សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទទួលស្គាល់​នូវ​គណៈកម្មការ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រទេស​អូស្ត្រាលី និង New Zealand

ដោយ ស៊ឺន ចែងចើន| VOKK

​កាលពី​ថ្ងៃទី ១០ ខែ កុម្ភ​: ឆ្នាំ ២០១៨ សប្ដាហ៍​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានតែងតាំង និង ទទួលស្គាល់ លោក ថាច់ ចាន់ ធរ ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស អូស្ត្រាលី និង New Zealand, លោក ថាច់ ឡេង ជា​អនុប្រធាន និង លោក យ៉ាញ់ បូ​ណាត ទទួល បន្ទុក​កិច្ចការ​សាធារណ​: នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

លោក ថាច់ ចាន់ ធរ ត្រូវបានតែងតាំងជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស អូស្ត្រាលី និង New Zealand
លោក ថាច់ ចាន់ ធរ ត្រូវបានតែងតាំងជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស អូស្ត្រាលី និង New Zealand

ការតែងតាំង​នេះ ធ្វើឡើង​តាម​គោល​ការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងការ​ពង្រឹង​នូវ​សាខា របស់ខ្លួន​នៅតាម​តំបន់ និង​មូលដ្ឋាន​នីមួយៗ នៅ​ជុំវិញ​ពិភពលោក ព្រមទាំង​ផ្ដល់ឱកាស​ដល់ ពលរដ្ឋ​រដ្ឋ​ខ្មែរក្រោម​គ្រប់រូប មានឱកាស​ចូល​បំរើ​ជាតិ​កម្ពុជា​ក្រោម ហើយ​បានទទួល​នូវ​បទពិសោធន៍ ក្នុង​ភាពជា​អ្នកដឹកនាំ​តាំងពី​ថ្នាក់មូលដ្ឋាន​ដល់​ថ្នាក់​កំពូល ដើម្បី​រួម​កម្លាំង​គ្នា​តវ៉ា​ទៅ​សហគមន៍ អន្តរជាតិ​ឲ្យ​ដាក់​គំនាប​ទៅ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន ឲ្យ​មាន​ការគោរព​សិទ្ធិ​ខ្មែរក្រោម​នៅ ដែនដី​កម្ពុជា​ក្រោម ។ សមាជិក និង ថ្នាក់ដឹកនាំ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ៗ សុទ្ធតែជា​អ្នក ស្ម័គ្រចិត្ត និង​ជា​អ្នក​លះបង់​នូវ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ដើម្បី​ឧបត្ថម្ភ​ដល់​សកម្មភាព​របស់​ស​ហ​ព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ឲ្យ​មាន​ដំណើរការ​ទៅមុខ ក្នុងការ​នាំយក​សំឡេង​របស់​ប្រជាជាតិ​ខ្មែរក្រោម​ដែល​ត្រូវ រដ្ឋាភិបាល​យួន​បំបិទ នៅ​ដែនដី​កម្ពុជា​ក្រោម ទៅ​លាតត្រដាង​ការពិត​ឲ្យ​ពិភពលោក​បានឮ ។​

​ពលរដ្ឋ​ខ្មែរក្រោម ជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម តែ​សព្វថ្ងៃ ត្រូវ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត យួន​ចាត់ទុកជា​ជនជាតិភាគតិច​មួយ​នៅក្នុង​ប្រទេស​វៀតណាម ។ រាល់​ព័ត៌មាន​ដែល​ទាក់ទង​នឹង ជនជាតិដើម​ខ្មែរក្រោម ត្រូវ​រដ្ឋាភិបាល​យួន​បំបិទ​សំឡេង​មិន​ឲ្យ​ពិភពលោក​ខាងក្រៅ​បានដឹង​ឡើយ ហើយ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​រូប​ណា​ដែល​ហ៊ាន​បញ្ចេញមតិ​ទាក់ទង​នឹង​សិទ្ធិ​របស់ខ្លួន តែង តែ​ត្រូវ​រដ្ឋាភិបាល​យួន​ធ្វើទុក្ខបុកម្នេញ ជា​បន្តបន្ទាប់ ៕