មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម អះអាងថា ការដឹងឮរបស់ប្រទេសមហាអំណាច និងស្ថាប័នសិទ្ធិមនុស្ស អំពីការរំលោភសិទ្ធិមនុស្សមកលើខ្មែរក្រោម បានបង្ខំឱ្យវៀតណាម ឆ្លើយតបជាមួយអ្នកសារព័ត៌មាន ស្តីពីបញ្ហាខ្មែរក្រោម បើទោះជាការឆ្លើយតបនោះ ប្រាសចាកពីការពិតក្តី។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន កាលពីពេលថ្មីៗ នេះ លោកស្រី ផាម ធូ ហាន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរ គឺជាផ្នែកដ៏សំខាន់មួយនៃសហគមន៍ និងជនជាតិភាគតិចចំនួន ៥៤ នៅវៀតណាម ដែលបានរួមរស់ជាមួយគ្នាដោយស្មើភាពគ្នា ប្រកបដោយសុខដុមរមនា និងរួមវិភាគទានក្នុងបុព្វហេតុកសាង និងការពារជាតិ ។
លោកស្រីលើកឡើងថា ជនជាតិទាំងអស់នៅវៀតណាម ត្រូវបានចាត់ទុកដោយស្មើភាព ហើយរដ្ឋវៀតណាមធានា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ដើម្បីបន្តកែលម្អជីវភាពរស់នៅ ទាំងសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិច រក្សាអត្តសញ្ញាណជនជាតិ និងលើកតម្កើងទំនៀមទម្លាប់ដ៏ល្អរបស់ពួកគេ ព្រោះទំនៀមទំលាប់ ប្រពៃណី និងវប្បធម៌ រួមចំណែកពង្រឹងការរួបរួមជាតិ។
ករណីនេះ លោក ចៅ សេរី អនុប្រធានប្រតិបត្តិទីមួយនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រាប់សារព័ត៌មានព្រៃនគរ និងសំឡេងកម្ពុជាក្រោម (VOKK) ថា រដ្ឋាភិបាលវៀតណាម កំពុងតែមានការប្រាស្រ័យទាក់ទងផ្នែកធុរកិច្ចទៅទូទាំងពិភពលោក ដូចនេះ រដ្ឋាភិបាលវៀតណាមចង់ឱ្យប្រទេសនៅទូទាំងពិភពលោក មើលមកខ្លួនថា ជាប្រទេសមានសេរីភាពទើបឆ្លើយតបនឹងករណីរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរយ៉ាងដូច្នេះ ប៉ុន្តែ ធាតុពិតរដ្ឋាភិបាល ដែលជាប្រទេសកុម្មុយនិស្តមួយនេះ បានរំលោភសិទ្ធិមនុស្សជាច្រើនករណី ជាក់ស្ដែងការធ្វើទុក្ខបុកម្នេញមកលើពលរដ្ឋខ្មែរក្រោមស្រាកស្រាន្ត ដែលជាម្ចាស់ទឹកដី។ លោកបន្តថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានពន្យល់ពីសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិក្នុងនាមជាជនជាតិដើម ដល់ពលរដ្ឋខ្មែរក្រោម ដែលរស់នៅដែនដីកំណើតបានយល់ ហើយពួកគាត់ក៏បានផ្សព្វផ្សាយបន្ត ព្រមទាំងហានទាមទារអ្វីដែលជាសិទ្ធិរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ។ លោកបន្ថែមថា ក្រៅពីផ្សព្វផ្សាយឱ្យពលរដ្ឋខ្មែរក្រោមយល់ពីសិទ្ធិ ដែលខ្លួនមានក្នុងនាមជាជនជាតិដើមហើយ សហ័ន្ធខ្មែរកម្ពុជាក្រោម បានតាមដានយ៉ាងយកចិត្តទុកដាក់អំពីសុខទុក្ខពលរដ្ឋខ្មែរក្រោម ព្រមទាំងបានផ្សព្វផ្សាយដំណឹងទាក់ទងនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលវៀតណាម មកលើពលរដ្ឋខ្មែរក្រោមឱ្យអន្តរជាតិបានដឹង លុះអន្តរជាតិបានដឹងហើយចោទសួរទៅរដ្ឋាភិបាលវៀតណាម ទើបរដ្ឋាភិបាលវៀតណាម តាមរយៈក្រសួងការបរទេសខ្លួន ឆ្លើយតបទាក់ទងនឹងការរំលោភសិទ្ធិមនុស្សមកលើពលរដ្ឋខ្មែរក្រោម ទោះចម្លើយប្រាសចាកពីការពិតក្តី ។
បើតាមលោក ចៅ សេរី វៀតណាមចង់លុបបំបាត់ខ្មែរក្រោម ជាពិសេសគឺកូនចៅខ្មែរក្រោមជំនាន់ក្រោយ មិនឱ្យដឹងថា ខ្មែរ ក្រោមជាអ្នកណា ប៉ុន្តែ នៅពេលដែលខ្មែរក្រោមដឹងថា ខ្លួនជាជនជាតិដើម និងមានសិទ្ធិអ្វីខ្លះព្រមទាំងក្រោកឡើងទាមទារសិទ្ធិរបស់ខ្លួន ធ្វើឱ្យវៀតណាមភ័យខ្លាច និងធ្វើទុក្ខបុកម្នេញតាមរូបភាពផ្សេងៗ ។ យ៉ាងនេះក្តី លោក ចៅ សេរី អះអាងថានៅពេលដែលរដ្ឋាភិបាលវៀតណាម កាន់តែព្យាយាមធ្វើទុក្ខបុកម្នេញមកលើពលរដ្ឋខ្មែរក្រោម គឺកាន់តែធ្វើឱ្យវៀតណាមអាម៉ាស់លើឆាកអន្តរជាតិ ព្រោះអន្តរជាតិបានដឹងអំពីអ្វីដែលវៀតណាម បានធ្វើមកលើពលរដ្ឋខ្មែរក្រោម ជាបន្តបន្ទាប់។
យោងតាមអត្ថបទវិភាគមួយរបស់សារព័ត៌មានព្រៃនគរ និងសំឡេងកម្ពុជាក្រោម (VOKK) បានចុះផ្សាយថា មាគ៌ាតែមួយគត់ ដែលនាំមកនូវភាពសុខដុមរមនារវាងរដ្ឋាភិបាលវៀតណាម និងខ្មែរ ដែលជាម្ចាស់ទឹកដីមាន ដូចតទៅ៖
១. វៀតណាមត្រូវក្លាហានហ៊ានទទួលស្គាល់ថា ខ្មែរកម្ពុជាក្រោមគឺជាជនជាតិដើមនៅលើទឹកដីកម្ពុជាក្រោម ដែលសព្វថ្ងៃក្លាយជាភាគខាងត្បូងនៃប្រទេសវៀតណាម ។
២. វៀតណាមត្រូវអនុវត្តន៍ឱ្យបានពេញលេញនូវសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម ដែលវៀតណាមជាប្រទេសហត្ថលេខីដែរនោះ ។
៤. វៀតណាមត្រូវតែយកគម្រូនៃប្រទេសមួយចំនួន ដែលបានសុំទោស និងផ្ដល់សិទ្ធិជូនជនជាតិដើម ដែលកំពុងរស់នៅក្នុងទឹកដីរបស់ពួកគេដូចជា៖ ប្រទេសឥណ្ឌូនេស៊ី ប្រទេសកាណាដា ប្រទេសអូស្ត្រាលី កោះតៃវ៉ាន់ ប្រទេសមិកស៊ិច និងសហរដ្ឋអាមេរិកជាដើម។ នោះជនជាតិទាំងពីរ នឹងរស់នៅប្រកបដោយសុខដុមរមនាយ៉ាងពិតប្រាកដមិនខានឡើយ ៕
ដោយ គឹម សាវតា