យុវជន​ខ្មែរក្រោម ចូល​បំភ្លឺ​ជា​លើក​ទីពីរ រឿងចោទអាជ្ញាធរ​វៀតណាម ចែក​អំណោយ​ដោយ​ការរើសអើង

ដោយ ស៊ឺន ចែងចើន

យុវជន​ខ្មែរក្រោម​ម្នាក់ នៅ​ខេត្ត​ឃ្លាំង នៅ​រសៀល​ម៉ោង ២ ថ្ងៃទី ៣ ខែកក្កដា បាន​ចូលខ្លួន​ទៅ​បំភ្លឺ​ជា​លើក​ទីពីរ ករណី​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម ថា រើសអើង​ជាតិសាសន៍​រឿង​ចែក​ជំនួយ នៅក្នុង​រដូវ​កាល​នៃ​វិបត្តិ​កូ​វីដ​-១៩ ។ ការ​កោះហៅ​ទៅ​សាកសួរ​ជាបន្តបន្ទាប់ ក្រោយពី​យុវជន​ខ្មែរក្រោម​រូប​នោះ បាន​ហែកក្រដាស​កំណត់ហេតុ​មួយ​ច្បាប់​របស់​អាជ្ញាធរ ដែល​សួរចម្លើយ​លោក កាលពី​លើកទីមួយ ។

លិខិតកោះហៅយុវជនខ្មែរក្រោម យ៉ា​ញ់​ មិញ​ក្វាង ដោយអាជ្ញាយួនជាលើកទី ២
លិខិតកោះហៅយុវជនខ្មែរក្រោម យ៉ា​ញ់​ មិញ​ក្វាង ដោយអាជ្ញាយួនជាលើកទី ២

យុវជន​ខ្មែរក្រោម យ៉ា​ញ់ មិញ​ក្វាង នៅ​ភូមិ​ស្រឡូង ឃុំ​ជ្រោយ​ទឹម ស្រុក​បាយ​ឆៅ នៃ​ខេត្ត​ឃ្លាំង កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ នេះ បង្ហោះ​វីដេអូ​តាម​ហ្វេសប៊ុក ដោយ​សម្តែង​ការ​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​អំណោយ ឬប្រាក់ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ឲ្យបាន​ស្មើភាព​គ្នា និង​ដោយ​គ្មាន​ការរើសអើង​ជាតិសាសន៍ ។ លោក​អះអាង​នៅក្នុង​វីដេអូ​នោះ​ថា អាជ្ញាធរ​មូលដ្ឋាន​ជ្រើសរើស​អ្នក​ក្រីក្រ ដោយ​ប្រកាន់​ខ្មែរក្រោម និង​ជនជាតិ​វៀតណាម និង​មិនបាន​ជ្រើសរើស​អ្នកក្រ​ពិតប្រាកដ ដែ​លល​ក្នុង​នោះ ក៏​មានគ្រួសារ​លោក និង​គ្រួសារ​ខ្មែរក្រោម​ផ្សេងទៀត កំពុងតែ​ជួបប្រទះ​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង តែ​មិន​ទទួល​បាន​ជំនួយ ពី​អាជ្ញាធរ​វៀតណាម​ឡើយ ។ លោក​ថា អ្នក​នៅក្នុង​ភូមិ​របស់​លោក​ជាច្រើន​គ្រួសារ បាត់បង់​ចំណូល​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ ពេល​អាជ្ញាធរ​ចុះ​ចែក​អំណោយ បែរជាមិន​រដាក់​បញ្ចូល​ឈ្មោះ​របស់​ពួក​គាត់ ចូល​ទៅ​បញ្ជី​អ្នក​ក្រីក្រ ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​នោះ​ទេ ។ លោក​ចោទ​ពួក​អាជ្ញាធរ​មូលដ្ឋាន ថា បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ និង​រើសអើង​ជាតិសាសន៍​ខ្មែរក្រោម ដោយ​ចុះ​ស្រង់​យក​តែ​ឈ្មោះ​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ ។

ជុំវិញ​បញ្ហា​នេះ អាជ្ញា​ធរៀ​តណាម មិន​ត្រឹមតែ​មិន​ដោះស្រាយ​ជូន​ពលរដ្ឋខ្មែរ​ក្រោម​ក្រីក្រ នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ឲ្យបាន​ស្មើភាព​គ្នា​នោះ​ទេ កាលពី​ថ្ងៃទី ២៣ ខែមិថុនា អាជ្ញាធរ​វៀតណាម​នៃ​ខេត្ត​ឃ្លាំង បាន​កោះហៅ​យុវជន យ៉ា​ញ់ មិញ​ក្វាង សាកសួរ​អស់​ជាច្រើន​ម៉ោង រួច​ចោទប្រកាន់​លោក​ថា ជា​ជន​ក្បត់ជាតិ និង​បង្ខំឲ្យ​លោក​បញ្ឈប់​ថត​វីដេអូ រិះគន់​រដ្ឋាភិបាល​វៀតណាម តាមរយៈ​បណ្ដាញ​សង្គម និង​ផ្តល់​ព័ត៌មាន​ទៅ​ខ្មែរក្រោម នៅ​ក្រៅ​ស្រុក​ ពី​ភាព​មិន​ប្រក្រតី​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ដើរ​ស្រង់​ស្ថិតិ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជម្ងឺ​កូ​វីដ​-១៩ ឲ្យ​ទទួលអំណោយ​ពី​រដ្ឋាភិបាល ប៉ុន្តែ មានតែ​ឈ្មោះ​ពលរដ្ឋ​ជា​សាច់ញាតិ​របស់​ជនជាតិ​វៀតណាម ។

យុវជន​ខ្មែរក្រោម រូប​នេះ ឲ្យដឹង​ទៀត​ថា ក្រោយពី​សួរនាំ​រួច លោក​ត្រូវ​បាន​អាជ្ញាធរ​បង្ខំឲ្យ​ចុះហត្ថលេខា នៅក្នុង​លិខិត​កំណត់ហេតុ​មួយ​ច្បាប់ ដែល​សរសេរ​យ៉ាង​វែង​ពី​អាជ្ញាធរ​វៀតណាម ប៉ុន្តែ លោក​មិនដឹង​ពី​ខ្លឹមសារ​នៃ​កំណត់ហេតុ​នោះ​សរសេរ​ពី​អ្វី​នោះ​ទេ ដោយសារតែ​លោក​មិន​ចេះអក្សរ​វៀតណាម ។ លោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​អាន​ឲ្យ​លោក​ស្តាប់ ប៉ុន្តែ ពួកគេ​​មិនព្រម នៅពេល​នោះ លោក​បាន​ស្នើសុំ​ថត​លិខិត​កំណត់ហេតុ​នោះ តែ​អាជ្ញាធរ​​នៅ​តែ​មិន​អនុញ្ញាត​ ទើប​មានការ​ប្រទាញប្រទង់​គ្នា​រវាង​លោក និង​សមត្ថកិច្ច​នគរបាល​វៀតណាម ហើយក៏​បណ្តាល​ឲ្យ​លិខិត​នោះ រហែក​ដាច់​ចេញពី​គ្នា ។ លោក​បន្ថែម​ថា នៅពេល​នោះ លោក​បាន​ទាញ​ទូរស័ព្ទ ដើម្បី​ថត​សកម្មភាព ប៉ុន្តែ ក្រុម​សមត្ថកិច្ច​ទាំងនោះ បាន​នាំគ្នា​រត់គេច​ចេញពី​បន្ទប់​សួរចម្លើយ ទើប​លោក​ដើរចេញ​ពី​ការិយាល័យ​នគរបាល ហើយ​ធ្វើដំណើរ​មក​ផ្ទះ​វិញ ។

គិត​ត្រឹម​ម៉ោង ៦ ល្ងាច​នេះ វិទ្យុ​សំឡេង​កម្ពុជាក្រោម នៅ​ពុំ​ទាន់​អាច​ទាក់ទង​យុវជន យ៉ា​ញ់ មិញ​ក្វាង ដើម្បី​ចង់​ដឹង​ព័ត៌មាន​ម្អិ​ត ជុំវិញ​នៃ​ការសាកសួរ​ពី​អាជ្ញាធរ​នេះ បាន​នៅឡើយ​ទេ ដោយសារតែ​ហៅ​ទូរសព្ទ​ជាច្រើនលើក​មិន​ចូល (ប្រហែល​អាជ្ញាធរ​កំពុង​សាកសួរ​មិនទាន់​ចប់​) ។ វិទ្យុ​សំឡេង​កម្ពុជាក្រោម នឹង​តាមដាន​រឿង​នេះ និង​ធ្វើ​បច្ចុប្បន្នភាព​ជម្រាប​ជូន​ប្រិយមិត្ត​អ្នកអាន​ជាបន្តបន្ទាប់​…!!