សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​គណៈកម្មការ​សិទ្ធិមនុស្ស ឲ្យ​វៀតណាម​គោរព​នូវ សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង របស់​ពលរដ្ឋ​ខ្មែរក្រោម​

ដោយ ថាច់ ប្រីជា គឿន​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) នឹង​ចូលប្រជុំ នៅក្នុង​កិច្ចប្រជុំ​លើក​ទី ១២៥ របស់ គណៈកម្មការ សិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ស្ដីពី កិច្ចព្រមព្រៀង​អន្តរជាតិ លើ សិទ្ធិ​ស៊ីវិល និង នយោបាយ នៅ​ការិយាល័យ​អង្គការ សហប្រជាជាតិ នាទី ក្រុង​ហ្សឺ​ណែវ នៃ​ប្រទេស​ស្វិ​ស ដើម្បី​ដាក់​របាយការណ៍ និង​ថ្លែងការណ៍ អំពី​បញ្ហា​សិទ្ធិមនុស្ស នៅ​ដែនដី​កម្ពុជា​ក្រោម ខណៈដែល​ប្រទេស​វៀតណាម នឹង​ឡើង​ឆ្លើយបំភ្លឺ ជាមួយនឹង គណៈកម្មការ​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នូវ​ការអនុវត្ត កិច្ចព្រមព្រៀង​របស់ខ្លួន លើ​សិទ្ធិ​ស៊ីវិល និង នយោបាយ នៅ​ថ្ងៃ​ទី ១១ និង ១២ ខែមីនា ដើម​សប្ដាហ៍ ខាងមុខនេះ ។

ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៩ ។
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៩ ។

​តាម​គំរោង សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ថ្លែងការណ៍ នៅ​ថ្ងៃទី ១១ ខែមីនា ខានស្អែក​នេះ ដើម្បី​ផ្ដល់ អនុសាសន៍​ដល់ គណៈកម្មការ​សិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ ស្ដីពី​ការមិន​បាន​អនុវត្ត​លើ​កិច្ច ព្រមព្រៀង អន្តរជាតិ ស្ដីពី​សិទ្ធិ​ស៊ីវិល និង នយោបាយ របស់​ប្រទេស​វៀតណាម សម្រាប់​ជនជាតិដើម​ខ្មែរក្រោម នៅ​ដែន ដី​កម្ពុជា​ក្រោម ។ នៅក្នុង​ញត្តិ​ដែល​បានដាក់​ទៅ គណៈកម្មការ​សិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ (UNHRC) សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​គូសបញ្ជាក់​នូវ​ចំណុច​សំខាន់ៗ ស្រង់​ចេញពី រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​វៀតណាម និង កិច្ចព្រមព្រៀង​អន្តរជាតិ​ស្ដីពី សិទ្ធិ​ស៊ីវិល និង នយោបាយ បាន​ចែងថា មានការ​ធានា នូវ​សិទ្ធិ​ជា​មូលដ្ឋាន របស់​ប្រជាពលរដ្ឋ និង គោរព​នូវ “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” របស់​ប្រជាជាតិ​នីមួយៗ តែ​វៀតណាម​មិន បាន​អនុវត្តតាម​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះឡើយ ។​

​យោងតាម​ញត្តិ​នេះ​ដដែល សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានផ្ដល់​អនុសាសន៍​ទៅ​សមាជិក នៃ គណៈកម្មការ​សិទ្ធិ មនុស្ស ដើម្បី​យកទៅ​ឲ្យ​ប្រទេស​វៀតណាម ត្រូវ​អនុវត្តតាម​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្ដីពី សិទ្ធិ​ស៊ីវិល និង នយោបាយ (CCPR) សម្រាប់​ជនជាតិដើម​ខ្មែរក្រោម មានដូចជា​៖

  • វៀតណាម ត្រូវតែ គោរព​នូវ “​សិទ្ធិ​សម្រេច វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” របស់​ជនជាតិដើម​ខ្មែរក្រោម យោងតាម​មាត្រា​ទី ១ ។​
  • វៀតណាម​ត្រូវតែ​ធានា​នូវ​ការអនុវត្ត សិទ្ធិ​នេះ ដោយ​គ្មាន​ការប្រកាន់​ពូជសាសន៍​លើ​ខ្មែរក្រោម យោងតាម មាត្រា ទី ២ ។​
  • វៀតណាម​ត្រូវតែ​គោរព​នូវ​សិទ្ធិ សេរីភាព​ក្នុងការ​ប្រតិបត្តិ​សាសនា​របស់​ជនជាតិដើម​ខ្មែរក្រោម យោងតាម មាត្រា​ទី ១៨ និង ២៧ ។ ចំណុច​នេះ
    សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា ខ្មែរក្រោម ជា​អ្នក​គោរព ប្រតិបត្តិ​តាម​ពុទ្ធសាសនា​ថេរវាទ មាន​វត្ត​អារាម​ប្រមាណ​ជាង ៤០០ វត្ត​នៅ​កម្ពុជា​ក្រោម តែ​គ្មាន អង្គការ ឬ ស្ថាប័ន​ពុទ្ធសាសនា​ឯករាជ្យ​របស់ខ្លួន​ឡើយ ។ ផ្ទុយទៅវិញ ព្រះសង្ឃ​ខ្មែរក្រោម ត្រូវ​រស់នៅ​ក្រោម​ការ បញ្ជា និង លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ពី​សំណាក់ សមាគម​ពុទ្ធសាសនា​វៀតណាម ដែល​ដឹកនាំ​ដោយ​ព្រះ សង្ឃ​មហាយាន​ជនជាតិ​យួន ទៅវិញ ។​
  • វៀតណាម ត្រូវតែ​គោរព​នូវ​សិទ្ធិ​ក្នុងការ​បញ្ចេញ​ទស្សនៈ និង មតិ ព្រមទាំង​សិទ្ធិ​ក្នុងការ​បង្កើត​សមាគម របស់​ជនជាតិដើម​ខ្មែរក្រោម យោងតាម​មាត្រា ទី ១៩, ២១ និង ២២ ។ ចំណុច​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម បាន​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរក្រោម​រាប់លាន​នាក់​នៅ​កម្ពុជា​ក្រោម តែ​ពួកគេ​គ្មាន​សេរីភាព នៃ ការ បញ្ចេញមតិ​ឡើយ ។ គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​របស់ខ្លួន​សូម្បី​តែមួយ ដូចជា វិទ្យុ ទូរទស្សន៍ និង កាសែត ជា​ភាសា​ខ្មែរ​ដើម្បី​និយាយ​អំពី​ការពិត​របស់​ខ្មែរក្រោម តែ​កម្មវិធី​ផ្សាយ​ទាំងនេះ​នាពេល​បច្ចុប្បន្ន នៅ​កម្ពុជា​ក្រោម សុទ្ធតែជា​របស់​រដ្ឋ​ធ្វើឡើង​ដើម្បី ឃោសនា​អំពី​គោលនយោបាយ​របស់​បក្ស​កុ​ម្មុយ​និ​ស្ត យួន​តែប៉ុណ្ណោះ ។ ព្រះ​តេជ​ព្រ​គុណ ថាច់ ធឿន និង លីវ នី នៅ​ខេត្ត​ឃ្លាំង ត្រូវ​ចាប់​ផ្សឹក និង​ដាក់គុក ចាប់តាំងពី ឆ្នាំ ២០០៣ មក ដោយ​គ្រាន់តែ​ផ្ដល់​បទសម្ភាសន៍​ដល់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) នៅក្រៅ​ប្រទេស អំពី​ស្ថានភាព នៃ ការសិក្សា​អក្សរសាស្ត្រ​ខ្មែរ នៅ​វត្ត​របស់​ព្រះអង្គ តែប៉ុណ្ណោះ ។​

ក្រៅពីនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បានផ្ដល់​អនុសាសន៍​ជា​សំនួរ​ទៅ​សមាជិក នៃ គណៈកម្មការ​សិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ​សួរ​ទៅ​ប្រទេស​វៀតណាម មាន ៨ ចំណុច ដូចជា​៖

  • ហេតុអ្វី​វៀត ណា​ម​នៅតែ​មិន​ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិដើម ដែលមាន​វត្ត​មាននៅ ដែនដី​កម្ពុជា ក្រោម និង​នៅក្នុង​ប្រទេស​វ​ឪ​ត​ណា​ម ។ យោងតាម​កថាខណ្ឌ​ទី ៣២ នៃ របាយការណ៍​របស់​ប្រទេស វៀតណាម​បាន​បញ្ជាក់ថា “ គ្មាន​ជនជាតិដើម ឬ គ្មាន​បញ្ហា​ជនជាតិដើម​ដែល​បាន​រកឃើញ​នៅក្នុង​ប្រទេស វៀតណាម​ទេ​” ?
  • ហេតុអ្វី​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​កំណត់​អត្តសញ្ញាណ​របស់​ពួកគេ​ថា ជា​ជនជាតិដើម​ជំនួស​ឲ្យ ជនជាតិភាគតិច ?
  • ​ហេតុអ្វី​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ ហៅ​ឈ្មោះ​ភូមិ ស្រុក និង ខេត្ត​នៅ​កម្ពុជា​ក្រោម ជា​ភាសា​ខ្មែរ ។​
  • គួរ​រំឭក​ទៅ​វៀតណាម​ផង​ថា សេរីភាព​សាសនា គឺជា​សេរីភាព មិនមាន​ជា​ឯកសិទ្ធិ​ដែល​ផ្ដល់​ដោយ​រដ្ឋា​ភិ បាល​ទេ ?
  • តើ​ធ្វើយ៉ាងណា​ដើម្បី​វៀតណាម​ធានា​ឲ្យ​បាន​ថា ខ្មែរក្រោម មាន​សេរីភាព​ពេញលេញ​ក្នុង​ការគោរព​ប្រតិបត្តិ ពុទ្ធសាសនា ដោយ​គ្មាន​ការភ័យខ្លាច ព្រោះថា នាពេល​បច្ចុប្បន្ន ព្រះចៅអធិការ​នៃ​វត្ត​នីមួយៗ នៅ​កម្ពុជា ក្រោម ត្រូវតែ​តាំង​ដោយ សមាគម​ពុទ្ធសាសនា​វៀតណាម ?
  • តើ​វៀតណាម​មាន​គំរោង​កែលម្អ “​ច្បាប់​សេរីភាព​សាសនា​” ដើម្បី​ឲ្យ​ខ្មែរក្រោម​មាន​សេរីភាព​ក្នុងការ​បង្កើត សមាគម​ពុទ្ធសាសនា​ឯករាជ្យ​របស់ខ្លួន ដោយ​គ្មាន​ការគ្រប់គ្រង​ពី​ព្រះសង្ឃ​មហាយាន​យួន​ដែរឬទេ ?
  • ពេលណា ទើប​វៀតណាម អនុញ្ញាត​ឲ្យ​ខ្មែរក្រោម មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​ជា​ភាសា ខ្មែរ ដូចជា ទូរទស្សន៍ វិទ្យុ និង កាសែត ជាដើម នៅ​ដែនដី​កម្ពុជា​ក្រោម ?
  • តើ​វៀតណាម​អាច​កែប្រែ​ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អិន​ធើ​ណិ​ត ដោយ​អនុវត្តតាម​មាត្រា​ទី ១៩ នៃ កិច្ចព្រមព្រៀង​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ស៊ីវិល និង នយោបាយ​បានដែរ​ឬទេ ?

​សូមបញ្ជាក់ថា កិច្ចប្រជុំ​លើក​ទី ១២៥ របស់ គណៈកម្មការ​សិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ ស្ដីពី សិទ្ធិ​ស៊ីវិល និង​នយោបាយ ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ៤ ដល់ ២៩ ខែមីនា នេះ នៅ​ការិយាល័យ​របស់​អង្គការសហប្រជាជាតិ នាទី ក្រុង​ហ្សឺ​ណែវ (Geneva) នៃ ប្រទេស​ស្វិ​ស (Switzerland) ។ កិច្ចប្រជុំ លើក​នេះ គណៈកម្មការ​សិទ្ធិមនុស្ស នឹងធ្វើ​ការពិនិត្យ​នូវ​ការអនុវត្ត​របស់​ប្រទេស​ហត្ថលេខី​មួយចំនួន ដូចជា អង់​ហ្គូ​ឡា (Angola) , អេ​ស្តូ​នៀ (Estonia), នី​ហ្គើ (Niger) និង​វៀតណាម ។

ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៩ ។
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៩ ។

​ប្រទេស​វៀតណាម នឹង​ឡើង​ធ្វើ​របាយការណ៍​លើក​ទី ៣ នៅ​ថ្ងៃទី ១១ និង ១២ ខែមីនា នេះ ដោយ​របាយការណ៍ លើក​ទី ២ បានធ្វើ​កាលពី​ឆ្នាំ ២០០២ ។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម (VNA) បាន​បញ្ជាក់ថា លើក​នេះ វៀតណាម នឹង​បញ្ជូន លោក ង្វៀង ខាន់ ង៉ុ​ក (Nguyen Khanh Ngoc) ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៃ ប្រទេស វៀតណាម ធ្វើជា​តំណាង​ប្រតិភូ​របស់ខ្លួន ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដើម្បី​ឆ្លើយបំភ្លឺ​ជាមួយនឹង គណៈកម្មការ​សិទ្ធិ មនុស្ស ។
​គណៈកម្មការ​សិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ (UNHRC) ជា​ស្ថាប័ន​ឯករាជ្យ​ជំនាញ​មួយ​ក្នុងការ​ពិនិត្យ នូវ​ការអនុវត្ត លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្ដីពី សិទ្ធិ​ស៊ីវិល និង នយោបាយ របស់​ប្រទេស​ដែល​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​នេះ ។ កិច្ចព្រមព្រៀង​អន្តរជាតិ​ស្ដីពី សិទ្ធិ​ស៊ីវិល និង នយោបាយ (International Covenant on Civil and Political Rights) អក្សរ​កាត់​ជា​ភាសា​អង់គ្លេស​ថា ICCPR ជា​សន្ធិសញ្ញា​អន្តរជាតិ​មួយ ដែល មហា សន្និបាត​អង្គការសហប្រជាជាតិ បានអនុម័ត កាលពី ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ១៩៦៦ និង​មាន​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩៧៦ ស្ដីពី សិទ្ធិ​ស៊ីវិល និង នយោបាយ របស់​មនុស្ស​ទូទៅ ។ រាល់​ប្រទេស​ហត្ថលេខី ត្រូវតែ គោរព​នូវ​សិទ្ធិ​ស៊ីវិល និង នយោបាយ របស់​បុគ្គល​ម្នាក់ៗ ក្នុងនោះ មាន​សិទ្ធិ​ក្នុងការ​រស់នៅ​, សិទ្ធិ​ក្នុង​ការគោរព សាសនា​, សិទ្ធិ​ក្នុងការ​បញ្ចេញមតិ និង សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជាដើម ។ កិច្ចព្រមព្រៀង​អន្តរជាតិ ស្ដីពី សិទ្ធិ​ស៊ីវិល និង នយោបាយ មាន ៦ ជំពូក និង ៥៣ មាត្រា ក្នុងនោះ មាត្រា​ទី ១ ត្រូវគោរព​នូវ សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង របស់​ប្រជាជាតិ​នីមួយៗ ។

​ប្រតិភូ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល ចូលរួម​ប្រជុំ​នៅក្នុង​កិច្ចប្រជុំ​នេះ រួមមាន លោក ម៉ៅ មុនី ជា​អនុប្រធាន នៃ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម​, លោក ស៊ឺន ហ៊ួ​រ ជា​អគ្គ លេខាធិការ​នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​, បណ្ឌិត Joshua Cooper ជាទី​ប្រឹក្សា នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​,​លោក ថាច់ វាសនា ជា​សមាជិក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង ជាស​ហការី នៃ ទូរទស្សន៍ ព្រៃនគរ និង វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK), ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន នាយកដ្ឋាន ព័ត៌មាន នៃ សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម និង​ជា​អភិបាល សារព័ត៌មាន ព្រៃនគរ​, ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ជា​អនុប្រធាន នាយកដ្ឋាន​ព័ត៌មាន នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង ជា​និពន្ធ​នាយក នៃ សារព័ត៌មាន ព្រៃនគរ ៕