សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ព្រមាន​ប្តឹងតវ៉ា​ទៅ​សហគមន៍​អន្តរជាតិ បើ​​វៀតណាម​ហ៊ាន​ឃាត់​ខ្លួន​យុវជន​ខ្មែរ​ក្រោម​ពីរ​រូប ករណី​ប្រើប្រាស់​បណ្ដាញ​សង្គម

ដោយ យន់ សាមៀន | RFA

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រមាន​អាជ្ញាធរ​វៀតណាម​ ថា សហព័ន្ធ ​នឹង​តវ៉ា​ទៅ​សហគមន៍​អន្តរជាតិ ប្រសិន​បើ​វៀតណាម​ហ៊ាន​ឃាត់​ខ្លួន​យុវជន​ខ្មែរ​ក្រោម​ពីរ​រូប ករណី​ដែល​ពួក​គេ​មិន​បង់​ប្រាក់​ពិន័យ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម ។ ការ​ព្រមាន​នេះ ដោយសារ​តែ​យុវជន​ខ្មែរ​ក្រោម​ពីរ​រូប កាល​ពី​ថ្ងៃ​ទី ៣០ មិថុនា បាន​តវ៉ា​ប្រឆាំង ​នឹង​អាជ្ញាធរ​វៀតណាម ក្រោយ​ពេល​វៀតណាម ​បាន​ផាក​ប្រាក់​ពួក​គេ​ក្នុង​ម្នាក់ៗ បី​រយ​ដុល្លារ ដោយ​ចោទ​ប្រកាន់​ថា ពួក​គេ​ល្មើស​ច្បាប់​សន្តិសុខ​អ៊ិនធឹណិត​វៀតណាម ដោយសារ​តែ​ពួក​គេ​បង្ហោះ​ព័ត៌មាន​ ពី​ប្រវត្តិសាស្ត្រ​កម្ពុជាក្រោម និង​ចែកចាយ​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ។

អាជ្ញាធរវៀតណាម កោះហៅក្រុមយុវជនខ្មែរក្រោម ទៅសួរចម្លើយ នាពេលកន្លងមក
អាជ្ញាធរវៀតណាម កោះហៅក្រុមយុវជនខ្មែរក្រោម ទៅសួរចម្លើយ នាពេលកន្លងមក

មន្រ្តី​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​គាំទ្រ​សេចក្ដី​សម្រេច​ចិត្ត​របស់​យុវជន​ខ្មែរ​ក្រោម​ទាំង​ពីរ​រូប ដែល​ហ៊ាន​តវ៉ារឿង​អយុត្តិធម៌ មិន​បង់ប្រាក់​ពិន័យ​ទៅ​ឲ្យ​វៀតណាម ទោះ​បី​ពួក​គេ​អាច​ នឹង​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ដាក់​ពន្ធនាគារ​ក៏​ដោយ ។

យុវជន​ខ្មែរ​ក្រោម នៅ​ខេត្ត​ព្រះត្រពាំង ២ រូប គឺយុវជន ថាច់ កឿង និង យុវជន តោ ហ្វាង​ចឿង កាល​ពី​ថ្ងៃ​ទី ៣០ មិថុនា បាន​ឡើង​ទៅ​តវ៉ា​ដល់​មុខ​មន្ត្រី​ស៊ើបអង្កេត​នៃ​មន្ទីរ​ព័ត៌មាន និង​ទូរគមនាគមន៍​ខេត្ត​ព្រះត្រពាំង ស្នើសុំ​មិន​បង់​ប្រាក់​ពិន័យ ដោយសារ​តែ​ពួក​គេ​គិត​ថា ការ​ផាក​ពិន័យ​ជា ​ការ​អើសអើង ​នឹង​ខ្មែរ​ក្រោម និង​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ខ្មែរ​ក្រោម ។

ព្រះតេជព្រះគុណបន្ត​ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ​នឹង​ធ្វើ​យុទ្ធនាការ​តវ៉ា​ទៅ​សហគមន៍​អន្តរជាតិ ប្រសិន​បើ​វៀតណាម​ ហ៊ាន​ឃាត់ខ្លួន យុវជន​ខ្មែរ​ក្រោម​ទាំង​ពីរ​រូប​នោះ​មែន៖ «ប្រសិន​បើ​អាជ្ញាធរ​វៀតណាម​ ដល់​ដំណាក់​កាល​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​រង​ការ​ផាក​ពិន័យ​ហ្នឹង ហើយ​យុវជន​មិន​ព្រម​បង់​ដោយសារ​តែ​គ្មាន​លុយ​ឲ្យ អ៊ីចឹង​សហព័ន្ធ​ខ្មែរ​ក្រោម​កម្ពុជា​ក្រោម សូម​ថ្កោល​ទោស​អាជ្ញាធរ​វៀតណាម​ ដែល​ប្រើ​ច្បាប់ ដើម្បី​បំបិទ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម» ។

មូលហេតុបណ្តាលឲ្យវៀតណាម ចោទ​ប្រកាន់​យុវជន​ខ្មែរ​ក្រោម​ទាំង​ពីរ​នាក់​នោះ ដោយសារតែ យុវជន ថាច់ កឿង កាលពី​ថ្ងៃ​ទី ២ ខែ​មិថុនា បាន​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ចោទ​ថា អាជ្ញាធរ​វៀតណាម ចែក​អង្ករ​ក្លែងក្លាយ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ។ ចំណែក​យុវជន តោ ហ្វាង​ចឿង កាលពី​ថ្ងៃ​ទី ១៦ ខែមិថុនា បាន​បង្ហោះ​លិខិត​របស់​មេដឹកនាំ​វៀតណាម លោក ហូ ជី​មិញ (Ho Chi Minh) ដែល​មានខ្លឹមសារ​ថា ដែនដី​កម្ពុជាក្រោម​ស្ថិត នៅ​ក្រោម​ការគ្រប់គ្រង និង​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​ក្រោម និង​ការ​បង្ហោះ​រូប​សញ្ញា​កាន់ទុក្ខ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជាក្រោម នៅ​លើ​ប្រូ​ហ្វា​ល (Profile) ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃ​ទី ៤ ខែមិថុនា​កន្លង​ទៅ ។

ពាក់ព័ន្ធ​ នឹង​រឿង​មិន​បង់​ប្រាក់​ឲ្យ​វៀតណាម​នេះ យុវជន តោ ហ្វាង​ចឿង បង្ហោះ​សារ​ក្នុង​ទំព័រ (Facebook) របស់​លោក កាល​ពី​ថ្ងៃ​ទី ៣០ មិថុនា​ថា លោក​បាន​សម្រេច​ចិត្ត​មិន​បង់​លុយ​ឲ្យ​វៀតណាម ដោយសារ​តែ​ការ​ផាក​ពិន័យ​នេះ ជា​ករណី​បំបិទ​សិទ្ធិ​របស់​ខ្មែរ​ក្រោម ហើយ​លោក​មិន​បាន​ល្មើស​ច្បាប់​ណា​មួយ​ទេ៖ «បំណង​របស់​គេ​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម ​បាត់បង់​សិទ្ធិ​សេរីភាព ឲ្យ​ខ្មែរ​ក្រោម​យើង​បាក់​ស្បាត» ។

យុវជន តោ ហ្វាង​ចឿង អំពាវនាវ​ឲ្យ​យុវជន​ខ្មែរ​ក្រោម កុំ​ខ្លាច​ការ​គាប​សង្កត់​របស់​វៀតណាម និង​ទាមទារ​សិទ្ធិ​ជា​​ជនជាតិ​ដើម​កំណើត​ពី​វៀតណាម​មក​វិញ ។ យ៉ាង​ហោច​ណាស់ ក៏​មាន​យុវជន​ខ្មែរ​ក្រោម ៤ នាក់​ហើយ ត្រូវ​អាជ្ញាធរ​វៀតណាម ខេត្ត​ព្រះត្រពាំង និង​ខេត្ត ​ឃ្លាំង បាន​កោះ​ហៅ​ទៅ​សម្លុត​បំភ័យ និង​ពិន័យ​ជា​ប្រាក់​យ៉ាង​ធ្ងន់ធ្ងរ​ធ្វើការ​ពិន័យ​ជា​ប្រាក់ និង​ព្រមាន​ចាប់ខ្លួន បើ​យុវជន​ទាំងនោះ នៅតែ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក និយាយ​ពី​ប្រវត្តិ​ទឹកដី​កម្ពុជាក្រោម និង​ហ៊ាន​បញ្ចេញ​មតិ ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ ។ វៀតណាម​ កាល​ពី​ពេល​ថ្មីៗ នេះ ក៏បាន​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់ ក្រោយ​ពី​វៀតណាម បាន​ប្រើប្រាស់​អំពើ​ហិង្សា​រឹបអូស​ដីធ្លី​ស្រែ​ចម្ការ​របស់​ពួក​គេ​ទាំង​មិន​ទាន់​មាន​ដំណោះ​ស្រាយ ។ ពលរដ្ឋ​ខ្មែរ​រូប​នោះ ត្រូវ​បាន​វៀតណាម​ឃុំ​ខ្លួន មិន​ឲ្យ​ជួប​ក្រុម​គ្រួសារ​នោះ​ទេ​មក​ទល់​ពេល​នេះ ។ ទាក់ទង​ នឹង​ករណី​រឹតត្បិត​សម្លុត​បំភ័យ​ខ្មែរ​ក្រោម​នេះ សមាគម​ខ្មែរ​កម្ពុជាក្រោម ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី ២៩ មិថុនា ក៏​បាន​ដាក់​ញាតិ​ទៅ​ក្រសួង​ការ​បរទេស​កម្ពុជា និង​ស្ថានទូត​វៀតណាម​ ប្រចាំ​នៅ​កម្ពុជា​ឲ្យ​អន្តរាគមន៍​​ទៅ​រដ្ឋាភិបាល​វៀតណាម ​ឲ្យ​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​បន្ត​ទៀត ។ ស្ថានទូត វៀតណាម មិន​ទាន់​ទទួល​ញាតិ​របស់​ខ្មែរ​ក្រោម​នោះ​ទេ ប៉ុន្តែ​ក្រសួង​ការ​បរទេស​បាន​ទទួល​យក ។ សមាគម​ខ្មែរ​ក្រោម​នៅ​កម្ពុជា ក៏​បាន​ព្រមាន​ថា ប្រសិន​បើ​វៀតណាម​ធ្វើ​ព្រងើយ​មិន​ដោះ​លែង និង​ទម្លាក់​ចោល​ការ​ចោទ ប្រកាន់​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ពួក​គេ​នឹង​ដឹក​នាំ​ធ្វើ​បាតុកម្ម​អហិង្សា ​នៅ​ស្ថានទូត​វៀតណាម​ នៅ​កម្ពុជា ដើម្បី​ដាក់​សម្ពោធ​បន្ថែម​ទៅ​លើ​រដ្ឋាភិបាល​វៀតណាម ៕