យុវជន​ខ្មែរ​ក្រោម​ ស្ម័គ្រចិត្ត​ធ្វើ​ការងារ​លើកស្ទួយ​សិទ្ធិ​ នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន

ដោយ យន់ សាមៀន | RFA Khmer
យុវជន​ខ្មែរ​ក្រោម ស្ម័គ្រចិត្ត​ធ្វើ​ការងារ​លើកស្ទួយ​សិទ្ធិមនុស្ស ​ការងារ និង​សិទ្ធិ​បញ្ចេញមតិ​របស់​កម្មករ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ នៅ​លើ​ទឹកដី​កំណើត ​។ ពួកគេ​ងើបឡើង​តស៊ូ​មតិ​ដោយ​អហិង្សា​នេះ ដោយសារតែ អាជ្ញាធរ​វៀតណាម​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ជនជាតិ​ដើម​កំណើត ការរំលោភ​សិទ្ធិ​ការងារ និង​សិទ្ធ​ដទៃ​ទៀត ។
ក្រុមយុវជនខ្មែរក្រោមពាក់អាវ​យឺត​ខ្មែរក្រោម​ ដែល​មាន​ដាក់​អក្សរ​ «៧០​ ឆ្នាំ​ កម្ពុជាក្រោម​ នៅ​ក្រោម​នឹម​អាណានិគម​យួន​» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។ រូបថតផ្តល់ឲ្យ
ក្រុមយុវជនខ្មែរក្រោមពាក់អាវ​យឺត​ខ្មែរក្រោម​ ដែល​មាន​ដាក់​អក្សរ​ «៧០​ ឆ្នាំ​ កម្ពុជាក្រោម​ នៅ​ក្រោម​នឹម​អាណានិគម​យួន​» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។ រូបថតផ្តល់ឲ្យ
យុវជន​ខ្មែរ​ក្រោម​ កំពុង​ធ្វើ​យុទ្ធនាការ​តាមរយៈ​បណ្ដាញ​សង្គម និង​ដើរ​ចែកចាយ​សៀវភៅ ឯកសារ ប្រវត្តិសាស្ត្រ និង​ច្បាប់​ការងារ ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រើប្រាស់​ជា​ដើមទុន​ ដើម្បី​ធ្វើការ​តស៊ូ​មតិ ដោយ​អហិង្សា​ ។ យុវជន​ខ្មែរ​ក្រោម យឿង ខាយ ដែល​កំពុង​រង​ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ ខ្លួនឯង​ផង​ដែរ​នោះ បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក ឈ្មោះថា សិទ្ធិ​ការងារ​ខ្មែរ​ក្រោម ដើម្បី​ផ្ដល់​ចំណេះដឹង​ពី​ច្បាប់​ការងារ និង​បង្ហាញ​ពី​សកម្មភាព​របស់​កម្ម​ករ​ខ្មែរ​ក្រោម​ ។ ទំព័រ​ហ្វេសប៊ុក​នោះ ក៏​បាន​ផ្ដល់​លេខ​ទូរស័ព្ទ សម្រាប់​ឱ្យ​កម្មករ​ខ្មែរ​ក្រោម​ ដែល​រង​ការ​រំលោភបំពាន​ផ្សេងៗ​ ទាក់ទង ដើម្បី​ពិគ្រោះ​យោបល់​ស្វែងរក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ទាំងនោះ ។
យុវជន យឿង ខាយ ប្រាប់​អាស៊ីសេរី​ថា កម្មករ​ខ្មែរ​ក្រោម កំពុង​ត្រូវ​បាន​ថៅកែ​រោងចក្រ បង្ខំ​ឱ្យ​ធ្វើ​ការងារ​បន្ថែម​ម៉ោង លើស​កំណត់​តាមច្បាប់​ការងារ​វៀតណាម ហើយ​ថៅកែ​វៀតណាម ក៏​មិន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​ បាន​ឈប់​សម្រាក​បុណ្យជាតិ​ខ្មែរ​ក្រោម​សំខាន់ៗ ​ដូចជា បុណ្យ​សែន​ដូនតា និង​បុណ្យ​ចូល​ឆ្នាំថ្មី​ជាដើម៖ «កម្មករ​ខ្មែរ​យើង​ត្រូវ​បាន​គេ​គាបសង្កត់​ការ​សិទ្ធិពល​កម្ម​បង ​។ ធ្វើការ​នៅ​តាម​រោងចក្រ​ឯកជន​ក្តី បរទេស​ក្តី​ធ្វើ​ការងារ មាន​គេ​ជិះជាន់ គេ​មិន​ឱ្យ​យើង​ឈប់​ចូលឆ្នាំ ធ្វើទុក្ខបុកម្នេញ​យើង​គ្រប់​បែប​យ៉ាង» ។
យុវជន យឿង ខាយ បន្ត​ទៀត​ថា ក្រៅពី​ការ​រំលោភច្បាប់​ការងារ ម្ចាស់​រោងចក្រ​នៅ​វៀតណាម​ ក៏​មិន​អនុញ្ញាត​ឱ្យ​កម្មករ​បង្កើត​សហជីព​ឯករាជ្យ​ដែរ​ ។ ជំហាន​បន្ទាប់​ទៀត​នេះ លោក​នឹង​ប្រមូល​ផ្តុំ​កម្មករ​ខ្មែរ​ក្រោម​ តាម​រោងចក្រ​ ដើម្បី​បង្កើត សហជីព​ឯករាជ្យ ប្រឆាំង​នឹង​ការរំលោភ​សិទ្ធិ​ការងារ​របស់​ថៅកែ​វៀតណាម ។
សព្វថ្ងៃ យុវជន យឿង ខាយ ធ្វើ​ការងារ​ដោយ​គ្មាន​ការិយាល័យ​ពិតប្រាកដ​នោះ​ទេ ដោយ​លោក​ធ្វើ​ការងារ​ចល័ត​រាល់​ចុង​សប្ដាហ៍ ដោយ​មិន​យក​ប្រាក់​កម្រៃ​ពី​កម្មករ ។
កន្លងមក អាជ្ញាធរ​វៀតណាម បាន​តាមដាន​សកម្មភាព​ជួយ​សង្គម​ខ្មែរ​ក្រោម​របស់ យុវជន យឿង ខាយ ហើយ​អាជ្ញាធរ​បាន​បង្ខំ​ឱ្យ​លោក​ឈប់​ធ្វើ​ការងារ​សង្គម​នេះ ជា​ច្រើនដង​មក​ហើយ រហូតដល់ ប៉ូលិស​ប្រើ​អំពើ​ហិង្សា​ទៅលើ​លោក នៅ​ពេល​លោក​បដិសេធ មិន​ធ្វើតាម​ការ​គំរាមកំហែង​របស់​គេ ។ លោក​ប្ដេជ្ញា ​ថា ទោះបី​លោក​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ក៏ដោយ ក៏​លោក​នឹង​បន្ត​ធ្វើ​ការងារ​ជួយ​កម្មករ​ខ្មែរ​ក្រោម ​ឱ្យ​ជៀស​ផុត​ពី​រំលោភ​សិទ្ធិ​ការងារ ៖ «បើ​យើង​បញ្ចេញមតិ បាត់​ផល​ប្រយោជន៍ វា​វ៉ៃ​ដែរ វា​វ៉ៃ​ដើម្បី​គំរាមកំហែង ហើយ​វា​ថា ចាប់​ដាក់គុក ដាក់​អី​ដែរ​បង» ។
យុវជន​ខ្មែរ​ក្រោម​ មួយ​ចំនួន​ទៀត​ ក៏​កំពុង​សកម្ម​ធ្វើ​ការងារ​សង្គម​ផ្នែក​សិទ្ធិ​ជនជាតិ​ដើមកំណើត​ដែរ​ ។ យុវជន​ខ្មែរក្រោម​ លោក តោ ហ្វាងចឿង ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ផាក​ពិន័យ​រាប់​រយ​ដុល្លារ ដោយសារតែ​សំដែង​មតិ​តាម​បណ្ដាញ​សង្គម កំពុង​បោះពុម្ព​សៀវភៅ​ស្ដីពី​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួនឯង ដើម្បី​ដើរ​ចែកចាយ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ដោយ​ឥតគិតថ្លៃ​ ។ យុវជន​រូប​នេះ អះអាង​ថា ដើម្បី​ឱ្យ​ខ្មែរ​ក្រោម​អាច​ទទួល​បាន​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​បាន លុះ​ត្រា ខ្មែរ​ក្រោម​យល់ដឹង​ពី​សិទ្ធិ​ជា​ជនជាតិ​ដើមកំណើត​ជា​មុន​សិន ៖ «សព្វថ្ងៃ​នេះ ប្អូន​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ជនជាតិ​ដើម ដើម្បី​ដាស់សតិ​អារម្មណ៍​យុវជន​ខ្មែរ​ក្រោម​យើង ឱ្យ​ដឹង​ពី​ច្បាប់ ក្នុង​នាម​ជា​ជនជាតិ​ដើម​ហ្នឹង យើង​មាន​សិទ្ធិ​អ្វីខ្លះ​ដែរ»? ។
កាល​ពី​ពេល​ថ្មី​នេះៗ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​បាន​បោះពុម្ព​សៀវភៅ មាន​ចំណងជើង​ថា “​ពន្លឺ​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួនឯង​” ។ សៀវភៅ​នេះ បង្ហាញ​ពី​របៀប​នៃ​ការ​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួនឯង និង​ប្រវត្តិ​នៃ​ដែនដី​កម្ពុជា​ក្រោម​ ។ សៀវភៅ​នេះ​ ក៏​ជា​ឧបករណ៍​មួយ​ជួយ​យុទ្ធនាការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​ទាមទារ សិទ្ធិ​ស្វ័យ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ពី​រដ្ឋាភិបាល​វៀតណាម ។
យុវជន​ខ្មែរ​កម្ពុជា​ក្រោម តោ ហ្វាងចឿង ក៏ដូចជា​យុវជន យឿង ខាយ​ដែរ លោក​សុខចិត្ត​លះបង់​សេចក្តី​សុខ​ផ្ទាល់ខ្លួន ហើយ​អាច​ប្រឈមមុខ​នឹង​ជាប់ពន្ធនាគារ ប្រសិនបើ​អាជ្ញាធរ​វៀតណាម ចង់​តាម​ធ្វើទុក្ខបុកម្នេញ​លើ​រូបលោក​បន្ត​ទៀត ។
ពាក់ព័ន្ធ​នឹង​ការ​បូជា លះបង់​របស់​យុវជន​ខ្មែរ​ក្រោ ម​ដើម្បី​បុព្វហេតុ​ជាតិ​នេះ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​ភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរដីកា​ថា ការ​ផ្តួចផ្តើម​គំនិត​របស់​យុវជន​ខ្មែរ​ក្រោម ជួយ​ដល់​កម្មករ​ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ដោយ​មិន​ខ្លាច​ពី​គ្រោះថ្នាក់​ផ្ទាល់ខ្លួន​នេះ ជា​រឿង​មួយ​ល្អ ដែល​អាច​ជួយ​ស្តារ​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម​ ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ៖ «គឺជា​រឿង​ល្អ​ដើម្បី​ជួយ​គ្នា ក្នុង​គ្រា​ដែល​មាន​បញ្ហា​ ។ អ៊ីចឹង​ទៅ​យើង​មាន​តំណាង​នៅ​ពេល​មានរឿង​យើង​មាន​តំណាង​ដើម្បី​ដោះស្រាយ ចំពោះ​បញ្ហា​នោះ​ព្រោះថា ព្រោះថា នៅ​វៀតណាម​ហ្នឹង គេ​មិន​ឱ្យ​យុវជន​ឬ​ពលករ​ខ្មែរ​ក្រោម បង្កើត​ជា​សហជីព​ដើម្បី​ការពារ កម្មករ​ក្រុមហ៊ុន តាម​រោងចក្រ​ទេ» ។
ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ស្នើ​ឱ្យ​អាជ្ញាធរ​វៀតណាម កុំ​តាម​យាយី​យុវជន​ខ្មែរ​ក្រោម​ ដែល​កំពុង​តស៊ូ​មតិ​ដោយ​អហិង្សា​ ដើម្បី​រក្សា​សិទ្ធិ​ជា​ជនជាតិ​ដើមកំណើត ​។ ទោះ​បី​យ៉ាងណា​ក៏ដោយ ព្រះអង្គ​បារម្ភ​ថា វៀតណាម​ពិតជា​តាម​រក​រឿង​យុវជន​ខ្មែរ​ក្រោម​ជាក់​ជា​មិនបាន ៖ «គឺ​អាជ្ញាធរ​វៀតណាម​ហ្នឹង​គេ​មិន​សប្បាយចិត្ត ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ យុវជន​ខ្មែរ​ក្រោម​ហ្នឹង​មានចិត្ត ក្លាហាន​ក្នុង​ការ​បង្កើតជា​ក្រុម ​ដើម្បី​ការងារ​ទៅដល់​ពលករ ឬក៏​កម្មករ​ជនជាតិ​ខ្មែរ​ក្រោម វា​ជា​ការ​ល្អ​ប្រសើរ​ណាស់» ។
ព្រះអង្គ​ព្រមាន​ថា ប្រសិនបើ​អាជ្ញាធរ​វៀតណាម​ជ្រើស​រើស​យក​ផ្លូវ ធ្វើ​ទុក​បុក​ម្នេញ​ពលរដ្ឋ​និង​យុវជន​ខ្មែរ​ក្រោម ​មែន​នោះ សហព័ន្ធ​នឹង​ធ្វើ​យុទ្ធនាការ​នៅ​ជុំវិញ​ពិភពលោក ​ដើម្បី​គាបសង្កត់​រដ្ឋាភិបាល​វៀតណាម​ ឱ្យ​ផ្អាក​សកម្មភាព​រំលោភបំពាន​ទៅ​លើ​យុវជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម ៕