នៅថ្ងៃទី ២០ ខែធ្នូ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ចប់សន្និបាតប្រចាំឆ្នាំរបស់ខ្លួន ។ សន្និបាតប្រចាំឆ្នាំ ២០១៥ ដែលបានរៀបចំ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ធ្នូ ២០១៥ នៅសណ្ឋាគារសាយឡូ (Shilo) ក្រុងតាកូមា (Tacoma) រដ្ឋវ៉ាស៊ិនតោនស្តេត (Washington State) សហរដ្ឋអាមេរិក ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហព័ន្ធ ខ្មែរកម្ពុជាក្រោម និងសមាជិក សមាជិកា យ៉ាងច្រើនកុះករ ។
ក្នុងសន្និបាត ដែលបានប្រព្រឹត្តទៅ នៅក្នុងសណ្ធាគារ Shilo ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម និងប្រធានសាខាប្រធានតំបន់នីមួយៗ បានឡើងធ្វើសេចក្ដីរាយការណ៍រៀងៗ ខ្លួន ដើម្បីជម្រាបដល់អង្គសន្និបាត ។
កំណត់ហេតុ
សន្និបាតប្រចាំឆ្នាំនៃសហព័ន្ធខ្មែរកម្ពុជាក្រោម
នៅក្រុងតាកូមា Tacoma, រដ្ឋវ៉ាស៊ិនតោនស្តេត (Washington State ) សហរដ្ឋអាមេរិក
ថ្ងៃទី ១៨ – ២០ ធ្នូ ព.ស. ២៥៥៩ គ.ស. ២០១៥
ព្រឹកថ្ងៃសៅរ៍ ទី ១៩ ធ្នូ ឆ្នាំ ២០១៥់
សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើសន្និបាតប្រចាំឆ្នាំ ២០១៥ នៅថ្ងៃ ១៨ – ២០ ធ្នូ គ.ស. ២០១៥ ព.ស. ២៥៥៩ នៅសណ្ឋាគារសាយឡូ Shilo ក្រុងតាកូមា Tacoma រដ្ឋវ៉ាស៊ិនតោនស្តេត Washington State សហរដ្ឋអាមេរិក ។
សន្និបាតនេះមានការចាត់តាំងនិងចូលរួមរបស់ព្រះសង្ឃ ព្រមទាំងគណៈកម្មការនាយកជាថ្នាក់ដឹកនាំ នូវសមាជិក សមាជិកាសហព័ន្ធខ្មែរកម្ពុជាក្រោម និមន្តនិងអញ្ជើញមកពីប្រទេស កាណាដា, អីតាលី, បារាំង, កម្ពុជា, ឧស្ត្រាលី, អាមេរិក ។

សន្និបាតបើកសម័យប្រជុំនៅវេលាម៉. ៩ : ០០
ចាប់ផ្តើមដោយ
ពិធីការិនី ថាច់ សុម៉ាលីន
ពិធីករ ប៉ែន ធេង
ក្រោមសូរសំឡេងគោរពទង់ជាតិ និងគោរពវិញ្ញាណក្ខន្ធបុព្វវីរបុរស ដោយអ្នកស្រីកៀង សាខន ជានិពន្ធនាយិកាផលិតកម្មខ្មែរក្រោម ។
បន្ទាប់មក
១. លោកឡឹម តែម តំណាងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម រដ្ឋ វ៉ាស៊ិនតោនស្តេត ប្រកាសស្វាគមន៍អង្គសន្និបាត ។
២. លោក សឺន ជុំ ជួន នាយកកម្មវិធីយុវជននៃអង្គការខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា តំណាង លោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម អាននូវលិខិតតែងតាំង លោក ថាច់ សេ ជាប្រធានតំណាងសភាសហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យជាអធិបតីស្តីទីសន្និបាត នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំឆ្នាំ ថ្ងៃទី ១៨-២០ ឆ្នាំ ២០១៥ ។

លោកថាច់ សាមី ឧទ្ទិសនាមសមាសមភាពអង្គសន្និបាត
ក. គណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោមរួមមាន
១. លោក ថាច់ សេ ប្រធានសភាតំណាង
២. លោកថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ
៣. លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធាន ទី ១
៤. លោក ចៅ សេរី អនុប្រធានទី ២
៥. លោកត្រឹង ម៉ាន់រិន្ទ ប្រធានផែនការ
៦. លោកសឺន ហួ អគ្គលេខាធិការ
៧. លោក ចៅ រៀប ប្រធានព្រឹទ្ធាចារ្យតំណាង
៨. លោកស្រី សឺន ធី និត្យ នាយកស្ត្រី
៩. លោក សឺន សម្រេច ឧត្តមទីប្រឹក្សា
១០. អ្នកស្រី កៀង សុធី ប្រធានគណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម
១១. លោកចៅ សេរី អគ្គហិរញ្ញិក
១២. ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ។
ឧទ្ទេសនាមអង្គសន្និបាតរួម
ផ្នែកខាងព្រះសង្ឃរួមមាន
១. ព្រះតេជព្រះគុណ កាន សុផានណាឫទ្ធ ប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា គង់នៅវត្តខេមររង្សី ក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។
២. ព្រះតេជព្រះគុណ ទេព សុវណ្ណ គង់នៅវត្តខ្មែរសាមគ្គី ក្រុងដែនវ៉ើ រដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក ។
៣. ព្រះតេជព្រះគុណ ថាច់ ហាន់ ជាអនុប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមអាមេរិកខាងជើង គង់នៅវត្តពុទ្ធិកខ្មែរ ក្រុងឡាសស្វេហ្គាស (Las Vegas) រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក ។
៤. ព្រះតេជព្រះគុណ មិញ សុបិន ជាអាចារ្យបង្រៀនអក្សរខ្មែរនៅវត្តខេមររង្សី ក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។
៥. ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ជាប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ជាស្ថាបនិកសារព័ត៌មានព្រៃនគរនិងជាអភិបាលសារព័ត៌មានព្រៃនគរ គង់នៅវត្តខេមររង្សី ក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។
៦. ព្រះតេជព្រះគុណ ចន្ទ សុផាត គង់នៅវត្តរតនគិរីវង្ស ក្រុងសាន់បឺណាឌីណូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។
៧. ព្រះតេជព្រះគុណ ថាច់ ប្រីជាគឿន ជានិពន្ធនាយកសារព័ត៌មានព្រៃនគរ និងជាអនុប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម គង់នៅវត្តខេមររង្សី ក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។
៨. ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង ជាលេខាធិការសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមអាមេរិកខាងជើង គង់នៅវត្តខេមររង្សី ក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។
៩. ព្រះតេជព្រះគុណ សួន បូរ៉ា និមន្តមកពីប្រទេសអូស្ត្រាលី ។
១០. ព្រះតេជព្រះគុណ យ័ញ តូន គង់នៅវត្តសុរិយរង្សី ក្រុងភីឡាដែលភា រដ្ឋផែនស៊ីវ៉ែនញ៉ា សហរដ្ឋអាមរិក ។
ផ្នែកខាងគ្រហស្ថរួមមាន
១. លោក ថាច់ តង មកពីរដ្ឋកាលីហ្វ័រញ៉ា ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំតំបន់អាមេរិកខាងលិច ។
២. លោក តាំង ឡាត ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម រដ្ឋវ៉ាស៊ិនតោនស្តេត ។
៣. លោក ត្រឹង ជី មកពីរដ្ឋ Texas ជាប្រធានសាខាសហព័ន្ធខ្មែរ កម្ពុជាក្រោម ប្រចាំតំបន់ភាគកណ្តាលអាមេរិក ខាងលិច ។
៤. លោក ត្រឹង សារុង មកពីប្រទេសអីតាលី ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប ។
៥. លោក ថាច់ សារុម មកពីប្រទេសកាណាដា ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកាណាដា ។
៦. អ្នកស្រី កែវ រស្មីមកពីប្រទេសកាណាដា ជាប្រធានស្ត្រី ប្រចាំនៅប្រទេសកាណាដា ។
៧. លោក ថាច់ ចន មកពីរដ្ឋកាលីហ្វ័រញ៉ា ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ក្រុងឡងបិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។
៨. លោក កៀង រិន្ទនៅរដ្ឋវ៉ាស៊ិនតោនស្តេត សហរដ្ឋអាមេរិក ជាស្ថាបនិកមួយរូបក្នុងចំណោមស្ថាបនិកទាំងឡាយនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
៩. លោក ថាច់ ធឿង នៅរដ្ឋវ៉ាស៊ិនតោនស្តេត សហរដ្ឋអាមេរិកជាអតីតប្រធានតំណាងសភាសហព័ន្ធខ្មែរកម្ពុជាក្រោម ។
១០. លោក អាចារ្យ ឡឹម ខាយ មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកជាគណៈកម្មការព្រឹទ្ធាចារ្យ ទទួលបន្ទុកផ្នែកសាសនា និងសង្គមកិច្ច របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។
១១. អ្នកស្រី ឆោមឆាយ លក្ខិណា មកពីប្រទេសបារាំង ។
១២. លោក ហាង វឿង មកអំពីរដ្ឋផែនស៊ីវ៉ែនញ៉ា ជាគណៈកម្មការទទួលបន្ទុកកិច្ចការទំនាក់ទំនងសាធារណៈផ្ទៃក្នុង ។
១៣. លោក យ៉ឿង វ៉ាង មកអំពីរដ្ឋ Texas ជាគណៈកម្មការទទួលបន្ទុកកិច្ចការទំនាក់ទំនងសាធារណៈផ្ទៃក្នុង ។
១៤. អ្នកស្រី កៀង សាខន មកពីរដ្ឋកាលីហ្វ័រញ៉ា ជានិពន្ធនាយិកាផលិតកម្មខ្មែរក្រោម របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ព្រមទាំងសមាជិកសមាជិកានៃសហព័ន្ធខ្មែរកម្ពុជាក្រោមជាង ២០០ នាក់ មកពីប្រទេស និងរដ្ឋនានា ។
បន្ទាប់មក ក្រុមរបាំបានសំដែងរបាំជូនពរ ដើម្បីប្រសិទ្ធពរអង្គសន្និបាតឲ្យបានប្រកបដោយភាពជោគជ័យ ។
លំដាប់នោះ លោកអាចារ្យ ឡឹម ខាយ អារាធនាព្រះសង្ឃស្វាធ្យាយជយន្តោជាកិច្ចជ័យមង្គល ។
លោក កៀង ស៊ើង ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម រដ្ឋញូវចឺស៊ី ធ្វើរបាយការណ៍ប្រចាំឆ្នាំ ព្រមទាំងបានសំណូមពរឲ្យស.ខ.ក. បង្កើនការផ្សព្វផ្សាយ ឬបង្រៀនអំពីច្បាប់សិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម ឲ្យកាន់តែទូលំទូលាយជាងមុន ជាពិសេសដល់ខ្មែរក្រោមក្នុងស្រុកជ្រួតជ្រាបកាន់តែទូលាយ ។
លោក លី សេដ្ឋ អនុប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម រដ្ឋខូឡូរ៉ាដូ ធ្វើរបាយការណ៍ប្រចាំឆ្នាំ ។ លោកបានលើកឡើងថាសាខារបស់លោកបានអនុវត្តកិច្ចការតាមគោលការណ៍ស.ខ.ក. ដោយល្អប្រសើរ គួរឲ្យកត់សម្គាល់ ។ ទន្ទឹមនឹងនោះលោកក៏បានរៀបរាប់អំពីទុក្ខលំបាករបស់ខ្មែរក្រោមដែលកំពុងរស់នៅកម្ពុជាក្រោម ក្រោមការគាបសង្កត់របស់រដ្ឋាភិបាលកុម្មុយនីស្តយួន ព្រោះតែការរស់នៅគ្មានសេរីភាព ក្នុងជីវភាពក្រីក្រ ដែលលោកបានទៅស្រុកក្នុងពេលថ្មី ៗ ឃើញផ្ទាល់ផ្នែក ។
លោក ឡឹម កួន ប្រធាន សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម រដ្ឋផែនស៊ីវែនញ៉ា រាយការណ៍អំពីកិច្ចការងារប្រចាំឆ្នាំ ដែលសាខារបស់លោកបានធ្វើទៅតាមគោលការណ៍ស.ខ.ក. មានជួយជ្រោមជ្រែងកិច្ចការយុវជនទៅប្រជុំវេទិកាជនជាតិដើម នៅអង្គការសហប្រជាជាតិ នៅក្រុងញូវយក ជាដើម ។
លោកគីម សាង អនុប្រធានតំបន់អាមេរិកខាងកើត តំណាង សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម រដ្ឋផ្លរីដា ធ្វើរបាយការណ៍ប្រចាំឆ្នាំ ។
លោកថាច់ ចន ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ក្រុងឡងបិច រដ្ឋកាលីហ្វ័រញ៉ា ធ្វើរបាយការណ៍ប្រចាំឆ្នាំ ។
ព្រះតេជព្រះគុណ ថាច់ ហាន់ គង់នៅវត្តពុទ្ធិកខ្មែរ ក្រុង Las Vegas តំណាង សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម រដ្ឋណេវ៉ាដា ធ្វើរបាយការណ៍ប្រចាំឆ្នាំ ។
លោកថាច់ តង ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំតំបន់អាមេរិកខាងលិច ធ្វើរបាយការណ៍អំពីសកម្មភាពប្រចាំឆ្នាំ ដោយបានរៀបរាប់ពីកិច្ចការជាសកម្មរបស់សខានានាក្នុងតំបន់គ្រប់គ្រងរបស់លោក ដែលបានខិតខំ ហើយលោកអំពាវនាវឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត ជាពិសេសត្រូវជ្រោមជ្រែងពង្រឹងពង្រីកការកសាងវត្តនៅតាមមូលដ្ឋាននីមួយ ៗ ឲ្យបានរឹងប៉ឹងមាំមួនដើម្បីឲ្យវត្តប្រើតួនាទីរបស់ខ្លួនអប់រំជាតិឲ្យប្រសើរឡើងព្រោះថាតាំងពីដើមមកវត្តគឺជាសាលារៀនអប់រំជាតិ និងជាការិយាល័យនយោបាយជាតិ ។
ព្រះតេជព្រះគុណ ត្រេវ បូរ៉ា និមន្តមកពីប្រទេសអូស្ត្រាលី ថ្លែងសង្កកថា អំពីសាមគ្គីកថា ។
លោកត្រឹង ជី ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមតំបន់ភាគកណ្តាលនៃសហរដ្ឋអាមេរិក ធ្វើរបាយការណ៍ និងឧទ្ទេសនាមនូវប្រធានសាខានានាក្នុងតំបន់ ។
លោកថាច់ សារុម ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទេសកាណាដា, លោកបានឧទ្ទិសនាម លោក តាំង ភេន ប្រធានសាខានៅខេត្តមួយក្នុងប្រទេសកាណាដា លោកតាំងភេន បានរំឭកអំពីឯកសារប្រវត្តិសាស្ត្រខ្មែរ ។ លោកចៅ ចឿង បានសំដែងការរីករាយមោទនភាពព្រោះឃើញការសាមគ្គីជាតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ហើយលោកមានជំនឿប្រាកដនិយមថា នាវាកម្ពុជាក្រោមនឹងធ្វើដំណើរពុះជ្រែកជលសាមហាសមុទ្រអន្តរជាតិឆ្ពោះទៅកាន់ត្រើយនៃសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ក្នុងពេលអនាគតដ៏ខ្លីខាងមុខពុំខានឡើយ ប្រសិនបើនាវាមួយនេះត្រូវបានការជ្រោមជ្រែងគ្នាអុំក្នុងលក្ខខណ្ឌសាមគ្គីធម៌ ។
អ្នកស្រី កែវ រស្មី ប្រធានស្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកាណាដា បានថ្លែងដាស់តឿនស្ត្រីខ្មែរក្រោមជាពិសេសក្មួយ ៗ ប្អួន ៗ ស្រីខ្មែរក្រោមក្នុងស្រុកឲ្យចេះរួមគ្នាលើកកម្ពស់តម្លៃស្ត្រីដោយការចូលរួមសកម្មភាពអភិវឌ្ឃន៍ និងអភិរក្សសង្គមជាតិ សីលធម៌ សុជីវធម៌ វប្បធម៌ សិល្បៈ ប្រពៃណីទំនៀម ទម្លាប់ខ្មែរឲ្យបានគង់វង្សក្រោមចំណាំងកម្តៅរបស់យួនកុម្មុយនីស្តដោយ បញ្ញាវៃឆ្លាតឈ្លាស គួបផ្សំនឹងវីរិយភាព គឺការតស៊ូ វីរភាព គឺការរឹងប៉ឹង មាំមួនខ្ជាប់ខ្ជួន អង់អាច សូរភាពចិត្តមុះមុត មិនរាថយ ជាពិសេសត្រូវស្វែងយល់និងចូលរួមកិច្ចការនយោបាយសហព័ន្ធខ្មែរកម្ពុជាក្រោម ជាពន្លឺ និងជាក្តីសង្ឃឹមរបស់ខ្មែរក្រោមទូទាំងសកលលោក ។ ស្ត្រីទាំងឡាយជាពិសេសក្មួយ ៗ យុវនារីខ្មែរក្រោមជាទីស្រឡាញ់ ជាទីនឹករឭក និងជាទំពាំងស្នងឫស្សី ចូរកុំមើលរម្លងខ្លួនឯង ហើយកុំដាក់ភារៈជាតិ វាសនាជាតិឲ្យប្រុស ៗ តែម្យ៉ាងតាមគំនិតចាស់គំរិលឲ្យសោះ ចូរក្រឡេកមើលឲ្យឃើញខ្លួនឯង ទទួលស្គាល់ខ្លួនឯង លើកកម្ពស់ និង ផ្តល់តម្លៃឲ្យខ្លួនឯងថា ជាមាតាជាតិ ជាកោសិកាជាតិ ជាសសរទ្រូងជាតិ ជាទំពាំងជាតិ ឬក៏ជាចង្កឹះមួយដើមក្នុងចំណោមចង្កឹះមួយបាច់របស់ជាតិដែលជាតិត្រូវការជានិច្ចកាលដោយខានមិនបាន ទើបជាតិយើងមាន ក្តីសង្ឃឹម ។
បិទសន្និបាតពេលព្រឹកនៅវេលាម៉ោង ១១ : ៣០ នាទី ដើម្បីឆាន់ និងទទួលទានភោជនាហារ ។
សន្និបាតពេលរសៀលវេលាម៉ោង ១ : 00
ពិធីករ ប៉ែន ធេង និងពិធីការិនី ថាច់ សុមាលីន បានចាប់ផ្តើមកម្មវិធីដោយឧភតោភាសា គឺភាសាខ្មែរ និងភាសាអងគ្លេស ដោយឧទ្ទេសនាមលោកត្រឹង សារុង ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប ដែលអញ្ជើញមកពីប្រទេសអីតាលី ។ លោកបានធ្វើរបាយការណ៍ អំពីកិច្ចការងារជាតិ ជាពិសេសកិច្ចការងារអន្តរជាតិ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ចាំបាច់ត្រូវធ្វើខានពុំបាន ដូចយ៉ាងធ្វើរបាយការណ៍ជូនទៅអង្គការសហប្រជាជាតិនៅទីក្រុងសឺណែវ ប្រទេសស្វិស និងប្រទេសបារាំង, ប្រទេសអីតាលី ជាដើម ។
លោកថាច់ ង៉ុក ថាច់ ជាប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម, លោកបានរៀបរាប់អំពីប្រវត្តិពលិកម្មរបស់ខ្មែរក្រោម ដែលស្ម័គ្រចិត្តស្លាប់ជាច្រើនម៉ឺននាក់ អស់ជាច្រើនជំនាន់មកហើយពួតដៃនឹងខ្មែរកណ្តាល ដើម្បីការពារប្រទេសកម្ពុជាឲ្យគង់វង្ស ព្រោះខ្មែរក្រោមបាត់ប្រទេសកម្ពុជាក្រោមរួចហើយមិនចង់ឲ្យខ្មែរកណ្តាលបាត់បង់ប្រទេសកម្ពុជាទៀតនោះទេ ។ ឧត្តមគតិនេះសូមឲ្យបងប្អូនខ្មែរកណ្តាល ចងចាំកុំភ្លេចនូវពលិកម្មរបស់ខ្មែរក្រោមចំពោះប្រទេសកម្ពុជា ក្នុងន័យខ្មែរក្រោម ខ្មែរកណ្តាល ខ្មែរលើ គឺខ្មែរតែមួយ ។
លោកបានប្រកាសពីគោលការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានប្រឹងប្រែងកិច្ចការងារជាតិ និងកិច្ចនយោបាយទូតអន្តរជាតិ ក្នុងគោលដៅតែមួយគឺ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ។
លោកបានធ្វើរបាយការណ៍អំពីសកម្មភាពសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងឆ្នាំ ២០១៥ ដែលរួមមានការងារសិទ្ធិមនុស្ស និងនយោបាយទូតអន្តរជាតិ ជាប្រចាំនៅអាមេរិក និងអឺរ៉ុបជាដើម ក្នុងការតស៊ូមតិអន្តរជាតិទាមទារឲ្យរដ្ឋាភិបាលយួនកុម្មុយនីស្តគោរពសិទ្ធិខ្មែរក្រោម ជាជនជាតិដើមម្ចាស់ស្រុក នៅកម្ពុជាក្រោម ក្រោមក្របខ័ណ្ឌច្បាប់អន្តរជាតិ ។
លោកចៅ សេរី អនុប្រធានទី ១ បានជូនដំណឹងល្អដល់អង្គសន្និបាតឲ្យបានជ្រាបថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកនាយកដ្ឋានព័ត៌មានសាធារណៈនៃអង្គការសហប្រជាជាតិ ឆ្នាំ ២០១៥ នេះ ។
លោកស្រី សឺន ធី និត្យ ប្រធានស្ត្រីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើសង្កថាលើកកម្ពស់តម្លៃស្ត្រីថាស្ត្រីខ្មែរក្រោមក៏ជាចំណែកសំខាន់ខានមិនបាន ក្នុងការសាងជាតិខ្មែរក្រោម ។
ឧទ្ទេសនាមអ្នកស្រី ថាច់ ធី អង ប្រធានស្ត្រី នៅរដ្ឋវ៉ាស៊ិនតោនស្តេត ។
អ្នកស្រី ឡេ ធី សោភា ប្រធានស្ត្រីនៅរដ្ឋ Chicago ។
អ្នកស្រីឆោម ឆាយលក្ខិណា តំណាងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសបារាំង បានថ្លែងសោមនស្សកថា រីករាយក្នុងការចូលរួមកិច្ចការងារជាតិជាមួយសហព័ន្ធខ្មែរកម្ពុជាក្រោម ជាពិសេសបានចូលរួមសន្និបាត ។
អ្នកស្រី ថាច់ ធី ង៉ា ភរិយានៃលោកថាច់ ង៉ុក ថាច់ ជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោកស្រីថាច់ ធី និត្យបានអញ្ជើញស្ត្រីខ្មែរក្រោម អ្នកស្នេហាជាតិ ដែលបានចូលរួមសកម្មភាពនយោបាយផ្ទាល់ និងជាអ្នកគាំទ្រស្វាមីទាំងកាយ ទាំងចិត្ត ទាំងថវិកាប្រាក់កាសធ្វើនយោបាយបម្រើជាតិទាំងអស់ដែលមានមុខក្នុងអង្គសន្និបាត ដែលបានអញ្ជើញមកពីរដ្ឋ ពីប្រទេសនានា លើពិភពលោក ថតរូបជុំគ្នាក្នុងន័យលើកកម្ពស់ស្ត្រីក្នុងសង្គមជាតិ និងក្នុងវិស័យនយោបាយ ។
អ្នកស្រីកៀង សាខន បានថ្លែងទៅកាន់សន្និបាតអំពីសារសំខាន់ និងតម្លៃស្ត្រី និងលើកសរសើរយុវនារីជាន់ថ្មីដែលមានស្មារតីជាតិខ្ពស់ ប្រសើរ ក្នុងនាមអ្នកស្រីជានិពន្ធនាយិកាផលិតកម្មខ្មែរក្រោម ទន្ទឹមនឹងនោះអ្នកស្រីបាននិពន្ធបទចម្រៀងថ្មីអំពីសន្និបាតប្រចាំឆ្នាំ ២០១៥ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅតាកូមា វ៉ាស៊ិនតោនស្តេត ។
អ្នកស្រីកៀង សុធី ប្រធានគណៈកម្មការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើរបាយការណ៍ប្រចាំឆ្នាំ ដែលបានបំពេញសកម្មភាពយ៉ាងសកម្មក្នុងឆាកអន្តរជាតិ មានការចូលទៅថ្លែងការនៅអង្គការសហប្រជាជាតិ នៅក្រុងសឺណែវ ក្នុងវេទិកាសិទ្ធិស្ត្រី, នៅអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក ក្នុងវេទិកាសិទ្ធិជនជាតិជាដើម ។ អ្នកស្រីបានបង្ហាញរូបភាពមួយចំនួនរបស់យុវជនខ្មែរក្រោមក្នុងស្រុក ដែលថតរូបបង្ហាញពីអត្តសញ្ញាណជាតិខ្មែរក្រោម នៅក្នុងន័យបញ្ជាក់នូវឧត្តមគតិស្មារតីស្នេហាជាតិដោយឥតខ្លាចញញើត ជាភាពខុសប្លែកជាងពីមុន ៗ ឆ្ងាយណាស់ ។
បិទអង្គសន្និបាតនៅវេលាម៉ោង ៣:០០ ។
សន្និបាតសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្ងៃទី ៣ ថ្ងៃទី ២០ ធ្នូ ព.ស. ២៥៥៩ គ.ស. ២០១៥
បើកសន្និបាត នៅវេលា ម៉ោង ៩ : ០០
អង្គសន្និបាតគោរពទង់ជាតិ
លោកថាច់ សាមី បានឧទ្ទេសនាម អ្នកស្រី កៀង សាខន និពន្ធនាយិកាផលិតកម្មខ្មែរក្រោមគោរពរំឭកគុណបុព្វវីរសមណ – វីរបុរស ។
លោកថាច់ ជាប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រកាសបើកសន្និបាត ។

លោកសឺន ជុំ ជួន ប្រធានសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ឡើងធ្វើរបាយការណ៍រូបភាពពណ៌នាអំពីសកម្មភាពក្នុងនិងក្រៅប្រទេសកម្ពុជា ជាប់ទាក់ទងនឹងសិទ្ធិមនុស្សនៅកម្ពុជាក្រោម, ការទាមទារឲ្យដោះលែងសកម្មជនព្រះសង្ឃខ្មែរក្រោមទាំងពីរព្រះអង្គ គឺភិក្ខុ លីវ នី និងភិក្ខុថាច់ ធឿន ដែលជាព្រះចៅអធិការ និងជាលោកគ្រូសូត្រ វត្តសិរីតាសេក ខេត្តឃ្លាំង កម្ពុជាក្រោម ដែលត្រូវរដ្ឋាភិបាលយួនកុម្មុយនីស្តចោទប្រកាន់ហើយចាប់ផ្សឹកដាក់គុក តាំងពីឆ្នាំ ២០១៣, បញ្ហាស្ត្រីខ្មែរក្រោម, បញ្ហាយុវជនខ្មែរក្រោមនិងសមាហរណកម្មអាស៊ាន, វេទិកាស្តីអំពីច្បាប់កម្ពុជានិងកម្ពុជាក្រោម, សន្និសីទសារព័ត៌មានស្តីអំពីការប្រើប្រាស់ត្រាវត្តនៅកម្ពុជាក្រោមដែលអាជ្ញាធរយួនបង្ខំឲ្យវត្តខ្មែរក្រោម នៅខេត្តមាត់ជ្រូក និងក្រមួនស ប្រើប្រាស់ត្រាអក្សរយួនជាផ្លូវការដោយមិនមានឆ្លាក់អក្សរខ្មែរសូម្បីតែមួយតួ ពីលើត្រាចាស់ដែលយួនធ្លាប់ចាប់បង្ខំឲ្យវត្តខ្មែរក្រោមទាំងឡាយ នៅខេត្តនានាដូចជាខេត្តព្រះត្រពាំង ឃ្លាំង ទឹកខ្មៅ ពលលាវ ព្រៃនគរ ព្រែកឫស្សី លង់ហោ ជាដើម ដែលមានអក្សរយួន Giao Hoi Phat Giao Viet Nam ក្នុងរង្វង់ត្រា និងមានអក្សរខ្មែរសង្ខេបឈ្មោះវត្តខ្លីបំផុត កាលប៉ន្មានឆ្នាំមុននេះ ដែលជាហេតុធ្វើឲ្យខុសចាកឈ្មោះដើមរបស់វត្តនីមួយ ៗ ដែលមានរាប់សតវត្សរ៍មកហើយ ដូចជាវត្តសម្បួររង្សី ដាក់នៅត្រឹមតែ “វត្តសម្បួរ” ជាតួអក្សរខ្មែរ ហើយថែមទាំងសរសេរប្រែជាលំនាំអក្សរយួនថា Chua Som Bua , វត្តអង្គររាជបុរី (អង្គ) នៅត្រឹមតែ “វត្តអង្គ” ជាអក្សរយួនថា Chua Ang ជាដើម នេះជាចេតនា បដិវត្តន៍លុបបំបាត់ឈ្មោះដើមនៃវត្តនីមួយ ៗ ឲ្យខ្មែរជំនាន់ក្រោយវង្វេងដានភូមិសាស្ត្រ ប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោយពីរដ្ឋាភិបាលយួនបានធ្វើឧក្រិដ្ឋកម្មលើភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរក្រោម ដោយការបដិវត្តន៍ផ្លាស់ប្តូរ និងលុបបំបាត់ឈ្មោះដើមនៃភូមិសាស្ត្រខេត្ត ក្រុង ស្រុក ឃុំ ភូមិ តំបន់ ផ្លូវ, បំផ្លើសបំភ្លៃប្រវត្តិសាស្ត្រខ្មែរក្រោម, លាបពណ៌វប្បធម៌ខ្មែរក្រោមរហូតដល់បានសម្រេច ដូចបំណង ជាដើម ។
លោកបណ្ឌិត ខូភើ ឧត្តមទីប្រឹក្សា ស.ខ.ក. បានធ្វើរបាយការណ៍អំពីសកម្មភាពសិទ្ធិមនុស្សអន្តរជាជាតិ និងសិទ្ធិជនជាតិដើម សិទ្ធិស្ត្រីប្រចាំឆ្នាំ ២០១៥ របស់លោក នៅតំបន់អាស៊ី មានការចូលរួមវេទិកាប្រជាពលរដ្ឋអាស៊ាននៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ២០ – ២៥ មេសា ឆ្នាំ ២០១៥ និងនៅទ្វីបអឺរ៉ុប ព្រមទាំងអាមេរិកជាដើម ។
បិទសន្និបាតពេលព្រឹកនៅវេលាម៉ោង ១១ : ៣០ ។
សន្និបាតពេលរសៀល ចាប់ផ្តើមវេលាម៉ោង ១ : ០០
ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ជាប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើរបាយការណ៍ អំពីកិច្ចការព័ត៌មានប្រចាំឆ្នាំ ។
ព្រះតេជព្រះគុណ បានលើកអំពីគម្រោងការសាងសង់ការិយាល័យជាតិកម្ពុជាក្រោម នៃនាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងគម្រោងថវិកាចំនួន ៥០០០០០ ដុល្លារ (ហាសិបម៉ឺនដុល្លារ) ។ មុននឹងបញ្ចប់ព្រះតេជព្រះគុណបានលើកគម្រោងការនេះឡើងជូនដល់គណៈកម្មការនាយកដើម្បីធ្វើសេចក្តីសម្រេច ។
ព្រះតេជព្រះគុណ ថាច់ ហាន់ ជាអនុប្រធានសមាគមព្រះសង្ឃខ្មែរក្រោមអាមេរិកខាងជើង ធ្វើសេចក្តីរបាយការណ៍ប្រចាំឆ្នាំ ។ ទន្ទឹមនឹងនោះព្រះតេជព្រះគុណបានធ្វើរបាយការណ៍ជូនសន្និបាតអំពីអាជ្ញាធរយួនខេត្តឃ្លាំង និងខេត្តពលលាវ គាបសង្កត់នៅពេលលោកនិមន្តទៅស្រុកកំណើតនៅខេត្តឃ្លាំង កម្ពុជាក្រោម ដោយចោទប្រកាន់ សួរចម្លើយ គំរាមចាប់ចងជាដើម ។
លោកប្រាក់ សេរីវុឌ្ឍ ជាអនុប្រធានទី ១ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើបទបង្ហាញអំពីរបត់ ឬស្ថានការណ៍នយោបាយពិភពលោក ដែលជាឱកាសអំណោយផលកាន់តែប្រសើរដល់នយោបាយសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោកត្រឹង ម៉ាន់រិន្ទ ជាប្រធានផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងថា សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើការនយោបាយទូតអន្តរជាតិដើម្បីឲ្យយួនខ្លាច និងគោរពខ្មែរក្រោម គឺឲ្យយួនចេះខ្លាចប្រឈមមុខនឹងច្បាប់អន្តរជាតិ ព្រោះទង្វើរំលោភបំពានសិទ្ធិមនុស្សសិទ្ធិជនជាតិដើមមកលើប្រជាពលរដ្ឋខ្មែរក្រោម ហើយឲ្យចេះគោរពសិទ្ធិខ្មែរក្រោមជាជនជាតិដើម មិនមែនឲ្យខ្មែរក្រោមខ្លាចយួននោះទេ កាលបើខ្មែរក្រោមសិក្សាតាមដានស្ថានការណ៍នយោបាយសហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យយល់ដឹងពិតប្រាកដ ទើបខ្មែរក្រោមនឹងលែងខ្លាចយួន ។
លោកចៅ សេរី ជាអគ្គហិរញ្ញិក ធ្វើរបាយការណ៍អំពីថវិកាប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក សឺង សម្រេច ជាឧត្តមទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម លើកឡើងថា សូមឲ្យយើងរួបរួមគ្នា អង្គុយជជែកគ្នាក្នុងលក្ខខណ្ឌជាតិ យកជាតិជាធំ យកជាតិមកជជែកគ្នារកដំណោះស្រាយ ចៀសវាងការយកអាត្មា (អាត្មានិយម) មកដាក់លើតុជជែកឲ្យសោះ គឺធ្វើការបម្រើជាតិដោយអសក្កាយទិដ្ឋិ ។ លោកបានផ្តល់ជាអនុសាសន៍រំឭកសមាជិក សមាជិកាឲ្យមានការសាមគ្គីមូលមិត្រគ្នា ខិតខំប្រឹងប្រែងធ្វើការជាមួយគ្នាដើម្បីសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ។
ទន្ទឹមនឹងនោះលោកបានលើកអរិយសច្ចៈ ៤ គឺទុក្ខសច្ចៈ ១, សមុទយសច្ចៈ ១, និរោធសច្ចៈ ១, មគ្គសច្ចៈ ១ ; ដោយលើកជាសំនួរទៅអង្គសន្និបាតថា តើទុក្ខសច្ចៈ គឺសេចក្តីទុក្ខ ខ្មែរក្រោមមានឬទេ ? អង្គសន្និបាតឆ្លើយថា មាន, សមុទយសច្ចៈ គឺប្រភពនៃសេចក្តីទុក្ខ ខ្មែរក្រោមមានឬទេ ? – មាន គឺយួន ជាប្រភពធ្វើឲ្យខ្មែររងទុក្ខ, និរោធសច្ចៈ គឺសេចក្តីរលត់ទុក្ខជាស្ថាពរ (ឯករាជ្យសន្តិភាព) មានឬទេ ? -មាន, មគ្គសច្ចៈ មាគ៌ា វិធី ឧបាយ ផ្លូវ ធ្វើឲ្យអស់ទុក្ខមានឬទេ ? – មាន, ដូច្នេះខ្មែរក្រោមត្រូវតែរួមគ្នារំដោះទុក្ខរបស់ជាតិយើងតាមមាគ៌ាចតុរារិយសច្ចៈនេះឲ្យត្រាតែបាន គឺទី ១ ខ្មែរក្រោម ត្រូវដឹងស្គាល់ខ្លួនឯង ដឹងខ្លួនឯងថាជាតិរបស់ខ្លួនកំពុងរងទុក្ខ, ទី ២ ខ្មែរក្រោមត្រូវចងចាំជានិច្ចដាច់ខាតកុំភ្លេចថាយួនគឺជាឃាតករសម្លាប់ជាតិ ជាចោរលួចប្រទេសរបស់ខ្លួន ធ្វើឲ្យជាតិត្រដាបត្រដួសស្ទើរស្លាប់ ប្រទេសវិនាសបង់ ។ ទី ៣ ខ្មែរក្រោមត្រូវដឹងយល់ឲ្យច្បាស់អំពីសិទ្ធិជនជាតិដើមជាសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង កាលបើខ្មែរក្រោមមានសិទ្ធិនេះពេញលេញទើបខ្មែរក្រោមផុតទុក្ខទៅបាន, ទី ៤ ខ្មែរក្រោមធ្វើការតស៊ូមតិដោយសន្តិវិធីតាមច្បាប់អន្តរជាតិ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោមបាននិងកំពុងអនុវត្តន៍ ។
លោក សឺន ហួ ជាអគ្គលេខាធិការ បានលើកសេចក្តីសម្រេចនៃសន្និបាត ឡើងជូនអង្គសន្និបាតធ្វើសេចក្តីអនុម័ត ។
សេចក្តីសម្រេចមានសេចក្តីពេញលេញក្នុងសេចក្តីសម្រេចរបស់សន្និបាត ដែលគណៈអធិបតីសន្និបាតបានអនុម័តិរួចហើយ ។
សន្និបាតចប់ដោយបរិបូណ៌នៅវេលាម៉ោង ៤:០០
ក្រុងតាកូម៉ា រដ្ឋវ៉ាស៊ិនតោនស្តេត សហរដ្ឋអាមេរិក ថ្ងៃទី ២០ ធ្នូ ព.ស. ២៥៥៩ គ. ស. ២០១៥ ។
អ្នកកត់ត្រាកំណត់ហេតុដោយ
ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង
ព្រះសង្ឃវត្តខេមររង្សី នាទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក និងជា
អតីតៈសាស្ត្រាចារ្យ វិជ្ជាស្ថានពុទ្ធសាសនាខ្មែរ នៅទីក្រុងព្រែកឫស្សី កម្ពុជាក្រោម
ចុចមើលកម្រងរូបថតសន្និបាតប្រចាំឆ្នាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម រយៈពេេល ៣ ថ្ងៃ