ដោយ ស៊ឺន ចែងចើន| VOKK
សហព័ន្ធខ្មែរកម្ពុជាក្រោម នៅពេលថ្មីៗ នេះ បានបើកយុទ្ធនាការរៀបចំពង្រឹងនូវសាខារបស់ខ្លួន នៅតាមតំបន់មួយចំនួន នៅអូស្ត្រាលី អឺរ៉ុប កាណាដា អាមេរិក ដើម្បីរៀបចំគណៈកម្មការសាខា និងផ្លាសប្ដូររចនាសម្ព័ន្ធមួយចំនួន នៅតាមសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ។
ប្រធានសភាតំណាង នៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ សេ នៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៨ កន្លងទៅនេះ បានតែងតាំង លោក លី សេត ជាប្រធានតំបន់ភាគកណ្តាល នៃសហរដ្ឋអាមេរិក ។

ការតែងតាំងនេះ ធ្វើឡើងស្របតាមគោលការរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងការពង្រឹង និងពង្រីកនូវសាខារបស់ខ្លួននៅតាមតំបន់ និងមូលដ្ឋាននីមួយៗ ព្រមទាំងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរក្រោមគ្រប់រូប មានឱកាសចូលបំរើសហព័ន្ធខ្មែរកម្ពុជាក្រោម ហើយបានទទួលនូវបទពិសោធន៍ ក្នុងភាពជាអ្នកដឹកនាំតាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់កំពូល ដើម្បីរួមកម្លាំងគ្នាតវ៉ាទៅសហគមន៍អន្តរជាតិ ឲ្យដាក់គំនាបលើរដ្ឋាភិបាលយួនកុម្មុយនិស្ត គោរពសិទ្ធិជនជាតិដើមខ្មែរក្រោម ជាម្ចាស់ស្រុក ។
គួរជម្រាបជូនថា សហព័ន្ធខ្មែរកម្ពុជាក្រោម ទើបបានតែងតាំង និងទទួលស្គាល់ជាបន្តបន្ទាប់ នូវរចនាសម្ព័ន្ធតាមបណ្តាសាខាមួយចំនួន នៅសហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសអូស្ត្រាលី ។ ជាក់ស្តែង នៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៧ សហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រកាសទទួលស្គាល់ លោក គឹម សាក់តង ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំខែត្រកេបីច ទីក្រុងម៉ុងរេអាល ប្រទេសកាណាដា លោក ត្រឹង ស៊ី ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំខែត្រអនធើរីយូ ប្រទេសកាណាដា លោក ចៅ ចឿង ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំខែត្រវិតូរៀប៊ីស៊ី ប្រទេសកាណាដា លោក កៀង សុវណ្ណ ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក ។ នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៨ បានតែងតាំងលោក ថាច់ ជីវ ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងឡងបីច ។ នៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៨ បានតែងតាំងអ្នកស្រី សឺង សាម៉េត ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងសាន់បើណាឌីណូ នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និងថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨ បានតែងតាំង លោក ថាច់ ចន្ទោ ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំ ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ ។
សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការជាតិកម្ពុជាក្រោម ដែលបានបង្កើតឡើង ដោយខ្មែរក្រោមអ្នកស្នេហាជាតិ នៅជុំវិញពិភពលោក ធ្វើចលនាតស៊ូដោយអហិង្សាលើឆាក អន្តរជាតិ ដើម្បីទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ពីរបបគ្រប់គ្រងអាណានិគមយួន នៅដែនដីកម្ពុជាក្រោម សព្វថ្ងៃ ។
ជារៀងរាល់ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោម តែងចូលរួមប្រជុំវេទិកាអចិន្ត្រៃយ៍អង្គការ សហប្រជាជាតិ ផ្នែកជនជាតិដើម នៅបូរីញូវយ៉ក់ ។ បន្ថែមលើពីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម គឺជាសមាជិកពេញសិទ្ធិរបស់អង្គការ UNPO និងជាសមាជិកអង្គការសហប្រជាជាតិ ផ្នែកព័ត៌មានសាធារណៈ (UNPDI) ។ លើសពីនេះ ក៏សមាជិកគណបក្សចម្រុះជាតិសាសន៍ (TRP) នៅទ្វីបអឺរ៉ុបជាដើម ៕