សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​គំរាម​កំហែង​ដល់​យុវជន​ខ្មែរ​ក្រោម ដែល​ហ៊ាន​ងើប​ឡើង​ទាមទារ​សិទិ្ធ

ដោយ យន់ សាមៀន | RFA Khmer

សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម ស្នើ​ឲ្យ​អាជ្ញាធរ​វៀតណាម ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ យុវជន​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត ។ សំណើ​នេះ ធ្វើ​ឡើង​ដោយសារ​តែ អាជ្ញាធរ​វៀតណាម​​​ កាលពី​ពេលថ្មីៗ នេះ បន្ត​កោះហៅ​យុវជន​ខ្មែរ​ក្រោម ទៅ​សម្លុត​បំភ័យ កុំ​ឲ្យ​ហ៊ាន​ងើប​​ឡើង​តវ៉ា​ទាមទារ សិទ្ធិ​សេរីភាព និង​សិទ្ធិ​ការងារ​ដោយ​គ្មាន​ការ​រើសអើង​ពូជសាសន៍ ។

យុវជន​ខ្មែរ​ក្រោម ​ដែល​ឈឺឆ្អាល​បញ្ហា​សង្គម និង​សិទ្ធិ​ការងារ​ ឈ្មោះ យឿង ភុក (ឆ្វេង) និង​លិខិតដែល​អាជ្ញាធរ​វៀតណាម​ កោះហៅ​ទៅ​សាកសួរ ។
យុវជន​ខ្មែរ​ក្រោម ​ដែល​ឈឺឆ្អាល​បញ្ហា​សង្គម និង​សិទ្ធិ​ការងារ​ ឈ្មោះ យឿង ភុក (ឆ្វេង) និង​លិខិតដែល​អាជ្ញាធរ​វៀតណាម​ កោះហៅ​ទៅ​សាកសួរ ។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា​ អាជ្ញាធរ​វៀតណាម កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​បំបាក់​ស្មារតី​យុវជន​ខ្មែរ​ក្រោម ដែល​​​​ហ៊ាន​ងើប​ឡើង​តវ៉ា ជុំវិញ​ការ​រើសអើង​ពូជសាសន៍ ក្នុង​កន្លែង​ការងារ និង​ទាមទារ​សិទ្ធិ​សេរីភាព​ជា​ជនជាតិ​ដើម​កំណើត៖ «អាត្មា​យល់​ឃើញ​ថា នេះ​ជា​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​វៀតណាម ដើម្បី​សម្លុត​បំភ័យ​ខ្មែរ​ក្រោម ហ៊ាន​ងើប​ឡើង​តវ៉ា ដើម្បី​បញ្ចេញ​ការ​ពិត និង​ប្រវត្តិសាស្ត្រ​នៃ​ទឹក​ដី​កម្ពុជា​ក្រោម ក៏​ដូច​ជា​ការ​បញ្ចេញ​មតិ​ក្នុង​នាម​ជា​កម្ពុជា​ក្រោម» ។

ប្រតិកម្ម​របស់​សហព័ន្ធ​ខ្មែរ​ក្រោម​នេះ បន្ទាប់ពី អាជ្ញាធរ​វៀតណាម កាលពី​សប្ដាហ៍​មុន បាន​កោះ​ហៅ​យុវជន យឿងភុក ជា​តំណាង​ឲ្យ​កម្មករ​ខ្មែរ​ក្រោម​ជាង ២០០ នាក់ ដែល​បាន​រួមគ្នា​ចុះ​ហត្ថលេខា​លើ​ញត្តិ​រួម​មួយ ដាក់​ទៅ​ក្រសួង​ពលកម្ម​វៀតណាម ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ធ្វើ​អន្តរាគមន៍​​​​ជួយ​ដល់​កម្មករ​ខ្មែរ​ក្រោម ករណី​ក្រុមហ៊ុន និង​រោងចក្រ​វៀតណាម មិន​ទទួល ​ខ្មែរ​ក្រោម​ចូល​ធ្វើការ ដោយសារតែ​ការរើសអើង​ជាតិ​សាសន៍ និង​ការ​ជិះជាន់​កម្មករ​ខ្មែរ​ក្រោម នៅ​ក្នុង​រោងចក្រ ។ យុវជន យឿងភុក ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី ៣១ តុលា​ថា លោក​ត្រូវ​អាជ្ញាធរ​វៀតណាម សាកសួរ​រ​អស់​ជា​ច្រើន​ម៉ោង ហើយ​បាន​ព្រមាន​លោក​ថា អាជ្ញាធរ​ នឹង​ចាប់ខ្លួន បើ​លោក​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ទាំង​ឡាយ​ណា ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់ ដល់​ផលប្រយោជន៍​កម្មករ​ជា​ជនជាតិ​វៀតណាម ។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ យុវជន យឿងភុក អះអាង​ថា លោក​ នឹង​មិន​ចាញ់​សម្លុត​បំភ័យ​ អាជ្ញាធរ​វៀតណាម​នោះ​ទេ៖ «អូន​អត់​ភ័យ​អី​ទេ​បង​អើយ។ ពេល​ខ្មែរ​ធ្វើ​មិន​ត្រូវ​ចិត្ត យួនវា​ចេះ​តែ​ទះ​ក្បាល ។ បង​ប្អូន​ខ្មែរ​គេ​ចេះ​តែ​ពឹង​ប្អូន» ។

នេះមិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​អាជ្ញាធរ​វៀតណាម បាន​ព្យាយាម​គំរាម​កំហែង មិន​ឲ្យ​យុវជន​ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ងើប​ឡើង​តវ៉ា​រឿង​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម​កំណើត និង​សិទ្ធិ​ដីធ្លី កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង​ បាន​កោះហៅ​ឲ្យ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម ​ពីរ​នាក់ ឲ្យ​បង់​ប្រាក់​ពិន័យ ដោយសារ​តែ​គេ​បង្ហោះ​​អត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គម​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម និង​រិះគន់​គុណភាព​អង្ករ​វៀតណាម ដែល​ចែកចាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​រង​គ្រោះ​ដោយសារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ Covid-19 ។ យុវជន​ខ្មែរ​ក្រោម​ទាំង​ពីរ​នាក់ នៅ​តែ​រក្សា​ជំហរ​ថា ពួក​គេ​ នឹង​មិន​បង់​ប្រាក់ ពិន័យ​ឲ្យ​អាជ្ញាធរ​វៀតណាម​នោះ​ទេ ដោយសារ​តែ​ពួក​គេ កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច បណ្ដាល​មក​ពី​ជំងឺ Covid-19 និង​ពួក​គេ​យល់​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​កំហុស ។

យុវជន​ខ្មែរ​​ក្រោម​ទាំង​ពីរ​នាក់​នោះ ​រួម​មាន លោក តោ ហ្វាងចឿង ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​បន្ត​បង្ខំ​ឲ្យ​បង់​ពិន័យ​រាប់​រយ​ដុល្លារ ករណី​ប្រើប្រាស់​បណ្ដាញ​សង្គម ចែក​ចាយ​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្ដីពី​ការ​បាត់បង់​ទឹក​ដី​ខ្មែរ​ក្រោម ក្នុង​ខួប​បាត់បង់​ទឹក​ដី​លើក​ទី ៧១ ឆ្នាំ ។ ក្រោយ​ការ​ចែកចាយ​ព័ត៌មាន​នេះ ភ្លាម​អាជ្ញាធរ​បាន​ផ្ញើ​លិខិត​កោះហៅ យុវជន តោ ហ្វាងចឿង ទៅ​ជួប​ដោយ​បញ្ចុះបញ្ចូល​លោក ​ឲ្យ​ធ្វើ​ជា​ភ្នាក់ងារ​សម្ងាត់​វៀតណាម​ ដើម្បី​តាម​ដាន​ខ្មែរ​ក្រោម​ណា ដែល​ហ៊ាន​រិះគន់​អាជ្ញាធរ​វៀតណាម ប៉ុន្តែ លោក​បាន​បដិសេធ​ទើប​អាជ្ញាធរ​វៀតណាម​ សម្រេច​ផាក​ពិន័យ ។ ករណី​យុវជន​ទី​ពីរ​ វៀតណាម បាន​ផាក​យុវជន​ខ្មែរ​ក្រោម​ម្នាក់​ទៀត ឈ្មោះ ថាច់ កឿង ចំនួន ​បី​រយ​ដុល្លារ ដោយសារ​តែ​លោក​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​សំដែង​មតិ រិះគន់​គុណភាព​អក្សរ​វៀតណាម ដែល​ចែកចាយ​ឲ្យ​ខ្មែរ​ក្រោម​ណា​ដែល​រង​ផល​ប៉ះពាល់​ដោយសារតែ ជំងឺ Covid-19 ។

អាជ្ញាធរ​វៀតណាម មិន​ត្រឹម​តែ​រឹតត្បឹត​សិទ្ធិ​ខ្មែរ​ក្រោម ក្នុង​ការ​បញ្ចេញ​មតិ តាម​បណ្តាញ​សង្គម​នោះ​ទេ ។ អាជ្ញាធរ​វៀតណាម ក៏​បាន​រំលោភ​យក​ដី​កេរ្តិ៍​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ ផង​ដែរ ។

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ កសិករ​ខ្មែរ​ក្រោម​នៅ​ខេត្ត​ក្រមួន​ស បាន​ប៉ះ​ទង្គិច​នឹង​អាជ្ញាធរ​វៀតណាម នៅ​ពេល​អាជ្ញាធរ​ព្យាយាម​រឹប​អូស​ដី​ខ្មែរ​ក្រោម ដោយ​មិន​ផ្តល់​សំណង រហូត​ឈាន​ដល់​មាន​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា រហូត​ក្រោយ​មក​វៀតណាម​បាន ​ចាប់​ខ្លួន​បុរស​ខ្មែរ​ក្រោម​ម្នាក់​ដាក់​ពន្ធនាគារ​ជា​ច្រើន​ខែ ប៉ុន្តែ​ក្រោយ​មក​បាន​ដោះ​លែង​លោក​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ។ ជុំវិញ​ការ​គំរាម​កំហែង ពលរដ្ឋ​ខ្មែរ​ក្រោម គ្មាន​ពេល​ស្រាកស្រាន្ត​ពីសំណាក់​អាជ្ញាធរ​វៀតណាម​នេះ​ ព្រះភិក្ខុ ស៊ឺង យ៉ឹង​រតនា ស្នើ​ឲ្យ​អាជ្ញាធរ​វៀតណាម​ បញ្ឈប់​ជា​បន្ទាន់ ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម៖ «អាជ្ញាធរ​វៀតណាម​គួរ​តែ​បញ្ឈប់ ការ​កោះហៅ​យុវជន ឈប់​ហៅ​ពលរដ្ឋ​ខ្មែរ​ក្រោម ទៅ​សួរ​ចម្លើយ​ពីព្រោះ​អី ពួក​គាត់​អត់​មាន​កំហុស ។ ពួក​គាត់​មាន​សិទ្ធិ​ទាមទារ​សិទ្ធិ​សេរីភាព ការ​បញ្ចេញ​មតិ និង​ផ្សព្វផ្សាយ​វប្បធម៌ និង​ប្រពៃណី និង​ទឹក​ដី​របស់​ខ្លួន» ។

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​

កាល​ពី​ដើម​ខែ​តុលា តំណាង​ក្រុម​អង្គការ​ខ្មែរ​កម្ពុជាក្រោម និង​អង្គការ​ក្នុង​ស្រុក​ចំនួន ១០ បាន​ធ្វើ​របាយការណ៍​ប្រាប់​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ដី​កំណើត ​ជួបប្រទះ​ការរំលោភ​សិទ្ធិ​មនុស្ស និង​ការ​រើសអើង​មិន​ចេះ​ចប់ មិន​ចេះ​ហើយ ។ ​របាយការណ៍​បញ្ជាក់​ថា នៅ​កម្ពុជា​ក្រោម ដោយសារ​តែ​ខ្មែរ​ក្រោម មាន​វប្បធម៌ និង​ប្រតិបត្តិ​សាសនា​ផ្សេង​គ្នា​ពី​ជន​ជាតិ​វៀតណាម​ទើប​បណ្ដាល​ឲ្យ​មាន​គំនាប​បង្ខំ​ឲ្យ​ខ្មែរ​ក្រោម បញ្ចប់​អត្តសញ្ញាណ​ជា​ខ្មែរ ហើយ​ប្រែ​ក្លាយ​ពូជសាសន៍ និង​វប្បធម៌​​ទៅ​ជា​ជន​ជាតិ​វៀតណាម​វិញ ។ អាជ្ញាធរ​វៀតណាម​ ក៏​បាន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ និង​ការ​ប្រតិបត្តិ​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ហើយ​ការ​តវ៉ា​របស់​ខ្មែរ​ក្រោម​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ បង្ក្រាប ដោយ​អំពើ​ហិង្សា​ថែម​ទៀត​ផង ។​ របាយការណ៍​បន្ត​ទៀត​ថា ទោះ​បី​បើ​វៀតណាម​អះអាង​ថា រដ្ឋាភិបាល​នេះ បាន​សន្យា និង​ជួយ​លើក​តម្កើង និង​គាំពារ​ខ្មែរ​ក្រោម​ រួម​មាន​អក្សរ និង​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា ក៏​ដោយ​ចុះ តែ​ធាតុ​ពិត​ខ្មែរ​ក្រោម​ថា វៀតណាម​បាន​បដិសេធ​ផ្តល់​សិទ្ធិ និង​ភាព​ស្មើ​គ្នា ទើប​បណ្ដាល​ឲ្យ​ខ្មែរ​ក្រោម​ជា​ច្រើន ភៀស​ខ្លួន​ចេញ​ពី​ស្រុក​កំណើត​ទៅ​រស់​កម្ពុជា និង​អ្នក​ខ្លះ​ទៀត​រត់​ទៅ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ថៃ ។ ក្រុម​អង្គការ​ខ្មែរ​កម្ពុជាក្រោម​ សង្កេត​ឃើញ​ថា អាជ្ញាធរ​វៀតណាម បាន​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ឡើង​វិញ​នេះ គឺ​បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម បាន​ងើប​ឡើង​តវ៉ា​ជា​បន្ត​បន្ទាប់ ដើម្បី​ទាមទារ​សិទ្ធិស្វ័យសម្រេច ដោយ​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត ៕