សហគមន៍​​ខ្មែរ​​កម្ពុជាក្រោម ​​ទាមទារ​​ឲ្យសមត្ថកិច្ច​បង្ហាញ​​ទីតាំង ​​និង​​ដោះលែង​​អន្ទិត​ ប៉ាង សុដា

ដោយ យន់ សាមៀន | RFA Khmer

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ បន្ត​ទាមទារ​ឲ្យ​សមត្ថកិច្ច​បង្ហាញ​​ទីតាំង ​​និង​ដោះ​លែងអន្ទិត​ ប៉ាង​ សុដា​ ក្រោយ​ពេល​សមត្ថកិច្ច​ខេត្ត​កំពង់ចាម ​ចាប់​ឃុំ​ខ្លួន​និង​​ផ្សឹក​​តាំង​ពី​ថ្ងៃ​ទី​ ២ ​ខែកញ្ញា ។ ​សំណើ​នេះ ​ធ្វើ​ឡើង​ដោយ​សារតែ​អន្ទិត​ ប៉ាង​ សុដា បានចេញខ្លួន​មក​​អះអាង​​តាម​ប្រព័ន្ធ​ឃោសនា​របស់​លោក ​ហ៊ុន ​សែន​ ថា ​លោកបាន​ប្រព្រឹត្តកំហុស ហើយ​សុខចិត្ត​សឹក ។ ទោះបីជាយ៉ាងណា​ សហគមន៍​​ខ្មែរ​​កម្ពុជា​​ក្រោម ​​ចាត់​​ទុក​ថា ​​ការសារភាពនេះ ​ជា​ការរៀបចំ​​ និង​ធ្វើឡើង​ដោយ​បង្ខំ​ ។

ព្រះសុខុមញ្ញាណ ប៉ាង សុដា ព្រះសង្ឃ​ខ្មែរ​​ក្រោម មាន​ស្រុក​កំណើត​ នៅ​ខេត្ត​ឃ្លាំង​ កម្ពុជា​ក្រោម និង​ជា​ព្រះ​ចៅ​អធិការ​វត្ត វង្សគត​បុរី​សេរី​ភ្នំពេញ ខេត្ត​កំពង់ចាម ដែល​អាជ្ញាធរ​​ខេត្ត​នេះ​ ចាប់​ព្រះកាយ នៅ​ថ្ងៃ​ទី ២ ខែសីហា ឆ្នាំ ២០២១ ។ រូបៈ ហ្វេសប៊ុក នឹក​កម្ពុជាក្រោម
ព្រះសុខុមញ្ញាណ ប៉ាង សុដា ព្រះសង្ឃ​ខ្មែរ​​ក្រោម មាន​ស្រុក​កំណើត​ នៅ​ខេត្ត​ឃ្លាំង​ កម្ពុជា​ក្រោម និង​ជា​ព្រះ​ចៅ​អធិការ​វត្ត វង្សគត​បុរី​សេរី​ភ្នំពេញ ខេត្ត​កំពង់ចាម ដែល​អាជ្ញាធរ​​ខេត្ត​នេះ​ ចាប់​ព្រះកាយ នៅ​ថ្ងៃ​ទី ២ ខែសីហា ឆ្នាំ ២០២១ ។ រូបៈ ហ្វេសប៊ុក នឹក​កម្ពុជាក្រោម

អង្គការ​សមាគម​ខ្មែរកម្ពុជាក្រោម ​​នៅក្នុង និងក្រៅប្រទេស​ សំដែង​មន្ទិល​សង្ស័យ​ ចំពោះ​ការ​ចេញមុខ​មក​សារភាព​ពីកំហុស​ និងសុខ​ចិត្ត​សឹក​របស់​អតីត​​​ព្រះ​​​​ចៅ​​​អធិការ​​​វត្ត វង្ស​​គត​​​បុរី​​​សេរី​​ភ្នំពេញ​​ លោក​ ប៉ាង​ សុដា​ ក្រោយបាន​បាត់​ខ្លួន​ និង​ដំណឹង​អស់​រយៈ​ពេល​ ៥ ថ្ងៃ​​កន្លង​មក ។​ នាយក​​ប្រតិបត្តិ​​សហគមន៍​​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់​ សេដ្ឋា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា​ ការ​សារភាព​របស់លោក​ ប៉ាង​ សុដា តាម​បណ្តាញ​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន​ បានបង្កើតនូវ​ចម្ងល់ជាច្រើន ជុំវិញ​ការ​ឃាត់​ខ្លួនរបស់​លោក ប៉ាង​ សុដា ដោយសារ​តែ​កន្លង​មក​សមត្ថកិច្ច​ធ្លាប់អះអាង​ថា​ អន្ទិត ប៉ាង​ សុដា បាន​ល្មើស​បំរាម​វិធានការ​ទប់​ស្កាត់​ជំងឺ Covid-19 ប៉ុន្តែ លោក ប៉ាង​ សុដា បានសារភាព​ថា លោកមាន​កំហុសរឿង​មាន​ទំនាក់​ទំនងនឹង​មនុស្ស​ស្រី​ម្នាក់​ទៅ​វិញ៖ «យើង​មិន​ដឹង​ថា​ តើ​វា​មាន​អាថ៌​កំបាំង​ នៅ​ពី​ក្រោយ​ខ្នងកា​រចាប់បង្ខំក៏អ្វី​​មួយ ​យើងមិន​ទាន់​ដឹងដែរ​ ។ ​បើ​ថា​ រឿង​ពីល្មើស​ពី​វិន័យ ពេលគេចាប់​ខ្លួន​គេ​ធ្វើភ្លាម​ហើយ ។ គេ​មិន​ទុក​មក​ដល់​ថ្ងៃ​នេះ​ ទុក​ឲ្យ​ចេញ​សារភាព​តាម​វីដេអូ​ទេ ។ ខ្ញុំនៅ​តែ​ឆ្ងល់​មាន​អ្វីនៅ​ពី​ក្រោយ​ខ្នង ឬ​ការ​បង្ខិត​បង្ខំអី?» ។​

លោក ថាច់ សេដ្ឋា បាន​ស្នើឲ្យ​អាជ្ញាធរត្រូវ​ដោះលែងលោក ប៉ាង​ សុដា ឲ្យមាន​សេរីភាព​ឡើង​វិញ ​ដើម្បី​អង្គការ​សមាគមខ្មែរ​កម្ពុជាក្រោម ​អាចស្វែង​រកការពិត ​នៅ​ពី​ក្រោយ​ការ​ចាប់​ខ្លួន​នេះ​ ដោយ​សារ​តែ​មក​ទល់​ពេល​នេះ អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ មិនទាន់ដឹង​ទីតាំងរបស់លោក ប៉ាង​ សុដា នៅ​ឡើយ​ទេ ៖ «ខ្ញុំ​គិត​ថា មិន​គ្រប់គ្រាន់​ទេ ​គ្រាន់​តែការ​ថ្លែង​តាមវីដេអូ យើង​មិន​យកជា​ការបាន​ទេ ។ ​បើ​យើង​និយា​យ​គ្រាន់​តែ​ភាគី​ម្ខាង​តែ​ប៉ុណ្ណោះ យើង​ចង់​ស្តាប់​ចង់​លឺ​ពីការ​បក​ស្រាយ​របស់​អាជ្ញាធរ»​ ។​​

លោក ប៉ាង សុដា ត្រូវ​បាន​មន្រ្តី​សង្ឃ​ខេត្ត​កំពង់​ចាម ​២ អង្គ​ចាប់​ផ្សឹក បន្ទាប់មក​សមត្ថ​កិច្ច​ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន​ព្រះកាយ​មក​ភ្នំពេញ​ កាល​ពី​ថ្ងៃទី ២ ខែកញ្ញា ដោយ​ធ្វើ​ឡើង​យ៉ាង​តក់​ក្រហល់ ។ អាជ្ញាធរ​អះ​អាង​ថា ​ការ​ផ្សឹក​នោះ​ អនុវត្ត​តាម​ដីការ​បស់​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែល​ចេញ​ដីកាចាប់​ខ្លួន​ ដើម្បី​យក​ទៅ​សាក​សួរ​ជុំវិញ​បទ​ចោទ​ប្រកាន់​ល្មើស​វិធាន​ការ​ទប់​ស្កាត់ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​-១៩ ។ ទោះបីជាយ៉ាងណា ​កាលពីថ្ងៃទី ៧​ ខែកញ្ញា មិ្សលមិញ​ប្រព័ន្ធឃោសនា​​របស់​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​ឈ្មោះ ​(FreshNews) បានបង្ហាញ​វីដេអូ សារភាពរបស់លោក ប៉ាង សុដា​ ជាលើក​ដំបូងដោយក្រោយពេល​ចាប់​ខ្លួន ។ ក្នុងវីដេអូនោះ លោក ប៉ាង សុដា ពាក់​ម៉ាស់ខ្មៅ ​និង​ពាក់វ៉ែនតា​ខ្មៅ ហើយ​និយាយ​ថា លោកបាន ​ប្រព្រឹត្ត​អសីលធម៌ ​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា ។

ការសារ​ភាពនេះ ហាក់មិន​ស្រប​ទៅ​នឹង​ការ​អះអាង​របស់​មន្រ្តីសង្ឃជាន់ខ្ពស់ កាលពី​ថ្ងៃទី ៦ ខែកញ្ញា ដែល​ថា លោក ប៉ាង សុដា គ្មាន​កំហុស ហើយ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យបួស​ជា​សង្ឃ​វិញ​ហើយ ។​ ប្រធាន​លេខា​ធិការ​ដ្ឋាន​គណៈ​សង្ឃ​នាយកព្រះតេជព្រះគុណ ឃឹម សន មាន​ថេរ​ដីកាប្រាប់អាស៊ីសេរី កាលពីថ្ងៃចន្ទ ទី ៦ ខែកញ្ញាថា លោក​ ប៉ាង សុដា បាន​ស្នើ​សុំ​បួស​វិញ​ហើយ​ ព្រះអង្គ​ក៏​ព្រម​ឲ្យ​បួស​វិញ ឱ្យ​ស្រប​តាម​ធម្ម​វិន័យ​ព្រះ​ពុទ្ធ​សាសនា ។ ប៉ុន្តែ ព្រះអង្គ ឃឹម សន កាលពីថ្ងៃអង្គារ ទី ៧​ ខែកញ្ញា មិ្សលមិញ បែរជា​ថា លោក ប៉ាង ​សុដា សឹក​ដោយ​ខ្លួន​ឯង​វិញ ៖ «ចង់​និយាយ​ថា គាត់បួស​ដោយ​ខ្លួន​ឯង គាត់​ដោះស្បង់​ចីវរ ​ក៏​ដោយ​ខ្លួន ។ ពី​ថ្ងៃហៅ​មក​អាត្មា​សួរ​ថា ហេតុអ្វី​មាន​បញ្ហា​អីថា​ មិន​ចង់​នៅ​ទ្រទ្រង់​ភេទ​ជា​អ្នក​បួស​ព្រោះ​មាន​បញ្ហា​ខ្លួន​ឯង​ខ្លះៗ» ។

អាស៊ីសេរី​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​លោក អ៊ី រិន ដើម្បី​សុំ​ការ​ការ​បញ្ជាក់​បន្ថែម ​ជុំវិញ​រឿង​នេះ​ បាន​នៅឡើយទេ ។

ពាក់ព័ន្ធនឹងការសារភាពនេះ នាយក​អន្តរ​សាសនា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​និង​ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​ក្រោម ​អាម៉េរិកាំង​ខាង​ជើង ព្រះភិក្ខុ ធីធី​ធម្មោ មាន​ថេរដីកា​ថា ការសារភាព​របស់​លោក ប៉ាង សុដា ជាការ​រៀបចំ​ទុក​មុន និង​ដោយ​បង្ខំ ។ ព្រះអង្គបន្តថា ប្រសិន​បើ​អាជ្ញាធរ​មាន​ភស្តុតាង​ ត្រូវ​បាន​បង្ហាញ​ចេញ​ជា​សាធារណៈ​ ដើម្បីបំបាត់​មន្ទិល​សង្ស័យ ៖ «ទូរស័ព្ទមក​ហើយ​គាបសង្កត់​គាត់​សារភាព ហើយ​បង្ខំគាត់​ឲ្យ​និយាយ​តែ​ម្តង​ ។ ទីពីរ​គាត់​ឋិត​នៅ​ការឃុំគ្រង​របស់​អាជ្ញាធរអាជ្ញាធរ ​បង្ខំ​ឲ្យ​គាត់​និយាយ​អ្វី ដែលគាត់​មិន​ចង់​និយាយ» ។​​

លោក​គ្រូ ប៉ាង សុដា ប្រសូត​កាល​ពី ឆ្នាំ១៩៦៨ នៅ​ស្រុក​តាវិច ខេត្តឃ្លាំង ។ ព្រះ​អង្គ​ បានទទួល​តួនាទី​ជា​ព្រះ​ចៅ​អធិការ​វត្ត វង្ស​គត​បូរីសេរី​ភ្នំពេញ​ថ្មី នៅ​ស្រុក​ចំការ​លើ ​ខេត្ត​កំពង់​ចាម​ តាំង​ពីឆ្នាំ ១៩៩៥ ​មក​ទល់​សព្វថ្ងៃ ។ ក្រៅ​ជា​ចៅ​អធិការ​វត្ត​ ព្រះ​អង្គជា​ទីប្រឹក្សា​ និង​ធម្ម​ទូត​សម្តេច​ព្រះសង្ឃ​រាជ នន្ទ ង៉ែត ​ទៀត​ផង ។

អតីត​​​ព្រះ​​​​ចៅ​​​អធិការ​​​វត្ត វង្ស​​គត​​​បុរី​​​សេរី​​ភ្នំពេញ លោក ប៉ាង សុដា តែង​តែ​ជួយ​សកម្ម​ភាព​សង្គម ដូច​ជា ​ឧបត្ថម្ភ​ថវិកា ស្បៀង​អាហារ និង​សម្ភារៈ ដល់​ពលរដ្ឋ​ក្រីក្រ និង​រង​គ្រោះ​ដោយ​សារ​ជំងឺ​កូវីដ-១៩ ។ លើស​ពី​នេះ​ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ តាម​រយៈ​ធ្វើ​ការ​ងារ​ជា​មួយ​នឹង​អង្គ​ការសមាគម​ខ្មែរ​កម្ពុជាក្រោម និង​កម្ម​វិធី​មនុស្ស​ធម៌​នានា ៕