ក្រុម​សិល្បករ​ល្បីៗ​ទៅ​ច្រៀង​នៅក​ម្ពុជា​ក្រោម​ តែហាមច្រៀងបទនយោបាយ

ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ​រូបភាព​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​យ៉ាង​ច្បាស់​ក្រឡែត​បង្ហាញ​វត្តមាន​កំពូល​តារា​ចម្រៀង លោក ព្រាប សុវត្ថិ និង​អ្នកនាង ម៉េង កែវ​ពេជ្ជតា លោក វង្ស មុន្នីរតនា លោក រ៉េត ធីដូណា លោក វី ជីវ័ន្ត និងសិល្បករ សិល្បការិនី​ល្បី​ៗជា​ច្រើន​ដួង​ទៀត​ ជាមួយ​សំណេរ​បញ្ជាក់​ថា កំពូល​តារា​ចម្រៀង​ល្បី​ៗទាំង​នេះ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​កម្ពុជា​ក្រោម​ក្នុង​ការ​ប្រគំ​តន្ដ្រី​កម្សាន្ត​លើក​ដំបូង អបអរ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចំនួន​ពីរយប់ ។

khmer-song

ទាំង​ចម្ងល់រួម​នឹង​ភាព​ភ្ញាក់​ផ្អើល​ ដែល​លើកឡើង​ថា វេលា​រំលងច្រើន​ទសវត្សរ៍​ពុំធ្លាប់​បាន​ឮ​ពីការ​ប្រគំ​តន្រ្តី​នាំ​សិល្បករ សិល្បការិនី​ពី​កម្ពុជា​ទៅ​ប្រគំ​តន្រ្តី​អបអរ​សាទរ​បុណ្យចូល​ឆ្នាំ​ប្រពៃណី​ជាតិ​នៅ​លើទឹក​ដី​កម្ពុជាកក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​វៀត​ណាម​នោះឡើយ​ ។

មជ្ឈដ្ឋាន​មហាជន​ក៏បាន​នាំគ្នា​ជជែក​សួរគ្នា​ទៀតថា៖

«តើ​ការផ្សព្វផ្សាយ​នោះ ​វាជា​ការពិត​ទេ ឬ​មួយក៏មាន​អ្នកខិល​ខូចណា​ប្រឌិត​រូបភាព​ឲ្យចេះ​តែ​មាន​ការ​ចាប់អារម្មណ៍​ទេ ? បើមាន​ការ​នាំ​សិល្បករ និង​សិល្បកា​រិនីពី​កម្ពុជា​ទៅលេង​ទីនោះ​មែន​ តើ​អ្នកណា​ជាអ្នក​ធានា?​ ហើយ​ការរត់​ការ​ឯកសារ​ផ្សេងៗ​យ៉ាង​ណា​ដែរ?» ។

ពួកគេ​ បាន​បន្ដ​ទៀត​ថា៖​

«វាដូច​ជា​មិន​ងាយ​ទេ សម្រាប់​ការប្រគំត​ន្រ្តី​នាំ​សិល្បករ សិល្បការិនី​ពី​ខ្មែរទៅ​នោះ ។​ មិនងាយ​ដូចអ្នក​នៅ​ខាងនោះ​ចូលមក​យើង​ទេ​» ។

ទោះជា​យ៉ាងណា​ កាលពី​ម្សិលមិញ​ ភ្នំពេញ​ប៉ុស្តិ៍ មិន​អាច​ទាក់ទង​សុំការ​បញ្ជាក់​ពីកំពូល​តារា​ចម្រៀង​ល្បី​ៗ​ពីរដួង គឺអ្នកនាង ម៉េង កែវពេជ្ជតា និង​លោក ព្រាប សុវត្ថិ បានទេ ខណៈ​ទូរស័ព្ទ​របស់​ពួកគេ​មិនមាន​អ្នក​ទទួល​។

ប៉ុន្តែ​តារា​សម្តែង និង​តន្រ្តីករ សក់​កន្ទ្រើង ដែល​មាន​រូបថត ផុស​លើ​ផ្ទាំង​ផ្សព្វផ្សាយ​នោះ លោក វី ជីវ័ន្ត អះអាង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖

«វាជា​ការពិត មិនមែន​ជាការ​ប្រឌិត ឬ​ក៏គេចេះ​តែធ្វើ​ផ្សព្វផ្សាយទេ​ចំពោះ​វត្តមាន​អ្នកល្បីៗ​លើទឹក​ដីកម្ពុជា​ក្រោម​នោះ» ។ ​

តន្រ្តីករ​ សក់​​ធំ​ ដែលទើប​បែកធ្លាយ​ការងារ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​ ក្រោយពី​ធ្វើ​ខួប​កំណើត​ចម្រើនវ័យ ៣៥ ឆ្នាំ រូបនេះ បានប្រាប់​បន្តថា ទាំង​រូប​លោក​ និង​តារាច​ម្រៀង​ល្បី​ៗមាន​ក្នុងផ្ទាំង​ផ្សព្វផ្សាយ​នោះ​សុទ្ធ​តែ​ទទួល​បានការ​អញ្ជើញ​ និងចុះ​កុងត្រា​ទៅ​ច្រៀងអបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នៅទឹក​ដី​កម្ពុជា​ក្រោមពីរ​យប់​ថ្ងៃទី ១៤ និង ១៥ ចំថ្ងៃ​បុណ្យ​ចូលឆ្នាំ» ។

លោក វី ជីវ័ន្ត បាន​បញ្ជាក់​ថា៖​

«ក្រុម​សិល្បករ សិល្បការិនី​ទាំងអស់​នឹង​ចេញ​ដំណើរ​ទៅកម្ពុជា​ក្រោមនៅ​​ប្រទេស​វៀតណាម​ថ្ងៃទី ១៣ ខែមេសា នេះហើយ ហើយពួកគេ​នឹង​វិលត្រឡប់​មកវិញ​ក្រោយពី​ច្រៀងរាំ​កម្សាន្ត​ចែកជូន​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​សប្បាយ​នារាត្រី​ថ្ងៃទី ១៤ និង​ថ្ងៃទី ១៥» ។

បន្ថែមពី​នេះ​ លោក តាំ ជា​អ្នក​រៀបចំ​ឲ្យ​មាន​ការ​ប្រគំតន្រ្តី​នាំ​សិល្បករ​ល្បី​ៗទៅ​ច្រៀង​កម្សាន្ត​អប​អរបុណ្យ​ចូលឆ្នាំប្រពៃណី​ខ្មែរ​នៅ​កម្ពុជា​ក្រោម​នោះ​ បានប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ឲ្យដឹង​ថា៖ «បើ​និយា​យពី​រឿង​រត់ច្បាប់​នាំ​ក្រុម​សិល្បៈ​ទៅ​សម្តែង​ទីនោះ​ ពិត​មិន​ខុស​នឹង​អ្នក​ឆ្ងល់ទេ។ វាពិបាក ហើយបើ​យើង​អ៊ីចឹង​ក៏​ទំនង​រត់មិន​បានទេ​។ ប៉ុន្តែ​ការរៀបចំ​របស់​ខ្ញុំបាន​ការ​គាំទ្រពី​សេដ្ឋី​ម្នាក់​នៅ​វៀតណាម។​​ គាត់នោះ​ក៏មាន​ក្រុម​តន្រ្តី​ដែរ ក៏ទទួល​ការ​សហការ​គ្នា​ ផ្តើម​ឲ្យមាន​ការ​ប្រគំតន្រ្តី​ ដែល​មុននេះ​កម្រមាន​លើ​ទឹក​ដី​កម្ពុជា​ក្រោម ពី​វត្តមាន​តារា​ចម្រៀង​ខ្មែរ​ល្បី​ៗ» ។

លោក តាំ ​បង្ហើបថា លោក​ក៏​ជាខ្មែរ​កម្ពុជា​ក្រោម មក​ធ្វើ​ការ​នៅកម្ពុជា​ម្នាក់ឯ​ង ដែល​បងប្អូន ​ឪពុកម្តាយ នៅរស់​នៅ​កម្ពុជា​ក្រោម​ផងដែរ។លោកបាន​ប្រាប់​ឲ្យដឹង​ថា៖

«ការនាំ​សិល្បករ​ល្បីៗទៅ​សម្តែង​នៅ​កម្ពុជា​ក្រោម​នេះ ជាការ​សម្តែង​នៅ​ស្រុកកំណើត​លោក​នៃខេត្ត​ត្រាវីញ​ ដែល​រៀបចំ​សម្តែងនៅ​យប់​ថ្ងៃទី ១៤ និង ១៥ ខែមេសា ចំថ្ងៃ​ចូលឆ្នាំ​ខ្មែរតែម្តង​ ដើម្បី​ឲ្យបង​ប្អូន​នៅ​ទីនោះពួក​គាត់​បាន​ឃើញ​វត្តមាន​តារា​ចម្រៀង​ល្បីៗ​យើង​ផ្ទាល់​ ដែលកន្លង​មកគាត់​ឃើញ​តែតាម​កា​រសម្តែង​ផ្សេងៗ​នោះ» ។

យ៉ាង​ណា​ ​លោកបាន​បង្ហើប​ឲ្យដឹងពី​ការលំបាក​សម្រាប់ការ​បង្កើត​ឲ្យ​មាន​ការប្រគំតន្រ្តី​នាំ​សិល្បករ​ល្បីៗ​ទៅ​សម្តែង​នៅទី​នោះ​ថា៖

«ស្រួល​មែនបាន​សេដ្ឋី​វៀតណាម គាត់​ចេញលុយ ​និង​ចេញមុខ​ជួយ​រៀបចំ​ទាំងអស់ ​។​ ប៉ុន្តែ​ការហៅ​សិល្បករ​ល្បីៗ​ទៅនោះ មិនងាយ​ទេ។​ ពួកគាត់​ខ្លាចមិន​ហ៊ាន​ទៅ​សម្តែងទេ ដូច​បង ព្រាប សុវត្ថិ គាត់​បារម្ភ​សុវត្ថិភាព ដោយគាត់​បាន​សួរខ្ញុំ​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត។ ប៉ុន្តែ​បាន​លោក រ៉េត ធីឌូណា និង​បងស្រី ម៉េង កែវពេជ្ជតា គាត់ប្រាប់​ទៅ​ថា គាត់ធ្លាប់​ទៅសម្តែង​ពីរបី​ដង​មិនអីទេ ។​ ទើប​គាត់​ហ៊ាន​ទទួល​ការអញ្ជើញ​ទៅ​សម្តែង​កម្មវិធី​ខ្ញុំ​» ។

លោក​ថា៖

«គ្រប់​បទ​ចម្រៀង​ត្រូវ​បក​ជា​ភាសា​វៀតណាម ឲ្យ​អាជ្ញាធរ​ពិនិត្យ​ និង​ហាម​ដាច់​ខាតក្រៅពី​បទឆ្លង​ឆ្លើយ​ចង្វាក់​ប្រជាប្រិយ​ដែល​ប៉ះពាល់​នយោបាយ បទខ្មែរលើ ខ្មែរក្រោម ខ្មែរ​កណ្តាល» ៕