ដោយ គឹម សាវតា
បើទោះជារវល់ជាមួយមុខរបរចិញ្ចឹមជីវិតផង ការងារផ្ទះផង ស្រ្តីខ្មែរក្រោម មួយចំនួន បានឆ្លៀតពេលចូលរួមកិច្ចការងារសង្គមជាតិកម្ពុជាក្រោម ដោយអះអាងថា គឺជាការចូលរួមចំណែកជួយសង្គមជាតិមួយយ៉ាងសំខាន់ ដែលពួកគាត់អាចធ្វើបាន ។ ជាពិសេសស្ត្រីខ្មែរ ដែលរស់នៅដែនដីកម្ពុជាក្រោមមួយចំនួន ក្រោយពីការចូលរួមការងារសង្គមហើយ គឺត្រូវរងការគំរាមកំហែងពីអាជ្ញាធរវៀតណាមទៀតផង ។

បើទោះជា ដែនដីកម្ពុជាក្រោម ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម តាំងពីឆ្នាំ ១៩៤៩ មកក្តី ប៉ុន្តែ ពលរដ្ឋខ្មែរក្រោម ក៏នៅមានសិទ្ធិក្នុងនាមជាជនជាតិដើម លើទឹកដីកំណើតរបស់ខ្លួនដែរ ។ យ៉ាងនេះក្តី ជារឿយពលរដ្ឋខ្មែរក្រោម បានរងការរំលោភបំពានសិទ្ធ រងការគំរាមកំហែង ជាបន្តបន្ទាប់។ ការណ៍នេះ ទាមឲ្យឲ្យពលរដ្ឋខ្មែរក្រោម ត្រូវចេះជួយគ្នា ដើម្បីការពារសិទ្ធិ ធ្វើការងារសង្គម ដើម្បីជួយដល់ពលរដ្ឋខ្មែរក្រោម ។ ក្នុងនោះស្ត្រីបានដើរតួនាទីយ៉ាងសំខាន់មួយ ក្នុងកិច្ចការសង្គម មនុស្សធម៌ អប់រំជាដើម បើទោះជារវល់ជាមួយកិច្ចការផ្ទះ ក្នុងនាមជាស្រ្តី និងខ្លះទៀតត្រូវរកប្រាក់ចិញ្ចឹមជីវិតខ្លួនក្តី ។
អ្នកស្រី ថាច់ សារី ស្ត្រីខ្មែរក្រោមវ័យ ៦៦ ឆ្នាំមួយរូប រស់នៅក្នុងខេត្តព្រះត្រពាំង បានមានប្រសាសន៍ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ថា បើទោះជាអ្នកស្រីមានវ័យចាស់ ហើយត្រូវចំណាយពេលធ្វើស្រែចំការ ដើម្បីរកប្រាក់ចិញ្ចឹមជីវិតក្តី ប៉ុន្តែ ក្នុងនាមពលរដ្ឋខ្មែរក្រោមមួយរូប អ្នកស្រីតែងតែផ្សព្វផ្សាយ ពីអ្វីដែលជាសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោម និងចូលរួមការងារសង្គមខ្មែរក្រោមដទៃទៀត តាមដែលអាចទៅរួច ដូចជាជួយផ្នែកមនុស្សធម៌ និងសាសនាជាដើម ។
អ្នកស្រី ថាច់ សារី «កនខ្ញុំនៅក្នុងហ្នឹង (ដែនដីកម្ពុជាក្រោម) ជួយដើម្បីចង់បានសិទ្ធិខ្មែរក្រោមយើងឲ្យបានស្មើៗ ។ ខ្មែរក្រោមយើងគេគាបសង្កត់ពេក ធ្វើអីហ្នឹងពិបាកខ្លាំងណាស់ ធ្វើអីលំបាកទាំងអស់ សូម្បីក្រដាសស្នាមអីហ្នឹង ។ ខ្ញុំគិតថា យើងធ្វើស្មោះត្រង់ បើយើងវៀចយើងខ្លាច» ។
អ្នកស្រី នាង ណារី ដែលមានដើមកំណើតជាខ្មែរកណ្ដាលម្នាក់ ហើយបច្ចុប្បន្នអ្នកស្រី បានចំណាយពេលវេលារបស់ខ្លួន ដោយធ្វើការស្ម័គ្រចិត្ត ឲ្យវិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ។ អ្នកស្រី នាង ណារី ដែលសព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក បានថ្លែងថា អ្នកស្រីគឺជាមេផ្ទះ ដែលមានតួនាទីមើលថែកូន និងជូនកូនទៅសាលា ខណៈស្វាមីអ្នកស្រីត្រូវបំពេញការងារ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួរសារ ។ អ្នកស្រីបន្តថា មូលហេតុដែលអ្នកស្រីឆ្លៀតពេល ពីកិច្ចការផ្ទះហើយមកអានព័ត៌មាន ដើម្បីឲ្យអ្នកស្តាប់អ្វីជាទុក្ខលំបាក អ្វីជាការរំលោភសិទ្ធិ ពីសំណាក់អាជ្ញាធរវៀតណាម មកលើពលរដ្ឋខ្មែរក្រោម ព្រោះថា អ្នកស្រីចង់ឃើញពលរដ្ឋខ្មែរក្រោម យល់ដឹងពីសិទ្ធិរបស់ខ្លួន ។
អ្នកស្រី នាង ណារី «ចំពោះការងារជួយសង្គមហ្នឹង គឺខ្ញុំចែករំលែកពេលវេលា នៅចុងសប្ដាហ៍ ពេលដែលគេធ្វើ LIVE (ផ្សាយផ្ទាល់) កម្មវិធីអរុណសួស្តីកម្ពុជាក្រោមហ្នឹងណា គឺរយៈពេល ២-៣ ម៉ោងដែរ ហើយចំពោះការអានព័ត៌មានតាមរយៈវិទ្យុហ្នឹងគឺអានពេលយប់ឡើង ។ ហើយអាការលះបង់របស់ខ្ញុំ ដើម្បីធ្វើការជួយសង្គម ជាពិសេសជួយផ្សព្វផ្សាយព័ត៌មាន នៅទូរទស្សន៍ព្រៃនគរ និងវិទ្យុសំឡេងកម្ពុជាក្រោមហ្នឹង ខ្ញុំសង្ឃឹមថា តាមរយៈការផ្សព្វផ្សាយព័ត៌មាន ដែលខ្ញុំកំពុងធ្វើសព្វថ្ងៃហ្នឹង គឺចំណែកមួយ ហើយជាចំណីស្មារតី ដែលជួយជំរុញឲ្យប្រជាពលរដ្ឋខ្មែរក្រោមយើងហ្នឹង មានសេចក្តីក្លាហានអនុវត្តន៍សិទ្ធិរបស់ពួកគាត់ និងហ៊ានបញ្ចេញមតិ» ។
ដោយសារតែប្រព័ន្ធផ្សព្វផ្សាយសព្វថ្ងៃហាក់មានភាពទូលំទួលាយ នៅមានស្រ្តីខ្មែរ និងស្ត្រីខ្មែរក្រោម ជាច្រើនផ្សេងទៀតបាន និងកំពុងឆ្លៀតជួយផ្សព្វផ្សាយការងារសង្គម និងព័ត៌មាន ស្តីអំពីសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោម នៅដែនដីកំណើត ។
ករណីនេះ លោកស្រី សឺង ធី ណិត ជាប្រធានស្រ្តីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម មើលឃើញថាបច្ចុប្បន្នស្ត្រី នៅដែនដីកម្ពុជាក្រោម មានការយល់ដឹងច្រើន អំពីសិទ្ធិរបស់ខ្លួន ប៉ុន្តែ ការជួយចែករំលែកព័ត៌មានវិញ គឺស្រ្តីខ្មែរក្រោម ហាក់នៅមានកម្រិតនៅឡើយ ។ លោកស្រ្តីបន្តថា ដើម្បីការពារសិទ្ធិស្រ្តីខ្មែរក្រោម សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមក្នុងកិច្ចការស្រ្តីអន្តជាតិជាច្រើន ដើម្បីឲ្យអន្តរជាតិបានដឹង ពីការរំលោភបំពានសិទ្ធិមកលើស្រ្តីខ្មែរក្រោម ពីសំណាក់រដ្ឋាភិបាលវៀតណាម ។ ចំពោះស្រ្តីខ្មែរក្រោម ដែលហ៊ានចេញមុខធ្វើកិច្ចការសង្គម និងចែករំលែកព័ត៌មានស្ដី អំពីសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោម គឺលោកស្រីកោតសរសើរ ។
លោកស្រី សឺង ធី ណិត «ខ្ញុំសរសើរទឹកចិត្តបងប្អូនយើង ដែលយល់ដឹង តែកាលណាមានចិត្ត មានឈាមស្នេហាជាតិ បានអាចធ្វើទៅកើត ។ ពួកគាត់ (ស្រ្តីខ្មែរក្រោមនៅបរទេស) ធ្លាប់ពិបាក ហើយគាត់មកដល់នេះ គាត់មិនភ្លេចអ្វី ដែលគាត់ទទួលរងកន្លងមក អញ្ជឹងគាត់ត្រូវបរិច្ចាគកុសលរបស់គាត់ បុណ្យរបស់គាត់ហ្នឹងចែកជូនដល់អ្នក ដែលកំពុងតែខ្វះខាត» ។
បើតាមលោកស្រី សឺង ធី ណិត ក្នុងនាមលោកស្រីជាប្រធានស្ត្រីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម គឺពិតជាមានមោទនភាព ចំពោះការលះបង់របស់ស្រ្តី ក្នុងកិច្ចការសង្គមខ្មែរកម្ពុជាក្រោម បើទោះជារវល់កិច្ចការផ្សេងៗ និងពេលខ្លះត្រូវរងការគំរាមកំហែងក្តី ៕