ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធខ្មែរកម្ពុជាក្រោម ដឹកនាំប្រតិភូទៅចូលរួមសន្និសិទសេរីភាពសាសនាអន្តរជាតិ នៅរដ្ឋធានីវ៉ាស៊ីនតុន នៅដើមសប្តាហ៍នេះ ដើម្បីធ្វើរបាយការណ៍ ស្តីពីស្ថានភាព នៃ ការធ្វើទុក្ខបុកម្នេញផ្នែកសាសនាទៅលើព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលកំពុងគង់នៅលើទឹកដីកំណើត ។ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម លើកឡើងថា សន្និសិទនេះ ជាឱកាសមាស ដើម្បីជំរាបមេដឹកនាំសាសនាទាំងអស់ នៅក្នុងកិច្ចប្រជុំនេះ ឲ្យស្វែងយល់ពីការប្រវត្តិ នៃ ការប្រតិបត្តិសាសនារបស់ព្រះសង្ឃខ្មែរក្រោម និងពលរដ្ឋខ្មែរក្រោមផង ។

សន្និសិទសេរីភាពអន្តរសាសនានឹងចាប់ផ្តើមពីថ្ងៃទី ៣១ មករាដល់ថ្ងៃទី ១ កុម្ភៈ នៅរដ្ឋធានីវ៉ាស៊ីនតុន ។ សន្នីសិទលើកទីបីនេះ រៀបចំឡើងដោយ គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិក (United States Commission on International Religious Freedom) ដើម្បីបង្កើតឲ្យមានក្រុមអង្គការចម្រុះធ្វើការងាររួមគ្នា ដើម្បីលើកតម្កើងសេរីភាពសាសនាអន្តរជាតិ និងជំរុញឲ្យមានការដឹងលឺ និងស្វែងយល់ពីសេរីភាពអន្តរជាតិ ។ គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិក ហៅកាត់ថា (USCIRF) ជាស្ថាប័នឯករាជ្យ មានតំណាងមកពីរគណបក្ស និងជាគណៈកម្មការសហព័ន្ធរដ្ឋាភិបាលអាមេរិកបង្កើតឡើងកាលពីឆ្នាំ ១៩៩៨ ដើម្បីឃ្លាំមើលសិទ្ធិសេរីភាពសាសនាជាសកល និងជំនឿប្រតិបត្តិសាសនានៅក្រៅប្រទេស ។ ស្ថាប័ននេះ ប្រើប្រាស់ស្តង់ដារកំរិតអន្តរជាតិ ដើម្បីឃ្លាំមើលការរំលោភសិទ្ធិសាសនាសកលលោក និងផ្តល់អនុសាសន៍បង្កើតគោលនយោបាយឲ្យប្រធានាធិបតីអាមេរិក និងរដ្ឋមន្រ្តីក្រសួងការបរទេសនិងសភា ។
នាយកអន្តរសាសនា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ធីធី ធម្មោ ដឹកនាំប្រតិភូមកពីកាណាដា អូស្រ្តាលី និងសហរដ្ឋអាមេរិកទៅចូលរួមក្នុងសន្និសិទអន្តរជាតិ ស្តីពីសេរីភាពសាសនានេះ ។ ព្រះភិក្ខុ ធីធី ធម្មោ មានថេរដីកាថា ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមនឹងជំរាបជូនសន្និសិទស្តីការរំលោភសិទ្ធិសេរីភាពសាសនាបង្កឡើង ដោយរដ្ឋាភិបាលវៀតណាម មកលើព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោម៖
«ក្នុងពិធីប្រជុំនោះ យើងមានឱកាសយើងនឹងពន្យល់គេថា យើងមកពីប្រភពណា យើងកំពុងធ្វើស្អី យើងចង់បានស្អី? យើងចង់បង្ហាញថា យើងជាជនរងគ្រោះ ។ ព្រះសង្ឃខ្មែរក្រោម និងព្រះពុទ្ធសាសនាខ្មែរក្រោមត្រូវបានរដ្ឋាភិបាលហ្នឹងជាន់ឈ្លឺ រាល់ពេល រាល់ថ្ងៃ ប៉ុន្មានមិនបានពិភពលោកហ្នឹងយកចិត្តទុក្ខដាក់ដឹងលឺ» ។
ព្រះអង្គបន្តថា ក្រៅពីការជំរាបជូនមេដឹកនាំសាសនា ដែលចូលរួមក្នុងសន្និសិទសេរីភាពសាសនាដោយផ្ទាល់មាត់ សហព័ន្ធផ្តល់របាយការណ៍និងប្រវត្តិប្រតិបត្តិសាសនារបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅលើទឹកដីកំណើត ដើម្បីឲ្យមេដឹកនាំសាសនាយល់កាន់តែច្បាស់អំពីពលរដ្ឋខ្មែរកម្ពុជាក្រោម៖
«ចុងក្រោយ គឺយើងសំណូមពរឲ្យអង្គប្រជុំទាំងមូលហ្នឹង ពិនិត្យឡើងវិញ ពិសេសក្រសួងការបរទេស ជួយឃ្លាំមើលឲ្យបានដិតដល់ថែមទៀតសកម្មភាពរបស់រដ្ឋាភិបាលយួន កំពុងប្រព្រឹត្តមកលើពលរដ្ឋខ្មែរក្រោម» ។
សន្និសិទសេរីភាពសាសនាអន្តរជាតិធ្វើឡើង ក្រោយពេលក្រសួងការបរទេសអាមេរិក បានដាក់ប្រទេសវៀតណាម ក្នុងបញ្ជីឃ្លាំមើលជាប្រទេសរំលោភសិទ្ធិសាសនាធ្ងន់ធ្ងរ ។
កាលពីពេលថ្មីៗ នេះ គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិក ក៏បានស្នើឲ្យរដ្ឋាភិបាលវៀតណាម កុំធ្វើទុក្ខបុកម្នេញ ការប្រតិបត្តិសាសនារបស់ពលរដ្ឋខ្មែរក្រោម ។ គណៈកម្មការសេរីភាពអន្តរសាសនាបានស្នើឲ្យរដ្ឋាភិបាលអាមេរិកអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម កុំបំផ្លាញសាលាឆទានរបស់ពលរដ្ឋក្រោម ដែលបានកសាងសម្រាប់គោរពសាសនា និងជាកន្លែងបង្រៀនអក្សរខ្មែរឲ្យក្មេងជំនាន់ក្រោយ នៅខេត្តលង់ហោរ ។
អាជ្ញាធរវៀតណាមកាលពីពេលថ្មីៗ នេះ ក៏បានគាបសង្កត់សមាគមព្រះសង្ឃខ្មែរក្រោម នៅឃ្លាំងកុំឲ្យទទួលស្គាល់សាមណេរ យឿង ខាយ ដែលសកម្មធ្វើការងារផ្នែកសិទ្ធិមនុស្ស និងសិទ្ធិស្វ័យសម្រេច ។ អាជ្ញាធរវៀតណាមព្រមានថា ប្រសិនបើវត្តណា ហ៊ានឲ្យកន្លែងគង់នៅដល់ សាមណេរ យឿង ខាយ វត្តនោះនឹងត្រូវរងវិធានការណ៍តាមផ្លូវច្បាប់ ។ ទោះបីជាយ៉ាងណា សាមណេរ យឿង ខាយកំពុងបន្តគង់នៅវត្តមង្គលបុរីទ្រនំសេកនៅឡើយ ទោះបីមានការគំរាមកំហែងក្តី។ ទោះជាសហរដ្ឋអាមេរិក និងសហព័ន្ធខ្មែរកម្ពុជាក្រោម រកឃើញការរំលោភសេរីភាពសាសនារបស់ខ្មែរក្រោម ក៏ដោយក៏វៀតណាមនៅតែបដិសេធ ។
របាយការណ៍សិទ្ធិមនុស្សសកលឆ្នាំ ២០២៣ របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ (HRW) ចេញ កាលពីពេលថ្មីៗ រកឃើញថា វៀតណាមរឹតត្បិតសេរីភាពសាសនា ។ (Human Rights Watch) រកឃើញថា រដ្ឋាភិបាលវៀតណាម បន្តធ្វើទុក្ខបុកម្នេញ និងរើសអើងជាប្រព័ន្ធលើសហគមន៍ខ្មែរក្រោម ។ រដ្ឋាភិបាលវៀតណាម ក៏តែងតែជ្រៀតជ្រែកក្នុងប្រតិបត្តិការផ្ទៃក្នុងរបស់ពុទ្ធសាសនិកខ្មែរក្រោម និងចង់ត្រួតត្រាពួកគេ បង្អាក់ការអប់រំជាភាសាខ្មែរ និងឃ្លាំមើលជាលក្ខណៈស្អប់ខ្ពើមលើមេដឹកនាំសហគមន៍ខ្មែរក្រោម ៕