ដោយ ស៊ឺន ចែងចើន
ប្រជាពលរដ្ឋខ្មែរក្រោមមួយគ្រួសារ នៅខេត្តព្រះត្រពាំង ចោទអាជ្ញាធរថា រារាំងពួកគាត់មិនឲ្យធ្វើបុណ្យទាន ។ ការហាមនោះ ធ្វើឡើង គឺបន្ទាប់គ្រួសារខ្មែរក្រោមនោះ គ្រោងនឹងប្រារព្ធពិធីបុណ្យចម្រើនជន្មានយុជូនម្តាយរបស់ខ្លួន និងប្រារព្ធពិធីរំឭកខួបមួយឆ្នាំ ដែលរបបអាណានិគមយួន បានប្លន់យកដីកេរដូនតារបស់គាត់ផង ។

អាជ្ញាធរយួន នៅថ្នាក់មូលដ្ឋានប្រមាណជាង ១០ នាក់ បានចុះមកមើលដោយផ្ទាល់ នៅទីតាំងផ្ទះរបស់គ្រួសាសារខ្មែរក្រោម ដែលកំពុងរៀបចំសង់រោងបុណ្យចម្រើនព្រះជន្មជូនម្តាយរបស់ពួកគាត់ នៅព្រឹកថ្ងៃទី១០ ខែមិថុនា និងបានធ្វើកំណត់ហេតុដោយមិនអនុញ្ញាតឲ្យធ្វើពិធីនេះបានឡើយ។
លោក ថាច់ ញ៉ឹក នៅភូមិផ្នោលើ ឃុំដំបូកបី ស្រុកផ្នោដាច់ នៃ ខេត្តព្រះត្រពាំង អះអាងថា ទង្វើរបស់អាជ្ញាធរយួនមានចេតនាបំបិទសិទ្ធិពលរដ្ឋខ្មែរក្រោម មិនឲ្យគោរពប្រតិបត្តិខាងជំនឿសាសនា។ លោក ថាច់ ញ៉ឹក បញ្ជាក់ថា ធ្លាប់ធ្វើលិខិតស្នើសុំអនុញ្ញាតធ្វើពិធីបុណ្យចម្រើនជន្មានយុជូនម្តាយរបស់លោកដែរ កាលពីថ្ងៃទី ៤ ខែមិថុនា ហើយមេភូមិក៏បានអនុញ្ញាតដែរ តែតម្រូវឲ្យលោកត្រូវឆ្លងអាជ្ញាធរឃុំ ក៏ប៉ុន្តែ ត្រូវបានផ្អឹបទុកសំណើនោះ ត្រឹមមេឃុំទៅវិញ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២២ អាជ្ញាធរនៃរបបអាណានិគមយួន បានដាក់ពង្រាយកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ បញ្ជាឱ្យគ្រឿងចក្រឈូសឆាយដី និងគាស់កកាយរំលោភបំពានសិទ្ធិលំនៅឋានរបស់លោក ថាច់ ញ៉ឹក ដែលជាម្ចាស់ដី ។ នៅក្នុងពេលជាមួយគ្នានោះ លោក ថាច់ ញ៉ឹក បានប្រកាសសុខចិត្តស្លាប់ នៅមុខកង់គ្រឿងចក្រឈូសឆាយដី ដោយមិនព្រមចាកចេញពីដីរបស់ខ្លួនជាដាច់ខាត ទើបអាជ្ញាធរ វៀតណាម ដកថយចេញពីដី ដែលកំពុងប្រឈមមុខដាក់គ្នា ។ លោក ថាច់ ញ៉ឹក បានអះអាងទៀតថា របបកុម្មុយនិស្តយួន ទើបតែមកបង្កើត និងចូលកាន់កាប់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ទេ តែទឹកដីកេរដូនតារបស់គាត់ មានរាប់ពាន់ឆ្នាំមកហើយ មិនគួរណារបបនេះ មករំលោភបំពានប្លន់យកដីរបស់គាត់ដូច្នោះឡើយ ៕