ដោយ ស៊ឺន ចែងចើន
ពលរដ្ឋខ្មែរក្រោមមួយគ្រួសារ មានសមាជិក ៦ នាក់ ដែលរងគ្រោះក្នុងទំនាស់ដីធ្លីជាមួយអាជ្ញាធរវៀតណាម ខេត្តក្រមួនស ហើយបានប្ដូរឈ្មោះមកជាខេត្តកៀងយ៉ាង កាលពីរាត្រីថ្ងៃទី ៧ មិថុនា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចាប់ខ្លួន វាយខ្នោះដៃ រួចហើយបញ្ជូនទៅសាលាឃុំភូមី ឬឃុំប៉ប្រក់ ដោយមិនប្រាប់មូលហេតុ ។ សមាជិកគ្រួសារជាជនរងគ្រោះម្នាក់ ក្នុងចំណោមមនុស្ស ៥ នាក់ ដែលត្រូវបានដោះលែងត្រឡប់ផ្ទះវិញ ក្រោយចាប់ខ្លួនអស់រយៈពេលជាង ២ ម៉ោងនោះ ឲ្យដឹងថា សមត្ថកិច្ចនៅមិនទាន់ដោះលែងបងប្រុសបង្កើតរបស់ខ្លួនឲ្យមានសេរីភាពវិញនៅឡើយទេ ។

ពីដែនដីកម្ពុជាក្រោម អ្នកស្រី ហ្វិន ធីហូវ ដែលត្រូវជាប្អូនស្រីបង្កើតរបស់ លោក ហ្វិន យ៉ាងដៀប មានប្រសាសន៍ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ថា នៅយប់ថ្ងៃទី ៧ មិថុនា ខណៈអ្នកស្រី កំពុងបំបៅដោះកូន ស្រាប់តែកម្លាំងសមត្ថកិច្ចចម្រុះរបស់អាជ្ញាវៀតណាម ប្រមាណ ៥០ នាក់ បានសម្រុកចូលដល់ក្នុងផ្ទះ ចាប់ខ្លួនប្តីអ្នកស្រី និងអ្នស្រី រួមទាំងសមាជិកគ្រួសារ ៤ នាក់ផ្សេងទៀត ទាំងដែលអ្នកខ្លះ កំពុងតែដេកលង់លក់ទៅហើយនោះ ។
ស្ត្រីកូនខ្ចីអាយុជាង ១ ខែ រូបនេះ បន្តថា សមត្ថកិច្ចបានប្រើវិធីហិង្សា ដោយចាប់វាយខ្នោះដៃ និងអូសពួកគាត់បង្ខំឲ្យឡើងឡាន រួចយកទៅសួរចម្លើយ នៅសាលាឃុំភូមី ។ អ្នកស្រី មានប្រសាសន៍ដោយបញ្ជាក់បន្ថែមថា ខណៈក្រុមនគរបាល កំពុងនាំពួកគាត់ទៅសួរចម្លើយ ស្រាប់តែមានទូរស័ព្ទបញ្ជាពីថ្នាក់លើ ប្រាប់ឲ្យដោះលែងពួកគាត់ចំនួន ៥ នាក់ លើកលែងតែបងប្រុសបង្កើតរបស់អ្នកស្រី ដែលគេបញ្ចូនទៅសួរនាំបន្ត នៅសាលាស្រុក យ៉ាង ថាញ់ (Giang Thành) ។
គួរជម្រាបជូនថា ការចាប់ខ្លួន លោក ហ្វិន យ៉ាងដៀប នេះ ធ្វើឡើងក្រោយពីលោករួមជាមួយ នឹងភូមិប៉ប្រក់ ឃុំប៉ប្រក់ ស្រុកកៀងលឿង ខេត្តក្រមួនស កាលពីថ្ងៃទី ៥ ខែឧសភា បានបើកអេស្កាវ៉ាទ័រ ដើម្បីរារាំងអាជ្ញាធរវៀតណាម ប្រដាប់ដោយអាវុធជាច្រើនរយនាក់ បានចុះទៅហាមឃាត់ និងរឹបអូសយកដីជាង ៣០០០ ហិកតា ។ ប៉ុន្តែ ពលរដ្ឋខ្មែរតវ៉ាជំទាស់រហូតផ្ទុះជាអំពើហិង្សា និងបណ្ដាលឲ្យពលរដ្ឋខ្មែរក្រោម ជាង ១០ នាក់រងបួសធ្ងន់ និងស្រាល ។ ពលរដ្ឋខ្មែរក្រោមឲ្យដឹងថា ពួកគេបានអាស្រ័យផលលើដីនោះ តាំងពីអំឡុងឆ្នាំ ១៩៧៣ មកម៉្លេះ ប៉ុន្តែអាជ្ញាធរវៀតណាមមិនព្រមធ្វើប័ណ្ណកម្មសិទ្ធិឲ្យនោះទេ ៕ អត្ថបទៈ ស៊ឺន ចែងចើន