ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ចប់បេសកកម្មនៅសហគមន៍អឺរ៉ុប ដើម្បីស្នើសុំសហគមន៍អន្តរជាតិ ឲ្យដាក់គំនាបប្រទេសកុម្មុយនិស្តវៀតណាម ឲ្យទទួលស្គាល់ខ្មែរក្រោម ជាជនជាតិដើម និងមានសិទ្ធិស្វ័យសម្រេចចិត្ត កំណត់វាសនាខ្លួន ដោយខ្លួនឯង។

សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើគណៈកម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស (Switzerland) ដែលបានបើកកិច្ចប្រជុំនៅដើមសប្ដាហ៍នេះ ដើម្បីពិនិត្យមើលរបាយការណ៍របស់វៀតណាម ជុំវិញការអនុវត្តកិច្ចព្រមព្រៀងសិទ្ធិស៊ីវិល និងនយោបាយឲ្យទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម និងគ្មានការរើសអើង ។ ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏ទាមទារឲ្យវៀតណាមអនុញ្ញាតឲ្យខ្មែរក្រោម អាចមានសិទ្ធិគោរពព្រះពុទ្ធសាសនាដោយគ្មានការចាត់ចែងពីអាជ្ញាធរសាសនាវៀតណាម និងផ្ដល់សិទ្ធិឲ្យខ្មែរក្រោម អាចមានសិទ្ធិបង្កើតស្ថានីយទូរទស្សន៍ និងវិទ្យុដោយខ្លួនឯង និងគ្មានការគ្រប់គ្រងពីវៀតណាម ។
តំណាងសហព័ន្ធខ្មែរកម្ពុជា និងជាគណ:កម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ជាព្រះចៅអធិការវត្តខេមររង្សី និងជាប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានសង្ឃដីកាថា សហព័ន្ធខ្មែរក្រោម ទទួលបានលទ្ធផលជាវិជ្ជមាន ក្នុងការផ្ដល់ព័ត៌មានជូនតំណាងអង្គការសហប្រជាជាតិ៖ «ទីមួយយើងឲ្យខ្មែរក្រោមជាជនជាតិដើម ទី២ឲ្យប្រទេសវៀតណាម ឲ្យខ្មែរក្រោមបង្កើតវិទ្យុនិងទូរទស្សន៍ដោយខ្លួនឯង។ ឥឡូវនេះមានដែរប៉ុន្តែវានៅក្រោមឆ័ត្ររបស់រដ្ឋាភិបាលយួន។ ហើយទី៣យើងធ្វើយ៉ាងណាឲ្យព្រះពុទ្ធសាសនាឯករាជ្យពីព្រោះព្រះសង្ឃសាមគ្គី ស្នេហាជាតិហ្នឹងនៅក្រោមឆ័ត្រយួន ។ ចំណុចសំខាន់ៗយើងបានដាក់ទៅឲ្យអង្គការសហប្រជាជាតិធ្វើអន្តរាគមន៍» ។
គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (Switzerland) បានបើកកិច្ចប្រជុំកាលពីថ្ងៃទី ១១ និង ១២ មីនា ដើម្បីពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងសិទ្ធិស៊ីវិល និងនយោបាយលើកទី ១២៥។ ក្នុងកិច្ចប្រជុំនោះ តំណាងប្រទេស កុម្មុយនិស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌វៀតណាម បានអះអាងប្រាប់មន្ត្រីអង្គការសហប្រជាជាតិ ពីកំណែទម្រង់ ក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដែលលោកអះអាងថា ដើម្បីការពារសិទ្ធិជាមូលដ្ឋាន និងសេរីភាពរបស់ពលរដ្ឋ ។ ប៉ុន្តែ ក្នុងរបាយការណ៍របស់វៀតណាម ដាក់ជូនអង្គការសហប្រជាជាតិ បានទាត់ចោលព័ត៌មានថា វៀតណាមមានជនជាតិដើម ហើយក៏គ្មានបញ្ហាជនជាតិដើមដែរ ។ ការអះអាងបែបនេះ ត្រូវបានព្រះតេជព្រះគុណ សឺងយ៉ឹង រតនា បដិសេធថា មិនពិត ហើយថា ការលើកឡើងរបស់វៀតណាម ដើម្បីបំភាន់អន្តរជាតិតែប៉ុណ្ណោះ៖ «មុននឹងកិច្ចប្រជុំហ្នឹងយើងបានថ្លែងរាយការណ៍ដើម្បីឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស ជំរុញឲ្យទៅរដ្ឋាភិបាលវៀតណាម។ ហើយថ្ងៃទី២ ប្រឹក្សាបានសួរចំណុចមួយគឺជនជាតិដើមហ្នឹង ។ រដ្ឋាភិបាលយួនថា នៅលើពិភពលោកមានជនជាតិដើម ប៉ុន្តែគ្មាននៅវៀតណាម» ។
កម្ពុជាបានបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ដោយសារតែបារាំងកាត់ទឹកដីខ្មែរកម្ពុជា ទៅឲ្យវៀតណាមទាំងខុសច្បាប់ និងគ្មានការយល់ព្រមពីកម្ពុជា និងពលរដ្ឋខ្មែរក្រោម ។ នៅខែមិថុនាឆ្នាំ ២០១៩ ខាងមុខជាខួបពី ៧០ ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ។ របាយការណ៍សិទ្ធិមនុស្សក្រសួងការបរទេសអាមេរិក ផ្សាយកាលពីថ្ងៃទី ១៣ មីនា រកឃើញថា ការរំលោភសិទ្ធិមនុស្សនៅវៀតណាម នៅតែបន្តកើតមានឡើង ។ ការរំលោភសិទ្ធិមនុស្សទាំងនោះ រួមមានការឃុំឃាំងទាំងខុសច្បាប់ និងសម្លាប់ដោយអានាធិបតេយ្យ ការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស និងសកម្មជនតាមបណ្ដាញសង្គម និងអ៊ីនធឺណិតជាដើម ។ រដ្ឋាភិបាលក៏នៅតែបន្តរឹតត្បិតលើសិទ្ធិធ្វើដំណើរការប្រមូលផ្ដុំ និងការចូលរួមនយោបាយ ៕ RFA