សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលជួប​មន្ត្រី​ក្រសួងការបរទេស​អាមេរិក ជម្រាប​អំពី​បញ្ហា​សិទ្ធិមនុស្ស

ដោយ ស៊ឺន ចែងចើន| VOKK

ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ពុធ​ទី ៣០ ខែសីហា ម្សិលមិញ​នេះ បាន​ចូលជួប​មន្ត្រី​ក្រសួងការបរទេស​ហរ​ដ្ឋ​អាមេរិក ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍ អំពី​បញ្ហា​សិទ្ធិមនុស្ស នៅ​កម្ពុជា​ក្រោម ។​

មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ចូលជួប​មន្ត្រី​ក្រសួងការបរទេស​អាមេរិក នៅ​រដ្ឋធានី Washington នោះ រួមមាន​លោក ប្រាក់ សេរី​វុ​ឌ្ឍ ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​,លោក ត្រឹង យ៉ាប់ ប្រធាន​រដ្ឋបាល​, ព្រះតេជព្រះគុណ លី ចាន់​ដា ព្រះសង្ឃ​រងគ្រោះ​ត្រូវ​អាជ្ញាធរ​យួន​ចាប់​ផ្សឹក ច្រកចូល​បាវ​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ដោយសារតែ​ការបើក​សាលារៀន​អក្សរសាស្ត្រ​ខ្មែរ សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​, លោក វ៉ាង យឿ​ង (Hoang Duong) ទីប្រឹក្សា​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មួយចំនួនទៀត ។​

ការចូលទៅ​ជួប​មន្ត្រី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក នៅ​រដ្ឋធានី Washington គឺ​ដើម្បី​ជម្រាប​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម និង​ជម្រុញ​ឲ្យ​សហរដ្ឋអាមេរិក ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ដ​វៀតណាម ឲ្យ​មាន​ការគោរព​សិទ្ធិ​ខ្មែរក្រោម​ម្ចាស់​ស្រុក នៃ​ដែនដី​កម្ពុជា​ក្រោម ។​

បន្ទាប់ពី​ការជួប​ធ្វើ​សវនាការ​ជាមួយ នឹង​មន្ត្រី​ក្រសួងការបរទេស​រួច​មក ។ គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ទៅ​ជួប​មន្ត្រី​នាយកដ្ឋាន​រដ្ឋា​បាល​នៃ​សហរដ្ឋអាមេរិក​មួយចំនួន​ទៀត មាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ជាដើម និង​នៅ​ថ្ងៃជា​បន្តបន្ទាប់ គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏ នឹង​ចូលទៅ​ការិយាល័យ​វិទ្យុ​អាស៊ីសេរី (RFA) និង​ការិយាល័យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ដើម្បី​រាយការណ៍​អំពី​លទ្ធផល​នៃ​ការជួប​មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ និង​ផ្សព្វផ្សាយ​ទិសដៅ​ផែនការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផងដែរ ។​

ព័ត៌មាន​ពិស្តារ​ជុំវិញ​គណៈ​ប្រតិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលជួប​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​សហរដ្ឋអាមេរិក វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) នឹង​ផ្សាយ​ជូន នៅ​កម្មវិធី​លើក​ក្រោយ ៕