ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសរដ្ឋាភិបាលវៀតណាម ដែលប្រើប្រាស់នយោបាយសងសឹកខ្មែរក្រោម ដែលហ៊ានទាមទារសិទ្ធិជនជាតិដើម ។ វៀតណាម បានកោះហៅពួកគេទៅគំរាមកំហែង និងបណ្តេញចេញពីការងារ ដោយសារតែពួកគេប្រារព្ធខួប ១៥ ឆ្នាំ នៃទិវា សេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើម (UNDRIP) ដែលបានអនុម័តដោយអង្គការសហប្រជាជាតិ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម ចាត់ទុកទង្វើអាជ្ញាធរវៀតណាម ដែលបានបន្តគំរាមកំហែងពលរដ្ឋខ្មែរកម្ពុជាក្រោម ដោយគ្រាន់តែពួកគេចូលរួមអបអរសាទរខួប ១៥ ឆ្នាំ នៃ ទិវា សេចក្តីប្រកាសស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ថា ជាការធ្វើផ្ទុយទៅនឹងការប្តេជ្ញាចិត្តរបស់វៀតណាម ចំពោះមុខសមាជិកអង្គការសហប្រជាជាតិ ដែលថា វៀតណាមនឹងលើកតម្កើងវិស័យសិទ្ធិមនុស្ស ។ មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ ទី ១១ តុលា បានបោះឆ្នោតទទួលយកវៀតណាម ជាសមាជិកថ្មី នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បើទោះបីជា សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន បានអំពាវនាវឲ្យឯកអគ្គរដ្ឋទូត និងតំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ កុំបោះឆ្នោតគាំទ្របេក្ខភាពប្រទេសវៀតណាម ឲ្យធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្តី ។ អង្គការសិទ្ធិទាំងនោះ លើកឡើងថា ប្រទេសវៀតណាម បន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរលើពលរដ្ឋខ្លួនឯង និងជនជាតិដើម ដែលជាម្ចាស់ស្រុក រួមមាន ពលរដ្ឋខ្មែរក្រោមជាដើម ។ ពាក់ព័ន្ធនឹងការមិនគោរពតួនាទីរបស់វៀតណាម ជាសមាជិកស្ថាប័នការពារសិទ្ធិមនុស្សថ្មីថ្មោងដែរនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ១៣ កញ្ញា មក ក្រោយពេលយុវជនខ្មែរកម្ពុជាក្រោម នៃ សមាគមកូនខ្មែរ ដើម្បីអភិវឌ្ឍន៍ បានប្រមូលផ្តុំគ្នា ប្រមាណ ១០០ នាក់ ធ្វើពិធី អបអរសាទរខួប ១៥ ឆ្នាំនៃថ្ងៃ ដែលអង្គការសហប្រជាជាតិដាក់ចេញអនុម័ត សេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើម (UNDRIP) នៅខេត្តព្រះត្រពាំងមក យ៉ាងហោចណាស់ក៏មានពលរដ្ឋខ្មែរក្រោម ចំនួនបីនាក់ ត្រូវបានវៀតណាមកោះហៅទាំងគ្មានដីកា និងបណ្តេញចេញពីការងារ ។ អាជ្ញាធរវៀតណាម បានគំរាមចាប់ពលរដ្ឋខ្មែរក្រោម ដាក់ពន្ធនាគារ ៧ ឆ្នាំ ប្រសិនបើពួកគេបន្តសកម្មភាពតស៊ូមតិ ទាមទារសិទ្ធិជនជាតិដើម ហើយពលរដ្ឋខ្មែរក្រោមម្នាក់ទៀត មិនអាចរកការងារធ្វើបានដោយសារតែម្ចាស់ក្រុមហ៊ុនមិនហ៊ានទទួលយក ដោយខ្លាចអាជ្ញាធរវៀតណាម ។
សកម្មជនខ្មែរក្រោម លោក យឿង ខាយ ប្រាប់វិទ្យុអាស៊ីសេរីថា លោកសោកស្តាយ ដែលវៀតណាម ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បន្តរំលោភសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម ។
លោក យឿង ខាយ៖ «ប្អូនគិតថា វៀតណាមមិនបានគោរពសិទ្ធិមនុស្សខ្មែរក្រោម ការច្បាប់អង្គការសហប្រជាជាតិនោះទេ ។ ខ្លួនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស បានប៉ុន្មានសោះហ្នឹង គាបសង្កត់ពលរដ្ឋខ្មែរក្រោម ជាជនជាតិដើម» ។

សមាជិកអង្គការសហប្រជាជាតិ បានបោះឆ្នោតឲ្យវៀតណាម ធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិបី ឆ្នាំពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ។ វៀតណាមធ្លាប់ក្លាយជាសមាជិកក្រុមប្រឹក្សានេះម្តងរួចហើយ កាលពីចន្លោះឆ្នាំ ២០១៤ និង ២០១៦ ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជាស្ថាប័នអន្តររដ្ឋាភិបាល ក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ ដែលមានតួនាទី ដើម្បីពង្រឹងលើកតម្កើង និងការពារសិទ្ធិមនុស្សជុំវិញពិភពលោក ដោះស្រាយ ការរំលោភសិទ្ធិមនុស្ស និងផ្តល់អនុសាសន៍ ស្ដីពីបញ្ហាសិទ្ធិមនុស្ស ។ ក្រុមប្រឹក្សានេះ មានសមាជិក ៤៧ មកពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ហើយតែងជួបប្រជុំគ្នាមួយឆ្នាំម្តង ដើម្បីជជែកបញ្ហាសិទ្ធិមនុស្សពិភពលោក នៅការិយាល័យ អង្គការសហប្រជាជាតិនៅទីក្រុង ហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ។ ជុំវិញការបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម នៅលើទឹកដីកំណើតនេះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិអន្តរាគមន៍បញ្ឈប់វៀតណាម កុំឲ្យបន្តធ្វើទុក្ខបុកម្នេញខ្មែរក្រោមជាបន្តទៀត ។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ ព្រមានថា សហព័ន្ធនឹងបន្តតាមដានការអនុវត្តសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវៀតណាម ហើយប្រសិនបើវៀតណាមហ៊ានបន្តរំលោភសិទ្ធិមនុស្ស ពលរដ្ឋខ្មែរក្រោមទៀតនោះ សហព័ន្ធនឹងដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិជាបន្តទៀត ៕