មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ថា ​ច្បាប់​ភូមិបាល​វៀតណាម​ ធ្វើ​ឱ្យ​ខ្មែរ​កម្ពុជា​បាត់​សិទ្ធិ​កាន់​កាប់​ដីធ្លី

ដោយ មួង ណារ៉េត | RFA

មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ថា ច្បាប់​ភូមិបាល​វៀតណាម​ធ្វើ​ឱ្យ​ខ្មែរក្រោម​បាត់​សិទ្ធិ​កាន់​កាប់​បង់​ដី ។ ការបាត់បង់​សិទ្ធិ​គ្រប់គ្រង​ដី​នេះ ជា​ផ្នែក​មួយ​នៃ​ការបាត់បង់​សិទ្ធិ​ស្វ័យ​សម្រេច លើ​ជោគវាសនា​របស់​ខ្លួន ដោយ​ខ្លួនឯង ។

លោក ត្រឹន ម៉ាន់រិន្ទ ប្រធានផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម
លោក ត្រឹន ម៉ាន់រិន្ទ ប្រធានផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម

ក្រៅពី​បាត់បង់​សិទ្ធិ​លើ​កម្មសិទ្ធិ​ដីធ្លី តើ​ខ្មែរ​កម្ពុជា​ក្រោម បាត់បង់​សិទ្ធិ​អ្វី​បន្ថែម​ទៀត?

នាយក​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ត្រឹង ម៉ាន់រិន្ទ ថ្លែង​ដូច្នេះ នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃទី ១៧ ខែ​ឧសភា ។ លោក​បន្ថែម​ថា មិន​ថា​តែ​ដី​លំនៅឋាន ឬ​ដី​អ្វី​ផ្សេងទៀត​នោះ​ទេ គោលនយោបាយ​ដីធ្លី​នៅ​ប្រទេស​វៀតណាម ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​បាត់បង់​ដី​ទាំងនោះ ជាពិសេស​ដីស្រែ ព្រោះ​រដ្ឋាភិបាល​វៀតណាម ​បង្កើត​ច្បាប់ថា​ ដី​ទាំងអស់​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ។ លោក​បន្ត​ថា រដ្ឋាភិបាល​វៀតណាម​យក​មក​ធ្វើជា​លេស ដើម្បី​រឹបអូស​យក​ដីធ្លី និង​ផ្ទះ​សម្បែង​​​ពី​​ពលរដ្ឋ​ខ្មែរ​​ក្រោម​។ ពលរដ្ឋ​ខ្មែរ​​ក្រោម រស់នៅ​លើ​ដី​របស់​ខ្លួន ដោយ​គ្មាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី​នោះ​ទេ ព្រោះ​រដ្ឋ​ថា​​ដី​នោះ រដ្ឋ​ឱ្យ​នៅ​ជា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ៖ «ដី​ដែល​យើង​ធ្វើស្រែ​សព្វថ្ងៃ​ហ្នឹង គឺ​ធ្វើ​ច្បាប់​ឱ្យ​យើង​គ្រាន់តែ​ជា​បណ្ដោះអាសន្ ន​។ គេ​ចង់​យក​ពេលណា​ក៏បាន​ដែរ​ ។ ដូច្នេះ​គេ​ចេញ​ច្បាប់ យក​ដី​របស់​យើង​ ។ ពេល​យើង​តវ៉ា គេ​ថា​ខុសច្បាប់ ​។ ច្បាប់​ចេញ​មក ដើម្បី​ឱ្យ​កុម្មុយនិស្ត​គេ​ហ្នឹង មានអំណាច​គ្រប់គ្រង​ទាំងអស់​។ ដូច្នេះ​ច្បាប់​គេ​ចេញ​ដើម្បី​គេ មិនមែន​ដើម្បី​យើង​ ។ ច្បាប់​ហ្នឹងហើយ ដែល​យក​ដី​អស់ ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ» ។

លោក​បញ្ជាក់​ថា ការ​ធ្វើទុក្ខបុកម្នេញ​នេះ មិន​កើតឡើង​ចំពោះ​ពលរដ្ឋ​វៀតណាម​ទូទៅ​ទេ គឺ​កើតឡើង​តែ​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​តែប៉ុណ្ណោះ ។

គិត​ត្រឹម​ឆ្នាំ២០១៩​ នេះ ទឹកដី​កម្ពុជា​ក្រោម ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​បាន ៧០​ ឆ្នាំ​គត ។ ក្នុង​រយៈពេល ​៧០ ​ឆ្នាំនេះ ពលរដ្ឋ​ខ្មែរ​​ក្រោម​ បាន​ខិតខំ​ប្រឹងប្រែង​ថែរក្សា​ប្រពៃណី​ទំនៀម​ទម្លាប់ វប្បធម៌ អក្សរសាស្ត្រ ដើម្បី​ថែរក្សា​អត្តសញ្ញាណ​ខ្មែរ​របស់​ខ្លួន ទោះជា​មានការ​គាបសង្កត់​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ក្ តី​។ អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​​ក្រោម​ចង់បាន​នោះ គឺ​សិទ្ធិ​ក្នុង​ការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង ។

ប៉ុន្តែ​ការ​តស៊ូ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ពួកគាត់ នៅ​ជួប​ឧបសគ្គ​យ៉ាង​ច្រើន ដោយសារតែ​បញ្ហា​ផ្ទៃក្នុង​ប្រទេស​វៀតណាម ជាច្រើន​ជំនាន់​មក​ផង និង​ដោយសារតែ​ពុតត្បុត​របស់​វៀតណាម ដែល​រឹតតែ​បន្ថែម​បន្ទុក ដល់​ការឈឺចាប់​របស់​ពលរដ្ឋ​ខ្មែរក្រោម ដែល​មាន​អាច​ទាមទារ​សិទ្ធិ​នេះ​ឱ្យ​បាន​សម្រេច​សោះ  ។ លោក ត្រឹង ម៉ាន់រិន្ទ ថា ​ជម្លោះផ្ទៃក្នុង​វៀតណាម​នេះ​ ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ក្លាយ​ជា​ជនរងគ្រោះ​ម្ដង​ហើយ​ម្ដងទៀត៖ «ជំនាន់ ង៉ូ ឌិញយៀម ក៏​បញ្ហា​។ ផុត​ពី​ហ្នឹង នៅ​ជំនាន់ ធីវគី ក៏​បញ្ហា វ៉ៃ​យួន​កុម្មុយនិស្ត វ៉ៃ​អី​ហ្នឹង ក៏​បញ្ហា​ ។ ដូច្នេះ​បងប្អូន​ខ្មែរ​ក្រោម​យើង បើ​ចង់​ទារ​អ្វី​ក៏​ទារ​មិនកើត ព្រោះ​គេ​កំពុង​តែ​មាន​បញ្ហា ។ ដល់ពេល​កុម្មុយនិស្ត​ចូល​ទៅ​ទៀត រឹតតែ​បញ្ហា ដោយសារតែ​គេ​ចោទ​យើង​ថា​តាម​ពួក​សេ​អ៊ី​អា (CIA)​។ គេ​ចោទ​ថា​យើង​តាម​អាមេរិក ហើយ​គេ​សង្កត់​ថែម​ធ្ងន់​ជាង​អ្នក​ធម្មតា​ទៅទៀត​ ។ ដូច្នេះ​យើង​ត្រូវ​ផ្ទួន​ពីរ​ដង (double)» ។

បញ្ហា​បន្ទាប់​គឺ​សាសនា និង​សង្គមកិច្ច​ ។ លោក ត្រឹង ម៉ាន់រិន្ទ ថា​សព្វថ្ងៃ​នេះ គណៈ​សាសនា​នៅ​កម្ពុជា​ក្រោម គ្មាន​លក្ខណៈ​ឯកភាព​មួយ​នោះ​ទេ ព្រោះ​ខេត្ត​មួយ​មាន​របៀប​គ្រង់​គ្រង​សាសនា​មួយ​បែប និង​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​គណៈ​ព្រះពុទ្ធ​សាសនា​​វៀតណាម និង​រណសិរ្ស​មាតុភូមិ​វៀតណាម ​។ តាម​ទម្លាប់ ការ​ជ្រើសរើស​ព្រះ​គ្រូ​ចៅអធិការ​វត្តនី​មួយៗ របស់​ជនជាតិ​ខ្មែរ គឺ​ត្រូវ​ប្រព្រឹត្ត​ទៅតាម​ការ​ពេញចិត្ត របស់​ពុទ្ធបរិស័ទ​ចំណុះជើងវត្ ត​។ ប៉ុន្តែ សិទ្ធិ​ស្វ័យ​សម្រេច រឿង​ទម្លាប់​សាសនា​នេះ ក៏​ត្រូវ​អាជ្ញាធរ​វៀតណាម បំបិទ​អស់ហើយ ព្រោះ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​នីមួយៗ ខាង​អាជ្ញាធរ​វៀតណាម ជា​អ្នក​ចាត់តាំង ដោយ​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម មាន​សិទ្ធិ​សម្រេច​ក្នុង​រឿង​នេះ​ឡើយ។

មន្ត្រី​ផែនការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ដដែល លើកឡើង​បន្ថែម​ថា បញ្ហា​ធំ​មួយ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​​ក្រោម​បាត់បង់​សិទ្ធិ​ស្វ័យ​សម្រេច លើ​ជោគវាសនា​របស់​ខ្លួន ដោយ​ខ្លួនឯង គឺ​ការណ៍​ដែល​រដ្ឋាភិបាល​វៀតណាម​យក​លេស មិន​ព្រម​ចាត់ទុកថា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ជា​ជន​ដើម​ភាគតិច ​។ រដ្ឋាភិបាល​វៀតណាម ចាត់​ទុក​ពួកគាត់ ថា​ជា​ជនជាតិភាគតិច​ទៅវិញ ។

អង្គការសហប្រជាជាតិ​ ឱ្យ​និយមន័យ​ ជនជាតិ​ដើម​ ថា​ជា​ជនជាតិ​ ដែល​កើត​នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន​ មាន​ភាសា​ វប្បធម៌​ និង​ ជំនឿ​សាសនា​ ពិសេស​របស់​ខ្លួន​ ដែល​ខ្លួន​បាន​ខិតខំ​ថែរក្សា​ជាច្រើន​ជំនាន់​ ។ ចំណែក​ឯជនជាតិភាគតិច​វិញ​ គឺ​សំដៅលើ​ជន​ចំណូល​ថ្មី​ ដែល​មក​តាំងទីលំនៅ​ នៅ​ទឹកដី​ ដែល​មិនមែន​ជា​ដែនដី​ដើមកំណើត​របស់​ខ្លួន​ ។

ទឹកដី​កម្ពុជាក្រោម​ ធ្លាប់​ជាផ្នែក​មួយ​នៃ​ទឹកដី​កម្ពុជា​ មុន​ត្រូវ​បាន​បារាំង​កាត់​ទៅ​ឱ្យ​វៀតណាម​គ្រប់គ្រង​ កាលពី​ឆ្នាំ​ ១៩៤៩​ ។ ពេល​ដែល​ទឹកដី​កម្ពុជាក្រោម​ ត្រូវ​បាន​កាត់​ទៅ​វៀតណាម​នោះ​ ពលរដ្ឋខ្មែរ​ នៅ​កម្ពុជាក្រោម​នោះ​ នៅ​បន្ត​រស់នៅ​ និង​កើតកូន​ពូន​ជា​ចៅ​តជំនាន់​មក​ទៀត​ ។ តំបន់​ភូមិសាស្ត្រ​ខ្មែរ​ ត្រូវ​អាជ្ញាធរ​វៀតណាម​ កែ​ទៅជា​ឈ្មោះ​វៀតណាម​ ។ អាជ្ញាធរ​វៀតណាម​ បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋខ្មែរ​ក្រោម​ និង​ធ្វើទុក្ខ​បុកម្នេញ​ព្រះសង្ឃ​ ក្នុង​ការ​រៀន​ និង​បង្រៀន​ភាសាខ្មែរ​ និង​ប្រតិបត្តិ​សាសនា​ ។

លោក​ ត្រឹង​ ម៉ាន់​រិន្ទ​ ថា​អាជ្ញាធរ​វៀតណាម​ បន្ត​មាន​លេស​ មិន​ហៅ​ពលរដ្ឋខ្មែរ​ក្រោម​ថា​ជា​ជនជាតិ​ដើម​ ដើម្បី​គេចវេះ​ពី​ការ​ផ្តល់​សិទ្ធិ​ឱ្យ​ខ្មែរក្រោម​ មាន​សិទ្ធិស្វ័យសម្រេច​លើ​ជោគវាសនា​ខ្លួន​ដោយខ្លួនឯង​ ព្រោះ​អង្គការសហប្រជាជាតិ​ ទទួលស្គាល់​សិទ្ធិ​របស់​ជនជាតិ​ដើម​ ហើយ​រដ្ឋាភិបាល​វៀតណាម​ ជាប់​កាតព្វកិច្ច​គោរព​សិទ្ធិ​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ព្រោះ​បាន​ចុះហត្ថលេខា​ព្រមព្រៀង​ជាមួយ​អង្គការសហប្រជាជាតិ​រួចហើយ​ ។

ទោះជា​យ៉ាងនេះ​ក្តី​ លោក​អះអាង​ថា​ ពលរដ្ឋខ្មែរ​កម្ពុជាក្រោម​ នៅតែ​មាន​សង្ឃឹម​ ថា​ថ្ងៃណាមួយ​ ពលរដ្ឋខ្មែរ​ក្រោម​ នឹងអាច​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ ផ្ដល់​សិទ្ធិ​ជា​ជនជាតិ​ដើម​ ដល់​ពលរដ្ឋខ្មែរ​ក្រោម​ ហើយ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ កំពុងតែ​តស៊ូ​មតិ​លើឆាកអន្តរជាតិ​ ដើម្បី​ទាមទារ​សិទ្ធិ​នេះ​ ។

ក្នុងឱកាសនៃ​ខួប​ ៧០​ ឆ្នាំ​ ដែល​បារាំង​កាត់ទឹក​ដី​កម្ពុជាក្រោម​ ឱ្យទៅ​វៀតណាម​កាន់កាប់​នេះ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ សហការ​គ្នា​ជាមួយ​អង្គការ​តំណាង​ឱ្យ​ប្រជាជាតិ​ និង​ប្រជាពលរដ្ឋ​ដែល​គ្មាន​តំណាង​ ហៅ​កាត់​ថា​ UNPO​ និង​វិទ្យាស្ថាន​ហា​វ៉ៃ​ ដើម្បី​សិទ្ធិមនុស្ស​ នឹង​រៀបចំ​សន្និសីទ​មួយ​ នៅ​ទីក្រុង​ឡា​អេ​ ប្រទេស​ហូ​ឡង់​ នៅ​ថ្ងៃទី​ ១ ខែមិថុនា​ ។ សន្និសីទ​នេះ​ នឹង​ប្រព្រឹត្តទៅ​ នៅ​ទីតាំង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC​) ផ្តោត​លើ​សិទ្ធិស្វ័យសម្រេច​របស់​ពលរដ្ឋខ្មែរ​ក្រោម​ ៕