ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធខ្មែរកម្ពុជាក្រោម បានស្នើសហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិឲ្យអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យបញ្ឈប់ធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដែលកំពុងទាមទារសិទ្ធិជាជនជាតិដើម ។ សំណើនេះ ធ្វើឡើងបន្ទាប់ពី អាជ្ញាធរវៀតណាម បានចាប់ខ្មែរក្រោមម្នាក់ដាក់ពន្ធនាគារ និងបានគំរាមកំហែងយុវជនខ្មែរក្រោម មួយចំនួនទៀត ។

សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងធ្វើយុទ្ធនាការស្វែងរកកិច្ចអន្តរាគមន៍ពីអាមេរិក និងប្រទេសមួយចំនួនទៀត ដើម្បីដាក់គំនាបទៅលើរដ្ឋាភិបាលវៀតណាម ឲ្យដោះលែងកសិករខ្មែរក្រោមម្នាក់ គឺលោក ថាច់ រីន ដែលកំពុងជាប់ពន្ធនាគារ រង់ចាំសវនាការក្រោយលោកបង្ហោះព័ត៌មានតាមបណ្តាញសង្គមទាមទារ និងផ្សព្វផ្សាយសិទ្ធិជនជាតិដើម ។
អាជ្ញាធរវៀតណាម ខេត្តព្រះត្រពាំង បានចាប់ខ្លួនលោក ថាច់ រីន កាលពីថ្ងៃទី ១៤ តុលា ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ និងការបង្ហោះរូបភាពមេដឹកនាំលោកប្រធាន ហូ ជីមិញ ក្នុងចេតនាបង្កឲ្យមានផលប៉ះពាល់ទៅដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ អតីតមេដឹកនាំវៀតណាម ។
មន្ត្រីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា វៀតណាម កំពុងយកលេស ដើម្បីធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដែលចង់បានសិទ្ធិសម្រេចវាសនាដោយខ្លួនឯង ។ ព្រះអង្គបន្តថា លោក ថាច់ រីន មិនផ្សព្វផ្សាយព័ត៌មាន ប៉ះពាល់ដល់អតីតមេដឹកនាំវៀតណាម នោះទេ៖ «រដ្ឋាភិបាលវៀតណាមហ្នឹងតែងតែបំបិទសិទ្ធិសេរីភាព ចំពោះពលរដ្ឋខ្មែរក្រោម ទាំងការនិយាយស្តី ទាំងការផ្សព្វផ្សាយ ទាំងការបញ្ចេញមតិ ក្នុងនាមជាជនជាតិដើមហ្នឹង» ។
ព្រះភិក្ខុ សឺង យ៉ឹងរតនា ជាព្រះចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) ផងនោះ មានថេរដីកាថា បច្ចុប្បន្នសហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងស្វែងរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីឲ្យអាជ្ញាធរវៀតណាមដោះលែង លោក ថាច់ រីន ៖ «វៀតណាម នៅតែរឹតត្បិតសិទ្ធិសេរីភាព និងគាបសង្កត់ពលរដ្ឋខ្មែរក្រោម និងយុវជនខ្មែរក្រោមក្តី នៅលើទឹកដីកម្ពុជាក្រោម ។ យុទ្ធនាការសហព័ន្ធខ្មែរកម្ពុជាក្រោម គឺតែងតែអំពាវនាវឲ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ករណីវៀតណាមហ្នឹងធ្វើទៅលើពលរដ្ឋខ្មែរក្រោម ទាំងអយុត្តិធម៌» ។
ករណី អាជ្ញាធរវៀតណាម ឃុំខ្លួន លោក ថាច់ រីន ក្នុងពន្ធនាគារនេះ មិនមែនជាករណីទីមួយទេ ។ អាជ្ញាធរវៀតណាម កាលពីថ្មីៗ នេះ ក៏បានចាប់ខ្មែរក្រោមម្នាក់ទៀត ឈ្មោះ ហ្វិន វ៉ាំងឌែប ដាក់ពន្ធនាគារ ដោយសារតែលោកត្រូវអាជ្ញាធរវៀតណាម ចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងបាតុកម្មហិង្សាមួយ ។ ទោះបីជាយ៉ាងណាក្ដី តំណាងខ្មែរក្រោមអះអាងថា លោក ហ្វិន វ៉ាំងឌែប មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ហើយការចាប់ខ្លួននេះ ជាលេសដោយសារតែ លោកបានចូលរួមសំដែងមតិរឿងថ្ងៃបាត់បង់ទឹកដី តាមបណ្ដាញសង្គម ហ្វ៊េសប៉ុក (Facebook) ។ បច្ចុប្បន្ន លោក ហ្វិន វ៉ាំងឌែប កំពុងជាប់ពន្ធនាគារ ហើយលោកត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់រយៈពេលពីរឆ្នាំ ។ អាជ្ញាធរវៀតណាម ក៏បានសម្លុតគំរាមកំហែងយុវជនខ្មែរក្រោម ជាច្រើនរូប ដោយឲ្យបញ្ឈប់ផ្សព្វផ្សាយការទាមទារសិទ្ធិជាជនជាតិដើម និងផ្តល់ព័ត៌មានទៅក្រៅប្រទេស រឿងអាជ្ញាធរធ្វើទុក្ខបុកម្នេញខ្មែរក្រោម ។ អាជ្ញាធរវៀតណាម កំពុងតែទាមទារយុវជនខ្មែរក្រោមទាំងនោះ ឲ្យបង់ប្រាក់ពិន័យរាប់រយដុល្លាររឿងពួកគេប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយច្បាប់អន្តរជាតិ ស្តីពីជនជាតិដើម ។
ពាក់ព័ន្ធនឹងករណីគំរាមកំហែងយុវជនខ្មែរក្រោមនេះ ព្រះភិក្ខុ សឺង យ៉ឹងរតនា ទទូចឲ្យយុវជនខ្មែរក្រោម រក្សាស្មារតីស្នេហាជាតិ និងកុំចាញ់សម្លុតអាជ្ញាធរវៀតណាម៖ «សហព័ន្ធខ្មែរកម្ពុជាក្រោម នៅតែគាំទ្រនឹងលើកទឹកចិត្តសកម្មភាពរបស់យុវជនខ្មែរក្រោមក្តី ពលរដ្ឋខ្មែរក្រោមក្តី ដែលរស់នៅលើទឹកដីកម្ពុជាក្រោម សូមកោតសរសើរចំពោះទឹកចិត្តរបស់យុវជនខ្មែរក្រោមហ្នឹង ។ សហព័ន្ធខ្មែរកម្ពុជាក្រោមហ្នឹង តែងតែធ្វើសកម្មភាពនៅលើឆាកអន្តរជាតិ រហូតទៅដល់អង្គការសិទ្ធិមនុស្ស និងដាក់របាយការណ៍ទៅអង្គការសហប្រជាជាតិនោះ» ។
ឆ្លើយបតនឹងសំណើរបស់មន្រ្តីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោមនេះ យុវជនខ្មែរក្រោម ដែលកំពុងរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាមប្តេជ្ញាថា ពួកគេនឹងបន្តយុទ្ធនាការទាមទារសិទ្ធិជនជាតិ និងសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត ។ យុវជនខ្មែរកម្ពុជាក្រោម លោក តោ ហ្វាងចឿង ប្រាប់វិទ្យុអាស៊ីសេរីថា វៀតណាមមានចេតនា បំបាក់ស្មារតីយុវជនខ្មែរក្រោមមិនឲ្យហ៊ានងើបឡើងតវ៉ា ទាមទារសិទ្ធិសេរីភាព ទើបអាជ្ញាធរធ្វើការឃាត់ និងឃុំខ្លួនខ្មែរក្រោមជាបន្តបន្ទាប់៖ «ខ្ញុំសូមជម្រាបប្រាប់ ការតស៊ូរបស់យុវជន គឺនៅតែមានការបន្តការតស៊ូទាមទារ សិទ្ធិក្នុងនាមជាម្ចាស់ស្រុករហូតមិនឈប់ទេ ។ ដរាបណាប្អូននៅតែមានជីវិតនឹងដង្ហើម នឹងតវ៉ាទាមទារសិទ្ធិហ្នឹងរហូតដល់ដង្ហើមចុងក្រោយ» ។
យុវជន តោ ហ្វាងចឿង ត្រូវអាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង ផាកពិន័យចំនួន ៣០០ ដុល្លារ ពីបទប្រើប្រាស់បណ្ដាញសង្គម ចែកចាយព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ស្ដីពីការបាត់បង់ទឹកដីខ្មែរក្រោម ក្នុងខួបបាត់បង់ទឹកដីលើកទី ៧១ ឆ្នាំ ។ លោកថា លោកសុខចិត្តចូលគុក ជាជាងបង់លុយពិន័យឲ្យវៀតណាម ពីព្រោះលោកថា លោកគ្មានកំហុសនោះទេ ។
របាយការណ៍សហព័ន្ធខ្មែរក្រោមប្រចាំឆ្នាំ ឲ្យដឹងថា កាលពីឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១ អាជ្ញាធរវៀតណាម បានបន្តរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ និងយុវជនខ្មែរក្រោម មិនឲ្យផ្សព្វផ្សាយប្រវត្តិសាស្ត្រពិតនៃការបាត់បង់ទឹកដី និងសិទ្ធិចែកចាយព័ត៌មានតាមបណ្ដាញសង្គម ។ យុវជនខ្មែរក្រោមមួយចំនួន ត្រូវបានអាជ្ញាធរវៀតណាម ចាប់ផាកពិន័យ ហើយរឹបអូសយកសៀវភៅ ស្ដីពីសិទ្ធិជនជាតិដើមពីពួកគេ ។ ចំណែកកសិករខ្មែរក្រោម ជាច្រើននាក់ ដែលរងគ្រោះដោយសារតែអាជ្ញាធរវៀតណាម រឹបអូសយកដីស្រែ ក៏ត្រូវតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគាររាប់ឆ្នាំ ទាំងអយុត្តិធម៌ផងដែរ ៕