KKF នឹងធ្វើ​សន្និសីទ​អន្តរជាតិ​ នៅទីក្រុង​ឡាអេ

ដោយ ថាច់ ប្រីជា គឿន​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងធ្វើ​សន្និសីទ​អន្តរជាតិ ក្រោម​ប្រធានបទ “​ខួប ៧០ ឆ្នាំ ថ្ងៃ​កម្ពុជា​ក្រោម​នៅក្រោម អាណានិគម​យួន​” នៅទីក្រុង​ឡាអេ នៃ​ប្រទេស​ហូ​ឡង់ ដើម្បី​រំឭក ដល់​ថ្ងៃ​ដែល​បារាំង បាន ផ្ទេរ​ដែនដី​កម្ពុជា​ក្រោម ឬ កូស័ងស៊ីន ឲ្យ​ធ្វើជា​រដ្ឋ​ចំណុះ​វៀតណាម កាលពី​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។​

ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់សន្និបាត​ប្រចាំឆ្នាំ ២០១៨ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ថាច់ ប្រីជា គឿន
ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់សន្និបាត​ប្រចាំឆ្នាំ ២០១៨ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ថាច់ ប្រីជា គឿន

​យោងតាម​សេចក្ដីសម្រេច​របស់​គណៈ​កម្ម​ការ​នាយក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បានអនុម័ត​នៅ​ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៩ បាន​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងធ្វើ​សន្និសីទ​អន្តរជាតិ​ក្រោម ប្រធានបទ “​ខួប ៧០ ឆ្នាំ ថ្ងៃ​កម្ពុជា​ក្រោម​នៅក្រោម​អាណានិគម​យួន​”​ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​រដ្ឋការ​អាណានិគម​និយម​បារាំង បាន​ផ្ទេរ ដែនដី​កម្ពុជា​ក្រោម ឬ កូស័ងស៊ីន ឲ្យ​ទៅជា​រដ្ឋការ​យួន​បន្តធ្វើ​អាណានិគម​លើ​ជនជាតិដើម​ខ្មែរក្រោម ។ សន្និសីទ​នេះ នឹងធ្វើ​នៅទី​ក្រុងឡាអេ នៃប្រទេស​ហូ​ឡង់ នៅ​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ ។​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រំពឹងថា សន្និសីទ​អន្តជាតិ​នេះ នឹងមាន​ថ្នាក់ដឹកនាំ និង សមាជិក នៃ សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក​ចូលរួម ដើម្បី​ស្ដាប់​វាគ្មិន​បរទេស​បកស្រាយ​អំពី “​សិទ្ធិ​ស​ម្រ​ច​វាសនា​ខ្លួន​ដោយ ខ្លួនឯង​” ទាក់ទង​នឹង​ជនជាតិដើម​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ។ ក្រៅពីនេះ វាគ្មិន​ជាតិ និង អន្តរជាតិ ក៏​នឹងធ្វើ សេចក្ដី​កត់សម្គាល់​ឡើងវិញ​នូវ​បញ្ហា​សិទ្ធិមនុស្ស និង​បទឧក្រិដ្ឋ​នានា ដែល​រដ្ឋការ​អាណានិគម​យួន​បាន​រំលោភ បំពាន​លើ​ជនជាតិដើម​ខ្មែរ​នៅ​កម្ពុជា​ក្រោម ក្នុងអំឡុង ៧០ ឆ្នាំ ចុងក្រោយ​នេះ ។​

​ដែនដី​កម្ពុជា​ក្រោម ឬ ដែនដី​កូស័ងស៊ីន មាន​ផ្ទៃដី​ប្រមាណ ៦៧.៧០០ គីឡូម៉ែត្រ​ក្រឡា ត្រូវ​ប្រធានាធិបតី​បារាំង ឈ្មោះ វ៉ែន​សង់ អូ​រិ​យោល (Vincent Auriol) ប្រកាស​ច្បាប់ លេខ ៤៩-៧៣៣ ចុះ​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ផ្ទេរ​ឲ្យ​ទៅជា​រដ្ឋ​ចំណុះ​វៀតណាម បន្តធ្វើ​អាណានិគម​លើ​ជនជាតិដើម​ខ្មែរ​នៅ​កម្ពុជា​ក្រោម រាប់លាន​នាក់​រហូត ដល់​សព្វថ្ងៃ ។

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង អង្គការ​ឃ្លាំង​មើល​សិទ្ធិមនុស្ស (HRW) ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានធ្វើ​សេចក្ដីរាយការណ៍​ថា ក្នុងអំឡុង ៧០ ឆ្នាំ កន្លងមកនេះ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ដែនដី​កម្ពុជា​ក្រោម មានការ​រំលោភ​សិទ្ធិមនុស្ស​ជា​ទម្ងន់​ពី​រដ្ឋាភិបាល​អាណានិគម​យួន ក្នុងនោះ មាន​ការចាប់​ព្រះសង្ឃ​ផ្សឹក​ដាក់ពន្ធនាគារ​, ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​រង្គាល​ពលរ​ដ្ឋ​ខ្មែរក្រោម ដោយ​ចោទ​ពីបទ​ប្រឆាំង​រដ្ឋការ​អាណានិគម​យួន ជាដើម ។​

​ព័ត៌មាន​ពិស្ដារ​ទាក់ទង​នឹង​សន្និសីទ​អន្តរជាតិ​នេះ ទូរទស្សន៍ ព្រៃនគរ និង វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) នឹង ជម្រាបជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​លម្អិត​នាពេលខាងមុខ ៕