ដោយ ថា ថៃ | RFA Khmer
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម រដ្ឋវិចតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី (Australia) លើកឡើងថា រដ្ឋាភិបាលវៀតណាម កាន់តែបំបិទសិទ្ធិនិងធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាង លើពលរដ្ឋខ្មែរក្រោម ។ ការលើកឡើងរបស់តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម បែបនេះ ធ្វើឡើងក្នុងឱកាស ដែលពួកគាត់ ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី ១១ ខែធ្នូ ដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋខ្មែរក្រោម បានយល់ដឹង អំពីសិទ្ធិជាមូលដ្ឋានរបស់ខ្លួន និងទាមទារឲ្យរដ្ឋាភិបាល គោរពសិទ្ធិមនុស្ស ។

ពលរដ្ឋខ្មែរកម្ពុជាក្រោមដែលរស់នៅឯនាយសមុទ្រ នៅតែយកចិត្តទុកដាក់ចំពោះ ស្ថានភាពសិទ្ធិសេរីភាពរបស់ជនជាតិរបស់ខ្លួនដែលរស់នៅក្រោមការគាបសង្កត់ និងការធ្វើទុក្ខបុកម្នេញពីសំណាងអាជ្ញាធររដ្ឋាភិបាលវៀតណាម នៅដែនដីកម្ពុជាក្រោម។ ខួប៧៤ឆ្នាំនៃទិវាសិទិ្ធមនុស្សអន្តរជាតិ សហគមន៍ខ្មែរក្រោមរស់នៅក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក និងអូស្ត្រាលីជាដើម នាំគ្នាប្រារព្ធទិវានេះជាបន្តបន្ទាប់ក្នុងគោលបំណងផ្សព្វផ្សាយឲ្យពលរដ្ឋខ្មែរក្រោម យល់ដឹងអំពីសិទ្ធិសំខាន់ៗរបស់ខ្លួន និងទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំរដ្ឋវិចតូរីយ៉ា លោក លឹម ណារ៉ា ដែលរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី១១ ខែធ្នូ មានប្រសាសន៍ថា សព្វថ្ងៃនេះ រដ្ឋាភិបាលវៀតណាម កាន់តែគាបសង្កត់ និងធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរលើពលរដ្ឋខ្មែរម្ចាស់ស្រុក ដែលតស៊ូទាមទារសិទ្ធិសេរីភាព ដីធ្លី និងការថែរក្សាប្រពៃណី វប្បធម៌ ជំនឿសាសនា ព្រមទាំងអក្សរខ្មែរជាដើម។ លោកបន្តថា ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនេះ ជាសារបង្ហាញទៅរដ្ឋាភិបាលវៀតណាមថា ពលរដ្ឋខ្មែរនៅក្រៅប្រទេស នៅតែយកចិត្តទុកដាក់ចំពោះស្ថានភាពជាតិសាសន៍របស់ខ្លួននៅ ដែនដីកំណើត ហើយបន្តរួមគ្នាទាមទារសិទ្ធិសេរីភាពជាមូលដ្ឋានតទៅទៀត៖
«ខាងសាសនានេះ សព្វថ្ងៃវៀតណាម កំពុងតែលូកដៃយ៉ាងជ្រៅ។ ទាល់តែមន្ត្រីសង្ឃយួនយល់ព្រមទើបយើងមានសិទ្ធិធ្វើបុណ្យ ធ្វើទានហើយគ្រប់បែបយ៉ាង ការសិក្សាភាសាអក្សរសាស្ត្រ ក៏វៀតណាមលូកដៃ ចូលជ្រៅដែររហូតដល់វប្បធម៌ក្បាច់រចនា ក៏វៀតណាមកំពុងតែជ្រៀតជ្រែកធ្វើឲ្យ យើងបាត់នូវអត្តសញ្ញាណរបស់ខ្លួនបន្តិចម្តងៗ។ នេះជាការព្រួយបារម្ភរបស់ពួកយើង» ។
ជាមួយគ្នានេះ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំប្រទេសអូស្ត្រាលី និងញ៉ូហ្សេឡែន (New Zealand) ឬហៅថា ទ្វីបអូសេអានី លោក យ័ញ បូណាត លើកឡើងថា ប្រជាពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅឯដែនដីកម្ពុជាក្រោម មិនសូវបានយល់ដឹងអំពីសិទ្ធិរបស់ខ្លួននោះទេ ដោយសារពួកគាត់ រស់នៅក្រោមគំនាបរបស់វៀតណាមរាប់សិបឆ្នាំមកហើយ។ លោក បញ្ជាក់ថា ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនេះ នឹងជួយបង្កើនការយល់ដឹងអំពីសិទ្ធិមនុស្សដល់ប្រជាពលរដ្ឋខ្មែរក្រោម៖
«នៅកម្ពុជាក្រោម គាត់មិនស្គាល់អ្វីជាសិទ្ធិមនុស្ស ទេ ដូច្នេះហើយទើបយើងចង់ចលនាឲ្យបានទូលំទូលាយផ្សព្វផ្សាយតាមបណ្តាញ សង្គម ដើម្បីឲ្យព័ត៌មាននេះជ្រួតជ្រាបដល់បងប្អូនយើងបានយល់ដឹងហើយប្រើប្រាស់នូវសិទ្ធិស្របច្បាប់របស់គាត់ដើម្បីទាមទារនូវសិទ្ធិមូលដ្ឋានក្នុងការរស់នៅ។សិទ្ធិនេះ វាមានតាំងពីកំណើតមក តែបើយើងមិនចេះប្រើប្រាស់ទេ អាជ្ញាធរគំរាម កំហែងយើងទៅ យើងចេះតែខ្លាច ដោយសារយើងមិនសូវយល់ដឹងពីសិទ្ធិ» ។
ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិដោយសហព័ន្ធខ្មែរកម្ពុជាក្រោមនេះ ក៏មានការ ចូលរួមពីតំណាងអង្គការនានា តំណាងគណបក្សសង្គ្រោះជាតិ និងតំណាងសហគមន៍ខ្មែរមួយចំនួនទៀត។
តំណាងរាស្ត្ររដ្ឋវិចតូរីយ៉ាដើមកំណើតខ្មែរ លោក តាក់ ម៉េងហ៊ាង ថ្លែងគាំទ្រចំពោះការតស៊ូគ្រប់ឧបសគ្គដើម្បីទាមទារសិទ្ធិសេរីភាព និងការថែរក្សាប្រពៃណីវប្បធម៌ អត្តសញ្ញាណរបស់ពលរដ្ឋខ្មែរក្រោម។ លោក ក៏បានចែក រំលែកថា មេដឹកនាំផ្ដាច់ការដូចជាលោក ហ៊ុន សែន ជាដើម តែងប្រើយុទ្ធសាស្ត្រ ឌីហ្វីដ (DIFID) ដែលមានន័យថា ការបំបែក (Divide) ធ្វើឲ្យឯកោ (Isolate) បញ្ចប់ (Finish) សមាហរណកម្ម (Integrate) អភិវឌ្ឍ (Develop) ដើម្បីកម្ទេចឬធ្វើឲ្យចុះខ្សោយនូវចលនាប្រជាធិបតេយ្យ ឬចលនាទាមទារសិទ្ធិសេរីភាព ដូច្នេះលោកយល់ថា ពលរដ្ឋខ្មែរក្រោម គួរតែរក្សាជំហររឹងមាំដើម្បីបំបែកយុទ្ធសាស្ត្រ ឌីហ្វីដរបស់មេដឹកនាំផ្ដាច់ការនោះវិញ៖
«ខ្ញុំជឿជាក់ថា មានតែបងប្អូនកម្ពុជាក្រោមទេដែលបានដឹងដែលបានឆ្លងកាត់នូវយុទ្ធសាស្ត្រឌីហ្វីដ ឬការបំបែកឲ្យយើងទៅជាចំរៀក ដូចជានៅកម្ពុជាក្រោមរូបមន្តឌីហ្វីដវាមានរូបមន្តយ៉ាងដូចម្តេច ជូនកាលក្នុងមួយ ភូមិ គេដឹងថា មានអ្នកតស៊ូពិតប្រាកដប៉ុន្មាននាក់ ជូនកាលគេយកតែអ្នកតស៊ូម្នាក់ទៅឲ្យកាន់តំណែងទៅ យើងចាប់ផ្តើមឈ្លោះគ្នាឯងតែម្តង។ កន្លែងនេះ ក៏ជារូបមន្ត ឌីហ្វីដដែរនៅពេលយើងបំបែកខ្លួនឯង កម្ទេចខ្លួនឯងនៅពេលគ្រាន់តែគេឲ្យម្ខាងឲ្យសាច់ម្ខាងឲ្យឆ្អឹង» ។
ចំណែកប្រធានសាខាគណបក្សសង្គ្រោះជាតិប្រចាំរដ្ឋវិចតូរីយ៉ា លោក អ៊ិន ហេមរា វិញ លោកលើកឡើងថា ថ្វីដ្បិតតែអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ក្តី ក៏រដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលកម្ពុជា នៅតែបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដដែល។ លោកជំរុញឲ្យពលរដ្ឋ ចេះប្រើប្រាស់សិទ្ធិនិងអំណាចរបស់ខ្លួន ដើម្បីធ្វើឲ្យការរស់នៅរបស់ខ្លួនមានភាពល្អប្រសើរឡើង ដូចជាការចេះរួមគ្នាតវ៉ាទាមទារដោយសន្តិវិធី និងការបោះឆ្នោតផ្លាស់ប្តូរមេដឹកនាំជាដើម៖
«ប្រជាពលរដ្ឋនីមួយៗមិនត្រឹមតែមានសិទ្ធិទេ ថែមទាំងមានអំណាចទៀត។ យើងទទួលបានសិទ្ធិរបស់យើងតាំងពីកំណើតមក។ បើយើងនិយាយពីនៅប្រទេសខ្មែរគឺសាមញ្ញទេ សម្រាប់ប្រជាពលរដ្ឋខ្មែរ។ ឧទាហរណ៍ថា អ្វីដែលយើងអាចធ្វើបាន នៅថ្ងៃទី២៣ ខែ៧ ឆ្នាំ២០២៣ ខាងមុខនេះយើងមានការបោះឆ្នោតជាតិ ដូច្នេះយើងត្រូវតែប្រើអំណាចនៃសន្លឹកឆ្នោត។ខ្ញុំជឿថា នៅកម្ពុជាក្រោម ក៏មិនសូវខុសគ្នាដែរ ដូច្នេះនៅពេលដែលគាត់ យល់ដឹងពីសិទ្ធិទៅ គាត់អាចទៅទាមទារពីអាជ្ញាធរនៅកម្ពុជាក្រោម» ។
សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គឺជាឯកសារដ៏សំខាន់មួយ ដែលប្រកាសអំពីសិទ្ធិដែលមិនអាចកាត់ផ្តាច់បានពីមនុស្សគ្រប់រូបដោយមិនគិតពីពូជសាសន៍ ពណ៌សម្បុរ សាសនា ភេទ ភាសា នយោបាយ ឬមតិផ្សេងទៀត និងឋានៈទ្រព្យសម្បត្តិជាដើម។
សហព័ន្ធខ្មែរកម្ពុជាឲ្យដឹងថា ដែនដីកម្ពុជាក្រោមមានខេត្តសរុបចំនួន២១ខេត្ត មានវត្តព្រះពុទ្ធសាសនាជិត៥រយ (៤៦១) វត្តមានព្រះសង្ឃជាង១ម៉ឺន២ពាន់ (១២.០០០) អង្គ និងមានប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម រស់នៅជាង៨លាននាក់។ ពលរដ្ឋខ្មែរកម្ពុជាក្រោមអះអាងថា អាជ្ញាធរប្រទេសវៀតណាមថា បានព្យាយាមបំបាត់ពូជសាសន៍ខ្មែរកម្ពុជាក្រោម ដូចជាបំបាត់វប្បធម៌ ជំនឿសាសនា ការអប់រំ និងការរស់តាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរកម្ពុជាក្រោម ការបង្ក្រាបដោយហិង្សាផ្សេងៗចំពោះចលនារបស់ខ្មែរកម្ពុជាក្រោម ដែលហ៊ានចេញមុខងើបឡើងតវ៉ា៕