ដោយ ម៉ៅ សុធានី l RFA
2016-09-13
តំណាងព្រះសង្ឃខ្មែរក្រោម និងមន្ត្រីជាន់ខ្ពស់សហព័ន្ធខ្មែរក្រោមពិភពលោក អំពាវនាវឲ្យប្រធានា ធិបតីអាមេរិកថ្មី ដែលជាប់ឆ្នោតនៅខែវិច្ឆិកា ខាងមុខ យកចិត្តទុកដាក់ដល់ព្រះសង្ឃខ្មែរក្រោមដែលរងការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលវៀត ណាម ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងវេទិកាមួយស្តីពី «សេរីភាពសាសនានៅវៀតណាម» កាលពីថ្ងៃទី១២ កញ្ញា នៅវិទ្យាស្ថានហាដ់សុន (Hudson Institute) នៃមជ្ឈ មណ្ឌលសេរីភាពសាសនា ក្នុងរដ្ឋធានីវ៉ាស៊ីនតុន ។

អនុប្រធានសហព័ន្ធខ្មែរក្រោមពិភពលោក លោក ប្រាក់ សេរីវុឌ្ឍ ដែលបានចូលរួមជាវាគ្មិនមួយរូបក្នុងវេទិកានោះ បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទកាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញា ថា លោកបានរៀបរាប់ពីស្ថានការណ៍ដ៏លំបាករបស់ខ្មែរកម្ពុជាក្រោម និងព្រះសង្ឃ ដែលរងការរំលោភបំពានគ្រប់បែបយ៉ាងពីអាជ្ញាធរវៀតណាម៖ «តាមផ្លូវសាសនាគឺពុំមានសេរីភាពទេ ។ នៅតាមវត្តអារាមគេគាបសង្កត់ខ្លាំង ព្រះសង្ឃគ្មានសិទ្ធិធ្វើអ្វីទេ។ ខ្ញុំបានអំពាវនាវសុំឲ្យពលរដ្ឋអាមេរិកាំង មេត្តាចាប់អារម្មណ៍ចំពោះទុក្ខវេទនាពលរដ្ឋខ្មែរក្រោមដែលធ្លាប់បូជាជីវិត ការពារជីវិតរបស់ទ័ពអាមេរិកាំង សម័យសង្គ្រាមវៀតណាម ។ ប៉ុន្តែអាជ្ញាធរវៀតណាម នៅតែធ្វើបាប សងសឹក ជាពិសេសជនជាតិដើមខ្មែរក្រោម ដូច្នេះត្រូវជួយពួកយើងខ្ញុំដែលស្មោះត្រង់ជាមួយសហរដ្ឋអាមេរិក» ។
លោកបន្តថា អតីតជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកផ្នែកកិច្ចការសាសនា លោក អេលៀត អាប្រាមស៍ (Elliott Abrams) បានថ្កោលទោសគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដែលបានលុបចោលវិញនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់វៀតណាម និងដកវៀតណាម ចេញពីបញ្ជីខ្មៅក្នុងដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០១៦៖ «គេយករឿងនេះមកនិយាយថា វៀតណាមមិនទាន់បើកសេរីភាពពីរឿងការគោរពសាសនាទេ ហើយគេមានភស្តុងតាងគ្រប់គ្រាន់ មានអ្នកជាប់គុក ដូចជាព្រះសង្ឃខ្មែរក្រោម។ ដូច្នេះហើយគេយកយោបល់នេះទៅនិយាយជាមួយបេក្ខជនប្រធានាធិបតីថ្មីនៃគណបក្សទាំងពីរ គេថា អ្នកណាមួយក៏ដោយនៅពេលជាប់ឆ្នោតហើយ ត្រូវឲ្យសើរើបញ្ហាវៀតណាម ឡើងវិញ រឿងជិះជាន់ និងដាក់វៀតណាម ក្នុងបញ្ជីស្បែកខ្មៅវិញ» ។
លោក ប្រាក់ សេរីវុឌ្ឍ បន្តថា ក្នុងវេទិកានេះដែរ ព្រះតេជព្រះគុណ គឹម មឿន តំណាងព្រះសង្ឃខ្មែរកម្ពុជាក្រោម ក៏មានថេរដីកាអំពីប្រវត្តិព្រះអង្គដែលត្រូវបានអាជ្ញាធរវៀតណាម វាយធ្វើបាប និងដាក់ពន្ធនាគារនៅចំពោះមុខអ្នកចូលរួមជាង ១០០នាក់ មកពីស្ថាប័នជាច្រើន ក្នុងនោះក៏មានតំណាងអង្គការខាងផ្នែកសាសនាវៀតណាម និងម៉ុងតាញ៉ា ផងដែរ ៕