ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃសៅរ៍ និងអាទិត្យទី ២៧ និង ២៨ ខែមករា ចុងសប្ដាហ៍កន្លងទៅនេះ សហព័ន្ធខ្មែរ កម្ពុជាក្រោម បានបើកកិច្ចប្រជុំ ដើម្បីរៀបចំ និងប្រកាសទទួលស្គាល់នូវរចនាសម្ព័ន្ធថ្មី នៃសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង Long Beach និង San Bernardino នៃរដ្ឋ California សហរដ្ឋអាមេរិក ។

កិច្ចប្រជុំនេះ រៀបចំដោយ លោក ថាច់ តង ជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំតំបន់ភាគខាងលិចនៃសហរដ្ឋអាមេរិក ហើយបានអញ្ជើញគណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម មួយចំនួនអង្គ និងរូប ចូលរួមជាកិត្តិយសផងដែរ ។ គណៈកម្មការនាយក ដែលបានចូលរួមកិច្ចប្រជុំនោះ រួមមាន លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិ លោក ត្រឹង ម៉ាន់ រិន្ទ ជាប្រធានផែនការ លោក ម៉ៅ មុនី ជាអនុប្រធាន លោក សឺន ហួរ អគ្គលេខាធិការ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មាន និង លោក សឺង សម្រេច ជាទីប្រឹក្សា ។ ក្រៅពីនេះ ក៏មានគណៈកម្មការសាខាសហព័ន្ធ ខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose (សាន់ ហូស្សេ) ដឹកនាំដោយ លោក ថាច់ ជូន និង សមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម មួយចំនួនទៀត នៅក្នុងតំបន់មួយនេះ ចូលរួមផងដែរ ។
ក្រោយពីកិច្ចប្រជុំពីរថ្ងៃ នៅថ្ងៃទី ២៧ ខែមករា សហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រកាស ទទួលស្គាល់រចនាសម្ព័ន្ធនៃសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង Long Beach ដោយមាន លោក ថាច់ ជីវ ជាប្រធាន និងលោក ចៅ ផន ជាអនុប្រធាន ។ នៅថ្ងៃទី ២៨ ខែមករា បានប្រកាសទទួលស្គាល់នូវរចនាសម្ព័ន្ធ នៃសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Bernardino ដោយមាន អ្នកស្រី សឺង សុមេធ ជាប្រធាន លោក ថាច់ ស្វឹង ហៀង ជាលេខាធិការ និងនាង សឺង លីន ជាហេរញ្ញិក ។ ក្រៅពីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានទទួលស្គាល់ លោក កៀង រម្មនី ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ California ភាគខាងត្បូង ។ នៅក្នុងកិច្ចប្រជុំនេះ លោក ថាច់ តង ក៏បានជូនប័ណ្ណទទួលស្គាល់ ដល់គណៈកម្មការ ដែលត្រូវបានតែងតាំងសម្រាប់អាណត្តិថ្មីនេះ ផងដែរ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម ជាចលនាតស៊ូរបស់ប្រជាជាតិខ្មែរក្រោម មានមូលដ្ឋាននៅ សហរដ្ឋអាមេរិក និងមានសាខានៅជុំវិញពិភពលោក ធ្វើការតស៊ូដោយសន្តិវិធី ដើម្បីស្វែង រកសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលកំពុងតែនៅក្រោមនឹម ត្រួតត្រារបស់រដ្ឋាភិបាលយួនកម្មុយនិស្តសព្វថ្ងៃ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាសមាជិក នៃអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង ហៅកាត់ថា UNPO, ជាសមាជិក នៃ នាយកដ្ឋានព័ត៌មានអង្គការសហប្រជាជាតិ (UNDPI) និងជាសមាជិក នៃវេទិកា អចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII) ជាដើម ៕