ដោយ គឹម សាវតា
ខណៈដែលនៅទូទាំងសកលលោក ស្ត្រីត្រូវបានគេគោរពសិទ្ធិ និងឲ្យតម្លៃក្នុងកិច្ចការផ្សេងៗ ។ ចំណែក សិទ្ធិស្ត្រីខ្មែរ នៅដែនដីកម្ពុជាក្រោម និងនៅកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ ជាពិសេសគឺការរើសអើង និងហើយនៅយល់ច្រឡំថា ស្រ្តីខ្មែរក្រោម គឺជាជនជាតិយួន ។ ករណីនេះ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ជំរុញឲ្យស្ថាប័ននានា លើកស្ទួយសិទ្ធិស្រ្តីខ្មែរក្រោមឲ្យមានភាពស្មើរគ្នាជាមួយស្ត្រីសាសន៍ដទៃ ។

ខ្មែរក្រោម ដែលរស់នៅដែនដីកម្ពុជាក្រោម និងសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ដែលធ្វើការទៅលើវិស័យការពារសិទ្ធិមនុស្សខ្មែរក្រោម អះអាងថា សិទ្ធិស្រ្តីខ្មែរក្រោម មានការរិតត្បិតច្រើន បើប្រៀបធៀបជាមួយស្ត្រីសាសន៍ដទៃ ។
ស្ត្រីខ្មែរក្រោមម្នាក់ ដែលបំរើការងារនៅក្នុងក្រុងព្រៃនគរ ដែនដីកម្ពុជាក្រោម សុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាព ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ថា នៅពេលដែលគាត់ចង់ធ្វើអ្វីមួយ ដែលជាសិទ្ធិមូលដ្ឋានរបស់ខ្លួន ក៏អាជ្ញាធរវៀតណាមតាមឃ្លាំមើល និង ធ្វើការតាមដានរាល់សកម្មភាព ដែលពលរដ្ឋខ្មែរក្រោម កំពុងប្រើប្រាស់សិទ្ធិរបស់ពួកគេ ។ ជាពិសេស ការរតិតត្បិតទៅលើ ការថែក្សាអត្តសញ្ញាណជាតិ ។ ស្ត្រីខ្មែរក្រោម ដដែលរូបនេះ បន្តថា នាងបានធ្វើកិច្ចការតស៊ូមតិជាច្រើន ដើម្បីឲ្យអាជ្ញាធរ និងស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងទៀត ទទួលស្គាល់សិទ្ធិស្រ្តីខ្មែរក្រោម ឲ្យដូចស្រ្តីដទៃទៀតដែរ ប៉ុន្តែ អាជ្ញាធរ បែជាហាមឃាត់ទៅវិញ ។ «ដូចថា ខ្លួនជាខ្មែរក្រោម មិនឲ្យហៅថា ជាខ្មែរក្រោម ឲ្យហៅថាជាអីទៅ ខ្ញុំជាខ្មែរខ្ញុំទទួលស្គាល់ខ្លួនឯងជាខ្មែរ ជនជាតិយួនអត់ទទួលស្គាល់ ទោះឈ្មោះខ្ញុំជាយួនជាអីខ្ញុំអត់ខ្វល់ដែរ ដូចថា ខ្ញុំនៅខ្មែរកម្ពុជាក្រោម ភូមិស្រុកកំណើតខ្ញុំគឺជាខ្មែរ ។ ខ្ញុំចង់ឲ្យជនជាតិយួនហ្នឹងផ្ដល់សិទ្ធិឲ្យខ្មែរក្រោមពេញលេញ» ។
ដោយឡែកសម្រាប់ស្រ្តីខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជាវិញ ប្រធានលេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម លោក សម្បត្តិ ស៊ីណា មានប្រសាសន៍ថា ស្ត្រីខ្មែរក្រោមភាគច្រើន គឺមិនចេះអក្សរខ្មែរ ហើយភាសា ដែលពួកគាត់និយាយ គឺត្រូវបានប្រជាពលរដ្ឋខ្មែរចោទជាយួន ម្យ៉ាងទៀតស្រ្តីខ្មែរក្រោម មិនសូវបានចូលរួមកិច្ចការផ្សេងៗ នៅកម្ពុជាឡើយ ។ លោកបន្តថា ដើម្បីគាំទ្រ និងលើកស្ទួយសិទ្ធិស្រ្តីខ្មែរក្រោម លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម បានរៀបចំផែនការជាច្រើន ដូចជា នៅឆ្នាំ ២០២១ ដែលលោកទើបទទួលតំណែងជាប្រធាន គឺបានរៀបចំឲ្យពង្រឹងឡើងវិញនូវការងារ ជាពិសេសអង្គការស្រ្តីខ្មែរកម្ពុជាក្រោម ដើម្បីឲ្យមានរចនាសម្ព័ន្ធត្រឹមត្រូវ ក្នុងគោលបំណងស្វែងយល់ពីបញ្ហាប្រឈមនានា ដែលស្ត្រីខ្មែរក្រោមរស់នៅកម្ពុជា កំពុងជួបប្រទេះ ហើយដោះស្រាយឲ្យបានទាន់ពេលវេលា ។
លោក សម្បត្តិស៊ីណា «លេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម នឹងធ្វើយ៉ាងណាពង្រឹង និងរៀបចំរចនាសម្ព័ន្ធ អង្គការស្ត្រីខ្មែរកម្ពុជាក្រោម ឲ្យវាមានភាពរលូនដើម្បី ឲ្យអង្គការស្រ្តីខ្មែរកម្ពុជាក្រោមហ្នឹង ចុះជួយសម្រួលកិច្ចការបង ប្អូនស្រ្តីខ្មែរកម្ពុជាក្រោមមួយចំនួន ដែលកំពុងតែរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាតើមានបញ្ហាអ្វីហើយអាចឲ្យអង្គការស្ត្រីខ្មែរកម្ពុជាក្រោមអាចជួយប្រាស្រ័យទាក់ទង អាចជួយដោះស្រាយបញ្ហា» ។
ក្នុងទិវាសិទ្ធិនារីខួបលើកទី ១១០ នេះ លេខាធិការដ្ឋានអង្គការ សមាគខ្មែរកម្ពុជាក្រោម ក៏បានចេញលិខិតអបអរសាទរ ហើយក្នុងនោះក៏បានលើកពីការរស់នៅយ៉ាងលំបាករបស់ស្ត្រីខ្មែរក្រោម ដែលកំពុងរស់នៅដែនដីកម្ពុជាក្រោមផងដែរ ដោយសារតែអាជ្ញាធរវៀតណាមមិនអនុញ្ញាតិឲ្យស្រ្តីខ្មែរក្រោមប្រារព្វទិវាសិទ្ធិនារី ដើម្បីលើកពីបញ្ហាសិទ្ធិសេរីភាពរបស់ខ្លួននោះទេ ស្រ្តីខ្មែរក្រោមមិនបានរៀនសូត្រខ្ពស់ខ្ពស់ជាដើម ។ លេខាធិការដ្ឋានអង្គការ សមាគខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅកម្ពុជា ក៏បានអំពាវនាវឲ្យអាជ្ញាធរវៀតណាម លើកតម្កើងសិទ្ធិស្រ្តីខ្មែរក្រោម ដូចជាការផ្តល់ព័ត៌មានអំពីសិទ្ធិស្ត្រី ការចូលរួមសម្រេចចិត្តក្នុងកិច្ចការសង្គមជាដើម ៕