ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកថ្កោលទោស ជនសង្ស័យជនជាតិវៀតណាមមានគ្នាប្រមាណ ១០ នាក់ បានព្រួតគ្នាវ៉ៃព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលនិមន្តទៅទឹកដីកម្ពុជាក្រោមដើម្បីសួរសុខក្រុមគ្រួសារ ។ បច្ចុប្បន្នព្រះសង្ឃរងគ្រោះ បាននិមន្តមកដល់កម្ពុជាដោយសុវត្ថិភាពវិញហើយ និងគ្រោងប្តឹងអាជ្ញាធរវៀតណាម ឲ្យស៊ើបអង្កេតរកជនសង្ស័យ ទោះបីព្រះសង្ឃមានសង្ឃឹមតិចតួច ក្នុងការទទួលបានយុត្តិធម៌ក្តី ។

រូប៖ ហ្វេសប៊ុកព្រះតេជព្រះគុណ សឺន ទី ផ្ដល់ឲ្យ
ព្រះអង្គ សឺន ទី ជាជនរងគ្រោះនៃអំពើពួនលបវាយប្រហារពីសំណាក់ជនជាតិវៀតណាម សង្ស័យថា អាជ្ញាធរវៀតណាមនៅខេត្តឃ្លាំង ជាអ្នកបើកដៃឲ្យជនជាតិវៀតណាម មានគ្នាប្រមាណ ១០ នាក់ ព្រួតគ្នាវាយព្រះអង្គឲ្យមានរបួសធ្ងន់ រហូតដល់ ផុងលលាដ៍ព្រះកេស និងមានស្នាមជាំជុំវិញខ្លួន និងដៃ ។ ព្រះសង្ឃ សឺន ទី បាននិមន្តទៅខេត្តឃ្លាំង កម្ពុជាក្រោម កាលពីថ្ងៃទី ៣ កក្កដា និងបន្តគង់នៅជួបជុំគ្រួសារ និងធ្វើបុណ្យតាមវត្តមួយចំនួន រហូតដល់ល្ងាចនៅម៉ោងប្រមាណ ៨ យប់ ថ្ងៃទី ១២ កក្កដា ទើបធ្វើដំណើរទៅជិះរថយន្តឈ្នួលមកកម្ពុជាវិញ ប៉ុន្តែ ព្រះអង្គទៅមិនទាន់ដល់ចំណតរថយន្តឈ្នួលផង ក៏ត្រូវបានជនជាតិវៀតណាមនាំគ្នាយកទុយោទឹកវាយសំពងព្រះអង្គតែម្តង ។ ព្រះអង្គ សឺន ទី សង្ស័យថា អាជ្ញាធរវៀតណាមសងសឹកព្រះអង្គ ដោយសារតែព្រះប្រើប្រាស់បណ្ដាញសង្គមបង្ហោះព័ត៌មានខ្លះ ពាក់ព័ន្ធដល់រឿងប្រវត្តិសាស្ត្រ និងការរំលោភសិទ្ធិខ្មែរកម្ពុជាក្រោម៖ «នេះជាការគំរាមកំហែងដើម្បីកុំឲ្យយើងហ៊ានតវ៉ា ឬប្រើប្រាស់ ហ្វេសប៊ុកពាក់ព័ន្ធខ្មែរកម្ពុជាក្រោមដែលអាជ្ញាធរវៀតណាមគាបសង្កត់ហ្នឹង។ សកម្មភាពដែលគេធ្វើហ្នឹងដើម្បីគំរាមកំហែងយើង»។
អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំងមិនទាន់បង្ហាញលទ្ធផលនៃការស៊ើបអង្កេត ការវាយប្រហារលើព្រះសង្ឃខ្មែរកម្ពុជាក្រោមនៅឡើយទេ រហូតមកដល់ថ្ងៃទី ១៨ កក្កដា ប៉ុន្តែ អះអាងថា ករណីហិង្សានេះ អាចជារឿងគំនុំផ្ទាល់ខ្លួន ។
នេះមិនមែនជាលើកទីមួយ ដែលអាជ្ញាធរវៀតណាមធ្វើទុក្ខបុកម្នេញ ព្រះអង្គ សឺន ទី ទេ ។ កាលពីដើមឆ្នាំ ២០២០ អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង ក៏បានដកហូតលិខិតឆ្លងដែនខ្មែររបស់ព្រះអង្គ ក្រោយពេលព្រះអង្គ បានទៅលេងស្រុកកំណើតបានមួយសប្ដាហ៍ ។ អាជ្ញាធរវៀតណាម បានចោទព្រះអង្គថា បានចែករំលែកសារតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ស្ដីពីបញ្ហារំលោភសិទ្ធិពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកំណើតរបស់ខ្លួននៅក្នុងប្រទេស វៀតណាម ។ វៀតណាមបានចាត់ទុកការផ្សព្វផ្សាយនេះ ជាទង្វើខុសច្បាប់ និងព្រមានឲ្យព្រះអង្គបង់ប្រាក់ពិន័យជាង ១ ពាន់ ប្រាំរយដុល្លារ ។ ទោះបីយ៉ាងណា វៀតណាមសុខចិត្តប្រគល់លិខិតឆ្លងដែនឲ្យព្រះអង្គ សឺន ទី វិញក្រោយមានកិច្ចអន្តរាគមន៍ពីក្រសួងការបរទេសកម្ពុជា។ ព្រះអង្គ សឺន ទី ប្តេជ្ញាចិត្តថា ព្រះអង្គនឹងវិលត្រឡប់ទៅដាក់ពាក្យបណ្តឹងនៅកម្ពុជាក្រោមវិញ ដើម្បីទាមទារយុត្តិធម៌ ទោះបីព្រះអង្គមានសង្ឃឹមទទួលបានយុត្តិធម៌តិចតួចក្តី ដើម្បីកុំឲ្យវៀតណាម អាចសំឡុតបំភ័យខ្មែរក្រោម មិនឲ្យហ៊ានទៅស្រុកកំណើតដើម្បីជួបជុំសាច់ញាតិ៖ «អាត្មាសូមអំពាវនាវដល់ដល់ បងប្អូនខ្មែរនៅក្រៅប្រទេសហ្នឹងជួយតស៊ូមតិប្រាប់អន្តរជាតិថា ខ្មែរក្រោមទៅគេធ្វើបាបហើយ រដ្ឋាវៀតណាម ដោះសាទៀត អ៊ីចឹងថ្ងៃក្រោយអាចខ្មែរក្រោមអាចគ្រោះថ្នាក់ដល់ជីវិត» ។
ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាវាយលើព្រះសង្ឃខ្មែរក្រោមនេះដែរ ប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា ថ្កោលទោសអាជ្ញាធរវៀតណាម ដែលព្រះអង្គអះអាងថា ជាអ្នកនៅពីក្រោយការវាយប្រហារ ព្រះសង្ឃខ្មែរក្រោម ដែលនិមន្តទៅលេងស្រុកកំណើត ។ ព្រះអង្គអំពាវនាវឲ្យស៊ើបអង្កេត និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃអំពើហិង្សានេះ៖ «សហព័ន្ធខ្មែរកម្ពុជាក្រោមសុំអំពាវនាវដល់អាជ្ញាធរវៀតណាម ត្រូវតែគោរពសិទ្ធិចំពោះព្រះសង្ឃខ្មែរក្រោម ចំពោះដែលនិមន្ត និងអញ្ជើញទៅពីប្រទេសកម្ពុជាទៅពីក្រៅប្រទេសក្តី អាជ្ញាធរវៀតណាមមានភារកិច្ចការពារសុវត្ថិភាព ព្រោះព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមជាម្ចាស់ទឹកដី» ។
ការប្រើប្រាស់អំពើហិង្សាវាយប្រហារលើព្រះសង្ឃខ្មែរកម្ពុជាក្រោមនេះ កើតឡើង ស្របពេលដែលវៀតណាម កំពុងសុំធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក្នុងរយៈពេលបីឆ្នាំ ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ។ វៀតណាមសន្យាថា ប្រសិនបើប្រទេសនេះអាចក្លាយជាសមាជិកស្ថាប័នសិទ្ធិកំពូលនេះ ប្រទេសនេះនឹងលើកតម្កើងធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងពង្រឹងស្ថាប័នក្រុមប្រឹក្សាសិទ្ធិមនុស្សតាមរយៈកិច្ចសហការសន្ទនា និងគោរពគ្នាទៅវិញទៅមក ។ ទោះបីជាយ៉ាងណា សហព័ន្ធខ្មែរក្រោម មិនមានជំនឿលើការសន្យានេះទេ ហើយសហព័ន្ធកំពុងធ្វើយុទ្ធនាការនៅលើឆាកអន្តរជាតិ ដើម្បីជំរុញឲ្យប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិកុំបោះឆ្នោតគាំទ្រវៀតណាម ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ៕