យុវជន​ខ្មែរក្រោម សម្រេច​មិន​បង់ប្រាក់​ពិន័យ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម ករណី​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​

ដោយ ស៊ឺន ចែងចើន

យុវជន​ខ្មែរក្រោម នៅ​ខេត្ត​ព្រះត្រពាំង ២ រូប ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ពិន័យ​លុយក្នុង​ម្នាក់​ប្រមាណ​ជាង ៣០០ ដុល្លារ ដោយ​ចោទប្រកាន់​ករណី​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក សម្រេច​មិន​បង់ប្រាក់​ពិន័យ​តាម​ការ​បង្គាប់​របស់​អាជ្ញាធរ​ខេត្ត​ព្រះត្រពាំង​នោះ​ទេ ។ ការ​ម្រេច​មិន​បង់ប្រាក់​ពិន័យ​នេះ ដោយសារតែ​យុវជន​ខ្មែរក្រោម ទាំង ២ រូប លើ​កឡើង​ងថា ចំណាត់ការ​របស់​អាជ្ញាធរ​ខេត្ត​នេះ មាន​គោលដៅ​បំបិទ​សិទ្ធិ​សេរីភាព​ ចោះពោះ​តែពលរដ្ឋខ្មែរក្រោម ប៉ុណ្ណោះ ខណៈ​ជនជាតិ​វៀតណាម ដែលរើសអើង និង​ជេរ​ប្រមាថ​​ខ្មែរក្រោម​ជា​សាធារណៈ តែ​អាជ្ញាធរ​មិន​ចាត់វិធានការ​ឡើយ ។

(រាប់ពីឆ្វេង) យុវជន តោ ហ្វាងចឿង និងលិខិតកោះហៅ យុវជន ថាច់ កឿង និងលិខិត​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិ​ន័យ និងស្រ្តី​ជនជាតិ​វៀតណាម ដែល​ជេរប្រមាថ​មើ​ងាយ​ខ្មែរក្រោម តែ​អាជ្ញា​ធយួន​ធ្វើមិនដឹង​មិនឮ​
(រាប់ពីឆ្វេង) យុវជន តោ ហ្វាងចឿង និងលិខិតកោះហៅ យុវជន ថាច់ កឿង និងលិខិត​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិ​ន័យ និងស្រ្តី​ជនជាតិ​វៀតណាម ដែល​ជេរប្រមាថ​មើ​ងាយ​ខ្មែរក្រោម តែ​អាជ្ញា​ធយួន​ធ្វើមិនដឹង​មិនឮ​

យុវជន​ខ្មែរក្រោម ២ រូប នៅ​ព្រឹក​ថ្ងៃអង្គារ​ទី ៣០ ខែមិថុនា បាន​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​សាជាថ្មី នៅចំពោះមុខ​មន្រ្តី​ស៊ើបអង្កេត​នៃ​មន្ទីរ​ព័ត៌មាន និង​ទូរគមនាគមន៍​ខេត្ត​ព្រះត្រពាំង ជុំវិញ​ការ​មិនព្រម​បង់ប្រាក់​ពិន័យ តាមកាល​កំណត់​របស់​អាជ្ញាធរ​វៀតណាម ដែល​ចោទប្រកាន់​លោក​ទាំង ២ នាក់​ ថា បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពីដើម​ខែមិថុនា កន្លងទៅ​នេះ ។

យុវជន ថាច់ កឿង កាលពី​ថ្ងៃទី ២ ខែមិថុនា ត្រូវ​អាជ្ញាធរ​វៀតណាម នៃ​ខេត្ត​ព្រះត្រពាំង ពិន័យ​លុយ​ប្រមាណ​ជាង ៣០០ ដុល្លារ ដោយសារតែ​លោក​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ចោទ​ថា អាជ្ញាធរ​វៀតណាម ចែក​អង្ករ​ក្លែងក្លាយ​ដល់​ពលរដ្ឋខ្មែរ​ក្រោម ។ ចំណែក យុវជន តោ ហ្វាង​ចឿង កាលពី​ថ្ងៃទី ១៦ ខែមិថុនា ក៏​ត្រូវ​អាជ្ញាធរ​វៀតណាម បង្ខំឲ្យ​លោក​ទទួលកំហុស និង​ពិន័យ​លុយ​ប្រមាណ​ជាង ៣០០ ដុល្លារ ករណី​លោក​បាន​បង្ហោះ​លិខិត​របស់​មេដឹកនាំ​វៀតណាម លោក ហូ ជី​មិញ (Ho Chi Minh​) ដែល​មានខ្លឹមសារ​ថា ដែនដី​កម្ពុជាក្រោម​ស្ថិត នៅ​ក្រោម​ការគ្រប់គ្រង និង​ជា​កម្មសិទ្ធិ​របស់​ខ្មែរក្រោម និង​ការ​បង្ហោះ​រូបសញ្ញា​កាន់ទុក្ខ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជាក្រោម នៅ​លើ​ប្រូ​ហ្វា​ល (Profile​) ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃទី ៤ ខែមិថុនា​កន្លងទៅ ។

យុវជន​ខ្មែរក្រោម ទាំង ២ រូបនេះ អះអាង​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ថា ពួក​លោក​មិន​អាច​រក​ប្រាក់​គ្រប់​ចំនួន ដើម្បី​បង់​ឲ្យ​អាជ្ញាធរ​វៀតណាម តាម​ការកំណត់​នោះ​ទេ ដោយសារតែ​ពួក​លោក​កំពុង​ជួប​វិបត្តិ រក​ប្រាក់ចំណូល​មិនបាន ដែលបណ្ដាលមកពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ។ យ៉ាងនេះ​ក្តី លោក​ទាំងពីរ​បញ្ជាក់​ថា ពួក​លោក នឹង​មិន​បង់ប្រាក់​ពិន័យ​នោះ​ទេ ដោយសារតែ​អាជ្ញាធរ​វៀតណាម អនុវត្ត​ច្បាប់​តឹង​រឹង​ចំពោះតែ​ពលរដ្ឋខ្មែរ​ក្រោម ហើយ​ចាត់ទុក​ការ​ពិន័យ​នេះ​ថា ជា​រឿង​អយុត្តិធម៌ ។ ការ​លើកឡើង​បែបនេះ ដោយសារតែ នៅ​ពេល​ថ្មី​ៗ នេះ ជនជាតិ​វៀតណាម​ម្នាក់ បាន​ប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ជេរប្រមាថ និ​ងរ​ត្មិះ​តិះដៀល​មក​លើ​ពលរដ្ឋខ្មែរ​ក្រោម​ថា ពូជខ្មែរ​ថោកទាប ខ្មែរ​ជា​ឆ្កែ ខ្មែរ​ជា​មនុស្ស​ព្រៃ ជា​មនុស្ស​ល្ងង់ខ្លៅ ជា​មនុស្ស​ខ្មៅ​ងងឹត និង​ប្រើពាក្យ​អសុ​រស​មើល​ងាយ​ផ្សេង​ៗ ជាច្រើន​ទៀត ។ ទោះបីជា​យ៉ាងណាក៏ដោយ យុវជន​ខ្មែរក្រោម​ទាំងពីរ​រូប​នេះ បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា នឹង​ព្រម​បង់ប្រាក់​ពិន័យ​ជូន​ទៅ​នាយកដ្ឋាន​រតនាគារខេត្ត​​ព្រះត្រពាំង លុះត្រាតែ​មានការ​អនុវត្ត​ច្បាប់ ដោយ​ស្មើភាព​គ្នា ពោល​គឺ​អាជ្ញាធរ ត្រូវតែ​នាំ​ស្រ្តី​ជនជាតិ​វៀតណាម​ម្នាក់​នោះ មក​ផ្តន្ទា​ទោស ពី​បទ​ជេរប្រមាថ​សាធារណៈ ។

គិត​មកដល់ពេលនេះ យុវជន​ខ្មែរក្រោម ៤ នាក់​ហើយ ត្រូវ​អាជ្ញាធរ​វៀតណាម ខេត្ត​ព្រះត្រពាំង និង​ខេត្ត​ឃ្លាំង បាន​កោះហៅ​ទៅ​សម្លុត​បំភ័យ និង​ពិន័យ​ជា​ប្រាក់​យ៉ាងធ្ងន់ធ្ងរ​ និង​ព្រមាន​ចាប់ខ្លួន បើ​យុវជន​ទាំងនោះ នៅតែ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក និយាយ​ពី​ប្រវត្តិ​ទឹកដី​កម្ពុជាក្រោម និង​ហ៊ាន​បញេ្ចញ​មតិ ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​របស់​ខ្លួន ក្នុងនាម​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក នៅ​ដែនដី​កម្ពុជាក្រោម ។

គួរ​ជម្រាប​ជូន​ថា អាជ្ញា​វៀតណាម បាន​យក​មាត្រា​មួយ​នៃ​ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​អាជ្ញាធរ​ចាត់ទុកថា ក្រុម​យុវជន​ខ្មែរក្រោម​ទាំងនោះ បាន​ប្រព្រឹត្ត​ល្មើស​ទៅ នឹង​ច្បាប់​អ៊ីនធឺណិត​របស់​ប្រទេស​វៀតណាម ដោយ​ប្រើប្រាស់​បណ្តាញ​សង្គម ចែករំលែក និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត តាម​ប្រព័ន្ធ​អ៊ីនធឺណិត ធ្វើឲ្យ​ប៉ះពាល់​ដល់​ស្ថាប័នរដ្ឋ​អំណាច​វៀតណាម ។ យោង​តាម កថាខណ្ឌ ១ នៃ​មាត្រា ១០១ នៃ​ក្រិត្យ​លេខ 15​/2020​/NĐ​-CP របស់​រដ្ឋាភិបាល ចុះ​ថ្ងៃទី ៣ ខែ​កុម្ភះ​ឆ្នាំ ២០២០ បាន​ចែង​អំពី​ការ​ដាក់ទណ្ឌកម្ម ប្រឆាំង នឹង​ការរំលោភ​ផ្នែក​រដ្ឋបាល ក្នុង​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ ព័ត៌មាន​វិទ្យា ប្រេកង់​វិទ្យុ បច្ចេកវិទ្យា​ព័ត៌មាន និង​ប្រតិបត្តិ​ការ​អេ​ឡិច​ត្រូ​និច ដែល​ត្រូវពិន័យជាប្រាក់ ចំនួន ៧.៥០០.០០០ ដុង ឬស្មើ នឹង ៣២០ ដុល្លារ ៕