ដោយ យាង សុធារិន្ទ
យុវជន និងពលរដ្ឋខ្មែរក្រោម នៅកម្ពុជាបានធ្វើយុទ្ធនាការនៅលើបណ្តាញសង្គមដើម្បីទាមទារ ឱ្យរដ្ឋាភិបាលវៀតណាមឈប់ធ្វើទុក្ខបុកម្នេញលើកសិករខ្មែរក្រោម ដែលជាម្ចាស់ដី ហើយត្រូវបានតុលាការវៀតណាមកាត់ទោសដាក់ពន្ធនាគារដោយសារតែបានតវ៉ាការពារដីធ្លីស្រែចំការរបស់ខ្លួន ។ យុទ្ធនាការនេះ ត្រូវបានទទួលការគាំទ្រពីសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ដែលកំពុងតែតាមដាន និងឃ្លាំមើលវិធានការរបស់អាជ្ញាធរវៀតណាម មកលើកសិករខ្មែរក្រោម ។

យុវជនខ្មែរក្រោម លើកឡើងថា យុទ្ធនាការរបស់ខ្លួន គឺជាការរួមចំណែកលើកទឹកចិត្តការតស៊ូរបស់កសិករខ្មែរក្រោម ប្រឆាំងទៅនឹងការរំលោភបំពានសិទ្ធិកាន់កាប់ដីធ្លី ពីសំណាក់អាជ្ញាធរវៀតណាម ។
កាលថ្ងៃទី ៣ ខែធ្នូ តុលាការស្រុកព្រៃមេង ខេត្តក្រមួនស ដែលវៀតណាមបានប្តូរទៅជាស្រុក Giang Thanh ខេត្ត Kien Giang បានផ្ដន្ទាទោសពលរដ្ឋខ្មែរក្រោមចំនួន ៤ នាក់ដែលបានតវ៉ា ប្រឆាំងនឹងការបណ្តេញចេញដោយបង្ខំពីដីស្រែចំការឲ្យជាប់ពន្ធនាគារ ពី ១ ឆ្នាំទៅ ២ ឆ្នាំកន្លះ ពីបទប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងអាជ្ញាធរសាធារណៈវៀតណាម ។
ពលរដ្ឋខ្មែរក្រោមទាំង ៤ នាក់នោះ រួមមានលោក ហ្វិន វ៉ាំងឌែប លោក តៀន ដាម លោក តៀន ណាម និងលោកយាយ ធី ភិច អាយុ ៧១ ឆ្នាំ ។
ក្រោយការកាត់ទោសនេះ ក្រុមយុវជនខ្មែរក្រោម បាននាំគ្នាធ្វើយុទ្ធនាការដោយបង្ហោះរូបថត ជនរងគ្រោះខ្មែរក្រោមទាំង ៤ រូបដែលកំពុងឈរនៅក្នុងសាលសវនាការតុលាការវៀតណាម ភ្ជាប់ដោយសារធ្វើឡើងជាបីភាសាគឺ ខ្មែរ អង់គ្លេស និង វៀតណាម ដែលមានខ្លឹមសារថា ៖ «អយុត្តិធម៌ខ្មែរក្រោម ! តុលាការវៀតណាមត្រូវទម្លាក់ ចោលបទចោទប្រកាន់លើកសិករ ខ្មែរក្រោមទាំង ៤ រូប ។ អាជ្ញាធរវៀតណាមត្រូវផ្តល់ដីធ្លីឱ្យពលរដ្ឋខ្មែរក្រោមជាង ១០០ គ្រួសារវិញ និងត្រូវការពារសិទ្ធិតវ៉ាដីធ្លីដោយសន្តិវិធីរបស់ពលរដ្ឋខ្មែរក្រោម» ។
យុទ្ធនាការនេះ ធ្វើឡើងក៏ស្របពេលដែលក្រុមយុវជនខ្មែរក្រោម ចូលរួមអបអរសាទរ និងរម្លឹក ខួប ៧២ ឆ្នាំ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដោយបានទាមទារឱ្យរដ្ឋាភិបាលកុម្មុយនីស្តវៀតណាម គោរពសិទ្ធិមនុស្សខ្មែរក្រោម ដែលជាម្ចាស់នៃទឹកដីកំណើតរបស់ខ្លួន នៅកម្ពុជាក្រោម ។
យុវជនខ្មែរក្រោមយល់ថា នេះជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយផ្សេងទៀតក្នុងការ តស៊ូមតិដើម្បីបង្ហាញឱ្យរដ្ឋាភិបាលកុម្មុយនីស្តវៀតណាមឃើញថា ខ្មែរក្រោមនៅគ្រប់ទិសទី មិនសប្បាយចិត្តឡើយ នៅពេលដែលតុលាការ និងអាជ្ញាធរវៀតណាម ធ្វើបាបពលរដ្ឋខ្មែរក្រោម ។ វាក៏ជាការផ្តល់ដំណឹងដល់មតិសាធារណៈជាតិ និងអន្តរជាតិ ឱ្យបានដឹងពីទុក្ខលំ បាកដែលខ្មែរក្រោមកំពុងជួបប្រទះនៅដែនដីកម្ពុជាក្រោមផងដែរ។
លោក ថាច់ ចន្រ្ទា ដែលជាប្រធានក្រុមប្រឹក្សាយុវជនខ្មែរក្រោម បានសរសេរនៅលើទំព័រហ្វេសប៊ុក ចាត់ទុកទង្វើរបស់តុលាការនិងអាជ្ញាធរវៀតណាមថា ជាអំពើយង់ឃ្នង អសីលធម៌ និងអមនុស្សធម៌ មកលើខ្មែរក្រោមដែលជាម្ចាស់ទឹកដី ។ លោកក៏បានអំពាវនាវ ពលរដ្ឋខ្មែរក្រោមឱ្យភ្ញាក់រលឹក និងក្រោកឡើងរួមគ្នាតស៊ូប្រឆាំងនឹងភាពអយុត្តិធម៌ប្រព្រឹត្តិ ដោយអាជ្ញាធរវៀតណាម ។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខ្លះ បានសម្តែងការឈឺចិត្តនៅពេលឃើញពលរដ្ឋខ្មែរ ក្រោមរងការធ្វើបាប ។
លោក ទៀ ថេន បច្ចុប្បន្នជាទីប្រឹក្សា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើងថា ខ្មែរក្រោមនឹងរៀបចំសំណុំរឿងនេះ ប្តឹងឡើងទៅអន្តរប្រទេសធំៗ ដើម្បីសុំអន្តរាគមន៍ ។ លោក អំពាវនាវឱ្យខ្មែរក្រោមទាំងអស់ក្រោកឈរឡើងព្រមគ្នាបញ្ចេញសំឡេង ដើម្បីជួយរំដោះជនរងគ្រោះខ្មែរក្រោម ឱ្យបានរួចផុតពីការជិះជាន់និងធ្វើបាប ។ លោកថា មានតែការក្រោកឡើងព្រមគ្នារបស់ខ្មែរក្រោមប៉ុណ្ណោះ ទើបអាចរកយុត្តិធម៌ជូនខ្មែរក្រោមរងគ្រោះបាន ។ លោកបញ្ជាក់ថា នេះ គឺជាឱកាសដែលខ្មែរក្រោមអាចស្រែកប្រាប់ឱ្យពិភពលោកបានឮ បានឃើញ អំពីការបន្ត រំលោភបំពានច្បាប់សិទ្ធិមនុស្សអន្តរជាតិរបស់រដ្ឋាភិបាលវៀតណាម ។
សហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី ៥ ខែធ្នូ ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស តុលាការវៀតណាម និងទាមទារឱ្យទម្លាក់បទចោទប្រកាន់លើកសិករខ្មែរក្រោម ។

កាលពីថ្ងៃទី ៥ ខែឧសភា អាជ្ញាធរវៀតណាម រួមមាន ប៉ូលិស ទាហាន ដែលប្រដាប់ដោយអាវុធ ប្រមាណជា ១០០ នាក់ បានចុះទៅរឹបអូសយកដីជាង ៣.០០០ ហិកតា ធ្វើជាកម្មសិទ្ធិរបស់រដ្ឋ ពីពលរដ្ឋខ្មែរក្រោមចំនួន ១៤៥ គ្រួសារកំពុងប្រើប្រាស់ដីកេរមត៌កដែលដូនតារបស់ពួកគេបន្សល់ទុកមក ។ ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរក្រោម បានធ្វើការជំទាស់រហូតផ្ទុះជាអំពើហិង្សា បណ្ដាលឲ្យពលរដ្ឋខ្មែរក្រោមជាង ១០ នាក់រងបួសធ្ងន់ និងស្រាល ។ ពលរដ្ឋខ្មែរក្រោម ឲ្យដឹងថា ពួកគេបានអាស្រ័យផលលើដីនោះតាំងពីអំឡុងឆ្នាំ ១៩៧៣ មកម្ល៉េះ ប៉ុន្តែ អាជ្ញាធរវៀតណាមមិនព្រមធ្វើប័ណ្ណកម្មសិទ្ធិឲ្យនោះទេ ។
ក្រៅពីកសិករខ្មែរក្រោមទាំងបួននាក់ ដែលត្រូវបានតុលាការចោទប្រកាន់ខាងលើ ពលរដ្ឋខ្មែរក្រោម ជាប់ពាក់ព័ន្ធចំនួន ២៣ នាក់ផ្សេងទៀត ក៏ត្រូវបានអាជ្ញាធរម្រេចដាក់ពិន័យរដ្ឋបាល ដោយពិន័យជាប្រាក់ក្នុងម្នាក់ៗ ចាប់ពីបីលានដុងទៅបួនលានដុង ឬស្មើ នឹង ១៥០ ដុល្លារ ទៅ ២០០ ដុល្លារ ។
លោក សឺន ជុំជួន អគ្គលេខាធិការ នៃសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ចាត់ទុកការសម្រេចរបស់តុលាការវៀតណាមជាអំពើអយុត្តិធម៌ ។ តែទោះជាយ៉ាងណា លោក បានលើកទឹកចិត្តជនរងគ្រោះខ្មែរក្រោម និងសាច់ញាតិ កុំអោយអស់សង្ឃឹម ឬបាក់ទឹកចិត្ត ព្រោះលោកថា ខ្មែរក្រោមនៅគ្រប់ទិសទីនឹងបន្តតស៊ូមតិទាមទាររកយុត្តិធម៌ឱ្យពួកគេ ៕