នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញផ្សាយកម្មវិធីផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គម Facebook ឈ្មោះថា “អរុណសួស្ដី កម្ពុជាក្រោម” ដែលមានអ្នករាយ ការណ៍ពីប្រទេសនានាក្នុងពិភពលោក ក្នុងនោះ មាន សហរដ្ឋអាមេរិក, កាណាដា, បារាំង, អូស្ត្រាលី, ថៃ, កម្ពុជា និង ដែនដីកម្ពុជាក្រោម ។ កម្មវិធីនេះ ចេញផ្សាយជា រៀងរាល់ថ្ងៃអាទិត្យ នៅវេលាម៉ោង ៧ ព្រឹក ម៉ោងនៅកម្ពុជាក្រោម ផ្ដោតលើស្ថានភាពសិទ្ធិមនុស្សនៅដែនដីកម្ពុជាក្រោម ។ នៅក្នុងកម្មវិធី “អរុណសួស្ដី កម្ពុជាក្រោម” ចេញផ្សាយដំបូង ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាននាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងសារ ស្វាគមន៍បើកកម្មវិធីថា “អរុណសួស្តី កម្ពុជាក្រោម” ជាកម្មវិធីថ្មីពិសេសមួយទៀត ដែលនាយកដ្ឋានព័ត៌មានបានបង្កើតឡើង ដើម្បីផ្សព្វផ្សាយនូវព័ត៌មាន ស្ដីពីកម្ពុជាក្រោម ឲ្យកាន់តែមានប្រសិទ្ធភាពជាទីបំផុត ដើម្បីធ្វើជាចន្លុះច្រាលបំភ្លឺនៅលើដែនដីកម្ពុជាក្រោម ឲប្រជាជាតិខ្មែរក្រោមគ្រប់រូបបានយល់ដឹង និង ចេះប្រើប្រាស់ នូវសិទ្ធិសេរីភាព ជាមូលដ្ឋានរបស់ខ្លួន ។ សូមលោកអ្នកស្តាប់នូវខ្លឹមសារដើម នៃ សារស្វាគមន៍នេះ ដូចតទៅ៖