ដោយ ថាច់ ប្រីជា គឿន-សារព័ត៌មាន ព្រៃនគរ
ក្រុមមេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម បានមកជួបជុំគ្នា នៅរដ្ឋ Washington សហរដ្ឋអាមេរិក នាថ្ងៃទី ០៣ ខែកក្កដា ដើម្បីរំឭកខួប ១២ ឆ្នាំ ថ្ងៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិក នៃអង្គការ UNPO ។
គណៈកម្មការនាយករបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានអញ្ជើញចូលរួម រួមមាន លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីប្រទេសកាណាដា , លោក ចៅ រៀប ជាប្រធានសភាព្រឹទ្ធា ចារ្យ លោក ចៅ សេរី ប្រធានគណៈកម្មការយុវជន (KKF) មកពីទីក្រុងសាន់ហូសេ រដ្ឋកាលីហ្វញ៉ា, ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋាន ព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីទីក្រុង សាន់ហូសេ រដ្ឋកាលីហ្វញ៉ា , ព្រះតេជព្រះគុណ កាណ សុផាណារិទ្ធ ប្រធានសមាគមព្រះសង្ឃខ្មែរ កម្ពុជាក្រោម ដែលមានមូលដ្ឋានៅប្រទេសកម្ពុជា សព្វថ្ងៃព្រះ អង្គកំពុងគង់នៅ ទីក្រុងសាន់ហូសេ រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម មកពីរដ្ឋ នានា នៅសហរដ្ឋអាមេរិក ជាច្រើនរូបទៀត ។

កម្មវិធីនេះ មានរៀបចំពិធីរាត្រីសមោសរ ចាប់ពីម៉ោង ០៧ រសៀល ដល់ ម៉ោង ១២ អធ្រាធ នៅភោជ នីយដ្ឋាន Imperial Dragon Restaurant នាទីក្រុង Tacoma រដ្ឋ Washington ។
លោក ឡឹម តែម អនុប្រធានស្ដីទីសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Washington បានថ្លែង សុន្ទរកថា បើកកម្មវិធីថា៖ “ថ្ងៃនេះ ជាថ្ងៃអបអរសាទរបុណ្យខួប ១២ ឆ្នាំ ថ្ងៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិក នៃអង្គការ UNPO ។ បងប្អូនខ្មែរក្រោមនៅជុំវិញពិភពតែងតែធ្វើជារៀងរាល់ឆ្នាំ ហើយថ្ងៃនេះ ជាថ្ងៃដែលធ្វើឲ្យទឹកមុខខ្មែរក្រោមមានស្នាមញញឹម និងបានធ្វើឲ្យពិភពលោកបានដឹង បានស្គាល់ថា ខ្មែរក្រោម ជានរណា ?” ។
លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានឡើងបង្ហាញពីសកម្មភាពថ្មីៗរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងឆាកអន្តរជាតិ ដើម្បីទារទារឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិខ្មែរក្រោម នៅកម្ពុជាក្រោម និងបានជម្រាបអំពីករណីដែលរដ្ឋាភិបាលវៀតណាមបាន រំលោភសិទ្ធិមនុស្សថ្មីៗលើ ខ្មែរក្រោម ដូចជា ករណី វត្តសេរីតាសេក និងវត្តព្រៃជាប់ នៅខេត្តឃ្លាំងជាដើម ។
សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកនៃអង្គការប្រជាជាតិគ្មានតំណាង (Unrepresented Nation and Peoples Organization) ហៅកាត់ជាភាសាអង់គ្លេសថា UNPO កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ។
យោងតាមគេហទំព័រជាផ្លូវការរបស់អង្គការ UNPO បានបញ្ជាក់ថា អង្គការនេះ ជាក្រុមចលនាអន្តរជាតិ មួយ ធ្វើការតស៊ូដោយសន្តិវិធី អហិង្សា និងលទ្ធិប្រជាធិបតេយ្យ តំណាងឲ្យក្រុមជនជាតិដើម, ជនជាតិ ភាគតិច និងជនជាតិនៅតាមដែនដីដែលត្រូវបានគេវាតទីយក ហើយមិនមានការទទួលស្គាល់ ជាដើម ។ បច្ចុប្បន្ន អង្គការនេះ មានប្រជាជាតិជាសមាជិកប្រមាណជាង ៧០ នៅក្នុងពិភពលោក ។ ពួកគេរួបរួម គ្នាធ្វើការតស៊ូ ដើម្បីជម្រុញឲ្យមានការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន, ការពារវប្បធម៌របស់ ពួកគេ មិនឲ្យបាត់បង់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីដើម្បីទប់ស្កាត់ រាល់វិបត្តិដែលជះឥទ្ធិពល ដល់ពួកគេ ។ អង្គការ UNPO បានបង្កើតឡើង កាលពីឆ្នាំ ១៩៩១ នៅវិមានសន្តិភាព (Peace Palace) នាទីក្រុងឡាអេ (The Hague) នៃប្រទេសហូឡង់ ដោយមានការចូលរួមពីសហស្ថាបនិក ចាប់តាំង ពីចំនួន ១៥ រហូតដល់បច្ចុប្បន្នបនេះ កើនឡើងដល់ចំនួនជាង ៧០ នៅក្នុងពិភពលោក ។
យោងតាមគោលការរបស់អង្គការ UNPO សមាជិកទាំងអស់ រួមទាំងសហព័ន្ធខ្មែរកម្ពុជាក្រោម ផង ត្រូវគោរពគោលធំៗចំនួន ៥ គឺ អហិង្សា, សិទ្ធិមនុស្ស, លទ្ធិប្រជាធិបតេយ្យ, សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង, ការពារបរិស្ថាន និង ការយោគយល់ ៕