ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធខ្មែរកម្ពុជាក្រោម បន្តធ្វើយុទ្ធនាការទាមទារ សិទ្ធិសម្រេចវាសនាដោយខ្លួនឯង និងប្រឆាំងការរំលោភសិទ្ធិជនជាតិដើម ដែលបង្កឡើងដោយរដ្ឋាភិបាលវៀតណាម នៅឆ្នាំ ២០២២ នេះ ។ សហព័ន្ធសង្កេតឃើញថា កាលពីឆ្នាំ ២០២១ កន្លងទៅ ករណីរំលោភសិទ្ធិ និងចាប់ខ្លួនពលរដ្ឋខ្មែរក្រោម ដាក់ពន្ធនាគារ មានសភាពធ្ងន់ធ្ងរជាងឆ្នាំមុនៗ នៅពេលពិភពលោក កំពុងជាប់រវល់ ដោះស្រាយវិបត្តិជំងឺ កូវីដ (Covid 19) ។

សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបន្តសុំកិច្ចអន្តរាគមន៍ ពីសហរដ្ឋអាមេរិក (US) អូស្ត្រាលី (Australia) សហភាពអឺរ៉ុប (EU) និងអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ដើម្បីដាក់សំពាធលើរដ្ឋាភិបាលវៀតណាម ឲ្យគោរពសិទ្ធិជនជាតិដើម លុបបំបាត់ការរើសអើង និងឈប់ធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ។
ប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ៨ មករា ថា ទោះបីពិភពលោក កំពុងជួបវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ក៏សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបន្តយុទ្ធនាការតស៊ូមតិដោយអហិង្សា សម្រាប់ខ្មែរក្រោមរស់នៅលើទឹកដីកំណើត នៅឆ្នាំ ២០២២ នេះ ។ គម្រោងសម្រាប់ឆ្នាំ ២០២២ រួមមាន ការសិក្សាតាមគំរូប្រទេសមួយចំនួន ដែលទទួលបានសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង បន្តសុំធ្វើជាអ្នកសង្កេតការណ៍របស់គណៈកម្មាធិការអង្គការ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (ECOSOC) តាមដានការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព របស់អង្គការសហប្រជាជាតិ ដើម្បីធានាថា រដ្ឋាភិបាលវៀតណាម អនុវត្តគោលដៅនេះ ឲ្យស្មើភាពរវាងខ្មែរក្រោម និងជនជាតិវៀតណាម ។ សហព័ន្ធក៏នឹងជ្រើសរើសយុវជនខ្មែរក្រោម ធ្វើការងារស្ម័គ្រចិត្ត ដើម្បីតាមដានការអនុវត្តសន្ធិសញ្ញាអន្តរជាតិ ដូចជា សន្ធិសញ្ញាការពារសិទ្ធិកុមារ និងសន្ធិសញ្ញាផ្សេងទៀតរបស់រដ្ឋាភិបាលវៀតណាម ។ ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាបន្តទៀតថា យុទ្ធនាការចម្បងរបស់សហព័ន្ធនៅឆ្នាំនេះ គឺការធ្វើដំណើរឆ្ពោះទៅរកសិទ្ធិស្វ័យដោយខ្លួន នៅថ្ងៃអនាគត៖ «សហព័ន្ធខ្មែរកម្ពុជាក្រោម ក្រោយពីការប្រជុំកាលពីខែ ១២ ជាកិច្ចប្រជុំប្រចាំឆ្នាំហ្នឹង យើងមានផែនការជាច្រើនចំណុច ទីមួយគឺ សហការនឹងសហគមន៍អឹរ៉ុប និងបន្តការទំនាក់ទំនងជាមួយប្រទេសធំៗ ដែលមានពាណិជ្ជកម្មនឹងប្រទេសវៀតណាម ដើម្បីអំពាវនាវឲ្យប្រទេសទាំងអស់នោះ ដាក់គំនាបទៅលើរដ្ឋាភិបាលវៀតណាម ។ ទីពីរ សហព័ន្ធនឹងបន្តការស្រាវជ្រាវទៅប្រទេសមួយចំនួន ដែលទើបទទួលបានការសម្រេចវាសនាដោយខ្លួនឯងហ្នឹង សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងទៅសិក្សាបន្ថែមពីច្បាប់សិទ្ធិស្វ័យសម្រេចដោយខ្លួនឯង» ។
សហព័ន្ធខ្មែរកម្ពុជាក្រោម បន្តយុទ្ធនាការក៏ស្វិតស្វាញ នៅឆ្នាំនេះ ដោយសារតែកាលពីឆ្នាំ ២០២១ កន្លងទៅ សហព័ន្ធសង្កេតឃើញថា រដ្ឋាភិបាលវៀតណាម បានបន្តរំលោភសិទ្ធិមនុស្សពលរដ្ឋខ្មែរក្រោម យ៉ាងធ្ងន់ធ្ងរ ដោយសារតែពិភពលោក កំពុងដោះស្រាយជំងឺកូវីដ-១៩ ។ យ៉ាងហោចណាស់ ក៏មានខ្មែរក្រោមពីរនាក់ ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួនដាក់ពន្ធនាគារ និងជាច្រើននាក់ទៀតត្រូវបានវៀតណាម គំរាមកំហែងមិនឲ្យបញ្ចេញមតិរឿងជនជាតិដើម និងប្រវត្តិសាស្ត្របាត់បង់ទឹកដីខ្មែរក្រោម ។
អាជ្ញាធរវៀតណាម ខេត្តព្រះត្រពាំង កាលពីថ្ងៃទី ១៤ ខែតុលា បានចាប់ខ្លួនលោក ថាច់ រីន ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងប៉ះពាល់ទៅដល់កិត្តិយស អតីតមេដឹកនាំវៀតណាម» ។ បច្ចុប្បន្នវៀតណាម កំពុងដាក់ពន្ធនាគារលោក ដើម្បីរង់ចាំការកាត់ទោស ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បដិសេធការចោទប្រកាន់នេះ ហើយថា ការចាប់ខ្លួនលោក ថាច់ រីន នេះ គឺដោយសារតែលោកបានផ្សព្វផ្សាយចំណេះដឹងពីសិទ្ធិជនជាតិដើម ។ អាជ្ញាធរវៀតណាម កាលពីថ្មីៗ នេះ ក៏បានចាប់ខ្មែរក្រោមម្នាក់ទៀតឈ្មោះ ហ្វិន វ៉ាំង ឌែប ពីចោទជាប់ពាក់ព័ន្ធនឹងបាតុកម្មហិង្សាមួយ ។ មុនពេលចាប់ខ្លួន លោក ហ្វិន វ៉ាំង ឌែប ធ្លាប់បដិសេធថា លោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ លោកថា វៀតណាមចោទប្រកាន់លោក ដោយសារតែលោកបានចូលរួមសំដែងមតិរឿងថ្ងៃបាត់បង់ទឹកដី តាមបណ្ដាញសង្គមហ្វេសប៉ុក (Facebook) ។ បច្ចុប្បន្ន លោក ហ្វិន វ៉ាំងឌែប កំពុងជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ។ ចំណែកយុវជនខ្មែរក្រោម ជាច្រើនរូបផ្សេងទៀត ត្រូវបានអាជ្ញាធរវៀតណាម ផាកពិន័យជាច្រើនរយដុល្លារ រឿងនិយាយពីសិទ្ធិជនជាតិតាមបណ្ដាញសង្គម ។

ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន ថេរដីកា ការបង្ក្រាបលើសិទ្ធិសេរីភាពរបស់ខ្មែរក្រោមពីសំណាក់អាជ្ញាធរវៀតណាមនេះ គឺដោយសារតែវៀតណាមមានចេតនា បំបាត់ពូជសាសន៍ខ្មែរក្រោមនៅលើកទឹកដីកំណើត៖ «ប្រទេសវៀតណាមនៅតែបន្តការរំលោភសិទ្ធិមនុស្ស នៅលើទឹកដីកម្ពុជាក្រោម ចំពោះពលរដ្ឋកម្ពុជាក្រោម ។ នៅវៀតណាមឲ្យតែមានអ្នកណាមានគំនិតផ្ទុយនឹងវៀតណាម គឺរដ្ឋាភិបាលវៀតណាម មានការចោទប្រកាន់ ចំពោះពលរដ្ឋខ្មែរក្រោម ក៏ដូចជា យុវជនខ្មែរក្រោមនិងអ្នកការពារសិទ្ធិមនុស្សនៅលើទឹកដីកម្ពុជាក្រោម» ។
កាលពីខែធ្នូកន្លងទៅ សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការសិទ្ធិមនុស្ស (Human Rights Watch) បានអំពាវនាវដល់សហគមន៍អន្តរជាតិជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ និងឈប់ធ្វើទុក្ខបុកម្នេញជនជាតិដើម ។ សំណើនោះ ធ្វើឡើងក្នុងពេលរដ្ឋាភិបាលអូស្ត្រាលី និងវៀតណាម បានចាប់ផ្ដើមកិច្ចសន្ទនា លើកទី ១៧ ស្ដីពីបញ្ហាសិទ្ធិមនុស្ស ។
អង្គការសិទ្ធិមនុស្ស (Human Rights Watch) រកឃើញថា យ៉ាងហោចណាស់ក៏មានមនុស្សជាងមួយរយនាក់ កំពុងជាប់ពន្ធនាគារ ដោយសារតែការប្រើប្រាស់សិទ្ធិមូលដ្ឋាន និងការប្រើប្រាស់បណ្តាញសង្គម ។ វៀតណាមក្រៅពីធ្វើទុក្ខបុកម្នេញពលរដ្ឋខ្លួនឯង រដ្ឋាភិបាលកុម្មុយនិស្តមួយនេះ ក៏បានធ្វើទុក្ខបុកម្នេញជនជាតិដើមខ្មែរក្រោមផងដែរ ។ មន្ត្រីអង្គការ (Human Rights Watch) ថា វៀតណាមធ្វើបាបពលរដ្ឋខ្មែរក្រោម ដោយគ្មានពេលស្រាកស្រាន្តឡើយ ។ វៀតណាមបានគាបសង្កត់ខ្មែរក្រោម មិនឲ្យសំដែងមតិរឿង វប្បធម៌ជនជាតិដើម សិទ្ធិសាសនា និងគាបឲ្យខ្មែរក្រោម ទទួលយកនិងសម្របសម្រួលការរស់នៅតាមបែបជនជាតិវៀតណាម ទៀតផង ៕