ដោយ ស៊ឺន ចែងចើន
យុវជនខ្មែរក្រោម ដែលបានបង្ហោះវីដេអូ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយចោទថា អាជ្ញាធរវៀតណាម ចែកជំនួយឲ្យតែជនជាតិវៀតណាម នៅក្នុងរដូវកាលនៃវិបត្តិកូវីដ-១៩ ខណៈពលរដ្ឋខ្មែរក្រោម មានប័ណ្ណក្រីក្រ បែរជាមិនបានទទួលជំនួយផ្សេងៗ ពីអាជ្ញាធរមូលដ្ឋានឡើយ ។

យុវជនខ្មែរក្រោម ឈ្មោះ យ៉ាញ់ មិញក្វាង (Danh Minh Quang) នៅភូមិស្រឡូង ឃុំជ្រោយទឹម ស្រុកបាយឆៅ នៃខេត្តឃ្លាំង កាលពីពេលថ្មីៗ នេះ បានធ្វើការផ្សាយផ្ទាល់ (Live) នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន សម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ថាបានដើរស្រង់ស្ថិតិពលរដ្ឋរងគ្រោះដោយសារជម្ងឺកូវីដ-១៩ ឲ្យទទួលអំណោយពីរដ្ឋាភិបាលវៀតណាម មានតែឈ្មោះពលរដ្ឋជាសាច់ញាតិរបស់ជនជាតិវៀតណាម ប៉ុណ្ណោះ ។ រីឯពលរដ្ឋខ្មែរក្រោម ដែលមានជីវភាពក្រីក្រ និងជួបប្រទះទុក្ខលំបាក ពោលគឺជាជនរងគ្រោះពិតប្រាកដមិនបានទទួលទេ ។
ឆ្លើយតបការចោទប្រកាន់នេះ អាជ្ញាធរវៀតណាម បានលើកឡើពីមូលហេតុ ដែលពលរដ្ឋខ្មែរក្រោមទាំងនោះ មិនទទួលបានជំនួយ ដោយសារតែពួកគេ បានរួចចាកផុតពីភាពក្រីក្រ ។ ចំណែកឯប័ណ្ណក្រីក្ររបស់ពួកគេ ដែលអាជ្ញាធរចេញឲ្យនោះ ក៏ត្រូវបានលុបចោលរួចហើយដែរ ។
គួររំឮកផងដែរថា កន្លងមករដ្ឋាភិបានៃប្រទេសវៀតណាម បានបញ្ចេញកញ្ចប់ថវិកា សម្រាប់ជួយពលរដ្ឋរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ សម្រាប់រយៈពេល ៣ ខែ ខណៈរដ្ឋាភិបាលកំពុងដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំង នឹងការរាតត្បាតរបស់មេរោគ ។ ក្រៅពីនេះ វៀតណាម ក៏បានផ្តល់ទុនមូលនិធិ សម្រាប់ជួយដល់អាជីវកម្ម និងពលរដ្ឋ ដែលមិនអាចសងបំណុលធនាគារ និងបន្តប្រតិបត្តិការអាជីវកម្មខ្លួនបាន ក្រោមឥទ្ធិពលមេរោគកូវីដ-១៩ ផង ៕