សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទទួល​ប័ណ្ណ​កិត្តិយស ពី​សមាជិកសភា​សហរ​ដ្ឋ​អាមេរិក​

ដោយ ស៊ឺន ចែងចើន| VOKK

​សមាជិកសភា​សហរដ្ឋ​អាមេរិក ទើបតែ​បានផ្ដល់​ប័ណ្ណ​កិត្តិយស ចំពោះ​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នូវ​ប័ណ្ណ​ទទួលស្គាល់​នូវ​កិត្តិយស ដែល​សហព័ន្ធ​បាន​ចូលរួម ចំណែក​ដ៏​ឆ្នើម ក្នុងការ​ផ្ដល់នូវ​សមធម៌ និង​ការប្ដេជ្ញាចិត្ត​ជួយ​ឲ្យ​មានការ​រួបរួម​ក្នុងសង្គម​ខ្មែរ នៅក្នុង​ទីក្រុង Long Beach ។​

​ការផ្ដល់​ប័ណ្ណ​ទទួលស្គាល់​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ច​ជួបជុំ​មួយ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង ដែល ជា​អ្នកតំណាង​អង្គការក្រៅរដ្ឋាភិបាល​ខ្មែរ​មួយចំនួន ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Long Beach រដ្ឋ California នា​ថ្ងៃអាទិត្យ ទី ១៨ ខែមីនា នេះ ដោយមាន​លោក អា​ឡាន់ ឡូ​វ៉ិ​ន​ថ​ល (Alan Lowenthal) ជា​សមាជិកសភា​អាមេរិកកាំង មកពី​គណបក្ស​ប្រជាធិបតេយ្យ ប្រចាំ​ទីក្រុង Long Beach ចូលរួម​ជា​អធិបតី ។

​លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​សមាជិកសភា​អាមេរិក លោក Alan Lowenthal ផ្ដល់​ប័ណ្ណ​ទទួលស្គាល់​កិត្តិយស​ថា “​បាន ចូលរួមចំណែក​ដ៏​ឆ្នើម​ក្នុងការ​ផ្ដល់នូវ​សមធម៌ និង​ការប្ដេជ្ញាចិត្ត​ជួយ​ឲ្យ​មានការ​រួបរួម​ក្នុងសង្គម​ខ្មែរ អាមេរិកកាំង នៅក្នុង​ទីក្រុង Long Beach” ។​

​លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិបត្តិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​មានប្រសាសន៍ប្រាប់​វិទ្យុ សំឡេង​កម្ពុជា​ក្រោម អំពី​មូល​ហេតុដែល​នាំ​ឲ្យ​សមាជិកសភា​អាមេរិក ផ្ដល់​ប័ណ្ណ​ទទួលស្គាល់​នោះ ដោយសារ​រូបលោក​ផ្ទាល់ និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តែងតែ​ចូលរួម​ធ្វើ​សកម្មភាព​ជួយ​ដល់ កិច្ចការ​របស់​សង្គម​ខ្មែរ និង​កិច្ចការ​របស់​សាលាក្រុង Long Beach ជា​បន្តបន្ទាប់ ។​

​ក្រៅពីនេះ សមាជិកសភា​អាមេរិកកាំង ក៏បានផ្ដល់​ប័ណ្ណ​ទទួលស្គាល់​ដល់​តំណាង​អង្គការ​ក្រៅ​រដ្ឋា ភិ​បាល​ខ្មែរ​មួយចំនួន ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក ផងដែរ ។​

​នៅក្នុង​កិច្ចប្រជុំ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានរួម​គ្នា​ជាមួយ នឹង​អង្គការ​របស់​ខ្មែរ​មួយចំនួន ចុះ​ហេ​ត្ថ​លេខា​លើ​ញត្តិ​មួយ​ផ្ញើ​ទៅ​ចៅហ្វាយក្រុង និង​ក្រុមប្រឹក្សា​សាលាក្រុង Long Beach សុំ​ឲ្យ គូស​ផែនទី​សហគមន៍​ខ្មែរ​សាជាថ្មី​ដោយ​សមធម៌ ។ ក្នុង​ញត្តិ​នោះបាន​លើកឡើងថា បច្ចុប្បន្ននេះ ក្រុង​ខ្មែរ និង​សហគមន៍​ខ្មែរ នៅ​ទីក្រុង Long Beach ត្រូវ​រដ្ឋបាល​ក្រុង​បែង​ចែកចេញជា ៤ សង្កាត់ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​សហគមន៍​បាត់បង់​នូវ​សំឡេងឆ្នោត​យ៉ាងខ្លាំង ។ អាស្រ័យ ហេតុនេះ ទើប​សហគមន៍​ខ្មែរ​បាន​មូលមតិ​គ្នា​ចុះហត្ថលេខា ដើម្បី​ស្នើ​ទៅ​រដ្ឋបាល​ក្រុង​ឲ្យ​គូស​ផែនទី​ឡើងវិញ ទៅជា​សង្កាត់​តែមួយ ឲ្យ​ទាន់ពេល​បោះឆ្នោត នា​ឆ្នាំ ២០២០ ខាងមុខនេះ ។​

​យោងតាម​ស្ថិតិ​ឆ្នាំ ២០១០ របស់​រដ្ឋាភិបាល​អាមេរិក បាន​បង្ហាញថា មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ អាមេរិក​សរុប​ចំនួន ២៧៦.៦៦៧ នាក់ ។ ពលរដ្ឋ​ខ្មែរ​ទាំងនោះ ភាគច្រើន​ពួកគេ​នៅ​រដ្ឋ California និង Massachusetts ៕