ពលរដ្ឋ​ខ្មែរក្រោម​ភៀសខ្លួន​ នៅ​ប្រទេស​ថៃ​ជួប​ការ​លំបាក​ ដោយ​ជាប់​គាំង​អស់​ជាច្រើន​ឆ្នាំ​ នៅ​ទីនោះ

ដោយ សុជីវី | RFA Khmer

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​ភៀសខ្លួន​ នៅ​ប្រទេស​ថៃ កំពុង​ជួប​ការ​លំបាក​ផ្នែក​សុវត្ថិភាព គ្មាន​ឯកសារ​ស្របច្បាប់ គ្មាន​ប័ណ្ណ​ការងារ គ្មាន​ប្រាក់ចំណូល កូនចៅ​មិនបាន​ទៅ​សាលារៀន និង​រស់នៅ​ពុំ​មាន​កោះ​ត្រើយ​ ។ ពួកគាត់ មាន​អ្នកខ្លះ​ បាន​ភៀសខ្លួន​ទៅ​នៅ​ប្រទេស​ថៃ​ជាង ​១០ ​ឆ្នាំ​ទៅ​ហើយ តែ​មិន​ទាន់​បាន​សិទ្ធិ​ស្របច្បាប់​ទៅ​តាំង​ទីលំនៅ​ថ្មី​ នៅ​ប្រទេស​ទី​បី​នៅឡើយ​ ។ ពលរដ្ឋ​ខ្មែរក្រោម​មួយចំនួន កំពុង​រស់នៅ​យ៉ាង​តែលតោល ដោយ​ជាប់​គាំង​ នៅក្នុង​ប្រទេស​ថៃ​យូរ​ឆ្នាំ​មក​ហើយ ។

ជន​ភៀស​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ​រាប់​រយ​នាក់ ជាប់​ផុង​ក្នុង​នីតិវិធី​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទីបី ។ រូបៈ ឯកសារ
ជន​ភៀស​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ​រាប់​រយ​នាក់ ជាប់​ផុង​ក្នុង​នីតិវិធី​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទីបី ។ រូបៈ ឯកសារ

ទោះជា​យ៉ាងនេះ ​ក្ដី​ពួកគាត់​នៅ​មាន​សង្ឃឹម​ថា អង្គការ​សហប្រជាជាតិ​នឹង​ផ្ដល់​សិទ្ធិ​សេរីភាព នឹង​យក​ពួកគាត់​ឲ្យ​ទៅ​រស់នៅ​ប្រទេស​ទី​បី​ នៅពេល​ខាងមុខ ។

ពលរដ្ឋ​ខ្មែរក្រោម​មួយ​ក្រុម ដែល​រស់នៅ​ជា​ជនភៀសខ្លួន​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ត្អូញត្អែរ​ពី​ទុក្ខ​លំបាក ដែល​ពួកគាត់​បាន​ហែល​ឆ្លងកាត់​តាំងពី​ នៅ​ដែនដី​កម្ពុជា​ក្រោម រហូត​ទៅដល់​ប្រទេស​ថៃ​ ។ ពួកគាត់​សុទ្ធតែ​ជួប​បញ្ហា​ផ្សេងៗ ​ពីគ្នា ។

បច្ចុប្បន្ន បញ្ហា​ចម្បង​ដែល​ពួកគាត់​ជួបប្រទះ គឺ​កង្វះ​ម្ហូបអាហារ ការ​ទទួល​បាន​សេវា​ព្យាបាល និង​មិន​អាច​ប្រកបមុខរបរ​លក់ដូរ​បន្តិចបន្តួច​បាន សូម្បីតែ​ធ្វើជា​កម្មករ ក៏​ថៅកែ​ថៃ​មិន​ហ៊ាន​ជួល ព្រោះ​ពួកគាត់​គ្មាន​ឯកសារ​សម្រាប់​ធ្វើការ ។

ពលរដ្ឋ​ខ្មែរក្រោម​ ដែល​ភៀសខ្លួន​នៅ​ប្រទេស​ថៃ មាន​កំណើត​នៅ​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង លោកស្រី គឹម ធីលើយ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​ ២៩ ខែ​សីហា ថា លោកស្រី​បាន​ភៀសខ្លួន​ទៅ​នៅ​ប្រទេស​ថៃ តាំងពី​ឆ្នាំ​ ២០០៨ ដោយសារ​អាជ្ញាធរ​វៀតណាម​ ចោទប្រកាន់​លោកស្រី ថា ជា​អ្នក​មានបំណង​ប្រឆាំង​នឹង​វៀតណាម និង​បាន​ចាប់​លោកស្រី​ទៅ​សួរចម្លើយ​ចំនួន​ ៦ ​ដង ពេលខ្លះ​ឃុំខ្លួន ៣ ទៅ​៥ យប់​ទៀត​ផង​ ។ លោកស្រី​បន្ត​ថា ការរស់នៅ​ក្នុង​​ប្រទេស​ថៃ​ មានការ​លំបាក​ខ្លាំង មិន​អាច​ដើរហើរ​តាមចិត្ត​បាន ត្រូវ​រស់នៅ​ដោយ​លបលាក់ និង​ត្រូវ​រត់​គេច​ពី​ប៉ូលិស ពេល​ដែល​គេ​ចុះ​មក​ឆែកឆេរ ហើយ​មិនអាច​ទៅ​ធ្វើ​ការងារ​អ្វី​បានទេ គឺ​រស់នៅ​ពឹង​លើ​ការឧបត្ថម្ភ​បន្តិចបន្តួច​ពី​អង្គការ​សប្បុរសធម៌​ ។ លោកស្រី​ឲ្យ​ដឹង​ថា ចៅស្រី​របស់​លោក​ស្រី​ទាំងពីរ ដែល​កំព្រាម្ដាយ​បាត់បង់​ឱកាស​រៀនសូត្រ ដោយសារ​គ្មាន​ឯកសារ​បំពេញបែបបទ​ចូលរៀន​ ។ លោកស្រី​បារម្ភ​ពី​អនាគត​របស់​ចៅ​ទាំងពីរ ថា​ អាច​លំបាក​ដូច​លោកស្រី​ទៀត បើ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​មិន​យកចិត្តទុកដាក់ បញ្ជូន​គ្រួសារ​លោកស្រី​ឲ្យ​ចេញ​ផុត​ពី​ប្រទេស​ថៃ​ទេ​នោះ​ ៖ «អីចឹង​ហើយ​គាត់​បាន​ផ្ដែផ្ដាំ​ថា ឲ្យ​យើង​លាក់ៗ​ ខ្លួន​ផង កុំ​ជម្នះ​ខ្លួន​ពេក បើសិន​គេ​ចាប់បាន ១ ​សា​ទៀត គេ​មិន​អត់អោន​ឲ្យ​ទេ គេ​នឹង​បញ្ជូន​យក​ទៅ​ស្រុក​ដើមកំណើត ឬមួយ​បញ្ជូន​ទៅ​ខ្មែរ​អីចឹង​ហើយ​ខ្ញុំ​ក៏​! សព្វថ្ងៃ​មិន​ហ៊ាន​ដើរ​ចេញ​ទៅណា​ទេ ការងារ​ក៏​អត់​បាន​ធ្វើ​ដែរ ខ្ញុំ​នៅតែ​ផ្ទះ ខ្ញុំ​មាន​ការ​ភ័យខ្លាច​របស់​ខ្ញុំ»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ខ្មែរក្រោម ដែល​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​ម្នាក់ទៀត មកពី​ខេត្ត​ក្រមួនស លោក ថាច់ ថាច់ដុំ ប្រាប់​ថា លោក​បាន​រត់គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​វៀតណាម ដោយសារ​លោក​បាន​តវ៉ា​រឿង​ដីធ្លី ដែល​ពួក​ទាហាន​វៀតណាម​ បាន​រឹបអូស​យក ដោយ​គ្មាន​សង​សំណង​ត្រឹមត្រូវ​ ។ លោក​បន្ថែម​ថា សព្វថ្ងៃ​លោក​គ្មាន​ចំណូល​គ្រប់គ្រាន់​សម្រាប់​ចាយវាយ​ទេ ពីមុន​លោក​អាច​ទៅ​លប​ធ្វើការ រៀប​បន្លែ​តាម​ផ្សារ​បាន​ខ្លះ តែ​ឥឡូវ​ប៉ូលិស​ចុះ​ត្រួតពិនិត្យ​ខ្លាំងពេក ធ្វើ​ឲ្យ​ថៅកែ​លែង​ហ៊ាន​ជួល​លោក​ទៀត ។ លោក​បន្ត​ថា គ្រួសារ​លោក​មាន​គ្នា​ ៨ ​នាក់ ​ត្រូវ​បាន​ឧត្ដម​ស្នង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស នៅ​ប្រទេស​ថៃ បដិសេធ​មិន​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន​ដល់​គ្រួសារ​លោក​ ។ លោក​ថា សព្វថ្ងៃ​លោក​មានការ​ភ័យខ្លាច​ប៉ូលិស​ថៃ​ ចាប់​បញ្ជូន​ទៅ​វៀតណាម​វិញ លោក​សង្ឃឹម​ថា អង្គការ​សហប្រជាជាតិ​នឹង​ពិចារណា​ផ្ដល់​សិទ្ធិ​ជា​ជនភៀសខ្លួន​ដល់​គ្រួសារ​លោក និង​អាច​រស់នៅ​ក្នុង​ប្រទេស​ថៃ ដោយ​គ្មាន​ការ​ភិតភ័យ​ ៖ «ទី​ ១ ​យើង​ចាស់​ក៏​រក​មិនសូវ​បាន​ដែរ វា​អត់​មានការ​ងារ​ធ្វើ ទៅណា​ក៏​មិន​បាន​យើង​ខ្លាច​ផង​! ខ្លាច​ផង​ព្រោះ​យើង​នៅ​ស្រុក​គេ ទី​ ១​ អត់​ប័ត្រ​អត់​អី អត់​ប៉ាស្ព័រ​អត់​អី យើង​នៅ​ស្រុក​គេ​វា​លំបាក រកស៊ី​អី​ក៏​មិន​បាន​ដែរ​! វេទនា​ណាស់​សព្វថ្ងៃ​! នៅ​កន្លែង​នេះ​ យើង​រក​អត់​បាន ការងារ​ក៏​វា​ធ្លាក់ យើង​ទៅណា​ក៏​មិនសូវ​បាន​ដែរ»

ចំណែក​ពលរដ្ឋ​ខ្មែរក្រោម ភៀសខ្លួន​នៅ​ប្រទេស​ថៃ​ម្នាក់ទៀត មកពី​ខេត្ត​ក្រមួនស​ដែរ លោក ថាច់ ថា ឲ្យ​ដឹង​ថា លោក​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ អស់​រយៈពេល ​១៣ ​ឆ្នាំ​ហើយ ​។ លោក​ថា រាល់ថ្ងៃ​លោក​កំពុង​ប្រឈម​បញ្ហា​ជីវភាព​ខ្វះខាត ដែល​ត្រូវ​ចិញ្ចឹម​កូន​បួន​នាក់​ នៅក្នុង​បន្ទុក ហើយ​គ្មាន​ការងារ​ច្បាស់លាស់ ព្រោះ​ថៅកែ​មិន​ជួល​អ្នក​ដែល​គ្មាន​ប័ណ្ណ​ការងារ ​។ លោក​បន្ត​ថា សព្វថ្ងៃ​គ្រួសារ​លោក​គ្មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ កូន​មិន​បាន​ទៅ​សាលារៀន ហើយ​លោក​ក៏​ពិបាក​រក​ការងារ​ធ្វើ គ្មាន​ចំណូល​ទៀងទាត់ ពេលខ្លះ​លោក​ទៅ​ផ្សារ​ដើរ​ប្រមូល​បន្លែ​ដែល​គេ​ចោល យក មក​កាត់​លាង​សម្អាត​ឲ្យ​ល្អ យក​ទៅ​លក់​បាន​ប្រាក់​តិចតួច ដើម្បី​ចិញ្ចឹម​កូន ​។ លោក​ស្នើ​ដល់​អង្គការ​ពាក់ព័ន្ធ​នឹង​ជនភៀសខ្លួន ជួយ​ផ្ដល់​ស្បៀងអាហារ​ដល់​លោក និង​ឲ្យ​គ្រួសារ​លោក​ទទួល​បាន​សិទ្ធិ​ជា​ជនភៀសខ្លួន​ក្នុង​ប្រទេស​ថៃ​នេះ​ផង ៖ «កូន​ខ្ញុំ​គ្មាន​! អត់​បាន​ទៅ​សាលា​សិក្សា​ទេ ព្រោះ​អី​វា​ខ្វះ​ ទី​ ១ ខ្វះ​ការ គឺ​ខ្វះ​ថវិកា ទី ​២ ​ការ​ហូបចុក​យើង​មិនអាច​! យើង​ខ្វះ​ច្រើន​យ៉ាង ដូច្នេះហើយ​យើង​មិន​អាច​នាំ​វា​ទៅ​រៀន​បាន»

ជុំវិញ​បញ្ហា​នេះ​ដែរ អតីត​ប្រធាន​សមាគម​ជនភៀសខ្លួន​ខ្មែរក្រោម ​ប្រចាំ​ប្រទេស​ថៃ លោក លី ឈូ​ន មើល​ឃើញ​ថា ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ខ្មែរក្រោម​ នៅ​ប្រទេស​ថៃ គឺ​មិន​មាន​ឯកសារ​ស្របច្បាប់ ជាពិសេស​អ្នក​ដែល​មិន​ទាន់​បាន​ទទួលស្គាល់​ជា​ជនភៀសខ្លួន​ ពី​អង្គការ​សហប្រជាជាតិ ពួកគាត់​រស់នៅ​ក្នុង​ប្រទេស​ថៃ​ទាំង​ប្រថុយប្រថាន ប្រឈម​នឹង​ប៉ូលិស​ថៃ​ចាប់​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​គ្រប់​ពេល​ ។ លោក​បន្ត​ថា ចំពោះ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​វិញ អ្នក​ដែល​អង្គការ​សហប្រជាជាតិ​បដិសេធ​មិន​ទទួល​ស្គាល់​ជា​ជនភៀសខ្លួន ពួកគាត់​មិន​អាច​ទទួល​អាហារ​ពី​អង្គការ​ពាក់ព័ន្ធ​បានទេ​ ។ ដូច្នេះ ​លោក​ថា ពួកគាត់​កំពុង​ជួប​ទ្វេ​គ្រោះ គឺ​រស់​នៅ​ប្រទេស​ថៃ​ក៏​លំបាក វិល​ទៅ​ស្រុកកំណើត​វិញ ក៏​នឹង​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន ចំណែក​កូនៗ ​ពួកគាត់​នៅ​ទីនេះ​ ក៏​មាន​អនាគត​មិន​ច្បាស់លាស់ ព្រោះ​មិន​បាន​ទៅ​សាលារៀន រៀនសូត្រ​ឲ្យ​បាន​ជាប់​លាប់​៖ «ហើយ​នៅ​ស្រុក​ថៃ​ ក៏​រស់នៅ​ដោយ​ខុសច្បាប់​មិន​មាន​ច្បាប់​ទម្លាប់ ទី​ ១ គឺ​យើង​​គេ​ចង់​ចាប់​បញ្ជូន តម្រួត​ថៃ​ចាប់​បញ្ជូន​ពេលណា​ក៏បាន ហើយ​ទី​ ២​ ទៀត​គ្មាន​ឯកសារ គ្មាន​ក្រដាស​ស្នាម​ត្រឹមត្រូវ​ហ្នឹង ការ​រក​ប្រកបមុខរបរ​រកស៊ី​ចិញ្ចឹមជីវិត​រាល់ថ្ងៃ​ហ្នឹង​ក៏​គ្មាន»

ពលរដ្ឋ​ខ្មែរក្រោម ដែល​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ ភាគច្រើន​គឺ​បាន​រត់គេច​ពី​ការ​ធ្វើ​បាប​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ។ គាត់​ថា ពួកគាត់​តែងតែ​ចេញ​តវ៉ា​ប្រឆាំង​រាល់​អំពើ​អយុត្តិធម៌ និង​ការ​រឹតត្បិត​ផ្នែក​សាសនា​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ។ ជាពិសេស​ខ្មែរក្រោម​ណា ​ដែល​វៀតណាម​យល់​ថា ជា​បុគ្គល​មាន​មនសិការ​ស្នេហា​ទឹកដី​កម្ពុជាក្រោម ជាតិ​កំណើត​របស់​ខ្លួន គឺ​អាជ្ញាធរ​វៀតណាម​ តែង​ឃ្លាំមើល​និង​ធ្វើទុក្ខបុកម្នេញ ។

របាយការណ៍​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ នៅ​ប្រទេស​ថៃ​ ថា មាន​ពលរដ្ឋ​ខ្មែរក្រោម​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ មាន​ចំនួន​ជាង​ពីរ​រយ ​(២២១)​ នាក់ ភាគច្រើន​នៃ​ពួកគាត់​រស់នៅ​ក្នុង​ភាព​លំបាក និង​ក្នុង​ភាព​ភ័យខ្លាច​ ។ អ្នកខ្លះ​រស់នៅ​ជាង​ដប់​ឆ្នាំ​ហើយ តែ​មិនទាន់​បាន​ទទួល​សិទ្ធិ​ទៅ​តាំង​ទីលំនៅ​ប្រទេស​ទី ​៣​ ទេ បើ​ទោះ​ជា​គាត់​បាន​ឋានៈ​ជា​ជនភៀសខ្លួន​ក៏ដោយ ៕