សមាគម​ព្រះសង្ឃ​ស្នេហា​ជាតិ​ បដិសេធ​មិន​ទទួល​ស្គាល់ សាមណេរ យឿង ខាយ

ដោយ យន់ សាមៀន | RFA Khmer

សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហាជាតិ ដែល​មាន​អាជ្ញាធរ​វៀតណាម ​នៅ​ពី​ក្រោយ ​បាន​បដិសេធ​មិន​ទទួល​ស្គាល់​សាមណេរ យឿង ខាយ ជា​ព្រះ​សង្ឃ និង​ហាម​ឃាត់​មិន​ឲ្យ​វត្ត​ខ្មែរ​ក្រោម​ អនុញ្ញាត​ឲ្យ​សាមណេរ យឿង ខាយ គង់ ។ វិធានការ​របស់ សមាគម​ព្រះ​សង្ឃ​វៀតណាម​នេះ ធ្វើ​ឡើង​ស្រប​ពេល ​ដែល​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ (HRW) ចេញ​របាយ​ការណ៍​សិទ្ធិ​មនុស្ស​សកល​ ឆ្នាំ ២០២៣ ដែល​រក​ឃើញ​ថា វៀតណាម​កំពុង​បង្កើន​ការ​រំលោភ​បំពាន​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ។

សាមណេរ យឿង ខាយ ថតនៅពីមុខសាលាឆទាន ភូមិកន្រែង ។ រូបៈ ផ្តល់ឲ្យ
សាមណេរ យឿង ខាយ ថតនៅពីមុខសាលាឆទាន ភូមិកន្រែង ។ រូបៈ ផ្តល់ឲ្យ

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ (HRW) រិះគន់​ទង្វើ​របស់​រដ្ឋាភិបាល​វៀតណាម ដែល​បន្ត​គាប​សង្កត់​សិទ្ធិ​មនុស្ស និង​សាសនា ។ ការ​រិះគន់​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ ប្រចាំ​ខេត្ត​ឃ្លាំង ដែល​មាន​អាជ្ញាធរ​វៀតណាម​ នៅ​ពី​ក្រោយបាន​ចេញ​សារាចរ​ណែ​នាំ​មួយ ផ្ញើ​ទៅ​ព្រះចៅ​អធិការ​វត្ត​នៅ​ទូទាំង​ខេត្ត​ឃ្លាំង​ កុំ​ទទួល​ស្គាល់​សាមណេរ យឿង ខាយ ជា​ព្រះ​សង្ឃ​ស្រប​ច្បាប់ នៅ​ក្នុង​ខេត្ត​ឃ្លាំង​ឡើយ ។ សារាចរ​ ក៏​បន្ត​ថា ប្រសិន​បើ​វត្ត​អារាម នៅ​ទូទាំង​ខេត្ត​ដឹង​ថា ​សាមណេរ យឿង ខាយ គង់​នៅ​វត្ត​អារាម​ណាមួយ ត្រូវ​រាយការណ៍​ទៅ​សមាគម​ព្រះ​សង្ឃ​ស្នេហា​ជាតិ​វៀតណាម ជា​បន្ទាន់ ហើយ​ប្រសិន​បើ​ព្រះ​ចៅ​អធិការ​វត្ត​លាក់​បាំង​ព័ត៌មាន ឬ​ផ្ដល់​ទី​តាំង​ឲ្យ​សាមណេរ យឿង ខាយ គង់​នៅ នឹង​ត្រូវ​ប្រឈម​ ចំពោះ​មុខ​ច្បាប់ ។ ការ​គំរាម​កំហែង​របស់​សមាគម​ព្រះ​សង្ឃ​ស្នេហា​ជាតិ​វៀតណាម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី សាមណេរ យឿង ខាយ ដែល​សកម្ម​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស និង​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ជន​ជាតិ​ខ្មែរ​ក្រោម បាន​ទៅ​សាង​ផ្នួស​ នៅ​វត្ត​មង្គល​បុរី​ទ្រនំ​សេក​ នៅ​ខេត្ត​លង់​ហោរ ។ ច្បាប់​វៀតណាម​ តម្រូវ​ឲ្យ​ខ្មែរ​ក្រោម​រស់​នៅ​ខេត្ត​ណា ត្រូវ​បួស​ក្នុង​ខេត្ត​នោះ ដោយ​មាន​ការ​អនុញ្ញាត​ពី​ព្រះ​សង្ឃ​វៀតណាម ​ជា​មុន​សិន ។

ពាក់ព័ន្ធ​នឹង​ការ​គំរាម​កំហែង​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​នេះ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ព្រះភិក្ខុ សឺង យ៉ឹងរតនា ថ្កោល​ទោស ទង្វើ​របស់ ​សមាគម​ព្រះសង្ឃ​ស្នេហា​ជាតិ​វៀតណាម ។ ព្រះ​អង្គ​មាន​ថេរ​ដីកា​ថា សាមណេរ យឿង ខាយ បាន​បួស​ត្រឹម​ត្រូវ​ស្រប​តាម​វិន័យ​របស់​ព្រះ​ពុទ្ធ​សាសនា ។

ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ «អាជ្ញាធរ​វៀតណាម​ បង្ខំ​ព្រះ​សង្ឃ​ នៅ​ខេត្ត​ឃ្លាំង​ចេញ​លិខិត​បដិសេធ​មិន​ទទួល​ស្គាល់​សាមណេរ យឿង ខាយ បួស​ក្នុង​ព្រះពុទ្ធ​សាសនា ។ នេះ​ជា​ទង្វើ​របស់​វៀតណាម ដែល​សងសឹក​ធ្វើ​ទុក្ខ​បុក​ម្នេញ ។ ជា​ពិសេស សាមណេរ យឿង ខាយ បាន​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា​គ្មាន​ខុស​វិន័យ​ក្នុង​ព្រះពុទ្ធ​សាសនា​ទេ ។ នៅ​កម្ពុជា​ក្រោម ប្រសិន​បើ​កុលបុត្រ​មាន​ចង់​បួស​នៅ​ខេត្ត​ណា​ វត្ត​ណា​នៅ​ទូទាំង​ដែន​ដី​កម្ពុជា​ក្រោម ​គឺ​គ្មាន​ខុស​នឹង​ច្បាប់​វិន័យ​ទេ» ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​នឹង​ដាក់​លិខិត​ទៅ​អង្គការ​សិទ្ធិ​មនុស្ស និង​ក្រសួង​ការ​បរទេស​អាមេរិក​ ដើម្បី​សុំ​អន្តរាគមន៍​កុំ​ឲ្យ​វៀតណាម​ បន្ត​រំលោភ​សិទ្ធិ​សាសនា​ខ្មែរ​កម្ពុជា​ក្រោម ។

វិធានការ​របស់ សមាគម​ព្រះ​សង្ឃ​ ដែល​មាន​អាជ្ញាធរ​វៀតណាម ​នៅ​ពី​ក្រោយនេះ ​ទៅ​លើ​សាមណេរ យឿង ខាយ កើត​ឡើង​ស្រប​ពេល​ ដែល​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ (HRW) ចេញ​របាយការណ៍​សិទ្ធិ​មនុស្ស​សកល​ឆ្នាំ ២០២៣ ដែល​រក​ឃើញ​ថា វៀតណាម​កំពុង​បង្កើន​ការ​បង្ក្រាប​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ និង​អង្គការ​សង្គម​ស៊ីវិល ។ វៀតណាម ​ក៏​រឹតត្បិត​ការ​សំដែង​មតិ​ការ​បង្កើត​សមាគម​ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី ការ​ធ្វើ​ដំណើរ​និង​សាសនា ។

នាយករង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា រដ្ឋាភិបាល​វៀតណាម​បន្ត​ធ្វើ​ទុក្ខបុកម្នេញ និង​រើសអើង​ជា​ប្រព័ន្ធ​លើ​សហគមន៍​ខ្មែរ​ក្រោម​ ។ ​ទង្វើ​ទាំង​នោះ ​រួម​មាន​ការ​ឃុំ​ខ្លួន​ និង​សួរ​ចម្លើយ​យុវជន មេ​ដឹក​នាំ​សហគមន៍ និង​ព្រះ​សង្ឃ​ដែល​ហ៊ាន​សំដែង​មតិ​ ហើយ​ព្យាយាម​អនុវត្ត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ជា​មូលដ្ឋាន ។ រដ្ឋាភិបាល​វៀតណាម ក៏​តែងតែ​ជ្រៀតជ្រែក​ក្នុង​ប្រតិបត្តិ​ការ​ផ្ទៃ​ក្នុង​របស់​ពុទ្ធសាសនិក​ខ្មែរ​ក្រោម និង​ចង់​ត្រួតត្រា​ពួក​គេ បង្អាក់​ការ​អប់រំ​ជា​ភាសា​ខ្មែរ និង​ឃ្លាំមើល​ជា​លក្ខណៈ​ស្អប់​ខ្ពើម​លើ​មេ​ដឹក​នាំ​សហគមន៍​ខ្មែរ​ក្រោម ។ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បន្ត​ទៀត​ថា វា​គ្មាន​អ្វី​ចម្លែក​ទេ ដែល​ខ្មែរ​ក្រោម​ខឹង​នឹង​ទង្វើ​រំលោភ​បំពាន​របស់​រដ្ឋាភិបាល​វៀតណាម ។ វៀតណាម​គិត​ថា ខ្មែរ​ក្រោម​មិន​ស្មោះត្រង់​នឹង​វៀតណាម ដោយសារ​តែ​ពួក​គេ​ជា​ជនជាតិ​ខ្មែរ ។ លោក​ស្នើ​ឲ្យ​វៀតណាម​ គួរ​តែ​បញ្ឈប់​ជា​បន្ទាន់​នូវ​យុទ្ធនាការ​បៀតបៀន ទៅ​លើ​ខ្មែរ​ក្រោម ទម្លាក់​ការ​ចោទ​ប្រកាន់​បទ​ឧក្រិដ្ឋ លើ​សកម្មជន​ខ្មែរ​ក្រោម ដែល​ជាប់​ពន្ធនាគារ​ដោយសារ​ការ​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​ដោយ​សន្តិវិធី និង​ទទួល​ស្គាល់​អត្តសញ្ញាណ​សង្គម និង​វប្បធម៌​ខ្មែរ​ក្រោម ។ លោក​ក៏​ស្នើ​សហរដ្ឋ​អាមេរិក​សហភាព​អឺរ៉ុប និង​ដៃ​គូ​ពាណិជ្ជកម្ម និង​ម្ចាស់​ជំនួយ​សំខាន់ៗ ផ្សេង​ទៀត​ជា​មួយ​វៀតណាម គួរតែ​និយាយ​ជា​សាធារណៈ​អំពី​ស្ថានភាព​លំបាក​របស់​សហគមន៍​ខ្មែរ​ក្រោម ហើយ​ទាមទារ​ឱ្យ​ទីក្រុង​ហាណូយ​គោរព​សិទ្ធិ​របស់​ពួក​គេ ។ ពាក់ព័ន្ធ​នឹង​សាមណេរ យឿង ខាយ វិញ ព្រះអង្គ​បន្ត​គង់​នៅ​វត្ត មង្គល​បុរី​ទ្រនំ​សេក ​នៅ​ខេត្ត​លង់​ហោរ​នៅ​ឡើយ​មក​ទល់​នឹង​ថ្ងៃ​ទី ១៦ មករា ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សាមណេរ យឿង ខាយ ដើម្បី​សុំ​ប្រតិកម្ម​រឿង​វៀតណាម ​មិន​ទទួល​ស្គាល់​ព្រះអង្គ ជា​សង្ឃ​នៅ​ឡើយ​ទេ ប៉ុន្តែ សាមណេរ យឿង ខាយ សរសេរ​នៅ​លើ​ទំព័រ (Facebook) ថា ព្រះអង្គ​បួស​ជា​សង្ឃ​ស្រប​តាម​វិន័យ​ព្រះ​ពុទ្ធសាសនា ដោយ​មាន​ព្រះចៅ​អធិការ​វត្ត​ទទួល​ស្គាល់ ។ សាមណេរ យឿង ខាយ សរសេរ​បន្ត​ថា វត្ត​ខ្មែរ​ក្រោម ​កសាង​ដោយ​ដូនតា​ខ្មែរ​ក្រោម​ មិនមែន​ជា​សកម្ម​សិទ្ធិ​របស់​វៀតណាម​ នោះ​ទេ ។ សាមណេរ យឿង ខាយ កាល​ពីមុន​បួស​ជា​សកម្មជន​សិទ្ធិ​ការងារ​និង​សិទ្ធិ​មនុស្ស ។ ព្រះអង្គ​ធ្លាប់​វៀតណាម ​កោះ​ហៅ​ទៅ​សម្លុត​គំរាម​កំហែង​ប្រមាណ​ដប់​ដង និង​ផាក​ពិន័យ ដោយសារ​សកម្មភាព​បម្រើ​វិស័យ​សិទ្ធិ​មនុស្ស ។ សាមណេរ យឿង ខាយ បាន ​សម្រេច​ព្រះទ័យ​បួស ដើម្បី​បុព្វ​ហេតុ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ជន​ជាតិ​ខ្មែរ​ក្រោម​ ទៅ​ថ្ងៃ​អនាគត ៕