ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃសៅរ៍ទី ១១ ខែមីនា ចុងសប្ដាហ៍កន្លងទៅនេះ ថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធខ្មែរកម្ពុជា ក្រោម នៅរដ្ឋ California បានរួមគ្នាទៅសួរសុខទុក្ខគ្រួសារ លោក ថាច់ ស៊ុន ហ៊ាន ជនភៀសខ្លួន ខ្មែរក្រោមដែលទើបតែត្រូវបានអង្គការ UNHCR ប្រចាំប្រទេសថៃ បញ្ជូនទៅតាំងទីលំនៅថ្មីនៅ សហ រដ្ឋអាមេរិក ។
ពិធីជួបសំណេះសំណាលនេះ មានការចូលពីគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម មួយ ចំនួន ដូចជា លោក ប្រាក់ សេរីវុធ អនុប្រធានទី ១ លោក ចៅ សេរី អនុប្រធានទី ២ លោក សឺន ហ៊ួរ អគ្គលេខាធិការ លោក ថាច់ តង ប្រធានតំបន់ភាគខាងលិចនៃសហរដ្ឋអាមេរិក និង លោក សឺង សម្រេច ទីប្រឹក្សាព្រមទាំងសមាជិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ជាច្រើនរូបទៀត ។
ពិធីនេះ ធ្វើនៅផ្ទះរបស់ លោក សឺង សម្រេច នាទីក្រុង Long Beach ដោយមានការថ្លែងសុន្ទរកថា ស្វាគមន៍ និងចាប់អារម្មណ៍ចំពោះដំណើរមកដល់សហរដ្ឋអាមេរិករបស់គ្រួសារ លោក ថាច់ ស៊ុន ហ៊ាន ។ អ្នកចូលរួមក៏បានរៃអង្គាសថវិកាជូនដល់គ្រួសារ លោក ថាច់ ស៊ុន ហ៊ាន ផងដែរ ។
លោក ថាច់ ស៊ុន ហ៊ាន បានមានប្រសាសន៍ថា លោកជាអតីតសមណសិស្សនៅសាលាបាលី ខេត្តឃ្លាំង ដែលបានចូលរួមធ្វើបាតុកម្មនៅក្នុងព្រឹត្តិការណ៍ ៨ កុម្ភៈ កាលពីឆ្នាំ ២០០៧ ដើម្បីទាម ទារឲ្យអាជ្ញាធរវៀតណាមផ្ដល់សេរីភាពដល់ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។ ក្រោយពីការ ធ្វើបាតុកម្មនៅខេត្តឃ្លាំង កាលពី ១០ ឆ្នាំមុន លោកបានភៀសខ្លួនចេញពីស្រុកកំណើតទៅប្រទេស កម្ពុជា និងហួសទៅដល់ប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោនក្នុងនាមជាជនភៀសខ្លួននយោបាយ ពីអគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ហើយបានអង្គការនេះ បញ្ជូនទៅតាំងទីលំនៅថ្មី នៅសហរដ្ឋអាមេរិក ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៧ កន្លងទៅនេះ គ្រួសារ លោក ថាច់ ស៊ុន ហ៊ាន បាន ការិយាល័យអគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅទី ក្រុងបាងកក ប្រទេសថៃ បញ្ជូនទៅតាំងទីលំនៅថ្មី នៅសហរដ្ឋអាមេរិក បន្ទាប់ពីលោកបានស្នាក់នៅ ក្នុងប្រទេសថៃ ក្នុងឋានៈជាជនភៀសខ្លួនអស់ជាច្រើនឆ្នាំកន្លងមក ។ សព្វថ្ងៃ គ្រួសារ លោក ថាច់ ស៊ុន ហ៊ាន កំពុងស្នាក់នៅរដ្ឋ California សហរដ្ឋអាមេរិក ៕
ខាងក្រោមជារូបថតសកម្មភាពដែលសហព័ន្ធខ្មែរកម្ពុជាក្រោមសួរសុខទុក្ខគ្រួសារ លោក ថាច់ ស៊ុន ហ៊ាន ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៧ ។ រូបថត៖ ថាច់ ប្រីជា គឿន