដ្ឋាភិបាលវៀតណាម ។
ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា អំពាវនាវឱ្យពលរដ្ឋខ្មែរក្រោមទាំងអស់ កុំចាញ់សម្លុតរបស់វៀតណាម ហើយបន្តតស៊ូមតិ ដើម្បីសិទ្ធិសេរីភាពទៅថ្ងៃអនាគត៖ «យើងកុំចុះហត្ថលេខាទទួលស្គាល់អ្វីមួយ ដែលរដ្ឋអំណាចយួនគេចោទប្រកាន់» ។
សហព័ន្ធខ្មែរក្រោម ធ្លាប់ព្រមានរដ្ឋាភិបាលវៀតណាមថា ខ្មែរក្រោម នឹងតវ៉ាទៅប្រទេស មហាអំណាចសេដ្ឋកិច្ច នៅលើពិភពលោក កុំឱ្យបន្តជួយសេដ្ឋកិច្ចវៀតណាម ប្រសិនបើប្រទេសមួយនេះ បន្តធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ។ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ មានប្រសាសន៍ថា វៀតណាម នឹងបាត់បង់ផលប្រយោជន៍ធំប្រសិនបើប្រទេសនេះ បន្តធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋខ្មែរក្រោម ដែលទៅលេងស្រុកកំណើតជាបន្តទៀត ។
រដ្ឋាភិបាលវៀតណាម កំពុងតែព្យាយាមចាប់ដៃ នឹងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដើម្បីធ្វើពាណិជ្ជកម្មជាមួយដោយមានការអនុគ្រោះពន្ធនាំចូល ជាថ្នូរ នឹងការគោរពសិទ្ធិមនុស្ស ។ កាលពីសប្ដាហ៍កន្លងទៅសហភាពអឺរ៉ុប បានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងវៀតណាមឱ្យអនុគ្រោះពន្ធ ៩៩ ភាគរយ លើទំនិញនាំចូលរបស់វៀតណាម ។ ចំណែកសហរដ្ឋអាមេរិក ក៏គ្រោង នឹងបើកវេទិកា សន្ទនាអាមេរិក និងវៀតណាម ជុំវិញបញ្ហាសិទ្ធិមនុស្ស ដែល នឹងធ្វើនៅឆ្នាំ ២០២០ ខាងមុខ ពិនិត្យស្ថានភាពសិទ្ធិមនុស្សរបស់វៀតណាម ដើម្បីអាចធានាវៀតណាម អាចធ្វើពាណិជ្ជកម្ម នឹងអាមេរិកលុះត្រាតែ ការគោរពសិទ្ធិមនុស្សមានលក្ខណៈរីកចម្រើន ។ ទោះបីយ៉ាងណា អង្គការសិទ្ធិមនុស្សអន្តរជាតិ បានរិះគន់ថា វៀតណាមមិនសម នឹងទទួលបានការអនុគ្រោះពន្ធនោះទេ ដោយសារតែ វៀតណាមមិនបានស្ដារស្ថានភាពសិទ្ធិមនុស្សឱ្យល្អប្រសើរនោះទេ ពិសេស ការបន្តឃុំខ្លួនអ្នកទោសនយោបាយប្រមាណ ៣ រយនាក់ ក្នុងពន្ធនាគារ គាបសង្កត់សេរីភាពបញ្ចេញមតិជាដើម ។ អង្គការសង្គមស៊ីវិលសង្ឃឹមថា ស្ថានភាពអាក្រក់ស្ដីពីសិទ្ធិមនុស្សនៅវៀតណាម នឹងជំរុញឱ្យសភាសហភាពអឺរ៉ុប នឹងដកសេចក្ដីទុកចិត្តពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប និងវៀតណាមវិញ ៕