ដោយ ស៊ឺន ចែងចើន
នៅថ្ងៃទី ២២ ខែមេសាសប្តាហ៍នេះ គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ដឹកនាំដោយលោក ប្រាក់ សេរីវុឌ្ឍ ប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជួបមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក និងមន្ត្រីគណៈកម្មការរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីសេរីភាពសាសនាអន្តរជាតិ (USCIRF) នៅរដ្ឋធានីវាស៊ីនតោនឌីស៊ី ដើម្បីជំរាបអំពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាក្រោម ។

នៅក្នុងកិច្ចជំនួបនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានជម្រាបជូននូវរបាយការណ៍សំខាន់ៗ ដែលទាក់ទិន នឹងរដ្ឋាភិបាលយួនកំពុងធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ជូនដល់មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ឲ្យជួយធ្វើអន្តរាគមន៍ និងដាក់គំនាបទៅរដ្ឋាភិបាលយួនឲ្យគោរពសិទ្ធិមនុស្សខ្មែរក្រោម និងសេរីភាពជំនឿសាសនារបស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ស្រុកជនជាតិដើម ។ ក្រៅពីនេះ ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានស្នើទៅក្រសួងការបរទេសសហរដ្ឋអាមេរិក ឲ្យជួយលើកយកបញ្ហាសិទ្ធិមនុស្ស ដែលរដ្ឋាភិបាលវៀតណាម បានរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោម ទៅជជែកជាមួយរដ្ឋាភិបាលវៀតណាម នៅក្នុងកិច្ចសន្ទនា ស្ដីពីសិទ្ធិមនុស្សប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងប្រទេសវៀតណាម (U.S.-Vietnam Human Rights Dialogue) ដែល នឹងធ្វើឡើងនៅខែឧសភាខាងមុខនេះ ។ បន្ថែមពីលើនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានស្នើសុំរដ្ឋាភិបាលសហរដ្ឋអាមេរិក ឲ្យជួយអន្តរាគមន៍ទៅស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ ដើម្បីជួយសម្របសម្រួលឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជាសមាជិកពេញសិទ្ធិនៃគណៈកម្មការអង្គការក្រៅរដ្ឋាភិបាលក្នុងនាមជាអ្នកផ្ដល់យោបល់ ដល់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា ECOSOC នៅក្នុងខែឧសភានេះផងដែរ ។
គួរជម្រាបជូនថា គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលចូលជួបមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនោះ រួមមាន លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម លោក លោក ត្រឹង ម៉ាន់ រិន្ទ ប្រធានផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងលោក វ៉ាង យឿង មន្ត្រីទំនាក់ទំនងសាធារណៈនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។

បន្ទាប់ពីការជួបធ្វើសវនាការជាមួយ នឹងមន្ត្រីក្រសួងការបរទេសរួចមក ។ នៅថ្ងៃទី ២៣ មេសា គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានចូលទៅការិយាល័យវិទ្យុអាស៊ីសេរី (RFA) និងការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ដើម្បីធ្វើបទសម្ភាសន៍ អំពីលទ្ធផលនៃការជួបមន្ត្រីសិទ្ធិមនុស្សអន្តរជាតិ និងរាយការណ៍ អំពីសកម្មភាពថ្មីៗ នៅលើឆាកអន្តរជាតិ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងស្ថានភាពសិទ្ធិមនុស្ស នៅដែនដីកម្ពុជាក្រោម ។
សូមជំរាបថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមប្រជុំវេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិ ផ្នែកជនជាតិដើម (UNPFII) នៅបូរីញូវយ៉ក ជារៀងរាល់ឆ្នាំ និងជាសមាជិកពេញសិទ្ធិរបស់អង្គការ UNPO និងជាសមាជិកអង្គការសហប្រជាជាតិផ្នែកព័ត៌មានសាធារណៈ (UNPDI) ព្រមទាំងសមាជិក គណបក្សចម្រុះជាតិសាសន៍ (TRP) នៅទ្វីបអឺរ៉ុបជាដើម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើចលនាតស៊ូដោយផ្អែកលើគោលការណ៍អហិង្សា ដើម្បីទាមទារឲ្យរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម គោរពសិទ្ធិពលរដ្ឋខ្មែរក្រោមជាជនជាតិដើម នៃដែនដីកម្ពុជាក្រោម ៕