ដោយ គឹម សាវតា
ស្ថាបនិក សមាគមកូនខ្មែរ ដើម្បីការអភិវឌ្ឍន៍ អះអាងថា ជំនួយទទួលពីសប្បុរសជន បានធ្លាក់ចុះ ដែលតម្រូវឲ្យក្រុមការងារ ត្រូវកាត់បន្ថយជំនួយដល់គ្រួសារក្រីក្រ និងជនរងគ្រោះខ្មែរក្រោម ដែល រង ផលប៉ះពាល់ ពីវិបត្តិនៃ ជំងឺកូវីដ-១៩ដែលធ្លាប់តែទទួលបានទៀងទាត់ ។ ការណ៍នេះ ធ្វើឲ្យជនរងគ្រោះ ដែលមានជីវភាពក្រីក្រជាច្រើនអាចប្រឈមមុខនឹងកង្វះស្បៀង ស្របពេល ជំងឺកូវីដ-១៩នៅប្រទេសវៀតណាម កំពុងរីករាលដាលខ្លាំង ហើយមានអ្នកជំងឺ ជាខ្មែរក្រោមមួយចំនួនបាន ស្លាប់ និងឆ្លងថ្មីផងដែរ ។

សមាគមកូនខ្មែរ ដើម្បីការអភិវឌ្ឍន៍ ដែលមានលោក ថាច់ កឿងជាប្រធានបានបង្កើតឡើង កាលពីខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណង ប្រមូលមូលនិធិជួយដល់ជនរងគ្រោះខ្មែរក្រោម ដែលកំពុងជួបទុក្ខលំបាក ។ បន្ទាប់ពីត្រូវបានបង្កើតឡើង សមាគមមួយនេះ បានធ្វើកិច្ចការមនុស្សធម៌ ដោយបានជួយទុគ៌តជន ដែលជាជនរងគ្រោះដោយគ្រោះមហន្តរាយ និងពលរដ្ឋខ្មែរក្រោម រងគ្រោះដោយជំងឺកូវីដ-១៩ ជាដើម។
តែទោះជាយ៉ាងណាដំណើរការបានមួយរយៈ សកម្មភាពបានថមថយទៅវិញ ដោយសារតែមិនសូវមានសប្បុរជនជួយ ស្របពេលដែលសមាជិកអង្គការមួយនេះ ដែលត្រូវបង់វិភាគទានជាប្រចាំក៏មិនសូវមានចំណូល ។
លោក ថាច់ កឿង ជាប្រធានសមាគមកូនខ្មែរ ដើម្បីការអភិវឌ្ឍន៍ បានប្រាប់វិទ្យុសំលេងកម្ពុជាក្រោម នៅថ្ងៃទី ១៩ ខែមករានេះ ថា សមាគមរបស់លោកទើបបង្កើតថ្មី ការផ្សព្វផ្សាយក៏មិនទាន់បានទូលំទូលាយ ធ្វើឲ្យជំនួយមនុស្សធម៌ ដែលទទួលបានមានចំនួនតិច ។ លោកបន្តថា កន្លងមកជំនួយមនុស្សធម៌ ដែលបានជួយដល់ ទុគ៌តជន ជនរងគ្រោះដោយគ្រោះមហន្តរាយ និងពលរដ្ឋខ្មែរក្រោម រងគ្រោះដោយជំងឺកូវីដ-១៩ គឺមួយភាគធំទទួលបានពីការបរិចាគរបស់សមាជិកសមាគមផ្ទាល់ ប៉ុន្តែ នៅពេលនេះ សមាជិកសមាគមមួយចំនួនក៏ខ្សត់ខ្សោយចំនូលធ្វើឲ្យ ជំនួយមនុស្សធម៌នេះហាក់ថយច្រើន ។
លោក ថាច់គឿង «ផលវិបាកបំផុតគឺថា យើងពិបាកឃោសនា ពីព្រោះសមាគមទើបបើកថ្មីថោ្មង ហើយណាមួយឃោសនាថវិកាមិនសូវបានច្រើន ដូច្នេះ យើងបន្តជួយកន្លែង ដែលបងប្អូនក្រីក្រហ្នឹងគឺបានតិច» ។
អ្នកស្រី ថាច់ អេះ អាយុ ៥៥ ឆ្នាំកើតរស់នៅ ឃុំបឹងរ៉ាយ ស្រុកថ្កូវ ខេត្តព្រះត្រពាំង បានប្រាប់វិទ្យុសំឡេង ថា អ្នកស្រីមានជំងឺខួរក្បាល និងហើមដៃ ហើមជើងមិនអាចដើរទៅណារួចនោះទេ ប៉ុន្តែ មួយរយៈចុងក្រោយនេះ សមាគមកូនខ្មែរ ដើម្បីការអភិវឌ្ឍន៍ បានជួយថវិកា និងអង្ករជាប្រចាំ បានធ្វើឲ្យអ្នកស្រីមានលទ្ធភាពខ្លះ ដើម្បីទៅពេទ្យព្យាបាល និងបានអង្ករ ដើម្បីធ្វើស្បៀងអាហារចិញ្ចឹមជីវិត ប្រសិនបើមិនមានជំនួយពីសមាគមកូនខ្មែរ ដើម្បីការអភិវឌ្ឍន៍ទេនោះ អ្នកស្រីគិតថា សុខភាពអ្នកស្រី និងកាន់តែចុះខ្សោយ អាចឈានទៅដល់បាត់បង់ជីវិតទៀតផង ។
អ្នកស្រី ថាច់ អេះ «ខ្ញុំកូនខ្ចី ខ្ញុំហើមហើយចុករោយ ហើមហើយដើរគ្មានរួចទេ ពីមុនមកដើរក៏មិនបានឆ្ងាយ វាសុទ្ធហ្នឹង វានឹងដី» ។
ការរងគ្រោះរបស់ខ្មែរក្រោមទាំងនេះ គឺស្របពេលដែលពលរដ្ឋខ្មែរក្រោម កំពុងរងគ្រោះដោយជំងឹ ដែលកំពុងវាយលុក ពេញពិភពលោក គឺជំងឺកូវីដ-១៩ផងដែរ ។

អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ចៅ សេរី សាទរចំពោះការស្វែងរកជំនួយមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះខ្មែរក្រោមនេះ ដោយលោកលើកឡើងថា ខណៈដែលវៀតណាម កំពុងតែវាយលុកខ្លាំងដោយជំងឺកូវីដ-១៩នេះ រដ្ឋាភិបាលវៀតណាម ក៏មានវិធានការជួយដល់ពលរដ្ឋខ្លួន ក៏ដូចជាពលរដ្ឋខ្មែរក្រោមផងដែរ ប៉ុន្តែ ជំនួយទាំងនោះមិនទាន់ឆ្លើយតបគ្រប់គ្រាន់ដល់ជនរងគ្រោះខ្មែរក្រោមឡើយ ដែលទាមទារឲ្យយុវជន ព្រះសង្ឃខ្មែរក្រោម បានចេញមុខអំពាវនាវជួយដល់ពលរដ្ឋខ្មែរក្រោមបន្ថែម ។ លោកបន្តថា លោកតែងតែអំពាវនាវឲ្យសប្បុរជននានា ជួយដល់ពលរដ្ឋខ្មែរក្រោម នៅដែនដីកំណើត ប៉ុន្តែ អ្វីដែលជាបញ្ហា គឺរដ្ឋាភិបាលវៀតណាម ចោទថា ជំនួយ ដែលជួយទៅជនរងគ្រោះនោះ គឺជាជំនួយនោះ គឺចែកក្នុងន័យនយោបាយ ។
លោក ចៅ សេរី «បងប្អូនយើងនៅខាងក្រៅស្រុកហ្នឹង បើថាមានអ្នកណាមានចិត្តធម៌ ជួយអាណិតអាសូរបងប្អូនយើង នៅក្នុងស្រុក សូមជួយផងព្រោះថា ពេលនេះ ជាពេលពិបាក យើងធ្វើពេលហ្នឹងបានវាមានន័យ ព្រោះថាបងប្អូនយើងក្នុងស្រុកពេលរដូវកូវីដហ្នឹង គឺពិបាកមែនទែន» ។
ជាមួយគ្នានេះ លោកចៅ សេរីក៏អំពាវនាវឲ្យជនរងគ្រោះ នៅដែនដីកម្ពុជា កុំច្រណែន ឬ អន់ចិត្តពីការចែកជំនួយសប្បុរសធម៌នេះ ព្រោះថា ក្រុមការងារមានតិចមិនអាចបានដឹងពីច្បាស់ពីជនរងគ្រោះអស់ ហើយពេលខ្លះចុះទៅចែកជំនួយ មានការរារាំងពីអាជ្ញាធរទៀតផង ៕