ជា​ជនភៀសខ្លួន​ខ្មែរក្រោម​ ​នៅ​ប្រទេស​ថៃ​ ​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ខណៈ​ប្រឈម​ភាព​អត់​ការងារ​ធ្វើ​ ​និង​បញ្ហា​ខ្វះ​ស្បៀងអាហារ​

ដោយ លី​ ​ឈូ​ន

​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​ជា​ជនភៀសខ្លួន​ ​នៅ​ប្រទេស​ថៃ​ ​ប្រមាណ​ជា​ ​១​៥​ ​នាក់​ក្នុងចំណោម​ជនភៀសខ្លួន​ខ្មែរក្រោម​ ​ជាង​ ​២​០​០​ ​នាក់​ ​កំពុង​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​ ​ជនភៀសខ្លួន​ជា​ខ្មែរក្រោម​ ​មួយ​ចំនួន​ត្រូវ​បាន​ក្រុម​គ្រួ​រ​ពេទ្យ​យកទៅ​ព្យាបាល​រួចហើយ​ ​និង​មួយ​ចំនួន​ទៀត​ ​កំពុង​រង់ចាំ​លទ្ធផល​ ​ពី​ការ​យក​សំណាក​រក​មេរោគ​ ​។​ ​អង្គការសង្គម​ស៊ីវិល​ខ្មែរក្រោម​ ​មើលឃើញ​ថា​ ​ជនភៀសខ្លួន​ខ្មែរក្រោម​ ​កំពុងតែ​ទទួល​រងទុក្ខ​ជាន់​លើ​ទុក្ខ​ ​ខណៈ​ពួកគេ​រត់​គេ​ចចេញ​ស្រុកកំណើត​ ​ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ​ ​ពី​រដ្ឋាភិបាល​វៀតណាម​ ​មក​ជ្រកកោន​រស់នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ ​និង​ការងារ​ធ្វើ​គ្មាន​ ​ហើយ​ពេលនេះ​ ​ស្រាប់តែ​មានទុក្ខ​មួយ​ជាន់​ទៀត​ ​ដោយ​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​មាន​មូលដ្ឋាន​ ​នៅ​សហរដ្ឋអាមេរិក​ ​ថា​ ​នឹង​ខិតខំ​ជួយ​ដោះស្រាយ​ ​ដើម្បី​សម្រាល​នូវ​ទុក្ខ​កង្វល់​នេះ​ ​ជូន​ជនភៀសខ្លួន​ខ្មែរក្រោម​ ​ឲ្យបាន​ទាន់ពេល​ ​។​

ស្ត្រី​ជនភៀសខ្លួន​ខ្មែរក្រោម​ ​នៅ​ប្រទេស​ថៃ​ ​រៀបចំ​ពិធី​អប​អរសាទរ​ទិវា​នារី​អន្តរជាតិ​ ​៨​ ​មីនា​ ​លើក​ទី​ ​១​១​០​
ស្ត្រី​ជនភៀសខ្លួន​ខ្មែរក្រោម​ ​នៅ​ប្រទេស​ថៃ​ ​រៀបចំ​ពិធី​អប​អរសាទរ​ទិវា​នារី​អន្តរជាតិ​ ​៨​ ​មីនា​ ​លើក​ទី​ ​១​១​០​

​ស្ត្រី​ជនភៀសខ្លួន​ខ្មែរក្រោម​ម្នាក់​ ​ឈ្មោះ​ លី​ ​ស៊ីណាត​ ​រស់នៅ​ក្នុង​នៅ​តំបន់​មួយ​ នា​ជាយក្រុង​បាងកក​ ​លោកស្រី​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ព្រៃនគរ ​ថា​ ​ក្នុង​គ្រួសារ​លោកស្រី​មាន​គ្នា​ ​៧​ ​នាក់​តែ​ត្រូវ​ឆ្លង​ជំងឺ​កូវិ​ដ​-១​៩​ ​អស់​បី​នាក់​ទៅ​ហើយ​ ​គឺ​រួម​មាន​ម្ដាយ​ ​ឪពុក​លោកស្រី​ ​និង​ស្វាមី​លោកស្រី​ ​។​ ​លោកស្រី​ស៊ីណាត​បន្ត​ទៀត​ថា​ ​ក្រោយ​ពី​អ្នក​ទាំង​ ​៣​ ​ពិនិត្យ​ឃើញ​វិជ្ជមាន​ភ្លាម​ ​លោកស្រី​ ​បាន​ហៅ​ទូរស័ព្ទ​សុំ​អន្តរាគមន៍​ ​ពី​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ ​ដែល​ហៅ​កាត់​ថា​ UN​H​CR ​និង​មជ្ឈមណ្ឌល​ជនភៀសខ្លួន​ នៅ​ទីក្រុង​បាងកក ​ដែល​ហៅ​កាត់​ថា​ BRC ​ភ្លាម​ ​។​ ​លោកស្រី​ជនភៀសខ្លួន​ម្នាក់​នេះ​ ​បញ្ជាក់​បន្ថែម​ទៀត​ថា ​ការ​អន្តរាគមន៍​របស់​អង្គភាព​ទាំងពីរ​គឺ​ UN​H​CR ​និង ​BRC ​ជាមួយ​ភ្នាក់ងារ​ពេទ្យ​ ​ក្នុង​តំបន់​អ្នកស្រី​រស់នៅ​ហាក់ ដូចជា​មិនសូវ​មានប្រសិទ្ធិភាព​ឡើយ​ ​រហូតដល់​ឪពុក​ ​ម្ដាយ​ ​និង​ស្វាមី​លោកស្រី​ដើរចូល​មណ្ឌល​ច​ត្តាឡី​ស័ក​ ដោយ​​ខ្លួនឯង​ ​នៅ​ថ្ងៃ​បន្ទាប់​៖​ ​«​គេ​ថា​គេ​ជួន​បាយ​ម្ហូប​ឱ្យ​យើង​តែ​ឥឡូវ​មិនទាន់​ឃើញ​មាន​ខាងណា​ទាក់ទង​មក​ផង​ ​ចំណែក ​BRC ​គេ​ថា​មាន​ឡាន​មក​យក​ទៅពេទ្យ​រហូតដល់​ឥឡូវ​ក៏​អត់​ទៀត​ ​ដល់ពេល​អីចឹង​ទៅ​យប់​ឡើង​ ​យើង​តេ​ទៅ​និយាយ​ជាមួយ​គេ​ ​គេ​ថា​ឱ្យ​ចិត្តត្រជាក់​ ​សិន​ទៅ​រឿង​ហ្នឹង​ ​ម៉ែ​ ​ឪ​អាយុ​ទើប​តែ​ប៉ុណ្ណឹង​មិន​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ទេ​ ​តែ​បើ​មាន​អា​កា​រៈ​ធ្ងន់ធ្ងរ​ជាង​ហ្នឹង​សុំ​ទង​ទៅ​គេ​ទៀត​ ​។​ ​ហើយ​កន្លែងណា ​ក៏ដូចជា​កន្លែងណា​ដែរ​ ​ទៅ​ខ្លួនឯង​អីចឹង​ហើយ​ល្អ​ ​»​ ​។​

​មិន​ខុសគ្នា​នឹង​ការ​លើកឡើង​របស់​ស្ត្រី​ជនភៀសខ្លួន​ខាងដើម​នេះ​ប៉ុន្មាន​ទេ​ ​ប្រធាន​ក្រុម​ជនភៀសខ្លួន​ខ្មែរក្រោម​ ​អ្នកស្រី ​ឡឹ​ម​ ​ធី​ថៃ​ បញ្ជាក់​ថា​ ​មូលហេតុ​ដែល​ជនភៀសខ្លួន​ខ្មែរក្រោម ឆ្លង​ជំងឺ​កូ​វី​ដ​ឆាប់រហ័ស​ដូច្នេះ​ ​ក៏​ព្រោះតែ​ជនភៀសខ្លួន​ខ្មែរក្រោម​ភាគច្រើន​ជួល​បន្ទប់​មួយ​ ​ៗ​ ​ស្នាក់​នៅ​គ្នា​ច្រើន​ ​។​ ​អ្នកស្រី​ប្រធាន​ក្រុម​ជនភៀសខ្លួន​បន្ថែម​ថា​ ​ចំពោះ​ការ​ព្យាបាល​វិញ​ ​ក៏​គេ​មិនសូវ​យកចិត្តទុកដាក់​ចំពោះ​ជនភៀសខ្លួន​នោះ​ទេ​ ​៖​ ​«​និយាយ​រឿង​ថា​ ​ដូច​តេ​ទៅ​សុំ​ឲ្យ​គេ​ជួយ​ផ្នែក​ស្បៀងអាហារ​អី​ហ្នឹង​ ​តែ​គេ​មិន​ឆ្លើយ​ UN​H​CR ​គេ​បាន​ត្រឹម​ណែនាំ​ឱ្យ​យើង​នៅក្នុងផ្ទះ​ទៅ​ខំ​ថែរក្សា​សុខភាព​ទៅ​ ​តែ​បើ​ឈឺ​ខាង​រដ្ឋាភិបាល​គេ​មិន​ចោល​ទេ​ ​ខ្ញុំ​ថា​រដ្ឋាភិបាល​គេ​មិន​ចោល​ទេ​ ​តែ​អ្នក​ដែល​ឈឺ​ហ្នឹង​ ​តា​ញុំ​ដឹង​ដំណឹង​ថា​ ​អ្នកជំងឺ​ហ្នឹង​ ​គេ​យកទៅ​ដាក់​មួយ​កន្លែង​ហ្នឹងហើយ​មិនសូវ​មាន​ថែទាំ​អី​ទេ​ ​។​ ​គ្រាន់តែ​មាន​បាយ​ហូប​ ​ហើយ និង​ថ្នាំ​ និង​ឲ្យ​លេបថ្នាំ​ប៉ា​រ៉ា​ស៊ី​តា​ម៉ុ​ល​មួយថ្ងៃ​បាន​តេ​ម្ដង​ទេ​ ​ជួនកាល​អ្នក​ដែល​ទើប​ទៅ​នឹង​ថ្នាំលេប​ហ្នឹង​ក៏​មិន​មាន​ទៀត​»​ ។​

​ការ​លើកឡើង​មកនេះ​ ​បន្ទាប់ពី​មាន​ជនភៀសខ្លួន​ខ្មែរក្រោម​ប្រមាណ​ ​១​៥​ ​នាក់​កំពុងតែ​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ទី​ផ្សារ​បន្លែ​ដ៏​ធំ​មួយ​នា​ជាយក្រុង​បាង​កក់​ ​ដែល​ប្រជុំ​ដោយ​ជនភៀសខ្លួន​រស់នៅ​ច្រើន​ ​។​ ​ការដែល​ជនភៀសខ្លួន​ប្រមូលផ្ដុំ​គ្នា​នៅ​ទីនេះ​ច្រើន​ ​ក៏​ព្រោះតែ​ផ្សារ​នេះ​ ​មាន​ពលករ​ចម្រុះ​ជាតិសាសន៍​រាប់​សែន​នាក់​ធ្វើការ​នៅ​ទីនេះ​ ​ជា​មូលហេតុ​ងាយស្រួល​ដល់​ជនភៀសខ្លួន​លប​លួច​ធ្វើការ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ ​។​

​ឆ្លើយតបនឹង​ការ​លើកឡើង​នេះ​ ​ប្រធាន​សាខា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​លោក ​តាំង​ ​សា​រៈ​ លើកឡើង​ថា​ ​បើ​ប្រៀបធៀប​នឹង​ពលរដ្ឋ​ខ្មែរក្រោម​ ដែល​រង​ការ​រាតត្បាត​ពី​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​នៅ​ប្រទេស​ថៃ​ ​ឃើញ​ថា​ជនភៀសខ្លួន​ខ្មែរក្រោម​ មាន​ទម្ងន់​ទុក្ខ​ធ្ងន់ជាង​ ​ព្រោះ​ជន​ភៀស​ខ្ល​ន​ខ្មែរក្រោម ​នៅ​ប្រទេស​ថៃ​ ​រស់នៅ​ដោយ​ភ័យខ្លាច​តម្រួត​ចាប់​បញ្ជូន​ទៅ​ស្រុក​វិញ​ផង​ ​គ្មាន​ផ្ទះសម្បែង​ផង​ ​គ្មាន​ការងារ​ធ្វើ​ស្រប​ច្បាប់​ផង​ ​៖​ ​«​​ខ្មែរ​កម្ពុជាក្រោម​នៅ​កម្ពុជា​ក៏​ឃើញ​ថា​ ទុក្ខ​នឹង​មានតែ​ពីរ​ជាន់​ទេ​ ​ចំណែក​បងប្អូន​ជនភៀសខ្លួន​ខ្មែរក្រោម​ នៅ​ប្រទេស​ថៃ​ ​ពេល​មានការ​ឆ្លង​រោគ​ ​Co​v​i​d​-19 ​ហ្នឹង​ឃើញ​ថា ​ទុក្ខ​ហ្នឹង​ឡើង​រហូត​ទៅដល់​ ​៤​ ​ជាន់​ ​ទីមួយ​គឺ​ទុក​ព្រាត់ប្រាស​ពី​គ្រួសារ​ ​ទី​ ​២​ ​គឺ​ការរស់នៅ​ដោយ​មិន​មាន​ផ្ទះសម្បែង​ជួលផ្ទះ​គេ​នៅ​ ​ទី​ ​៣​ ​កំពុងតែ​រស់នៅ​ក្នុង​ភាព​មិន​ស្រប​ច្បាប់​ក្នុងស្រុក​គេ​ ​និង​ ទី​ ​៤​ ​កំពុងតែ​រស់នៅ​ក្នុង​ការ​ខ្វះខាត​ស្រាប់​ ​ហើយ​ឥឡូវ​វា​គួបផ្សំ​នឹង​មាន​ជំងឺ​ Co​v​i​d​ ​នឹង​ទៀត​ ​ដូច្នេះ​ហើយ​ការ​ខ្វះខាត​វា​រឹត​តែ​ខ្វះខាត​មែនទែន​»​ ។​

​សព្វថ្ងៃ​មាន​ជនភៀសខ្លួន​ខ្មែរក្រោម​ កំពុង​សុំ​សិទ្ធិជ្រកកោន​ជាមួយ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន ​ដែល​ហៅ​កាត់​ថា​ UN​H​CR ​ក្នុង​ប្រទេស​ថៃ​មាន​ប្រមាណ​ជាង​ ​៦​០​ ​គ្រួសារ​ ​និង​មាន​មនុស្ស​ប្រមាណ​ជាង​ ​២​០​០​ ​នាក់​ ។​

​ប្រធាន​សាខា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ប្រចាំ​កម្ពុជា​បញ្ជាក់​ថា​ ​ទន្ទឹម​នឹង​ការ​ខំ​ស្វះស្វែង​រកការ​គាំពារ​សិទ្ធិជ្រកកោន​ដល់​ជនភៀសខ្លួន​ខ្មែរក្រោម​នោះ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ក៏​កំពុងតែ​ស្វែងរក​ស្បៀង​ឧបត្ថម្ភ​ដល់​ជនភៀសខ្លួន​ខ្មែរក្រោម​ នៅ​ប្រទេស​ថៃ​ ​ទោះបីជា​មិនបាន​ច្រើន​ក្ដី​ ​ក៏​គ្រាន់​បាន​រំដោះទុក្ខ​ក្នុង​គ្រា​លំបាក​នេះ​ដែរ​ ​៕

ខាងក្រោម​នេះ​ ​ជា​រូបភាព​ខ្ល​ៗ​ ​បង្ហាញ​ពី​កម្ម​ភាព​លោក​ប្រធាន​ផែនការណ៍​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ត្រឹង​ ​ម៉ាន់​ រិន្ទរ៍ ​មកសួរសុខទុក្ខ​ជនភៀសខ្លួន​ខ្មែរ​ក្រម​ ​កាលពីដើម​ខ​វិច្ឆិកា​ឆ្នាំ​ ​២​០​១​៩​ ​៖​