កិច្ចប្រជុំ​របស់ KKF នៅ​កាណាដា​

ដោយ ស៊ឺន ចែងចើន| VOKK

នៅ​ថ្ងៃ​សៅរ៍ ទី ១០ ខែមីនា ចុង​សប្ដាហ៍​នេះ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំខេត្ត អន់ធា​រី​យ៉ូ (Ontario) នៃ​ប្រទេស​កាណាដា បាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ពិភាក្សា​អំពី សកម្មភាព​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​នឹង​ធ្វើជា​បន្តបន្ទាប់​នាពេលខាងមុខ ក្នុង ការ​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ឲ្យ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត វៀតណាម​គោរព​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។​

​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ រួមមាន ព្រះ​តេជ ព្រះ​គុណ ធី​ធី ធ​ម្មោ ជា​ប្រធាន​គណៈកម្មការ​សាសនា​អន្តរជាតិ​, ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​, លោក ត្រឹង ស៊ី ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ប្រចាំខេត្ត​អនធា​រី​យ៉ូ និង តំណាង​ក្រុមយុវជន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កាណាដា ។​

​កិច្ចប្រជុំ​ពិភាក្សា​អំពី គំរោង​សកម្មភាព​មួយចំនួន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដូចជា សន្និសីទ​អន្តរជាតិ​នៅក្នុង​ព្រឹទ្ធសភា​បារាំង នៅ​ថ្ងៃទី ២ ខែមិថុនា​, កិច្ចប្រជុំ​របស់​គណៈ កម្ម​ការ​នាយក​នៃ​អង្គការ UNPO នៅ​ទីក្រុង​ព្រូ​សែ​ល ប្រទេស​បែ​ល​ស្ស៊ី​ក នា ថ្ងៃទី ២៣ និង ២៤ ខែ មីនា​, កិច្ចប្រជុំ​នៅក្នុង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក នៅ​ថ្ងៃទី ២៦ ខែមីនា​, ខួប ៦៩ ឆ្នាំ រំឭក​ដល់​ថ្ងៃ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០១៨ ដែល​ធ្វើ​នៅ​ទីក្រុង​ប៉ា​រិ​ស ប្រទេស​បារាំង នា​ថ្ងៃទី ៣ ខែមិថុនា និង ធ្វើ​នៅ​វត្ត​ខ្មែរ កម្ពុជា​ក្រោម ទីក្រុង Hamilton ប្រទេស​កាណាដា នា​ថ្ងៃទី ៩ ខែមិថុនា និង មហាសន្និបាត លើក​ទី ១៧ នៃ វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជន ជាតិ​ដើម (UNPFII) នៅ​ទីក្រុង New York សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃទី ១៦ ដល់ ២៧ ខែមេសា ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តែងតែ​ចូល​ថ្លែងការណ៍​ជា​រៀងរាល់ឆ្នាំ ។​

​សូមបញ្ជាក់ថា នៅ​កម្ពុជា​ក្រោម ពលរដ្ឋ​ខ្មែរក្រោម​ជា​ម្ចាស់​ស្រុក តែ​រដ្ឋាភិបាល​យួន​ចាត់ទុក ជា​ជនជាតិភាគតិច ហើយ​ពួកគាត់​ត្រូវ​រដ្ឋាភិបាល​យួន​បំបិទ​សំឡេង​ឲ្យ​មិន​ពិភពលោក​ខាង ក្រៅ​បាន​ដឹងឮ​ឡើយ ។ ដូច្នេះហើយ បានជា​គេ​សង្កេតឃើញ​ថ្នាក់ដឹកនាំ និង សមាជិក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក​ខិតខំ​ប្រឹងប្រែង​លះបង់​ពេលវេលា​, ប្រាជ្ញា ស្មារតី និង ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ដើម្បី​ធ្វើ​ឲ្យ​សំឡេង​របស់​ខ្មែរក្រោម​នៅក្នុង​ស្រុក​បានឮ ដល់​ពិភពលោក​ខាងក្រៅ ៕​