សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក នឹងធ្វើពិធីជួបជុំគ្នាមួយ នៅរដ្ឋ ផែនស៊ីវិលញ៉ា (Pennsylvania) ថ្ងៃទី ៩ មីនា ចុងសប្តាហ៍នេះ ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា។

ក្នុងពិធីប្រមូលផ្តុំគ្នា ដែលមានមនុស្សចូលរួមប្រមាណជិត ៤០០ នាក់នេះ ជាឱកាសមួយសម្រាប់ស្ត្រីជាខ្មែរក្រោម ដើម្បីស្វែងយល់ពីស្ថានភាពស្ត្រីខ្មែរក្រោម ដែលកំពុងរស់នៅនៅលើទឹកដីកំណើត ដែលបច្ចុប្បន្ន វៀតណាមកំពុងគ្រប់គ្រង ។
ប្រធានចលនាស្ត្រី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អ្នកស្រី សឺង ធី និត មានប្រសាសន៍ ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី ៧មីនាថា ពិធីជួបជុំនេះ នឹងជំរុញឲ្យស្ត្រីខ្មែរក្រោម នៅអាមេរិក និងប្រទេសមួយចំនួនទៀតក្នុងសលកលោក អាចជំរុញសហគមន៏អន្តរជាតិ យកចិត្តទុក្ខដាក់ដោះស្រាយវិបត្តិមួយចំនួន ដែលស្ត្រីខ្មែរក្រោម កំពុងជួបប្រទះ ដូចជា គ្មានឱកាសសិក្សារៀនសូត្រភាសាខ្មែរ ការអើសអើងក្នុងការផ្តល់ការងារក្នុងវិស័យរដ្ឋ និងឯកជនវៀតណាម កង្វះសេវាសុខភាព និងទាមទារឲ្យមានសិទ្ធិសេរីភាពស្ត្រីឲ្យស្មើ នឹងបុរសជាដើម ។
“និយាយឲ្យត្រង់ទៅយើងចង់ឲ្យបងប្អូនខ្មែរ ពួកគាត់ដែលនៅជនបទ និងនៅឆ្ងាយពីក្រុងហ្នឹងឲ្យចេះភាសារបស់ខ្លួន គឺអក្សរខ្មែរ ។ បច្ចុប្បន្ន (វៀតណាម) បើកឲ្យរៀនមួយអាទិត្យតែពីរម៉ោងអីទេ ។ បងប្អូនខ្មែរគាត់អត់ចេះភាសាយើងច្បាស់លាស់ ហើយគាត់គ្មានលទ្ធភាពទៅរៀនដល់ខ្ពស់ដូចគេទេ ។ ទោះបីជាអ្នករៀនខ្លះបានរៀនខ្ពស់ ក៏អត់មានការងារសម នឹងចំណេះដឹងរបស់គាត់ដែរ ពីព្រោះវាមានការរើសអើង ។ ចំណែកខាងសុខាភិបាលវិញ មន្ទីរពេទ្យមានច្រើនតែនៅទីក្រុង អញ្ចឹងហើយនៅខាងជនបទ ប្រសិនបើមាននារីមានផ្ទៃពោះ នៅពេល (ធ្វើដំណើរ) ដល់មន្ទីរពេទ្យជួនកាល អាចមានស្លាប់។”
ពិធីជួបជុំ អបអរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនានេះ នឹងធ្វើឡើងនៅភោជនីយដ្ឋាន (Saigon Maxim) ដែលមានអាស័យដ្ឋានលេខ ៦១២ ផ្លូវ វ៉ាស៊ីនតុន (Washington Ave) ទីក្រុង ហ្វីលីដាលហ្វៀ (Philadelphia) នៅវេលាម៉ោង ៧ យប់ រហូតដល់ម៉ោង ១២ យប់៕