ពលរដ្ឋខ្មែរ​ក្រោម ចោទ​អាជ្ញាធរ​វៀតណាម​ខេត្ត​ឃ្លាំង​ថា រើសអើង​រឿង​ចែក​អំណោយ នៅក្នុង​រដូវ​កាល​នៃ​វិបត្តិ​កូ​វីដ​-១៩

ដោយ ស៊ឺន ចែងចើន

នៅ​ពេល​ថ្មី​ៗ អាជ្ញាធរ​ស្រុក​ម៉ី​ស្វៀ​ង (Mỹ Xuyên​) ដែល​ខ្មែរក្រោម​ហៅថា ស្រុក​បាយ​ឆៅ នៃ​ខេត្ត​ឃ្លាំង បាន​ចុះទៅ​ចែក​ជំ​នួយ​​ដល់​គ្រួសារ​ជនជាតិ​វៀតណាម ជួប​ការ​លំបាក​ក្នុង​ដំណាក់កាល​កូ​វីដ​-១៩ ។ ចំណែក​ពលរដ្ឋខ្មែរ​ក្រោម ជាង ១០ គ្រួសារ​អះអាង​ថា ខ្លួន​ពិតជា​គ្រួសារ​ក្រីក្រ និង​មាន​ប័ណ្ណ​ក្រីក្រ ប៉ុន្តែ បែរជា​មិនបាន​ទទួល​ជំនួយ​ផ្សេង​ៗ ពី​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ។ ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​នេះ ធ្វើឡើង​បន្ទាប់ពី​ពួក​គាត់​អត់មាន​ឈ្មោះ​ទៅ​ទទួល​ជំនួយ​របស់​រដ្ឋ នៅក្នុង​អំឡុង​ពេល​នៃ​ការ​ចុះ​ចែក​អំណោយ​ដល់​ជនរងគ្រោះ​ ដោយសារ​រង​ផល​ប៉ះពាល់​ដល់​ការងារ និង​មុខរបរ​របស់​ខ្លួន ក្នុង​ដំណាក់កាល​កើតមាន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ កាលពី​ពេល​ថ្មី​ៗ កន្លងទៅ​នេះ ។

យុវជន យ៉ា​ញ់ មិញ​ក្វាង (Danh Minh Quang​)
យុវជន យ៉ា​ញ់ មិញ​ក្វាង (Danh Minh Quang​)

ពលរដ្ឋ ១ គ្រួសារ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ជាង ១០ បាន​ធ្វើការផ្សាយផ្ទាល់ (Live) នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន ដើម្បី​សម្ដែង​ពី​ការ​កើតទុក្ខ​មិនសុខចិត្ត ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ដែល​មាន​ភាព​ខ្វះចន្លោះ ក្នុង​ការ​ចុះ​ចែក​អំណោយ និង​មានការ​រើសអើង​រវាង​ពលរដ្ឋខ្មែរ​ក្រោម និង​ពលរដ្ឋ​វៀតណាម ដោយ​លោក​អះអាង​ថា គ្រួសារ​លោក​ពិតជា​មាន​ជីវភាព​ក្រីក្រ និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ដទៃទៀត រស់នៅ​ក្នុង​ភូមិ​របស់​លោក កំពុងតែ​ជួបប្រទះ​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង តែ​មិន​ទទួល​បាន​អំណោយ ពី​អាជ្ញាធរ​វៀតណាម​ឡើយ ។

ថ្លែងប្រាប់​វិទ្យុ​សំ​ឡេ​កម្ពុជាក្រោម ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ ពី​ដែនដី​កម្ពុជាក្រោម ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រឡូង ឃុំ​ជ្រោយ​ទឹម ស្រុក​បាយ​ឆៅ នៃ​ខេត្ត​ឃ្លាំង លោក យ៉ា​ញ់ មិញ​ក្វាង (Danh Minh Quang​) មានប្រសាសន៍​ថា មូលហេតុ​ដែល​លោក​បង្ហោះ​វិ​ដេ​អូ នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក គឺ​ក្រុម​ប្រជាពលរដ្ឋ​នៅ​ភូមិ​របស់​លោក​ចង់​ឲ្យ​សំឡេង​របស់​ពួក​គាត់ បានឮ​ដល់ថ្នាក់ដឹកនាំ​នៃ​ប្រ​ទេស​​វៀតណាម ហើយ​ពិនិត្យមើល​ពី​ភាព​មិន​ប្រក្រតី​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​ធ្វើសកម្មភាព​ចុះ​ស្រង់​ឈ្មោះ និង​ការបែងចែក​ជំនួយ​ផ្សេង​ៗ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ឬអ្នក​ដែល​រងគ្រោះ​ដោយសារ​ជម្ងឺ​កូ​វីដ​ពិតប្រាកដ គឺ​ធ្វើឡើង​ដោយ​ពុំ​មាន​តម្លាភាព និង​ត្រឹមត្រូវ​ឡើយ ។ លោក​ថា ពួក​អាជ្ញាធរ​ចុះ​ស្រង់​ឈ្មោះ​​ពល​រដ្ឋ​នោះ ស្រង់​យក​តែ​ឈ្មោះ​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ ចំណែក​ពលរដ្ឋខ្មែរ​ក្រោម ដែល​មាន​ជីវភាព​ក្រីក្រ​ដែរ បែរជា​មិន​មានឈ្មោះ​ក្នុង​បញ្ជី ដើម្បី​ទទួល​បានជំនួយ​នោះ​ទេ​ ។

ជុំវិញ​បញ្ហា​នេះ ក្រុម​គ្រួសារ​ខ្មែរក្រោម ក៏បាន​នាំគ្នា​ទៅ​ធ្វើការ​តវ៉ា នៅ​ឯសាលា​ស្រុក​ម៉ី​ស្វៀ​ងដែរ ។ ប៉ុន្តែ អាជ្ញាធរ​វៀតណាម បាន​ឆ្លើយតប​ថា មូលហេតុ ដែល​ពលរដ្ឋខ្មែរ​ក្រោម​ទាំងនោះ មិន​ទទួល​បាន​ជំនួយ ក៏​ព្រោះតែ​ពួក​គេ បាន​រួចចាក​ផុត​ពី​ភាព​ក្រីក្រ ។ ចំណែក​ឯប័ណ្ណ​ក្រីក្រ​របស់​ពួក​គេ ដែល​អាជ្ញាធរ​ចេញ​ឲ្យ​នោះ ក៏​ត្រូវ​បាន​លុបចោល​ហើយ​ដែរ ។

គួរ​ជំរាប​ជូន​ថា រដ្ឋា​ភិ​បា​នៃ​ប្រទេស​វៀតណាម បាន​បញ្ចេញ​កញ្ចប់​ថវិកា សម្រាប់​ជួយ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ សម្រាប់​រយៈពេល ៣ ខែ ខណៈ​រដ្ឋាភិបាល​កំពុង​ដាក់ចេញ​វិធានការ​ជាបន្តបន្ទាប់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង នឹង​ការ​រាតត្បាត​របស់​មេរោគ ។ ក្រៅពី​នេះ វៀតណាម ក៏បាន​ផ្តល់​ទុន​មូលនិធិ សម្រាប់​ជួយ​ដល់​អាជីវកម្ម និង​ពលរដ្ឋ ដែល​មិន​អាច​សងបំណុល​ធនាគារ និង​បន្ត​ប្រតិបត្តិ​ការ​អាជីវកម្ម​ខ្លួន​បាន ក្រោម​ឥទ្ធិពល​មេរោគ​កូ​វីដ​-១៩ ផង ៕