ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ចាប់ពីថ្ងៃទី ១០ ដល់ ១៤ ខែកក្កដា សប្ដាហ៍នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជូនប្រតិភូរបស់ ខ្លួនទៅចូលថ្លែងការណ៍នៅក្នុងមហាសន្និបាត លើកទី ១០ នៃ យន្តការអ្នកជំនាញស្ដីពីសិទ្ធិជន ជាតិដើម នៅទីក្រុង ហ្សឺណែវ ប្រទេសស្វិស ។

មហាសន្និបាត យន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម (EMRIP) ជាយន្តការសម្រាប់ផ្ដល់ ព័ត៌មានស្ដីពីជនជាតិដើម ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស (Human Rights Council) ។ នេះជាអាណត្តិ ថ្មីរបស់ EMRIP ដែលគេដឹងថា ជាការអនុវត្តលើសេចក្ដីសម្រេចលេខ ៣៣/២៥ ដែលបានអនុម័ត កាលពីខែកញ្ញា ឆ្នាំ ២០១៦ ។
សារៈសំខាន់ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលប្រជុំនៅក្នុងមហាសន្និបាត EMRIP នោះ ដើម្បី ផ្ដល់ព័ត៌មាន អំពីបញ្ហាសិទ្ធិមនុស្សផ្សេងៗទាក់ទងនឹងជនជាតិដើមខ្មែរក្រោម នៃដែនដីកម្ពុជាក្រោម ដល់អ្នកជំនាញខាងសិទ្ធិជនជាតិដើម នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បី គេយកទៅសិក្សា និងធ្វើជារបាយការណ៍ប្រាប់ដល់សហគមន៍អន្តរជាតិ ។ ម្យ៉ាងទៀត EMRIP បច្ចុប្បន្នមានភារកិច្ចគាំទ្រចំពោះ សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជន ជាតិដើម (UNDRIP) ។ នៅពេលដែលមានការសិក្សាស្រាវជ្រាវយ៉ាងច្បាស់លាស់អំពីប្រជាពលរដ្ឋ ខ្មែរក្រោម សហគមន៍អន្តរជាតិនឹងយល់អំពីគោលការណ៍តស៊ូដើម្បី “សិទ្ធិសម្រេចវាសនាខ្លួនដោយ ខ្លួនឯង” របស់សហព័ន្ធខ្មែរកម្ពុជាក្រោម សម្រាប់ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។
មហាសន្និបាតនេះ អ្នកជំនាញបានធ្វើការសិក្សាទៅលើ ការអនុវត្តល្អ និងបញ្ហាប្រឈមចំពោះ ជនជាតិដើម ដូចជា ការរើសអើងក្នុងវិស័យពាណិជ្ជកម្ម និងការទទួលបាននូវសេវាហិរញ្ញវត្ថុ ជាពិសេស លើក្រុមស្ត្រីជនជាតិដើម និងជនជាតិដើមដែលពិការ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏ បានផ្ដល់អនុសាសន៍ដល់អ្នកជំនាញអំពីការធ្វើពាណិជ្ជកកម្ម និងធ្វើយ៉ាងណាដើម្បីសេវាហិរញ្ញវត្ថុ បានដល់ប្រជាពលរដ្ឋខ្មែរក្រោម ម្ចាស់ស្រុក ។
វត្តមានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុង EMRIP ដើម្បីពិនិត្យមើលនូវវិធីសាស្ត្រទាក់ទងនឹង ការងារអាណត្តិថ្មីរបស់ យន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម (EMRIP) ថាតើ EMRIP អាចធ្វើ ការបានកាន់តែច្រើនយ៉ាងណាខ្លះ ពេលដែលយន្តការនេះបានចូលទៅដល់ប្រជាពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។
នៅក្នុងមហាសន្និបាត លើកទី ១០ នៃយន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម (EMRIP) ឆ្នាំ ២០១៧ នេះ បណ្ឌិត Joshua Cooper ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម បានដឹកនាំក្រុមយុវជន សហព័ន្ធខ្មែរកម្ពុជាក្រោម ចំនួន ៣ រូប គឺ លោក Ricky Tran និង នាង Connie Hang មកពី សហរដ្ឋអាមេរិក និង នាង Licia Tran មកពីប្រទេសអីតាលី ចូលប្រជុំដើម្បីផ្ដល់អនុសាសន៍អ្នក ជំនាញ ។

លើកនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានឡើងថ្លែងការណ៍ផ្ដល់អនុសាសន៍ដល់ EMRIP ចំនួន ៤ ដង ដោយសេចក្ដីថ្លែងការណ៍ទាំងនោះ ផ្ដោតលើបញ្ហាសិទ្ធិមនុស្សខ្មែរក្រោមមួយចំនួន ដូចជា ការគំរាមកំហែងយុវជនខ្មែរក្រោមដែលពាក់អាវយឺតខ្មែរក្រោម ការគំរាមនិងរារាំង ព្រះតេជព្រះគុណ លីវ នី សាងផ្នួសឡើងវិញ ការបាត់បង់នូវមុខរបរប្រពៃណីកសិកម្ម ហើយជំនួសដោយមុខរបរ ចិញ្ចឹមបង្កងដោយមិនមានស្ថេរភាពរបស់ខ្មែរក្រោម ជាដើម ។
EMRIP នឹងបញ្ជូនអ្នកជំនាញរបស់ខ្លួនទៅស៊ើបអង្កេតនូវរាល់បញ្ហាដែលកំពុងតែកើតឡើង នៅ កម្ពុជាក្រោម ។ តួនាទីរបស់ ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់និយាយតំណាងប្រជាពលរដ្ឋខ្មែរក្រោម ដែលមិនមានឱកាសនិយាយនៅក្នុង EMRIP ឬ នៅ ក្នុងវេទិកាអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ដោយពួក គាត់ផ្ទាល់ ៕