មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ជំរុញ​ឲ្យ​វៀតណាម​ ឈប់​ប្រើ​ច្បាប់​ព្រៃ​ មកលើអ្នក​តស៊ូ​មតិ​​ខ្មែរ​ក្រោម

ដោយ លី ឈូន

សមត្ថកិច្ច​វៀតណាម​ តែង​ចោទប្រកាន់​ថា​ ខុស​ច្បាប់​ជានិច្ច ​នូវ​រាល់​សកម្មភាព​តស៊ូ​មតិ​របស់​ខ្មែរ​ក្រោម ​ដូច​ជា​ករណី​ផ្សព្វ​ផ្សាយ​រឿង​រ៉ាវ​ទឹក​ដី​កម្ពុជា​ក្រោម​ ករណី​ផ្សព្វ​ផ្សាយ​ឯកសារ​ច្បាប់​ជនជាតិ​ដើម​ ច្បាប់​សិទ្ធិមនុស្ស ​និង​ករណី​​ប្រើ​ប្រាស់​សម្ភារៈ​ ដូច​ជា​ពាក់​អាវ​មាន​និមិត្ត​សញ្ញា​ទង់ជាតិ​កម្ពុជា​ក្រោម​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផែនទី​កម្ពុជា​ក្រោម​ ជាដើម ​។

យុវជន ត្រេវ ស៊ីវ បង្ហាញស្លាកស្នាមធ្វើ​ទារុណកម្ម​លើ​រាង​កាយ​របួស​ធ្ងន់​ ដោយនគរបាលយួន នៅខេត្តឃ្លាំង ។ រូបៈ ផ្តល់ឲ្យ
យុវជន ត្រេវ ស៊ីវ បង្ហាញស្លាកស្នាមធ្វើ​ទារុណកម្ម​លើ​រាង​កាយ​របួស​ធ្ងន់​ ដោយនគរបាលយួន នៅខេត្តឃ្លាំង ។ រូបៈ ផ្តល់ឲ្យ

មន្ត្រី​ជាន់​ខ្ពស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ថា​ វៀតណាម​បាន​តែ​ប្រើ​ច្បាប់​ផ្ដាច់​ការ ​នៃ ​របប​កុម្មុយនិស្តុ​របស់​ខ្លួន​ គំរាម​កំហែង​ដល់​សកម្មជន​តស៊ូ​មតិ​ខ្មែរ​ក្រោម​​ តែ​ប៉ុណ្ណោះ ផ្ទុយ​ទៅ​វិញ​នៅ​ក្នុង​ស្រុក​ក្ដី​ នៅ​លើ​ឆាក​អន្តរ​ជាតិ​ក្ដី​ របប​កុម្មុយនិស្ដុ​វៀតណាម​ មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ច្បាប់ ​ដែល​យុត្តិធម៌​នោះ​ឡើយ​ ។ ព្រោះ​ថា ​រាល់​សកម្មភាព​តស៊ូ​មតិ​ ដោយ​សន្តិ​វិធី ​និង​អហិង្សា​របស់​ខ្មែរ ទាំង​ក្នុង​និង​ក្រៅ​ស្រុក​មិន​បាន​ខុស​ច្បាប់​ជាតិ​ ឬ​អន្តរ​ជាតិ​នោះ​ទាល់​តែ​សោះ​ ។

សកម្មជន​តស៊ូ​មតិ​ខ្មែរ​ក្រោម​មួយ​រូប​ គឺ​យុវជន ​ទ្រីវ​ ស៊ីវ​ ដែល​គណនេយ្យ​ហ្វេស​ប៊ុក​ឈ្មោះ ​ហីវ​ខ្មែរ​ក្រោម ​បន្ទាប់​ពី​ត្រូវ​នគរ​បាល​ខេត្ត​ឃ្លាំង ​ចាប់​នាំ​យក​ទៅ​ឃុំឃាំង​ សួរ​ចម្លើយ​អស់​ ៣០ ម៉ោង លុះ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ លោក​ប្រាប់​សំឡេង​កម្ពុជា​ក្រោម ​ថា​ នគរបាល​ខេត្ត​ឃ្លាំង​ បាន​គំរាម​សួរ​ចម្លើយ​លោក និង​ពួក​គេ​បញ្ជាក់​ថា​ កម្ពុជាក្រោម ​ដែល​វៀតណាម​ហៅ​ថា​ភូមិភាគ​ខាង​ត្បូង​សព្វ​ថ្ងៃ ​គឺ​បាន​មក​ដោយ​ជនជាតិ​ទាំង​អស់​ នៅ​លើ​ទឹក​ដី​នេះ​ ពលី​ធ្វើ​សង្គ្រាម​ដេញ​របប​អាណានិគម​បារាំង​​ ហើយ​បន្ទាប់​ពី​បារាំង​ចាញ់​សង្គ្រាម​ ក៏​ប្រគល់​សង​វៀតណាម​វិញ​ ព្រោះ​វៀតណាម ​ជា​អ្នក​ដឹក​នាំ​ក្នុង​សង្គ្រាម​ប្រឆាំង​សត្រូវ​ឈ្លាន​ពាន​​ ។

សកម្មជន​តស៊ូ​មតិ​កូន​អ្នក​ស្រុក​អណ្ដូង​ទឹក​ម្នាក់​នេះ​​ បន្ត​ទៀត​ថា តែ​លោក​នៅ​តែ​តតាំង​ជា​មួយ​នគរ​បាល​វៀតណាម​ ថា​ តាម​លក្ខណ​ដ្ឋាន​​​ និង​ឯក​សារ​ប្រវត្តិសាស្ត្រ​ ដែល​លោក​បាន​ស្ដាប់​តាម​ប្រពន្ធ​ផ្សព្វផ្សាយ​នានា​មាន សំឡេង​​កម្ពុជា​ក្រោម និង​វិទ្យុ​អាស៊ី​សេរី ​ជាដើម​ បាន​បញ្ជាក់​ច្បាស់​ណាស់​ថា កម្ពុជាក្រោម​ពិត​ជា​អតីត​ទឹកដី​របស់​កម្ពុជា ​ដែល​បារាំង​បាន​កាត់​ឲ្យ​វៀតណាម​ កាល​ពី​ថ្ងៃ​ទី​ ៤ មិថុនា ឆ្នាំ ១៩៤៩ ៖ «ហើយ​គេ​សួរ​ថា​ ចុះ​ហេតុ​ម៉េច​បាន​ជា​ដឹង​ថា​ បារាំង​ហ្នឹង​ប្រគល់​អំណាច​ ប្រគល់​ទឹក​ដី​ហ្នឹង​ឱ្យ​ទៅ​យួន​ ខ្ញុំ​ថា​ខ្ញុំ​មើល​ទូរទស្សន៍​  YouTube ​KKCCTV ហើយ​និង​ស្ដាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ ខ្ញុំ​ស្រាវ​ជ្រាវ​ហើយ​ក៏​ខ្ញុំ​បាន​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​ សម្ភាសន៍​និយាយ​ពី​រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជាក្រោម​»

សកម្មជន​តស៊ូ​មតិ​ខ្មែរ​ក្រោម​ ដែល​បៀម​​ទុក្ខ ​ព្រោះ​តែ​វៀតណាម ​បំបាត់​ដាន​ប្រវត្តិ​សាស្ត្រ​ខ្លួន​នោះ​ លើកឡើង​បន្ថែម​ថា​ នគរបាល​គំរាម​លោក​ថា​ បើ​លោក​នៅ​តែ​ចូល​រួម​ជា​មួយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ នាំ​គ្នា​ទាម​ទារ​ទឹក​ដី​កម្ពុជា​ក្រោម​នោះ​ ប្រយ័ត្ន​ជាប់​គុក​គ្មាន​ថ្ងៃ​ចេញ​ ។

សកម្មជន​តស៊ូ​មតិ​ខ្មែរ​ក្រោម​រូប​នេះ ទោះ​ជា​លោក​អស់​កម្លាំង​ហេវ​ហត់​ អស់​ពេល​មួយ​យប់​ពីរ​ថ្ងៃ​ទៅ​ហើយ​ក្ដី​ ។ ការ​ហេវ​ហត់​ម្យ៉ាង​ទៀត​ ក្រៅ​ពី​រង​ទារុណកម្ម​ពី​សំណាក់​សមត្ថកិច្ច​នោះ​គឺ ក៏​ព្រោះ​តែ​លោក​មិន​ហ៊ាន​បរិភោគ​បាយ​ ទឹក​ដែល​សមត្ថកិច្ច​ផ្ដល់​ឲ្យ​ឡើយ​ ​ដោយ​សារ​តែ​លោក​ខ្លាច​ត្រូវ​ថ្នាំ​បំពុល​ក៏​ដោយ​​ ក៏​លោក​នៅ​តែ​ខំ​ត​វ៉ាថា​ សកម្មភាព​តស៊ូ​មតិ​របស់​លោក​ តាម​មាគ៌ា​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សព្វ​ថ្ងៃ​នេះ​ គឺ​ទាម​ទារ​សិទ្ធិ​ជន​ជាតិ​ដើម​ មិន​មែន​ទាម​ទារ​ទឹក​ដី​កម្ពុជា​ក្រោម ​ដូច​ការ​ចោទ​ប្រកាន់​របស់​វៀតណាម​នោះ​ទេ ។

យុវជន​តស៊ូ​មតិ​ខ្មែរ​ក្រោម​ចិត្ត​ដាច់​រូប​នេះ​ លើក​ឡើង​បន្ត​ទៀត​ថា​ បន្ទាប់​ពី​គាប​សង្កត់​រាង​កាយ​ គាប​សង្កត់​ផ្លូវចិត្ត​មួយ​ថ្ងៃ​ហើយ​មិន​​អស់​ចិត្ត​ ស្រាប់​តែ​ព្រឹក​ឡើង​ នគរបាល ២​ នាក់​បាន​ចាប់​ក្រញេច​ ច្របាច់​ក​លោក​​ និង​ដាល់​ផ្ទៃ​មុខ​លោក​ផង​ រួច​ហើយ​ចាប់​ពន្លាត់​​​អាវ​លោក​ចោល​  ដោយ​ពួក​គេ​គំរាម​ថា​ អាវ​ដែល​លោក​ពាក់​ ដែល​មាន​និមិត្ត​សញ្ញា​ទង់ជាតិ​និង​ផែន​ទី​កម្ពុជាក្រោម​ ហើយ​ និង​មាន​អក្សរ​សរសេរ​ថា​ ៧៣ ​ឆ្នាំ​កម្ពុជា​ក្រោម​ នៅ​អាណា​និគម​អាណានិគម​យួន​នេះ ​វា​ប្រាស​ចាក​ការ​ពិត ​នៃ ​ប្រវត្តិសាស្ត្រ​ និង​អំពើ​បំពាន​ច្បាប់​វៀតណាម​ទាំង​ស្រុង​៖ «គេ​ហៅ​​ឲ្យ​ខ្ញុំ​ដោះ​អាវ​នឹង​ចេញ​ គេ​ថា​អាវ​ហ្នឹង​ខុស​ច្បាប់​ ខ្ញុំ​ថា​បើ​ឱ្យ​ខ្ញុំ​ដោះ​ចេញ​ អស់​លោក​ត្រូវ​ធ្វើ​កំណត់​ហេតុ​ថា​ បាន​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្ញុំ ហើយ​ទ្រព្យ​សម្បត្តិ​ទាំង​នេះ ​ខុស​ច្បាប់​កន្លែង​ណា​ខ្លះ​ ទើប​ខ្ញុំ​សុខ​ចិត្ត​ដោះ ។ តែ​ខ្ញុំ​និយាយ​អ៊ីចឹង​មិន​ទាន់​បាន​ចប់​ស្រួល​បួល​ផង ​នគរបាល​នោះ​គេ​ពីរ​នាក់​ហក់​មក​ច្របាច់ក​ខ្ញុំ​ ក្រញេច​ខ្ញុំ​ ។ អុក​ឆ្អឹងជំនី​ខ្ញុំ ហើយ​ដាល់​មុខ​ខ្ញុំ​អស់​ពីរ​ដៃ រួច​ក៏​ក្របួច​ដៃ​​ខ្ញុំ​ឡើង​លើ​ ហើយ​ពន្លាត់​អាវ​របស់​ខ្ញុំ​ចោល »

ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​របស់​របប​កុម្មុយនិស្ត​វៀតណាម​នេះ​ អនុប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក​ ម៉ៅ មុនី​ លើក​ឡើង​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ គឺ​ជា​សមាជិក ​នៃ ​អង្គការ​ប្រជាជាតិ​ដែល​គ្មាន​តំណាង​នៅ ​ក្នុង​អង្គ​ការ​សហប្រជាជាតិ​ ហៅ​កាត់​ថា​ យូរ​អិន​ភី​អូ (UNPO) ។ ​  អនុប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ​ បន្ត​ទៀត​ថា​ មុន​នឹង​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម ​ចូល​ជា​សមាជិក​ UNPO ​បាន​ត្រួត​ពិនិត្យ​យ៉ាង​ត្រឹម​ត្រូវ​ឃើញ​ថា​ខ្មែរ​ក្រោម ​គឺ​ជា​ម្ចាស់​ដើម​ នៃ ​ទឹក​ដី​កម្ពុជា​ក្រោម​យ៉ាង​ពិត​ប្រាកដ​ ហើយ​សមាជិក​ទាំង​ជាង​ ៤០ នៃ ​UNPO សុទ្ធ​តែ​មាន​ទង់​ជាតិ​ សញ្ញា​ជាតិ​ និង​ភ្លេង​ជាតិ​ជា​សម្គាល់​ទាំង​អស់ វា​គឺ​ជា​និមិត្ត​សញ្ញា​សម្គាល់​ជាតិ​សាសន៍​ វា​មិន​មែន​ជា​និមិត្តសញ្ញា​សម្គាល់​ការទាម​ទារ​ឯករាជ្យ​អី​នោះ​ទេ ​៖ «ក្នុង​សមាជិក​យូ​អិន​ភី​អូ​ទាំង​អស់​ ហ្នឹង​គេ​មាន​សុទ្ធ​តែ​ទង់​ជាតិ​ភ្លេង​ជាតិ​របស់​គេ​ទាំង​អស់​ហ្នឹង​។​ ជាតិ​សាសន៍​នីមួយ​ ៗ​ មុន​នឹង UNPO អនុញ្ញាត​ឲ្យ​ចូល​ជា​សមាជិក​របស់​ខ្លួន​ គេ​សួរ​យើង​មាន​អ្វី​ខ្លះ​ ដូច​ជា​យើង​មាន​លក្ខណៈ​វប្បធម៌​ពេញ​លេញ​ជា​ជាតិ​សាសន៍​មួយ​ពិត​ប្រាកដ ហើយ​មាន​អង្គការ ​យើង​មាន​ប្រជាជន​ មាន​ទឹក​ដី​ដែល​ជា​កេរ​ដូន​តា​ជា​កន្លែង​យើង​កើត​ និង​រស់​នៅ​​ ។ អីចឹង​ហើយ​យើង​​ត្រូវ​មាន​ទង់​ជាតិ​ភ្លេង​ជាតិ​និមិត្ត​សញ្ញា​តំណាង​ឲ្យ​ជាតិ​សាសន៍​ខ្មែរ​ក្រោម​យើង​ ឥឡូវ​នេះ​ បើ​ចង់​ដឹង​ចូល​ទៅ​ក្នុង​ Website UNPO មើល​ទៅ​ ។ សព្វ​ថ្ងៃ​នេះ UNPO ​មាន​សមាជិក​ជាង​ ៤០ ហើយ​សមាជិក​មួយ​ណា​គេ​ក៏​មាន​ទង់ជាតិ​របស់​គេ​ដែរ​ ដើម្បី​ជា​និមិត្ត​រូប​ជាតិ​សាសន៍​គេ​»

អនុ​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ វ័យ​ក្មេង​រូប​នេះ​ លើក​ឡើង​បន្ត​ទៀត​ថា​ សូម្បី​តែ​កូន​ក្រុម​បាល់​ទាត់​មួយ ​ក៏​គេ​មាន​ទង់​ក៏​គេ​មាន​ទង់​មាន​ មាន​ភ្លេង​ជា​និមិត្ត​សញ្ញា​សម្រាប់​សម្គាល់​ក្រុម​របស់​គេ​នីមួយ​ៗ ​ដែរ តែ​ការ​រារាំង​របស់​​វៀតណាម​នេះ​   ​គឺ​វៀតណាម​ព្យាយាម​បិទ​បាំង​ភាព​ខ្មាស​​អៀន​របស់​ខ្លួន​ ព្រោះ​វៀតណាម​ កុហក​​ជាតិ​ កុហក​អន្តរ​ជាតិ​ ច្រើន​ពេក​អំពី​ការ​ពិត ​នៃ​ ប្រវត្តិ​កម្ពុជា​ក្រោម​៖ «ទង់​ជាតិ​យើង​គឺ​ជា​តំណាង​ឲ្យ​​ជាតិ​ខ្មែរ​ក្រោម​យើង​ ដូច្នេះ​ហើយ​វៀតណាម​មិន​ចង់​ឲ្យ​មាន​ទង់​ជាតិ​ខ្មែរ​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម​ទេ​ គឺ​ខំ​បិទ​បាំង​កុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ដឹង​ថា​ ខ្មែរ​ក្រោម​ជា​នរណា​ ហើយ​គេ​​ថា​ប្រទេស​គេ​គ្មាន​ជន​ជាតិ​ដើម​ទេ ​។ ​​វៀតណាម​ខំ​កែ​កាឡៃ​ប្រវត្តិសាស្ត្រ​ ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ភាន់​ច្រឡំ​ថា ​ខ្មែរ​យើង​មក​រស់​នៅ​លើ​ទឹក​ដី​របស់​គេ​ ។ ដោយ​សារ​ថា​ពេល​នេះ​ យុវជន​យើង​បាន​ដឹង​បាន​ឮ​រឿង​រ៉ាវ​ពិត ​នៃ ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​ដូច្នេះ​ហើយ​ បាន​ជា​គេ​គំរាម​ កំហែង​ដើម្បី​បំបិទ​មាត់​យុវជន​យើង​»

ការ​លើក​ឡើង​មក​នេះ​ ក៏​ព្រោះ​តែ​ជានិច្ច​កាល​របប​កុម្មុយនីស្ដុ​វៀតណាម​ ចោទ​ប្រកាន់​ថា​ ការ​តស៊ូ​មតិ​របស់​ខ្មែរ​ក្រោម​​ទាំង​ក្នុង ​និង​ក្រៅ​ស្រុក​ ជា​អំពើ​ខុស​ច្បាប់​ ។ ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី ២០​ មករា​នេះ   សកម្មជន​តស៊ូ​មតិ​ខ្មែរ​ក្រោម​មួយ​រូប​ឈ្មោះ​ ទ្រីវ ស៊ីវ ដែល​មាន​គណនី​ Facebook ឈ្មោះ​ហ៊ីវ​ខ្មែរ​ក្រោម អាយុ ៣៤ ឆ្នាំ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ចាក​ ឃុំ​ដៃ​នង​​ ស្រុក​អណ្ដូង​ទឹក​ ខេត្ត​ឃ្លាំង​ត្រូវ​បាន​នគរ​បាល​យួន នៅខេត្ត​ឃ្លាំង​កោះ​ហៅ​ទៅ​ឃុំឃាំង​សួរ​ធ្វើ​ទារុណកម្ម​ចម្លើយ​អស់​ ១ ​យប់​ ២​ ថ្ងៃ​ ទើប​បាន​ដោះ​លេង​ជា​បណ្ដោះ​អាសន្ន​ ដោយ​ត្រូវ​ចូល​ប្រគល់​ខ្លួន​ដល់​សមត្ថកិច្ច​វិញ​ បន្ទាប់​ពី​ឆ្លង​ចូល​ឆ្នាំ​ថ្មី​វៀតណាម​រួច ។

ក្រៅ​ពី​បាន​ដក​ហូត​យក​ទូរស័ព្ទ ​និង​អត្តសញ្ញាណប័ណ្ណ​របស់​យុវជន ​ទ្រីវ​ ស៊ីវ​ ទុក​នោះ អាជ្ញាធរ​វៀតណាម​ បាន​បង្ខំ​ម្ដាយ​បង្កើត ​និង​បង​ថ្លៃ​របស់​យុវជន ​ទ្រីវ​ ស៊ីវ​ ឲ្យ​ផ្ដិត​មេ​ដៃ​ប្រកាន់​ខ្លួន និង​​ធានា​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់​ ប្រសិនជា​យុវជន ​​ទ្រីវ​ ស៊ីវ ​នៅ​តែ​បន្ត​សកម្ម​ភាព​ធ្វើការ​តស៊ូ​មតិ​ ទាមទារ​សិទ្ធិ​សេរីភាព​សម្រាប់​ខ្មែរ​ក្រោម ​តទៅទៀត ។

ទាក់​ទិន​នឹង​ករណី​ទាំងនេះ ​អគ្គ​លេខាធិការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ព្រះ​តេជ​ព្រះ​គុណ​​ ទៀ ថេន​ លើក​ឡើង​ថា​ នៅ​លើ​ឆាក​អន្តរ​ជាតិ ​វៀតណាម​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ស្ទើរ​គ្រប់​ទម្រង់​ច្បាប់​ទាំង​អស់​របស់​អង្គការ​សហប្រជាជាតិ​ មាន​ច្បាប់​សិទ្ធិមនុស្ស​ និង​ច្បាប់​សិទ្ធិ​ជន​ជាតិ​ដើម​​ ជាដើម​ តែ​សម្រាប់​នៅ​ក្នុង​ស្រុក​វិញ​ សមត្ថកិច្ច​វៀតណាម​ នៅ​តែ​ធ្វើ​មិន​ដឹង​ មិន​ឮ មិន​អនុវត្ត​ ហើយ​ថែម​ទាំង​មិន​ព្រម​ផ្សព្វ​ផ្សាយ​ឲ្យ​ពល​រដ្ឋ​ដឹង​ទៀត​ផង ចំពោះ​​​ច្បាប់​អន្តរជាតិ​​នានា​វៀតណាម ​ជា​ហត្ថលេខី​នោះ​ឡើយ​ ។

អគ្គ​លេខាធិការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​អង្គ​នេះ​ លើក​បន្ត​ទៀត​ថា​ ជា​រឿយ​ ៗ មន្ត្រី​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រជាជាតិ​ តែង​ដេញ​ដោលសួរ​អំពី​ករណី​វៀតណាម ​មិន​បាន​តាម​អនុវត្តន៍​តាម​តួ​នាទី​របស់​ខ្លួន​ជា​ហត្ថលេខី​នេះ ​។ ដូច​ជា​ករណី​កាល​ពី​ខែ​មករា ​ឆ្នាំ​ ២០២១​ សមត្ថកិច្ច​អង្គការ​សហ​ប្រជាជាតិ​ សួរទៅដល់​កតិកា​​សញ្ញា ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិ​នយោបាយ (ICCPR) ហើយ ​និង​កតិកា​​សញ្ញា​ ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ​​(ICESCR) ដែល​វៀតណាម ​នៅ​តែ​បំពាន ។

មក​ដល់​ចំណុច​នេះ​ ព្រះ​តេជ​ព្រះ​គុណ​​ ទៀ ថេន ដែល​ស្គាល់​ច្បាស់​នូវ​ចរិត​របស់​វៀតណាម​ព្រះអង្គ​​​​បំភ្លឺ​ថា ដែល​របប​កុម្មុយនិស្តុ​វៀតណាម ​មិន​បាន​ផ្សព្វ​ផ្សាយ​មិន​អនុវត្ត​ឲ្យ​បាន​ច្បាស់​លាស់​នូវ​កតិកា សិទ្ធិ​សញ្ញា ​ឬអនុសញ្ញា​នានា​ ដែល​ខ្លួន​ជា​ហត្ថលេខី​នោះ ​ក៏​ព្រោះ​តែ​វៀតណាម ​មាន​គម្រោង​​បិទ​បាំង​មិន​​ឲ្យ​ពលរដ្ឋ​យល់​ដឹង​អំពី​ច្បាប់​ទាំង​នេះ​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​គាប​សង្កត់​ រំលោភ​បំពាន​ ពលរដ្ឋ​ស្លូត​ត្រង់​នេះ​ឯង​​៖ «យើង​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​វៀតណាម​ហ្នឹង​ កំណត់​ច្បាប់​ និង​កតិកាសញ្ញា​ទាំង​អស់​នេះ​ ដែល​ខ្លួន​ជា​ហត្ថលេខី​មិន​ឲ្យ​ច្បាស់​លាស់​ ពី​ព្រោះ​ថា វា​ជា​បំណង​ខិល​ខូច​របស់​គេ​ដើម្បី​យក​ជំនាញ​ហ្នឹង​ផ្ដល់​លទ្ធភាព​ ផ្ដល់​ឲ្យ​មន្ត្រី​មូលដ្ឋាន​របស់​គេ​ ហើយ​គេ​លប​បង្រៀន​ល្បិច​កិច្ចកល​ទាំង​អស់​ហ្នឹង​នៅ​ខាង​ក្រោយ​វាំង​នួន​ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​របស់​គេ​ហ្នឹង​ យល់​ល្បិច​កិច្ចកល​ទាំង​អស់​ហ្នឹង​ទុក​សម្រាប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ជន​ជាតិ​ដើម​ទាំង​ឡាយ​ណា​​ ដែល​មាន​គោល​បំណង​ធ្វើ​ការ​តស៊ូ​ ដើម្បី​សិទ្ធិ​សេរី​ភាព​ជន​ជាតិ​ដើម​របស់​ខ្លួន​»

ចំណែក​ប្រធាន​ផែន​ការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​លោក​ ត្រឹង​ ម៉ាន់រិន្ទ លើក​ឡើង​ថា ​របប​កុម្មុយនិស្ដុ​​វៀតណាម ​ក្រឡេចក្រឡុច​ណាស់​​ ភូតភរ​កុហក​ពលរដ្ឋ​ឯង​  កុហក​សហគមន៍​​អន្តរ​ជាតិ​ វៀតណាម ពេល​សហគមន៍​ជាតិ​ក្ដី​ ​អន្តរ​ជាតិ​ក្ដី គេ​ស្គាល់​ក្រយៅ​វៀតណាម​អស់​​ហើយ ​។

ប្រធាន​ផែន​ការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ​ ជំរុញ​ដល់​​របប​កុម្មុយនិស្ដុ​វៀតណាម​​​ថា ​វៀតណាម​មិន​ត្រូវ​បញ្ជា​ឲ្យ​អាជ្ញាធរ​​មូលដ្ឋាន​ គំរាម​ កំហែង​ ចាប់ចង​ពលរដ្ឋ​ដោយ​បំពាន​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​  បើ​មាន​សុឆន្ទៈ​ចង់​កសាង​សង្គម​មួយ​ដោយ​សុខ​សន្តិភាព បើ​វៀតណាម​មិន​ពេញចិត្ត​នឹង​ភាព​តស៊ូ​មតិ​របស់​ខ្មែរ​ក្រោម ​គួរ​ប្ដឹង​ករណី​ទាំង​នេះ​ ទៅ​តុលាការ​យុត្តិធម៌​ជាតិ​ ឬ អន្តរជាតិ​ទៅ៖ «ប៉ុន្តែ​យើង​ប្រកាន់​ថា​ការ​តស៊ូ​មតិ​របស់​យើង​ហ្នឹង​វា​មិន​ខុស​ គឺ​វា​អត់​ខុស​ អីចឹង​ខ្ញុំ​ចង់​ផ្ដាំ​ថា​ បើ​អាជ្ញាធរ​វៀតណាម​ នៅ​តែ​ចោទ​ប្រកាន់​ថា​យើង​ខុស​ ដូច្នេះ​ យើង​​តម្រូវ​ឲ្យ​អាជ្ញាធរ​ហ្នឹង​ត​បញ្ជូន​រឿង​យើង​ទៅ​តុលាការ ។ ពី​ព្រោះ​តុលាការ​ទើប​ចាត់​ជា​ផ្លូវ​ការ​ ហើយ​ការ​កាត់​ក្ដី​របស់​តុលាការ​នេះ ទើប​​ជា​ភស្តុតាង​ជាក់​ដែល​យើង​អាច​យក​ទៅ​ប្ដឹង​សហគមន៍​អន្តរជាតិ​ វា​មាន​​ប្រសិទ្ធ​ភាព​ជាង ​។ ហើយ​បើ​ត្រឹម​តែ​នៅ​នគរបាល​ហ្នឹង ​ចេះ​តែ​ចោទ​ប្រកាន់​ថា​យើង​ខុស ​តែ​បើ​អ្នក​ឯង​នៅ​តែ​ចោទ​ប្រកាន់​ថា​យើង​ខុស​ ត្រូវ​តែ​បញ្ជូន​សំណុំ​រឿង​របស់​យើង​ទៅ​កាត់​ក្ដី​ នៅ​តុលា​ការ​យុត្តិធម៌​ ទើប​យើង​សុខ​ចិត្ត»  

ថ្មីៗ​ នេះ ​កាល​ពី​ថ្ងៃ​ទី ១៨​ តុលា​ ឆ្នាំ ២០២២ កន្លង​​អ្នករាយការណ៍​ពិសេស​ នៃ​​​​ អង្គ​ការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍  បាន​ផ្ញើ​សារ​រំឭក​​មួយ​ច្បាប់​​​​ឲ្យ​​របប​កុម្មុយនិស្តុ​​​វៀតណាម ​ឆ្លើយ​បំភ្លឺ​ ករណី​អាជ្ញាធរ​វៀតណាម ​​នៅ​តែ​បន្ត​រំលោភ​​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​ខ្មែរ​ក្រោម​ ​​មាន​​ករណី​រំលោភ​សេរីភាព​សាសនា​របស់​ខ្មែរ​ក្រោម និង​ករណី​រំលោភ​មិន​ទទួល​ស្គាល់​ខ្មែរ​ក្រោម​​ជា​​ជនជាតិ​​ដើម​ជាដើម ​។ ហើយ​​រហូត​មក​ដល់​ពេល​នេះ​លើស​កំណត់​ ៦០ ថ្ងៃ​ទៅ​ហើយ​ តែ​របប​កុម្មុយនីស្តុ​វៀតណាម​ នៅ​តែ​ស្លាក់​បំពង់​ក​រក​​ពាក្យ​​ឆ្លើយ​តប​​មិន​​ទាន់​រួច​នៅ​ឡើយ​​​ ។

ប៉ុន្មាន​​ថ្ងៃ​មក​នេះ ​បន្ទាប់​ពី​មាន​ករណី​ចាប់​​សកម្មជន​តស៊ូ​មតិ​ខ្មែរ​ក្រោម​ លោក ​ទ្រីវ ស៊ីវ ហៅ ហ៊ី​វ ​គេ​ឃើញ​តាម​គណនី​ហ្វេស​ប៊ុក​​របស់​ពល​រដ្ឋ​ខ្មែរ​ក្រោម​ ជា​ច្រើន​បាន​បង្ហោះ​ឯកសារ​ច្បាប់​នានា​ និង​រដ្ឋធម្មនុញ្ញ​​វៀតណាម​ផង​ បញ្ជាក់​ឲ្យ​ឃើញ​ថា​ រាល់​សកម្មភាព​តស៊ូ​មតិ​របស់​ខ្មែរ​ក្រោម ​មិន​បាន​ខុស​ច្បាប់​ ឬ ខុស​នឹង​រដ្ឋធម្មនុញ្ញ ​នៃ ប្រទេស​វៀតណាម​នោះ​ទេ កុំ​ថា​​ឡើយ​​ច្បាប់​​អង្គការ​សហប្រជាជាតិ ​។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​តែង​រំឭក​​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ថា ​ការ​តស៊ូ​ដោយ​សន្តិ​វិធី ​និង​អហិង្សា​របស់​ខ្មែរ​ក្រោម​សព្វ​ថ្ងៃ​នេះ ​គឺ​ដើម្បី​ទាម​ទារ​សិទ្ធិ​​​  ជន​ជាតិ​ដើម​​មិន​មែន​ទាម​ទារ​កម្ពុជា​ក្រោម​ទេ ហើយ​ការ​ងារ​នេះ​ ត្រូវ​ការ​ភាព​អត់ធ្មត់ និង​ថេរ​វេលា​យូរ​អង្វែង​ ហើយ​ និង​ចំណេះ​ដឹង អំពី​ភូមិ​សាស្ត្រ​ ប្រវត្តិសាស្ត្រ​ ពិសេស​គឺ​ចំណេះ​ដឹង​ផ្នែក​ច្បាប់​ ។​

ហេតុនេះ​ សូម​ពលរដ្ឋ​ខ្មែរ​ក្រោម​គួរ​ខំ​សិក្សា​ច្បាប់​នានា​ ទាំង​ច្បាប់​ជាតិ ​និង​អន្តរជាតិ​បន្ថែម​ទៀត​ ដើម្បី​កុំ​ឲ្យ​ចាញ់​ឧបាយ​កល់​បោក​ប្រាស់​របស់​របប​កុម្មុយនិស្ដុ​វៀតណាម​ ៕