សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្ដល់ពានរង្វាន់សិទ្ធិមនុស្សកម្ពុជាក្រោម ដល់សកម្មជនខ្មែរក្រោម ១៤ រូប

ដោយ ថាច់ ប្រីជា គឿន

សហហព័ន្ធខ្មែរកម្ពុជាក្រោម នឹងផ្ដល់ “ពានរង្វាន់សិទ្ធិមនុស្សកម្ពជាក្រោម” ឆ្នាំ ២០១៦ ដល់សកម្មជនខ្មែរក្រោម ដែលធ្លាប់ និងកំពុងតែជាប់គុកយួន ដោយសារតែមានសេចក្ដីក្លាហានហ៊ានប្រើប្រាស់សិទ្ធិរបស់ ខ្លួនក្នុងនាមជាជនជាតិដើម នៅដែនដីកម្ពុជាក្រោម ។ ការផ្ដល់នេះ នឹងធ្វើឡើងនៅក្នុង សន្និបាត ប្រចាំ ឆ្នាំ ២០១៦ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងប្រព្រឹត្តទៅ នៅទីក្រុង Las Vegas រដ្ឋ Neveda សហរដ្ឋអាមេរិក នាថ្ងៃទី ១៣, ១៤ និង ១៥ ខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ ។

អាជ្ញាធរបក្សកុម្មុយនិស្តវៀតណាម ដាក់ខ្នោះជើង លោក ចៅ ហេន នៅក្នុងមន្ទីរពេទ្យយួនក្នុងខេត្តមាត់ជ្រូក ពេលលោកកំពុងព្យាបាលជំងឺ ដោយសុខភាពទ្រុឌទ្រោមនៅក្នុងគុក ។
អាជ្ញាធរបក្សកុម្មុយនិស្តវៀតណាម ដាក់ខ្នោះជើង លោក ចៅ ហេន នៅក្នុងមន្ទីរពេទ្យយួនក្នុងខេត្តមាត់ជ្រូក ពេលលោកកំពុងព្យាបាលជំងឺ ដោយសុខភាពទ្រុឌទ្រោមនៅក្នុងគុក ។

យោងតាម លិខិតនិមន្ត និងអញ្ជើញ ចំពោះម្ចាស់ពានរង្វាន់សិទ្ធិមនុស្សកម្ពុជាក្រោម ចុះថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៧ របស់ អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ វៀន មកទទួលពានរង្វាន់នេះ បានបញ្ជាក់ថា សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ដែលសហព័ន្ធខ្មែរកម្ពុជាក្រោមសម្រចជ្រើសរ់ើសផ្ដល់ពានរង្វាន់ ឆ្នាំ ២០១៦ នេះ មានចំនួន ១៤ អង្គ និងរូប ។

លិខិតអញ្ជើញ និងនិមន្តនេះ  មានសេចក្ដីថា៖

“គណៈកម្មការរៀបចំ សន្និបាត ប្រចាំឆ្នាំ ២០១៦ នៃសហហព័ន្ធខ្មែរកម្ពុជាក្រោម នឹងផ្ដល់ ពានរង្វាន់សិទ្ធិមនុស្សកម្ពុជាក្រោម ឆ្នាំ ២០១៦ ដល់សកម្មជនសិទ្ធិមនុស្ស កម្ពុជាក្រោម ចំនួន ១៤ អង្គ និង រូប ដែលជាអ្នកធ្លាប់ត្រូវរដ្ឋាភិបាលយួនចាប់ដាក់គុក ព្រោះតែមានសេចក្ដីក្លាហានហ៊ានក្រោកឡើងតវ៉ាដើម្បីការពារផលប្រយោជន៍ជាតិ និង សិទ្ធិមនុស្សជូនប្រជាជាតិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។

សកម្មជនដែលបានទទួល ពានរង្វាន់សិទ្ធិមនុស្សកម្ពុជាក្រោម ឆ្នាំ ២០១៦ រួមមាន ព្រះតេជព្រះគុណ ថាច់ ធឿន, ព្រះតេជព្រះគុណ លីវ នី, លោក ត្រា វណ្ណ ថា, លោក ថាច់ ភូមិឫទ្ធ, លោក ថាច់ លីភោ, ព្រះតេជព្រះគុណ ទឹម សាខន, លោក ចៅ ហេន, ព្រះតេជព្រះគុណ យ័ញ តូន, ព្រះតេជព្រះគុណ គឹម មឿន, លោក លី សឿង, លោក លី ហ្វាង, លោក ថាច់ ធឿង , លោក វិន បា និង លោក លី ចិន្ដា

អាស្រ័យហេតុនេះ គណៈកម្មការរៀបចំសន្និបាត ប្រចាំឆ្នាំ ២០១៦ នៃសហព័ន្ធ ខ្មែរកម្ពុជា ក្រោម សូមគោរពនិមន្ត និងអញ្ជើញ ព្រះតេជព្រះគុណ និងលោកអ្នកដែល មានរាយនាមខាងលើដែលជាម្ចាស់ពានរង្វាន់ សូមនិមន្ត និងអញ្ជើញទៅទទួល ពាន រង្វាន់សិទ្ធិមនុស្សកម្ពុជាក្រោម នៅក្នុងសន្និបាតប្រចាំឆ្នាំ ២០១៦ នៃសហព័ន្ធខ្មែរកម្ពុជា ក្រោម ដែលយើងខ្ញុំនឹងរៀបចំនៅទីក្រុង LAS VEGAS រដ្ឋ NEVADA សហរដ្ឋអាមេរិក ចាប់ពីថ្ងៃ ទី ១៣, ១៤, ១៥ ខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ ។

ដំណើរនិមន្ត និងការអញ្ជើញចូលរួមសន្និបាត ប្រចាំឆ្នាំ ២០១៦ នៃសហព័ន្ធខ្មែរ កម្ពុជាក្រោមរបស់ ព្រះតេជព្រះគុណ និង លោកអ្នកដែលជាម្ចាស់ពានរង្វាន់ ឆ្នាំ ២០១៦ នេះ ជាកិត្តិយសមួយដ៏ធំសម្រាប់ជាតិ និងសហព័ន្ធខ្មែរកម្ពុជាក្រោម ។”

ខាងក្រោមនេះ ជាប្រវត្តិ នៃម្ចាស់ “ពានរង្វាន់សិទ្ធិមនុស្សកម្ពុជាក្រោម” ឆ្នាំ ២០១៦ ទាំង ១៤ អង្គ និង រូប៖

ព្រះសង្ឃ ២ អង្គ និង ពលរដ្ឋ ២ រូប នៃ វត្តសិរីតាសេក ស្រុកជ្រោយញ ខេត្តឃ្លាំង៖

នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ តុលាការខេត្តឃ្លាំង នៃបក្សកុម្មុយនិស្តវៀតណាម បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស ព្រះសង្ឃ ២ អង្គ និង ពលរដ្ឋខ្មែរក្រោម ២ រូបឲ្យជាប់គុកម្នាក់ៗពី ២ ទៅ ៦ ឆ្នាំ ពីបទ “ចាត់តាំងនាំមនុស្សចេញទៅក្រៅប្រទេស” និង ” ទទួលប្រាក់ពីសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីចាត់តាំងប្រឆាំងរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម” ។

ព្រះសង្ឃ ២ អង្គ និង ពលរដ្ឋខ្មែរក្រោម ២ រូប ត្រូវតុលាការយួន ខេត្តឃ្លាំង កាត់ទោស នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។
ព្រះសង្ឃ ២ អង្គ និង ពលរដ្ឋខ្មែរក្រោម ២ រូប ត្រូវតុលាការយួន ខេត្តឃ្លាំង កាត់ទោស នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។

សាលក្រមនេះ បានសម្រេចផ្ដន្ទាទោស ព្រះតេជព្រះគុណ ថាច់ ធឿន (Thach Thuol) ឲ្យជាប់ ពន្ធនាគារ ៦ ឆ្នាំ, ព្រះតេជព្រះគុណ លីវ នី (Lieu Ny) ឲ្យជាប់ពន្ធនាគារ ៤ ឆ្នាំ,  លោក ថាច់ ភូមិឫទ្ធ (Thach Phum Rich) ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “ភៀសខ្លួនទៅប្រទេស ក្រៅដើម្បីប្រឆាំងរដ្ឋាភិបាល” និង លោក ត្រា វណ្ណ ថា (Tra Quanh Tha) ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ  ពីបទ “ចាត់តាំងនាំ មនុស្សរត់ចេញទៅប្រទេសក្រៅ” ។

យោងតាមការចោទប្រកាន់ពីមន្ទីរស៊ើបអង្កេតនៃបក្សកុម្មុយនិស្តយួន (VKSND) បានចោទជនទាំង ៤ រូបនេះ ថា បានជឿតាមការឃោសនាពីសំណាក់មនុស្សអាក្រក់នៅក្រៅប្រទេស ដោយ ព្រះតេជ ព្រះគុណ លីវ នី និង ថាច់ ធឿន បានធ្វើសកម្មភាពឃោសនា បំផុសបំផុល ថ្កោលទោស និងបំបែក បំបាក់កម្លាំងសាមគ្គីជនជាតិនៅក្នុងប្រទេសវៀតណាម ។ យោងតាមភស្តុតាងដែលតុលាការវៀត ណាម បានលើកឡើងដើម្បីចោទប្រកាន់ជនជាប់ចោទទាំង ៤ នាក់នេះ ថា ចាប់ពី ឆ្នាំ ២០១០ រហូតដល់ពេលត្រូវបានចាប់ខ្លួន ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី បានទទួលលុយចំនួន ១២ លើក ដែលសរុបទឹកប្រាក់ប្រមាណ ១១៨ លានដុង  (ប្រហែល ៥០០០ ដូល្លារសហរដ្ឋ អាមេរិក) ពីក្រុមអ្វីមួយដែលតុលាការនេះហៅថា ពួកប្រតិកិរិយានៅក្រៅប្រទេស និងចោទថា ព្រះ សង្ឃទាំង ២ អង្គនេះ បានផ្ដល់បទសម្ភាសន៍ចំនួន ២១ លើក ជាមួយនឹងវិទ្យុ  “សំឡេងកម្ពុជាក្រោម” (VOKK) និង វិទ្យុអាស៊ីសេរី ជាខេមរភាសា ដែលមានខ្លឹមសារអ្វីមួយតាមតុលាការបក្ស កុម្មុយនិស្តយួនហៅថា “ថ្កោលទោសរដ្ឋាភិបាលវៀតណាម”  ។

ព្រះតេជព្រគុណ លីវ នី និង ថាច់ ធឿន ពេលត្រូវខចាប់ផ្សឹក ។
ព្រះតេជព្រគុណ លីវ នី និង ថាច់ ធឿន ពេលត្រូវខចាប់ផ្សឹក ។

យោងតាមសាលដីការរបស់តុលាការយួនដដែល បានប្រកាសថា នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៣ នៅវត្តសេរីតាសេក ឋិតនៅក្នុង ភូមិតាសេក ឃុំវិញហាយ ស្រុកជ្រោយញ ខេត្តឃ្លាំង ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី បានឲ្យលោក ថាច់ ភូមិឫទ្ធ ថតវីឌីអូ ចំនួនពីរឃ្លីប ដែលមានអត្ថន័យអ្វីមួយ តាមការចោទរបស់តុលាការថា មានលក្ខណៈ “បំផុស  បំផុល” និង “ថ្កោលទោស” រដ្ឋាភិបាលវៀតណាម ហើយបានចម្លងចូល USB ដើម្បីយកទៅប្រ ទេសកម្ពុជា ។ ឯកសារវីឌីអូឃ្លីបនេះ ត្រូវនគរបាលវៀតណាម ប្រចាំព្រំដែនច្រកព្រំដែន ឃុំអាងបិន ស្រុកអាងភូ ខេត្តមាត់ជ្រូក រឹបយក និង ចាប់ខ្លួន ខណៈដែលព្រះសង្ឃទាំង ២ អង្គ និងពលរដ្ឋទាំង ២ រូបនេះ ព្យាយាមគេចឆ្លងចូលទឹកដីប្រទេសកម្ពុជា ។

នៅក្នុងអង្គសវនាការ នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ព្រះតេជព្រះគុណ លីវ នី,  លោក ថាច់    ភូមិឫទ្ធ និង លោក ត្រា វណ្ណថា បានសារភាពកំហុស និងសុំឲ្យសម្រាលទោស ចំណែក ព្រះតេជ ព្រះគុណ ថាច់ ធឿន មិនព្រមសារភាពឡើយ ហើយព្រះអង្គបានលើកឡើងថា វីឌីអូឃ្លីបដែលព្រះ អង្គបានថតនោះ ធ្វើឡើងដើម្បីរំឭកដល់ខួប ៩ ព្រះវស្សា នៃការសាងផ្នួសរបស់ព្រះអង្គ ។

តាមពិត វីដេអូឃ្លីបដែលរដ្ឋាភិបាលយួនចោទប្រកាន់ព្រះសង្ឃនោះ ជាវីដេអូមួយដែល ព្រះតេជព្រះ គុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន បានថតដើម្បីធ្វើសេចក្ដីអំពាវនាវមួយក្នុងគ្រាអាសន្ន ដើម្បីផ្ញើទៅសហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការសិទ្ធិមនុស្សអន្តរជាតិនានានៅក្រៅប្រទេសឲ្យជួយ ធ្វើអន្តរាគមន៍ដល់ព្រះអង្គ ក្នុងខណៈដែលរដ្ឋាភិបាលយួនកំពុងតែឡោមព័ទ្ធចាប់ព្រះអង្គ នៅក្នុងវត្ត សិរីតាសេក ។

ខាងក្រោមនេះ ជាប្រវត្តិសង្ខេប នៃព្រះសង្ឃ ២ អង្គ និង ពលរដ្ឋ ២ រូប ខាងលើ ដែលត្រូវរដ្ឋាភិបាល យួន ចាប់ដាក់គុក ព្រោះតែមានសេចក្ដីក្លាហានហ៊ានបញ្ចេញមតិនៅក្នុងមាត់ខ្លា ដើម្បីការពារសិទ្ធិ សេរីភាពរបស់ខ្លួនក្នុងនាមជាជនជាតិដើម នៃដែនដីកម្ពុជាក្រោម ។

. ព្រះតេជព្រះគុណ ថាច់ ធឿន

ព្រះតេជព្រះគុណ ថាច់ ធឿន ប្រសូត នៅ ឆ្នាំ ១៩៨៥ ជាគ្រូពហុស្សូត  វត្តសិរីតាសេក នាស្រុក ជ្រោយញ ខេត្តឃ្លាំង ។ ព្រះអង្គត្រូវរដ្ឋាភិបាលយួនចាប់ព្រះកាយ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៣ នៅព្រំដែនខេត្តមាត់ ជ្រូក នៃដែនដីកម្ពុជាក្រោម និងខេត្តតាកែវ នៃប្រទេសកម្ពុជា ខណៈ ដែល ព្រះអង្គកំពុងតែភៀសខ្លួន ទៅប្រទេសកម្ពុជា ដើម្បីគេចពីការធ្វើទុក្ខបុក ម្នេញពី សំណាក់ រដ្ឋាភិបាលយួន ។ ក្រោយ ពីដាក់គុក បាន ៥ ខែ ត្រូវតុលាការយួន ខេត្តឃ្លាំង ប្រកាស សាល ក្រម នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ឲ្យ ព្រះអង្គជាប់គុក ៦ ឆ្នាំ ។ សព្វថ្ងៃ ព្រះតេជ ព្រះគុណ ថាច់ ធឿន កំពុងតែនៅក្នុងគុកយួននៅឡើយ ។

. ព្រះតេជព្រះគុណ លីវ នី

ព្រះតេជព្រះគុណ លីវ នី ប្រសូត នៅ ឆ្នាំ ១៩៨៦ ជាចៅអធិការ វត្តសិរីតាសេក នាស្រុកជ្រោយញ ខេត្តឃ្លាំង ។ ព្រះអង្គ ត្រូវរដ្ឋាភិបាលយួនចាប់ព្រះកាយ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៣ នៅព្រំ ដែន ខេត្តមាត់ ជ្រូក នៃដែនដីកម្ពុជាក្រោម និងខេត្តតាកែវ នៃប្រទេសកម្ពុជា ខណៈដែល ព្រះអង្គ កំពុង តែភៀសខ្លួន ទៅប្រទេសកម្ពុជា ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលយួន ។ ក្រោយពីដាក់គុក បាន ៥ ខែ ត្រូវតុលាការយួន ខេត្តឃ្លាំង ប្រកាសសាលក្រម នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ឲ្យ ព្រះអង្គជាប់គុក ៤ ឆ្នាំ ។ សព្វថ្ងៃ ព្រះតេជព្រះគុណ លីវ នី កំពុងតែនៅ ក្នុងគុកយួននៅឡើយ ។

. លោក ត្រា វណ្ណ ថា

លោក ត្រា វណ្ណ ថា ជាបរស័ទខ្មែរក្រោមនៅចំណុះជើងវត្ត សិរីតាសេក នាស្រុកជ្រោយញ ខេត្តឃ្លាំង ។ លោកត្រូវ រដ្ឋាភិបាលយួនចាប់ខ្លួន នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៣ នៅព្រំដែនខេត្តមាត់ជ្រូក នៃដែន ដីកម្ពុជាក្រោម និងខេត្តតាកែវ នៃប្រទេសកម្ពុជា ខណៈដែលលោក និង លោក ថាច់ ភូមិឫទ្ធ ជា អ្នកបើកមូតូដឹក ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ទៅព្រះដែន ដើម្បី ភៀសខ្លួនទៅប្រទេសកម្ពុជា ។ ក្រោយពីដាក់គុក បាន ៥ ខែ ត្រូវតុលាការយួន ខេត្តឃ្លាំង ប្រកាស សាលក្រម នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ឲ្យលោកជាប់គុក ២ ឆ្នាំ ពីបទ “ចាត់តាំងនាំ មនុស្សរត់ចេញទៅប្រទេសក្រៅ” ។

. លោក ថាច់ ភូមិឫទ្ធ

លោក ថាច់ ភូមិឫទ្ធ កើត ឆ្នាំ ១៩៨៩ ជាបរស័ទខ្មែរក្រោមនៅចំណុះជើងវត្ត សិរីតាសេក នាស្រុក ជ្រោយញ ខេត្តឃ្លាំង ។ លោកត្រូវរដ្ឋាភិបាលយួនចាប់ខ្លួន នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៣ នៅព្រំដែន ខេត្តមាត់ជ្រូក នៃដែន ដីកម្ពុជាក្រោម និងខេត្តតាកែវ នៃប្រទេសកម្ពុជា ខណៈដែល លោក និង លោក ត្រា វណ្ណថា ជាអ្នកបើកមូតូដឹក ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះ គុណ លីវ នី ទៅព្រះដែន ដើម្បីភៀសខ្លួនទៅប្រទេសកម្ពុជា ។ ក្រោយពីដាក់គុក បាន ៥ ខែ ត្រូវ តុលាការយួន ខេត្តឃ្លាំង ប្រកាសសាលក្រម នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ឲ្យលោកជាប់គុក ២ ឆ្នាំ ពីបទ “ចាត់តាំងនាំមនុស្សរត់ចេញទៅប្រទេសក្រៅ” ។

. លោក លី ចិន្ដា អតីតព្រះសង្ឃវត្តព្រៃជាប់ ដែលត្រូវយួនច្រកចូលបាវធ្វើទារុណកម្ម

លោក លី ចិន្ដា ជាអតីតព្រះសង្ឃ វត្តទេពារាមព្រៃជាប់ នាស្រុកជ្រោយញ ខេត្តឃ្លាំង ។ នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ អាជ្ញាធរយួនបានបញ្ជាឲ្យកងកម្លាំងសន្តិសុខរបស់ខ្លួនទៅវាយកម្ទេច ជញ្ជាំងកុដិរបស់ ព្រះតេជព្រះគុណ លី ចិន្ដា ហើយចាប់ព្រះអង្គច្រកចូលបាវ រួចដាក់ឡើងឡានយក ទៅធ្វើទារុណកម្មនៅសាលាស្រុកជ្រោយញ យ៉ាងព្រៃផ្សៃ ។

លោក លី ចិន្ដា កាលនៅកម្ពុជាក្រោម ។
លោក លី ចិន្ដា កាលនៅកម្ពុជាក្រោម ។

មុន និង ក្រោយពេលធ្វើទារុណកម្ម ព្រះតេជព្រះគុណ លី ចិន្ដា ពលរដ្ឋខ្មែរក្រោមជាពុទ្ធបរិស័ទ ចំណុះជើងវត្តព្រៃជាប់ ចំនួន ៧ នាក់ ត្រូវអាជ្ញាធរយួនចាប់ខ្លួន និងតុលាការប្រកាសសាលក្រម ដាក់ទោសពីបទរួមគំនិត និងជាប់ពាក់ព័ន្ធជាមួយនឹង ព្រះតេជព្រះគុណ លី ចិន្ដា ។ អ្នកទាំងនោះ រួមមាន៖

. លោក តាំង វ៉ឹង (Tang Quan)

. លោក លី ថាន់ ហាយ (Ly Thanh Hai) ។

អ្នកទាំង ២ ខាងកលើ ត្រូវចាប់នៅក្នុងខែមីនា ឆ្នាំ ២០១៣ ។

៣. អ្នកស្រី ឡាំ ធី សាំង ឡាង (Lam Thi Xang Lan) អាយុ ៥៦ ឆ្នាំ (កើតឆ្នាំ ១៩៥៧) ,

៤. អ្នកស្រី លី ធី យ៉ាន់ (Ly Thi Danh) អាយុ ៤៣ ឆ្នាំ (កើត ឆ្នាំ ១៩៧០) ,

៥. អ្នកស្រី លី ធី សាប៊ន (Ly Thi Sa Bon) អាយុ ៥៨ ឆ្នាំ (កើត ឆ្នាំ ១៩៦៥)

. លោក ម៉យ

. លោក ឌិន

ក្រោយមក នៅពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៣ អ្នកភូមិព្រៃជាប់ ៥ នាក់ ដែលជាប់ទាក់ទិននឹង ព្រះតេជព្រះគុណ លី ចិន្ដា ត្រូវតុលាការបក្សកុម្មុយនិស្តវៀតណាម ប្រកាសសាលក្រមឲ្យជាប់គុកម្នាក់ៗ ពី ១០ ខែទៅ ១ ឆ្នាំ ពីបទ “បង្កអសន្តិសុខទីសាធារណៈ” តាមមាត្រា ២៤៥ នៃច្បាប់ ព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម ។

ជនជាប់ចោទជាពលរដ្ឋខ្មែរក្រោមទាំង ៥ នាក់ នេះ មានស្រុកកំណើតនៅភូមិបៀងដុង អា (Bien Dong A ) ឃុំ វិញត្រាច់ដុង (Vinh Trach Dong) ទីក្រុងពលលាវ ខេត្តពលលាវ  ម្នាក់ៗត្រូវតុការដំបូងរបស់បក្សកុម្មុយនិស្តយួនសម្រេចប្រកាសសាលក្រមឲ្យជាប់គុក ដូចតទៅ ៖

អ្នកភូមិព្រៃជាប់ ៤ រូប ត្រូវតុលាការយួនកាត់ទោស នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៣ ។
អ្នកភូមិព្រៃជាប់ ៤ រូប ត្រូវតុលាការយួនកាត់ទោស នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៣ ។

១.អ្នកស្រី លី ធី សាបុត (Lý Thị Sà Bột)   ១ ឆ្នាំ

២.អ្នកស្រី លី ធី យន់ (Lý Thị Dạnh)  ១ ឆ្នាំ

៣.អ្នកស្រី ឡឹម ធី ឡង (Lâm Thị Loan)  ១ ឆ្នាំ

៤.លោក  លី មិន ហាយ (Lý Minh Hải)  ១១ ខែ និង

៥.លោក តាំង ផល្លា (Tăng Pho La)  ១០ ខែ

ចំណែកអ្នកស្រី លី ធី សាបុត ត្រូវបានតុលាការកាត់ទោសកំបាំងមុខ ព្រោះគាត់បានភៀសខ្លួនចេញទៅក្រៅប្រទេសមុនពេលវៀតណាមចាប់ខ្លួន ។

យោងតាមសេចក្ដីប្រកាសរបស់ចៅក្រមនៅក្នុងអង្គសវនាការនេះថា  ពលរដ្ឋខ្មែរក្រោមទាំង ៥ រូប នេះ ត្រូវ បានចោទប្រកាន់ទោស ព្រោះបានជួយទូងស្គរ និងវៃរគាំងនៅវត្តព្រៃជាប់ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៣ ដើម្បីប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាលវៀតណាម ក្នុងការចាប់ផ្សឹកព្រះ តេជព្រះគុណ លី ចិន្ដា ។

លោក លី ចិន្ដា ចេញទៅសហរដ្ឋអាមេរិក នៅព្រលានយន្តហោះសុវណ្ណភូមិ, បាកកក, ប្រទេសថៃ ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦ ។
លោក លី ចិន្ដា ចេញទៅសហរដ្ឋអាមេរិក នៅព្រលានយន្តហោះសុវណ្ណភូមិ, បាកកក, ប្រទេសថៃ ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦ ។

ក្រោយពីការចាប់ផ្សឹក និងធ្វើទារុណកម្មពីសំណាក់រដ្ឋាភិបាលយួន លោក លី ចិន្ដា បានភៀសខ្លួន ទៅសុំសិទ្ធិជ្រកកោនជាជនភៀសខ្លួននយោបាយនៅក្នុងសំណាក់ ឧត្ដមស្នងការអង្គការសហប្រជា ជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំប្រទេសថៃ ហើយបានអង្គការមួយនេះ បញ្ជូនទៅ តាំងទីលំនៅថ្មី នៅសហរដ្ឋអាមេរិក នាថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦ ។

 ៦. ព្រះតេជព្រះគុណ ទឹម សាខន អតីតចៅអធិការវត្តភ្នំដិនខាងជើងធ្វើឲ្យល្បីឈ្មោះខ្មែរក្រោម

ព្រះតេជព្រះគុណ ទឹម សាខន ត្រូវបានតុលាការយួនខេត្តមាត់ជ្រូក កាត់ទោសនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ ។
ព្រះតេជព្រះគុណ ទឹម សាខន ត្រូវបានតុលាការយួនខេត្តមាត់ជ្រូក កាត់ទោសនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ ។

ព្រះតេជព្រះគុណ ទឹម សាខន ជាអតីតព្រះចៅអធិការត្តភ្នំដិនខាងជើង កើតឆ្នាំ ១៩៦៨ នៅភូមិខ្លាគ្រហឹម (An Bình) ឃុំពោធិ (Ba Trúc) ស្រុក ស្វាយទង ខេត្តមាត់ជ្រូក ។ ឆ្នាំ ១៩៧៨ គ្រួសារត្រូវរបប ប៉ុល ពត ជម្លៀសឲ្យទៅរស់នៅ នៅស្រុកគិរីវង់ ខេត្តតាកែវ ប្រទេសកម្ពុជា ។ ឆ្នាំ ១៩៩០ បានត្រឡប់ទៅបួសនៅវត្តដូនពីរ ស្រុកស្វាយទង ខេត្តមាត់ជ្រូក រហូតដល់ចុងឆ្នាំ ១៩៩០ បានត្រឡប់ទៅស្នាក់នៅ វត្តភ្នំដិន ខាងជើង ស្រុកគិរីវង់ ខេត្តតាកែវ វិញ ។ ឆ្នាំ ១៩៩៣ ត្រូវបានតែងតាំងជាព្រះចៅអធិការវត្តភ្នំដិនខាងជើង ស្រុកគិរីវង់ ខេត្តតាកែវ នៃប្រទេសកម្ពុជា ។

ព្រះអង្គត្រូវសម្ដេចសង្ឃខ្មែរ នៃប្រទេសកម្ពុជា  ទេព វង្ស និង នន្ទ ង៉ែត ចាប់សម្រាត់ស្បង់ចីវរ ហើយបានបញ្ជូនទៅដាក់គុកយួននៅកម្ពុជាក្រោម នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០០៧ ចោទពីបទថាព្រះ អង្គធ្វើឲ្យ “បែកបាក់សាមគ្គីភាពវៀតណាមនិងកម្ពុជា” ដោយសារព្រះអង្គបានផ្ដល់ទីសំចត ដល់ ពលរដ្ឋខ្មែរក្រោម ដែលធ្វើដំណើរឆ្លងដែនចុះឡើងពីកម្ពុជាក្រោមទៅប្រទេសកម្ពុជា ពីប្រទេសកម្ពុជា ទៅដែនដីកម្ពុជាក្រោម និងបានបញ្ជូនឯកសារសហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យមនុស្សទៅចែក ដល់ពល រដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។

នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ ព្រះតេជព្រះគុណ ទឹម សាខន ត្រូវតុលាការប្រជាជនបក្ស កុម្មុយនិស្តវៀតណាម កាត់ទោសឲ្យជាប់គុក ១ ឆ្នាំ ពីបទ “បំផ្លាញសាមគ្គីជាតិ” តាមមាត្រា ៨៧ នៃក្រមព្រហ្មទណ្ឌ នៃប្រទេសវៀតណាម ។

ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០០៨ តុលាការយួនបានចេញដីកាសម្រេចឲ្យព្រះតេជព្រះគុណ ទឹម     សាខន បានចេញពីពន្ធនាគារ ហើយឋិតនៅក្រោមការតាមដានរបស់សមត្ថកិច្ចវៀតណាមដដែល ។ ការដោះលែងនេះ បន្ទាប់ពីព្រះតេជព្រះគុណ ទឹម សាខន បានជាប់គុកយួនអស់ ១ ឆ្នាំ ដូចអ្វី ដែលតុលាការវៀតណាមបានសម្រេច ។

នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០០៩ ព្រះអង្គត្រូវរដ្ឋាភិបាលអនុញ្ញាតឲ្យទៅសួរ សុខទុក្ខគ្រួសារ របស់ ខ្លួន នៅឃុំភ្នំដិន ស្រុកគិរីវង់ នៃខេត្ត តាកែវ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ បន្ទាប់ពីព្រះអង្គបានចេញ ពីពន្ធនាគារ ។ ក្រោយមក ព្រះអង្គបានភៀសខ្លួនទៅសុំសិទ្ធិជ្រកកោននៅការិយាល័យ ឧត្ដមស្នង ការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននៅប្រទេសថៃ ហើយត្រូវបានអង្គការមួយនេះ បញ្ជូនទៅតាំងទីលំនៅនៅប្រទេសសុយអែត ។

សព្វថ្ងៃ ព្រះតេជព្រះគុណ ទឹម សាខន កំពុងតែគង់នៅក្នុងវត្តមួយនៅសហរដ្ឋអាមេរិក ។

ព្រះតេជព្រះគុណ ទឹម សាខន មកដល់សហរដ្ឋអាមេរិក ។
ព្រះតេជព្រះគុណ ទឹម សាខន មកដល់សហរដ្ឋអាមេរិក ។

 ៧. លោក ចៅ ហេន សកម្មជនតវ៉ាដីធ្លីកេរដូនតាដែលត្រូវរដ្ឋាភិបាលយួនរឹបយក

វត្តអង្គតាមិញ ជាយក្រុងភ្នំពេញ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០០៩: លោក ចៅ ហេន កំពុងបង្ហាញឯកសារដែលអាជ្ញាធរវៀតណាមរឹបយកដីធ្លី របស់ខ្លួននៅកម្ពុជាក្រោម ។ រូបថត៖ ថាច់ ប្រីជា គឿន
វត្តអង្គតាមិញ ជាយក្រុងភ្នំពេញ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០០៩៖ លោក ចៅ ហេន កំពុងបង្ហាញឯកសារដែលអាជ្ញាធរវៀតណាមរឹបយកដីធ្លី របស់ខ្លួននៅកម្ពុជាក្រោម ។ រូបថត៖ ថាច់ ប្រីជា គឿន

លោក ចៅ ហេន (Châu Hên) កើតឆ្នាំ ១៩៥៤ នៅស្រុកស្វាយទង ខេត្តមាត់ជ្រូក ត្រូវនគរបាលវៀតណាមចាប់ដាក់គុក កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ និងត្រូវតុលាការបក្សកុម្មុយនិស្តវៀតណាមផ្ដន្ទាទោសនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១១ ឲ្យជាប់គុក ២ ឆ្នាំ ពីបទ “បំផ្លិចបំផ្លាញទ្រព្យ សម្បត្តិសាធារណៈ និងបង្កអសន្តិសុខទីសាធារណៈ” តាមមាត្រាទី ១៤៣ និង ២៤៥ នៃក្រមព្រហ្ម ទណ្ឌរបស់វៀតណាម ។ ការចាប់ខ្លួននេះធ្វើឡើង ពេលដែលលោកបានធ្វើមាតុភូមិ និវត្តពីប្រទេសថៃត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីអង្គការ UNHCR បដិសេធឋានៈជាជនភៀសខ្លួនរបស់ លោក ។ ពេលចេញពីគុក លោកនិងភរិយា បានភៀសខ្លួនទៅប្រទេសថៃជាលើកទី ២ ដើម្បីសុំសិទ្ធិជ្រកកោននៅក្នុងអង្គការ UNHCR ហើយត្រូវបានអង្គការមួយនេះបញ្ជូនឲ្យទៅតាំងទីលំនៅ នៅសហរដ្ឋអាមេរិក ក្នុង ខែច្ឆិកា ឆ្នាំ ២០១៤ ។

សព្វថ្ងៃ លោក ចៅ ហេន កំពុងតែនៅរដ្ឋ North Carolina  នៃសហរដ្ឋអាមេរិក ម្នាក់ ។ ប្រពន្ធរបស់លោកបានស្លាប់ប្រទេសថៃ  មុនពេលលោកចេញដំណើរទៅសហរដ្ឋអាមេរិក ។ ចំណែក កូនៗរបស់គាត់ សព្វថ្ងៃ កំពុងតែនៅសុំសិទ្ធិជ្រកកោនជាមួយអង្គការ UNHCR នៅក្នុងប្រទេសថៃ នៅឡើយ ។

ព្រះសង្ឃ ៥ អង្គ ក្នុងព្រឹត្តិការណ៍ ៨ កុម្ភៈ ឆ្នាំ ២០០៧

សមណសិស្សសាលាបាលីខេត្តឃ្លាំង ជាង ២០០ អង្គ ធ្វើបាតុកម្ម នៅមុខការិយាល័យនគរបាលខេត្ត កាលពី ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ។
សមណសិស្សសាលាបាលីខេត្តឃ្លាំង ជាង ២០០ អង្គ ធ្វើបាតុកម្ម នៅមុខការិយាល័យនគរបាលខេត្ត កាលពី ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ។

នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណសិស្សសាលាបាលីខេត្តឃ្លាំង ដែលមានមូលដ្ឋាននៅក្នុងវត្តឃ្លាំង ប្រមាណ ជាង ២០០ អង្គ បានចេញធ្វើបាតុកម្ម ដោយសន្តិវិធី នៅមុខការិយាល័យនគរ បាលខេត្តឃ្លាំង នៃរដ្ឋាភិបាល វៀតណាម ដើម្បីទាមទារសេរីភាពមួយចំនួនសម្រាប់ខ្មែរក្រោម នៅកម្ពុជាក្រោម ។ ក្រោយពីការធ្វើបាតុកម្មនេះ សមណសិស្ស ជាច្រើនអង្គ ត្រូវបានរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក, ដេញចេញពីសាលា និងបានភៀសខ្លួនទៅប្រទេសកម្ពុជា ។ បណ្ដាព្រះសង្ឃទាំងនោះ មានព្រះសង្ឃ ៥ អង្គ ត្រូវបានតុលាការបក្សកុម្មុយនិស្តវៀតណាម កាត់ទោសនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ២ ទៅ ៤ ឆ្នាំ ពីបទ “បង្កអសន្តិសុខទីសា ធារណៈ” តាមមាត្រា ២៤៥ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ព្រះសង្ឃទាំង ៥ អង្គនោះ រួមមាន ព្រះតេជព្រះគុណ យ័ញ តូន, គឹម មឿន, លី ហ្វាង, ថាច់ ធឿង និង លី សឿង ។ ក្រោយពីតុលាការវៀតណាម សម្រេចដោះលែងចេញពីពន្ធនាគារ អ្នកទាំងប្រាំបានភៀសខ្លួនទៅដល់ប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោននៅក្នុងអង្គការ UNHCR នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០០៩ ហើយបានអង្គការមួយនេះ បញ្ជូនទៅតាំងទីលំនៅ នៅប្រទេសទីបី នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០០៩ ។

ខាងក្រោមជាប្រវត្តិសង្ខេបនៃព្រះសង្ឃ ៥ អង្គដែលត្រូវរដ្ឋាភិបាយួនចាប់ដាក់គុកក្នុងព្រឹត្តិការណ៍ ៨ កុម្ភៈ ឆ្នាំ ២០០៧៖

. ព្រះតេជព្រះគុណ យ័ញ តូន (Danh Tol)

កើត ឆ្នាំ ១៩៨១
សព្វថ្ងៃ ស្នាក់នៅវត្តខ្មែរសុរិយារង្សី ទីក្រុង Philadelphia រដ្ឋ Pennsylvania, សហរដ្ឋអាមេរិក
ស្រុកកំណើតនៅ ភូមិបារង្គ ឃុំង៉ាងយឿ ស្រុកហុងយ៉ឹង ខេត្តពលលាវ
(Ba Rong, Ngan Dua, Hong Dan, Bac Lieu)
កម្រិតសិក្សាវៀតណាមថ្នាក់ទី ១២
បួសរៀននៅវត្តការន្តចាស់
ឱពុកឈ្មោះ យ័ញ ញ៉ាល (Danh Nhal) កើតឆ្នាំ ១៩៤៩
ម្ដាយឈ្មោះ ធី អូន (Danh On) កើតឆ្នាំ ១៩៥១
ម្ដាយឱពុកជាកសិករ
ត្រូវរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក  និងដាក់ពន្ធនាគារថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០០៧ ត្រូវតុលាការបក្សកុម្មុយនិស្តយួនកាត់ទោសឲ្យជាប់គុក ៤ ឆ្នាំ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ត្រូវតុលាការ យួនបានចេញដីកាដោះលែងចេញពីពន្ធនាគារវិញ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០០៩ ។

. ព្រះតេជព្រះគុណ គឹម មឿន (Kim Muol) ហៅ មៀត

កើតថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ១៩៨៥
សព្វថ្ងៃ ស្នាក់នៅវត្តខ្មែរសុរិយរង្សី ទីក្រុង Philadelphia រដ្ឋ Pennsylvania, សហរដ្ឋអាមេរិក
ស្រុកកំណើត នៅភូមិ តាសេក ឃុំវិញហាយ ស្រុកជ្រោយញរ ខេត្តឃ្លាំង ។
(Tra Set, Vinh Hai, Vinh Chau, Soc Trang )
កម្រិតសិក្សាវៀតណាមថ្នាក់ទី ១២
បួសរៀននៅវត្តសិរីតាសេក
ឱពុកឈ្មោះ គឹម អឿន (Kim Uol) កើតឆ្នាំ ១៩៦០
ម្ដាយឈ្មោះ ត្រឹង ធី វេត ( Tran Thi Vet) កើតឆ្នាំ ១៩៥៦
ត្រូវរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងដាក់ពន្ធនាគារ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០០៧ ។
ត្រូវតុលាការបក្សកុម្មុយនិស្តយួនកាត់ទោសឲ្យជាប់គុក ៤ ឆ្នាំ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧
បានតុលាការយួនចេញដីកាដោះលែងឲ្យចេញពីពន្ធនាគារវិញ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០០៩

១០. ព្រះតេជព្រះគុណ ថាច់ ធឿង (Thach Thuong) ហៅ ថាច់ សឿង ឬ ហ្វិន សឿង

កើតឆ្នាំ ១៩៨២
សព្វថ្ងៃនៅប្រទេសហូឡង់
នៅភូមិព្រែកទទឹង ឃុំអណ្តូងទឹក ស្រុកអណ្តូងទឹក ខេត្តឃ្លាំង
(Ba Rong hamlet, Long Phu village, Long Phu district, Soc Trang province)
ឱពុកឈ្មោះ ថាច់ ក្រែត (Thach Kret) កើតឆ្នាំ ១៩៤៦
បួសរៀននៅវត្តទឹកប្រៃ
ម្ដាយឈ្មោះ ហ្វិន ធី ថេរ (Huynh Thi The) កើតឆ្នាំ ១៩៣២
ត្រូវរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងដាក់ពន្ធនាគារ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០០៧ ។
ត្រូវតុលាការបក្សកុម្មុយនិស្តយួនកាត់ទោសឲ្យជាប់គុក ៤ ឆ្នាំ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧
បានតុលាការយួនចេញដីកាដោះលែងឲ្យចេញពីពន្ធនាគារវិញ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០០៩

១១. ព្រះតេជព្រះគុណ លី ហ្វាង (Ly Hoang) ហៅ រ៉ាន (Ral)

ព្រះសង្ឃទាំង ៥ អង្គ គឺ គឹម មឿន , យ័ញ តូន ,លី សឿង , លី វ៉ាង និង ថាច់ ថឿង នៅក្នុងតុលាការប្រជាជនបក្សកុម្មុយនិស្ត វៀតណាមកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ។
ព្រះសង្ឃទាំង ៥ អង្គ គឺ គឹម មឿន , យ័ញ តូន ,លី សឿង , លី វ៉ាង និង ថាច់ ថឿង នៅក្នុងតុលាការប្រជាជនបក្សកុម្មុយនិស្ត វៀតណាមកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ។

កើតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៨៦
សព្វថ្ងៃនៅប្រទេសហូឡង់
ស្រុកកំណើតនៅ ផ្ទះលេខ ២៦០ B ផ្លូវ តូងដឹកថាំង អនុតំបន់ទី ៣ តំបន់ទី ៥ ទីក្រុងឃ្លាំង
(260B, Ton Duc Thang Street, Subward 3, Ward 5, Soc Trang City, Soc Trang Province)
កម្រិតសិក្សាវៀតណាមថ្នាក់ទី ១១
បួសរៀននៅវត្តសំរោង
ឱពុកឈ្មោះ លី ចៀម (Ly Chiem) កើតឆ្នាំ ១៩៤៧
ម្ដាយឈ្មោះ យិន ធី ខាន់ (Dinh Thi Khanh) កើតឆ្នាំ ១៩៥៧
ត្រូវរដ្ឋាភិបាលវៀតណាមឃុំឃាំងនៅក្នុងផ្ទះនៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០០៧
ត្រូវតុលាការបក្សកុម្មុយនិស្តយួនកាត់ទោសឲ្យជាប់គុក ២ ឆ្នាំ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧
បានតុលាការយួនចេញដីកាដោះលែងឲ្យចេញពីពន្ធនាគារវិញ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០០៩

១២. ព្រះតេជព្រះគុណ លី សឿង (Ly Suong) ហៅ ធឿន

កើតឆ្នាំ ១៩៧៥
សព្វថ្ងៃនៅ ប្រទេសហូឡង់
ស្រុកកំណើត ខ្វាន់តាំង ទីរួមស្រុកអណ្តូងទឹក ស្រុកអណ្តូងទឹក ខេត្តឃាំ្លង ។
(Hamlet 5, Long Phu town, Long Phu district, Soc Trang Province)
កម្រិតសិក្សាវៀតណាមថ្នាក់ទី ១២
បួសរៀននៅវត្តកំពង់មានជ័យទឹកប្រៃ
ឱពុកឈ្មោះ លី យ៉ាន (Ly Dal) កើតឆ្នាំ ១៩៣១
ម្ដាយឈ្មោះ វឿង ធី តឺ (Vuong Thi Tu) កើតឆ្នាំ ១៩៣២
ត្រូវរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងដាក់ពន្ធនាគារ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០០៧ ។
ត្រូវតុលាការបក្សកុម្មុយនិស្តយួនកាត់ទោសឲ្យជាប់គុក ២ ឆ្នាំ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧
បានតុលាការយួនចេញដីកាដោះលែងឲ្យចេញពីពន្ធនាគារវិញ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០០៨ ។

១៣. ថាច់ លីភោ

លោក ថាច់ លីភោ កើតនៅឆ្នាំ ១៩៧៦ នៅអូរក្ដារ បេ (Huong Phu B) ឃុំកំពង់ទូក (Da Loc) ស្រុកកំពង់ធំ (Chau Thanh) ខេត្តព្រះត្រពាំង ។ លោកជាអតីតព្រះសង្ឃ វត្តចម្ប៉ីសោភ័ណ ត្រោក កើត នាស្រុកស្រុកកំពង់ធំ (Chau Thanh) ខេត្តព្រះត្រពាំង និងជាអតីតអាចារ្យបង្រៀនអក្សរខ្មែរ នៅវត្តកំពង់ក្សាន្ត នាទីរួមខេត្ត ព្រះ ត្រពាំង ។

លោក ថាច់ លីភោ និងគ្រួសារ មកសហរដ្ឋអាមេរិក ។
លោក ថាច់ លីភោ និងគ្រួសារ មកសហរដ្ឋអាមេរិក ។

លោក ត្រូវអាជ្ញាធរយួនចាប់ផ្សឹក នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០០៥ នា វត្តនិគ្រោធកំពង់ក្សាន្ត ឋិតនៅក្នុងទីរួមខេត្តព្រះត្រពាំង ហើយដាក់គុកអស់រយៈពេល ៣ ខែ ១៨ ថ្ងៃ ពីបទ “ផ្សព្វផ្សាយ ព័ត៌មានប្រឆាំងរដ្ឋាភិបាលយួន”  ។

មូលហេតុដែលនាំឲ្យរដ្ឋាភិបាលយួនចាប់ លោក ថាច់ លីភោ ផ្សឹកពីសង្ឃនោះ ដោយសារតែ លោកបានថតចម្លងសៀវភៅ “ទុក្ខខ្មែរក្រោម” ដែលជាស្នាដៃរបស់ លោក ថាច់ សេ ប្រធានសភា តំណាង នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និង បានថតចម្លងនូវ VCD ដែលបានផលិតដោយ ផលិកម្ម ខ្មែរក្រោម ស្ដីពីសកម្មភាពរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមប្រណាំងទូក ង នៅទីក្រុង Philadelphia សហរដ្ឋអាមេរិក ដែលបានរៀបចំដោយ សហព័ន្ធកីឡាទូក ង អន្តរជាតិ (IDBF) កាលពី ឆ្នាំ ២០០១ ដើម្បីចែកដល់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមបានជ្រាបអំពីការតស៊ូរបស់ សហ ព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស ។

ក្រោយបានចេញពីគុកយួន លោកបានភៀសខ្លួនទៅប្រទេសកម្ពុជា ហើយបានសាងផ្នួសឡើងវិញ គង់នៅប្រទេសកម្ពុជាមួយរយៈ ក៏បានភៀសបន្តខ្លួនទៅប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោនជាជន ភៀសខ្លួននយោបាយ នៅក្នុងសំណាក់ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ។ ខណៈដែលលោកកំពុងនៅប្រទេសថៃ លោកបានលាចាកសិក្ខាបទ និងបាន រៀបការជាមួយនឹង ស្រ្តីជន ភៀសខ្លួនខ្មែរក្រោមម្នាក់ ដែលមានដើមកំណើតនៅខេត្តក្រមួនស ។

បន្ទាប់ពី លោក និងគ្រួសារ បានរស់នៅក្នុងឋានៈជាជនភៀសខ្លួនក្នុងប្រទេសថៃអស់រយៈពេល ៥ ឆ្នាំ មក នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១២ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលជនភៀសខ្លួន (UNHCR)  បានបញ្ជូនគ្រួសាររបស់លោកទៅតាំងទីលំនៅថ្មី នៅសហ  រដ្ឋអាមេរិក ។

សព្វថ្ងៃ លោក ថាច់ លីភោ និងគ្រួសារ កំពុងតែស្នាក់នៅរដ្ឋ Washington State ។

១៤. វិញ បា (Huynh Ba)

លោក វិន បា ជាអ្នកតវ៉ាដីកេរដូនតាដ៏ល្បីម្នាក់នៅកម្ពុជាក្រោម  ។ ឆ្នាំ ២០១៧ នេះ លោកមាន អាយុ ៥៤ ឆ្នាំ ។ លោកកើតនៅភូមិ តឹងវី A (Tân Quy A) ឃុំតឹង ហឹង (Tân Hưng) ស្រុកអណ្តូង ទឹក (Long Phú) ខេត្តឃ្លាំង (Sóc Trăng) ។ លោកត្រូវអាជ្ញាយួន ចាប់ខ្លួនដាក់គុក នៅខែឧសភា ឆ្នាំ ២០០៩ ដោយសារលោកបានធ្វើការទាមទារដីកេរដូនតារបស់ខ្លួនជាច្រើនហិតតា ដែលត្រូវអាជ្ញាធរយួនស្រុកអណ្តូងទឹករឹបយកទៅធ្វើជាកសិដ្ឋានសាធារណៈ កាលពីឆ្នាំ ១៩៧៩ ។

លោក វិន បា នៅក្នុងតុលាការយួនថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១០ ។
លោក វិន បា នៅក្នុងតុលាការយួនថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១០ ។

នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១០ លោក ត្រូវតុលាការយួនខេត្តឃ្លាំង ប្រកាសសាលក្រមឲ្យជាប់ គុក ២ ឆ្នាំ ពីបទអ្វីមួយដែលរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនហៅថា “កេញចំណេញ លើសិទ្ធិ សេរីភាព លទ្ធិប្រជាធិបតេយ្យ និងរំលោភផលប្រយោជន៍រដ្ឋអំណាច សិទ្ធិ និង ផលប្រយោជន៍ របស់អង្គការចាត់តាំង វណ្ណៈកម្មករ កសិករ” តាមមាត្រា ២៥៨ នៃច្បាប់ព្រហ្មទណ្ឌរបស់រដ្ឋាភិបាល យួន ។

លោក បានរដ្ឋាភិបាលយួនដោះលែងចេញពីគុក នៅថ្ងៃ ទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១១ បន្ទាប់ពីលោក ត្រូវរដ្ឋាភិបាលយួនចាប់ដាក់គុកអស់រយៈពេល ២០ ខែរួចមក ។

យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់តុលាការយួន ដែលបានប្រកាសពេលដែលកាត់ក្ដីរបស់ លោកកាលពីឆ្នាំ ២០១០ ថា ឪពុកបង្កើតរបស់លោក វិន បា ឈ្មោះ វិន ញឹក មានដីកេរចំនួន 100.000  ម៉ែត្រក្រឡា ក្នុងនោះរួមមាន ដីលំនៅឋាន ដីចម្កា និង ដីស្រែ ដែលមានទីតាំងនៅក្នុង ភូមិតឹងវី A (Tân Quy A)ឃុំតឹងហឹង (Tân Hưng) ស្រុកអណ្តូងទឹក ខេត្តឃ្លាំង ។

របាយការណ៍នេះ បានបន្តទៀតថា ដីលំនៅឋានរបស់ លោក វិន ញឹក ចំនួន 4.500 ម៉ែត្រក្រឡា ត្រូវរដ្ឋការសាធារណរដ្ឋវៀតណាមរឹបយកចែកឲ្យប្រជាជន ដើម្បីបង្កើតភូមិក្នុងគោលនយោបាយអ្វី មួយដែល របបសាធរណរដ្ឋវៀតណាមហៅថា ចលនាដុងគើយ (Phong trào Đồng khởi) ក្នុងឆ្នាំ ១៩៦០ ។ ដីកេររបស់លោកដែលនៅសល់ពីរបប ងូ ឌិញ យេម បានរឹបយក គឺចំនួន 95.500 ម៉ែត្រ ក្រឡានោះ ក្រោយមកនៅឆ្នាំ ១៩៧៩ ត្រូវគណៈកម្មាធិការប្រជាជនយួន ស្រុកអណ្តូងទឹក (UBND) នៃរបបកុម្មុយនិស្តយួន សព្វថ្ងៃ រឹបយកម្ដងទៀតទៅធ្វើជាកសិដ្ឋានសាធារណៈ ។

សព្វថ្ងៃ លោក វិន បា កំពុងស្នាក់នៅផ្ទះរបស់ នាខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ៕