ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធខ្មែរកម្ពុជាក្រោម បាន សម្រេចពន្យារពេលប្រជុំមហាសន្និបាត ដែលគ្រោង នឹងធ្វើឡើងនៅដើមខែកញ្ញា ខាងមុខនេះ ដោយសារតែជំងឺ Covid-19 កំពុងរាតត្បាត ។ តាមគំរោងកិច្ចប្រជុំនេះ នឹងធ្វើការបោះឆ្នោតជ្រើសរើស គណៈកម្មការនាយក រួមទាំងជ្រើសរើសប្រធានប្រតិបត្តិថ្មី សម្រាប់រយៈពេល ៤ ឆ្នាំម្តង ។

ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម មានថេរដីកាថា ការពន្យារពេលនេះ នឹងធ្វើរហូតដល់ជំងឺ Covid-19 បានធូរស្រាល ។ ព្រះអង្គបន្ថែមទៀតថា សហព័ន្ធកំពុងបន្តធ្វើការងារ ការពារសិទ្ធិពលរដ្ឋខ្មែរក្រោម មិនឲ្យមានការរំលោភសិទ្ធិមនុស្ស ពីសំណាក់អាជ្ញាធរវៀតណាម ទោះបីវិបត្តិនៃជំងឺ Covid-19 កំពុងរាតត្បាតក៏ដោយ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវបានបង្កើតឡើងដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស កាលពីឆ្នាំ ១៩៨៥ ដើម្បីបំរើខ្មែរក្រោម កំពុងរស់នៅលើទឹកដីកំណើត និងតស៊ូមតិដោយអហិង្សា មិនឲ្យអាជ្ញាធរវៀតណាម រំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមកំណើត ។
ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា មានថេរដីកាបន្តទៀតថា ទោះបីកន្លងមក សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើការតស៊ូមតិលើកឆាកអន្តរជាតិ យ៉ាងខ្លាំងក្លាក៏ដោយ ប៉ុន្តែ អាជ្ញាធរវៀតណាម បន្តធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម រួមមានការចាប់ចងពលរដ្ឋខ្មែរក្រោមក្រីក្រម្នាក់ដាក់ពន្ធនាគារ និងហាមឃាត់យុវជនខ្មែរក្រោម មិនឲ្យប្រើប្រាស់បណ្តាញសង្គម ដើម្បីចែកចាយព័ត៌មាន ពីប្រវត្តិសាស្ត្រកម្ពុជាក្រោមជាដើម ។ ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា ជាព្រះចៅអធិការវត្ត ខេមរង្ស៊ីផងនោះ បន្តទៀតថា វត្តមានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម មានភាពចាំបាច់ដើម្បីឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន នៅកម្ពុជាក្រោម៖ «សហព័ន្ធខ្មែរកម្ពុជាក្រោម បង្កើតឡើងដើម្បីបំរើខ្មែរក្រោម ហើយតួនាទីសំខាន់ក្នុងការជំរុញឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិខ្មែរក្រោមជាម្ចាស់ស្រុក ជាជាតិដើម» ។
ទឹកដីកម្ពុជាក្រោមរួមមាន ២១ ខេត្ត ត្រូវបានបារាំងកាត់ឲ្យវៀតណាម គ្រប់គ្រងទាំងខុសច្បាប់អស់រយៈ ៧២ ឆ្នាំមកហើយ ។ បច្ចុប្បន្នខ្មែរក្រោមនៅទូទាំងពិភពលោក កំពុងធ្វើយុទ្ធនាការទាមទារសិទ្ធិស្វ័យសម្រេច ដោយខ្លួនឯងទៅថ្ងៃអនាគត ៕