ដោយ គឹម សាវតា
សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសសមត្ថកិច្ចវៀតណាម នៅខេត្តព្រះត្រពាំង ដែលបានរឹបអូសឯកសារ ស្តីពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ និងបានឃុំខ្លួនបុរសម្នាក់ ដែលពាក់អាវយឺតមានសញ្ញាគោលដៅអភិវឌ្ឍប្រកបដោយចិរភាព ។ ក្រៅពីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានជូនដំណឹងទៅអង្គការសហប្រជាជាតិ និងស្ថាប័នសិទ្ធិមនុស្សមួយចំនួន ដើម្បីជំរុញឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិមនុស្សខ្មែរក្រោម ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលចេញកាលពីថ្ងៃទី ២៩ ខែមិថុនាកន្លងមកឲ្យដឹងថា កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ នេះ គឺមានដំណឹងគួរឲ្យសោកស្តាយពីរ ដែលពលរដ្ឋខ្មែរក្រោម នៅខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម បានចែករំលែកក្នុងបណ្ដាញសង្គម ទី ១ នោះគឺ វីដេអូដែលសមត្ថកិច្ចវៀតណាម រឹមអូសកូនសៀវភៅ ស្តីពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ចំនួន ១៥០ ក្បាល ពីពលរដ្ឋខ្មែរក្រោមមួយរូបឈ្មោះ ថាច់ ថា ដែលសៀវភៅទាំងនោះ ស្តីអំពី កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិស៊ីវិលនិងនយោបាយ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើម ។ ចំណែកព័ត៌មានទី ២ គឺ ពលរដ្ឋខ្មែរក្រោម មួយរូបត្រូវបានអាជ្ញាធរឃុំខ្លួន និងសួរចម្លើយចាប់ពីម៉ោង ព្រឹកម៉ោង ៨ រហូតដល់ម៉ោង ៦ ល្ងាច ដោយសារតែគាត់បានពាក់អាវយឺត ដែលមានស្លាកសញ្ញាគោលដៅអភិវឌ្ឍន៍ដោយចិរភាព (SDG) ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ក្នុងនាមជារដ្ឋសមាជិកនៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិស៊ីវិល និងនយោបាយ និងបានចុះហត្ថលេខានៅឆ្នាំ ១៩៨២ រដ្ឋាភិបាលវៀតណាម គួរតែបោះពុម្ភសៀវភៅទាំងនេះ ហើយចែកចាយឯកសារដ៏សំខាន់មួយនេះ ដល់ប្រជាពលរដ្ឋវៀតណាម ដើម្បីបានដឹងពីសិទ្ធិរបស់ខ្លួន ។ តែផ្ទុយទៅវិញ ពលរដ្ឋខ្មែរក្រោម ដែលបានទាញ ឯកសារទាំងនេះ ពីប្រព័ន្ធអ៊ិនធើណេតយកមកបកប្រែជាភាសាខ្មែរ ហើយបោះពុម្ភចែកពលរដ្ឋខ្មែរក្រោម ដែលរស់នៅក្នុងដែនដីសណ្ដរទន្លេមេង្គជំនួសឲ្យវៀតណាម បែជាត្រូវបានគនរបាលរវៀតណាមរឹមអូស ។ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ឆ្នាំ ២០៣០ រយៈពេល ៦ ឆ្នាំក្នុងប្រទេសវៀតណាម គឺមិនត្រូវបានផ្សព្វផ្សាយឲ្យពលរដ្ឋខ្មែរក្រោម បានដឹងអ្វីអត្ថិភាពនោះទេ ។ ពលរដ្ឋខ្មែរក្រោម បានចាប់ផ្ដើមរៀនសូត្រ អំពីការអភិវឌ្ឍប្រកបដោយចីរភាព ពីបណ្ដាញសង្គម និងបានបោះពុម្ពអាវយឺតជាមួយស្លាកសញ្ញាការអភិវឌ្ឍប្រកបដោយចីរភាព ។ លោក ថាច់ រ៉ីន បានប្រឈមជាមួយអាជ្ញាធរ និងសមត្ថកិច្ច វៀតណាម ដោយសារតែគាត់ពាក់អាវយឺតនោះហើយ ហើយគាត់បានចែករំលែកព័ត៌មានតាមបណ្ដាញសង្គម ។
លោក ចៅ សេរី អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម បន្ថែមថា ក្រៅពីចេញលិខិតថ្កោលទោសសមត្ថកិច្ចវៀតណាម នៃខេត្តព្រះត្រពាំង ហើយនោះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានជូនដំណឹងដល់អង្គការសហប្រជាជាតិ និងស្ថាប័នសិទ្ធិមនុស្សមួយចំនួន ជាមួយគ្នារដ្ឋាភិបាលវៀតណាម ក៏សន្យា និងចាត់វិធានការលើរឿងនេះ ផងដែរ ។
លោក ចៅ សេរី« យើងបានផ្ញើឲ្យអង្គការសហប្រជាជាតិ នៅឯបាងកក Geneva។ អញ្ចឹងទៅយួនគេបានឆ្លើយតបថា គេនឹងចាត់ការរឿងហ្នឹង ។ យើងចាំមើល UNPO ដែលសហព័ន្ធជាសមាជិកហ្នឹង ព្រោះបញ្ហាហ្នឹងយើងប្រាប់ទៅ UN ដែរ ។ ធម្មតាយើងជាអង្គការ យើងត្រូវបានប្រាប់ទៅ UN គេនឹងចាត់ការយ៉ាងណាជាមួយរដ្ឋាភិបាលយួនយ៉ាងម៉េចហ្នឹង ហើយបើគេមានព័ត៌មានអីគេនឹងប្រាប់យើង » ។
នេះមិនមែនជាករណីទីមួយទេ ដែលអាជ្ញាធរវៀតណាម បានធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋខ្មែរក្រោម ជាអ្នកព្យាយាមផ្សព្វផ្សាយពីច្បាប់ សេចក្តីប្រកាសនានារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិជនជាតិដើម ព្រោះថាកន្លងមក មានយុវជនខ្មែរក្រោម ជាច្រើនបានរងការដកហូតសៀវភៅឃាត់ខ្លួន និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគារជាបន្តបន្ទាប់ផងដែរ ៕