សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម ​នៅ​កម្ពុជា​ប្រារព្ធ​ខួប​បាត់​បង់​ទឹក​ដី​លើក​ទី ៧២ ឆ្នាំ

ដោយ យន់ សាមៀន | RFA Khmer

អង្គការ​សមាគម​ខ្មែរកម្ពុជា​ក្រោម​ នៅ​ក្នុង និង​ក្រៅ​ស្រុក​រួម​ទាំង​យុវជន​ខ្មែរ​ក្រោម ​រស់នៅ​លើ​ទឹក​ដី​កំណើត​ប្រារព្ធ​ខួប​បាត់​បង់​ទឹក​ដី​លើក​ទី ៧២ ឆ្នាំ​ថ្ងៃ​ទី ៤ មិថុនា​ខាង​មុខ ។ ​សម្រាប់​ខួប​ ៧២ ឆ្នាំ​នេះ ​​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ នឹង​បំផុស​ចលនា​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​​ រស់​នៅ​លើ​ទឹក​ដី​កំណើត​រក្សា​អត្តសញ្ញាណ​ជា​ខ្មែរ​ក្រោម​ នៅ​លើ​ទឹកដី​កំណើត​ ដើម្បី​ឈាន​ទៅ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​វាសនា​ដោយ​ខ្លួន​ ទៅ​ថ្ងៃ​អនាគត ។

Khmer Krom supporters march and play music during a ceremony on 2014 to mark the 65th anniversary of the day France's Cochinchina colony, which included Kampuchea Krom, was officially handed over to Vietnam. (Siv Channa)
Khmer Krom supporters march and play music during a ceremony on 2014 to mark the 65th anniversary of the day France’s Cochinchina colony, which included Kampuchea Krom, was officially handed over to Vietnam. (Siv Channa)

ពលរដ្ឋ​ខ្មែរ​ក្រោម​ បាន​បាត់​បង់​ទឹកដី​ដើម​កំណើត​ ដោយសារ​តែ​បារាំង ​(France) ​បាន​កាត់​ទឹក​ដី​ខ្មែរ​ក្រោម ​ឲ្យ​វៀតណាម​ ទាំង​ខុស​ច្បាប់​អស់​រយៈ​ពេល ៧២ ឆ្នាំ​ហើយ គិត​ត្រឹម​ថ្ងៃ​ទី ៤ មិថុនា​ខាង​មុខ ។ អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម ​ក្នុងស្រុក និង​ក្រៅ​ស្រុក​លើក​ឡើង​ថា ចាប់តាំង​ពី​វៀតណាម ​បាន​គ្រប់គ្រង​ទឹក​ដី​ខ្មែរ​ក្រោម ​ទាំង​ខុស​ច្បាប់​មក អាជ្ញាធរ​វៀតណាម​ បាន​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់ ដើម្បី​បំបាត់ ​អត្តសញ្ញាណ​ខ្មែរ​ក្រោម ​ពី​ទឹក​ដី​កំណើត​ ។ មហិច្ឆតា​របស់​វៀតណាម ​ក្នុង​ការ​បំបាត់​ អត្តសញ្ញាណ​ខ្មែរ​ក្រោម ​រួម​មាន ការ​កែ​ប្រែ​ឈ្មោះ​ខេត្ត ​ពី​ខ្មែរ​ទៅ​ជា​ភាសា​វៀតណាម បំបាត់​វប្បធម៌ ប្រពៃណី​ អក្សរសាស្ត្រ​ និង​សិទ្ធិ​ជា​ជនជាតិ​ដើម​កំណើត​ជា​ដើម ។ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​ឲ្យដឹង​ថា ដើម្បី​ទប់​ស្កាត់ មហិច្ឆតា​របស់​វៀតណាម​ នេះ​ សហព័ន្ធ​នឹង​បំផុស​ស្មារតី​ស្នេហាជាតិ​ដល់​បងប្អូន​ខ្មែរ​ក្រោម​ ដែល​កំពុង​រស់​លើ​ទឹកដី​កំណើត​ឲ្យ​ប្រកាន់​ភ្ជាប់​ និង ​រក្សា​អត្ត​សញ្ញាណ​ជា​ខ្មែរ​ក្រោម ។ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ នឹង​ជួបជុំគ្នា​នៅ​តាម​សាខា​ក្នុង​រដ្ឋ​នីមួយៗ ផ្សេងៗ គ្នា ដើម្បី​ប្រារព្ធ​ថ្ងៃ​ដ៏​សោកសៅ ក្នុង​ខួប​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ។ សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម ក៏​នឹង​មាន​វេទិកា​ជជែក​ជុំវិញ​ព្រឹត្តិការណ៍​បាត់បង់​ទឹក​ដី​នេះ នៅ​តាម​បណ្ដាញ​សង្គម​ផង​ដែរ ។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​ នៅ​សហរដ្ឋ​អាមេរិក ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា ការ​ថែ​រក្សា​អត្ត​សញ្ញាណ​ខ្មែរ​ក្រោម ​ឲ្យ​បាន​គង់វង្ស​នៅ​លើ​ទឹក​កំណើត​នឹង​ជំរុញ​ឲ្យ​ការ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ជោគជ័យ​ទៅ​ថ្ងៃ​ក្រោយ៖ «សារ​សំខាន់​ នៅ​ឆ្នាំ​នេះ​គឺ​ថា អំពាវនាវ​ឲ្យ​ខ្មែរ​ក្រោម​ ហៅ​ខ្លួន​ឯង​ជា​ខ្មែរ​ក្រោម ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ហៅ​ខ្មែរ​ក្រោម​ ថា ខ្មែរ​ក្រោម ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ផ្ដោត​សំខាន់​ហ្នឹង គឺ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ​ហ្នឹង​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម ហើយ​ហៅ​ពលរដ្ឋ​ខ្មែរ​ក្រោម​ថា ខ្មែរ​ក្រោម» ។

របាយការណ៍​សហព័ន្ធ​ខ្មែរ​ក្រោម​ ប្រចាំ​ឆ្នាំ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០២០ និង​ដើម​ឆ្នាំ២០២១ អាជ្ញាធរ​វៀតណាម ​បាន​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​យុវជន​ខ្មែរ​ក្រោម មិន​ឲ្យ​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​ពិត​នៃ​ការ​បាត់បង់​ទឹក​ដី និង​សិទ្ធិ​ចែកចាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ។ យុវជន​ខ្មែរ​ក្រោម ​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ចាប់​ផាក​ពិន័យ​រាប់​រយ​ដុល្លារ និង​បាន​រឹបអូស​សៀវភៅ​ ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើមកំណើត​ជា​ដើម ។ ចំណែក​កសិករ​ខ្មែរ​ក្រោម​ ដែល​ត្រូវ​អាជ្ញាធរ​រឹបអូស​យក​ដី​ស្រែ​កេរដូនតា ក៏​ត្រូវ​តុលាការ​វៀតណាម​ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រាប់​ឆ្នាំ​ទាំង​អយុត្តិធម៌​ផង​ដែរ ។ ព្រះ​ភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា ​រយៈ​ពេល ៧២ ឆ្នាំ​នេះ ​រដ្ឋាភិបាល​វៀតណាម ​បន្ត​ធ្វើទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដោយ​គ្មាន​ស្រាកស្រាន្ត​ឡើយ៖ «រដ្ឋាភិបាល​វៀតណាម ​ហ្នឹង​គេ​មិន​អនុញ្ញាត​ឲ្យ​ទេ ដូច​ជា សាលា​រៀន​រដ្ឋ​មិន​បាន​បើក​ជា​ភាសា​ខ្មែរ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ​រៀន​អក្សរសាស្ត្រ​ខ្មែរ​ក្រោម​ទេ ហើយ​ការ​គោរព​ព្រះពុទ្ធសាសនា ​​នៅ​មាន​កម្រិត ដោយសារ​តែ​រដ្ឋាភិបាល​វៀតណាម​ហ្នឹង គេ​រឹតត្បិត​សិទ្ធិ​សេរី​គ្រប់​បែប​យ៉ាង» ។

ទាក់ទង​នឹង​ការ​ប្រារព្ធ​ខួប ៧២ ឆ្នាំ​ ជា​ថ្ងៃ​កាន់​ទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ​ដែរ អង្គការ​សមាគម​ខ្មែរកម្ពុជា​ក្រោម​ នៅ​កម្ពុជា ក៏​គ្រោង​នឹង​ជួប​ជុំ​គ្នា​ធ្វើ​ទិវា​ថ្ងៃ​កាន់​ទុក្ខ​នេះ​ដែរ ។

នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម ​លោក ថាច់ សេដ្ឋា ប្រាប់​អាស៊ី​សេរី​ ថា តាម​គម្រោង​សហគមន៍​គ្រោង​ជួបជុំ​គ្នា​រាប់​បាត្រ​ដល់​ព្រះសង្ឃ ១៩៤៩ អង្គ នៅ​ចុង​ខែ​មិថុនា​ដោយសារ​តែ ការ​រាតត្បាត​ជំងឺ Covid-19 មិន​អាច​ធ្វើ​បាន​នៅ​ថ្ងៃ​ទី ៤ មិថុនា ។ ទោះ​បី​ជា​យ៉ាង​ណា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ គ្រោង​នឹង​យក​ជំនួយ​ទៅ​ចែក​ជូន ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​រង​គ្រោះ​ដោយសារ​តែ​ការ​រាតត្បាត​ជំងឺ Covid-19 ​ចាប់ពីថ្ងៃទី ៤ មិថុនា​ ដល់​ចុង​ខែ​មិថុនា ​និង​ធ្វើ​យុទ្ធនាការ ផ្សព្វផ្សាយ​ការពិត​ពី​ប្រវត្តិ​នៃ​ការ​បាត់​បង់​ទឹក​ដី និង​បង្ហាញ​ថា ខ្មែរ​ក្រោម​ជា​ជន​ដើម​កំណើត​មិន​មែន​ជា​ជនជាតិ​ភាគ​តិច​ជា​ដើម ។ លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ថា ខ្មែរ​ក្រោម​បន្ត​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​វៀតណាម មិន​ចេះ​ចប់ មិន​ចេះ​ហើយ​ក្នុង​រយៈ ៧២ ឆ្នាំ ​ដែល​វៀតណាម​ធ្វើ​អាណា​និគម​លើ​ទឹក​ដី​កម្ពុជា​ក្រោម៖ «បាទ​អត់​មាន​អ្វី​ស្រាកស្រាន្ត​ទេ ការ​គាបសង្កត់​ជា​រឿង​នយោបាយ​របស់​យួន ។ ពី​សម័យ​មួយ​ទៅ​សម័យ​មួយ​គេ​មិន​ដែល​ផ្លាស់​ប្ដូរ​នយោបាយ​គាប​សង្កត់​សិទ្ធិ​សេរីភាព គេ​ខ្លាច​ថា យើង​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ហ្នឹង​ក្នុង​ការ​តវ៉ា​ទាមទារ​ផ្សេងៗ ។ ការ​សិក្សា​ដូច​គ្នា​ដែរ គេ​មិន​ឲ្យ​យើង​រៀន​សូត្រ​ទូលំទូលាយ​ទេ ។ ខ្លាច​យើង​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​នឹង​ទឹក​ដី ។ គេ​ចង់​ឲ្យ​យើង​រស់​នៅ​តាម​បែប​សត្វ​តិរច្ឆាន» ។

យុវជន​ខ្មែរ​ក្រោម​ កំពុង​រស់​នៅ​លើ​ទឹកដី​កំណើត ក៏​គ្រោង​នឹង​ជួបជុំ​គ្នា​ប្រារព្ធ​ថ្ងៃ​បាត់​បង់​ទឹក​ដី​នេះ​ដែរ ។ យុវជន​ខ្មែរ​ក្រោម យុវជន តោ ហ្វាងចឿង ប្រាប់​អាស៊ី​សេរី​ថា យុវជន​គ្រោង​នឹង​ជួបជុំ​គ្នា ដើម្បី​រំលឹក​ថ្ងៃ​បាត់បង់​ទឹកដី​ខ្មែរ​ក្រោម ប៉ុន្តែ​អាជ្ញាធរ​វៀតណាម បាន​ចាប់​ផ្ដើម​បិទ​ខ្ទប់​តំបន់​ ដែល​លោក​រស់​នៅ​ដោយសារ​តែ​ជំងឺ Covid-19 ។ លោក​ថា យុវជន​ខ្មែរ​ក្រោមនឹងពិភាក្សា​គ្នា​ម្ដង​ទៀត​ អំពី​ការ​ប្រារព្ធ​ទិវា​នេះ៖ «នៅ​កម្ពុជា​ក្រោម យុវជន​និមន្ត​លោក​មក​សូត្រ​ជូន​ដល់​បុព្វបុរស ដែល​លោក​ហ៊ាន​បូជា​ជីវិត ដើម្បី​ជាតិ​សាសនា» ។

យុវជន តោ ហ្វាងចឿង កាល​ពី​ឆ្នាំ ២០២០ ត្រូវ​អាជ្ញាធរ​វៀតណាម​ ផាក​ពិន័យ​ជាច្រើន​រយ​ដុល្លារ ដោយសារ​តែ​ពាក់​អាវ​មាន​អក្សរ​ថា ​ខួប​បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម និង​មាន​ស្លាក​សញ្ញា​សហព័ន្ធ​ខ្មែរ​ក្រោម ។ កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​នេះ អាជ្ញាធរ​បាន​ផ្ញើ​លិខិត​ទារ​លុយ​យុវជន តោ ហ្វាងចឿង ប៉ុន្តែ​ លោក​បដិសេធ​មិន​សង​ដោយសារ​តែ​អះអាង​ថា លោក​គ្មាន​កំហុស ។ អាណានិគម​បារាំង បាន​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​ត្រួតត្រា​ទាំង​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ ១៩៤៩ ។ ចាប់​តាំង​ពី​ពេល​នោះ​មក វៀតណាម​ បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់ ដើម្បី​បំបាត់​វប្បធម៌ អត្តសញ្ញាណ សាសនា និង​ទំនៀម​ទម្លាប់​ខ្មែរ​ក្រោម ។ បច្ចុប្បន្ន ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​កំពុង​ធ្វើ​ចលនា​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​នៅ​ថ្ងៃ​អនាគត ៕